ភ្នំពេញ៖ រយៈពេលជិតមួយខែ បន្ទាប់ពីអតីតសង្ឈ នេត ខៃ ដែលមានរឿងអាស្រូវដ៏លេចធ្លោមួយក្នុងទីក្រុងភ្នំពេញ ដោយសារតែអតីតសង្ឈអង្គនេះបានថតរូបវីដេអូស្ត្រីជាច្រើននាក់ ខណៈពេលដែលពួកគេកំពុងងូតទឹកមន្តអាក្រាតកាយរួចមក។ វត្តស្រះចកនៅពុំទាន់បានទទួលការគាំទ្រពីពុទ្ធបរិស័ទឡើងវិញនៅឡើយទេ។ ព្រះចៅអធិការវត្តបានអំពាវនាវឲ្យពុទ្ធបរិស័ទទូទាំងប្រទេសបំភ្លេចរឿងដ៏អាស្រូវនេះ។ ខណៈពេលដែលប៉ូលិសកំពុងធើ្វការស៊ើបអង្កេតទៅលើជនសង្ស័យបន្ថែមទៀតទាក់ទិននឹងរឿងអាស្រូវ វីដេអូនេះ។
វត្តស្រះចកដែលមានទីតាំងនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានប្រែក្លាយពីភាពអ៊ូអរមក សភាពស្ងាត់ជ្រងំ និងឋិតនៅក្រោមការឃ្លាំមើលពីកម្លាំងសមត្ថកិច្ចនៅក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ។
ការផ្លាស់ប្តូរនេះបានកើតមានឡើង ដោយសារតែអតីតសង្ឃនេត ខៃ ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីចុងខែមិថុនា ដោយសារតែអតីតសង្ឃអង្គនេះ បានលូចថតរូបវីដេអូស្រ្តីខ្មែរជាច្រើននាក់ ដែលបានមកស្រោចទឹកមន្តដោយអាក្រាតកាយ។
ឥឡូវនេះ បន្ទប់សម្រាប់ស្រោចទឹកមន្តរបស់អតីតសង្ឃនេត ខៃ និងបន្ទប់ចំនួនប្រាំផ្សេងទៀតត្រូវបានអាជ្ញាធរវាយកម្ទេចចោល ដែលនៅសល់តែគំនរឥដ្ឋ និងកម្ទេចឈើចាស់ៗប៉ុណ្ណោះ។
លោកតាអាចារ្យមួយរូប អាយុប្រមាណ៧៣ឆ្នាំ បាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា កុដិទាំងប្រាំមួយនេះត្រូវបានអាជ្ញាធរវាយកម្ទេចចោលកាលពីដើមខែកក្កដា។
លោកបានមានប្រសាសន៍ទៀតថា ពីមុន កុដិ និងបន្ទប់ទឹកសម្រាប់ស្រោចទឹកមន្តនេះទទួលមនុស្ស សម្រាប់មកស្រោចទឹកប្រមាណពី៣០ទៅ៥០នាក់ដែរក្នុងមួយថ្ងៃ។
លោកតាអាចារ្យបានមានប្រសាសន៍ទៀតថា ឥឡូវនេះពុទ្ធបរិស័ទជិតឆ្ងាយលែងមកវត្តស្រោចទឹកទៀតហើយ ដោយសារតែបុគ្គលមួយរូបប៉ុណ្ណោះដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់វត្តស្រះ ចកទាំងមូល។
«ស្ងាត់រហូត ព្រោះក្រសួង សមត្ថកិច្ច គេនៅការពាររហូត»។
គង់នៅមិនឆ្ងាយប៉ុន្មានពីកុដិរបស់អតីតសង្ឃនេត ខៃ ព្រះសង្ឃមួយអង្គផ្សេងទៀតព្រះជន្ម២៤ព្រះវស្សា បានមានសង្ឃដីកា ដោយស្នើសុំមិនបញ្ចេញព្រះនាមថា ព្រះអង្គមិននឹកស្មានថា អតីតសង្ឃ នេត ខៃបានប្រព្រឹត្តអំពើបែបនេះទាល់តែសោះ ពីព្រោះព្រះអង្គមានចរិតគួរឲ្យប្រត្តិបត្តិ។
«និយាយទៅ មិនត្រឹមតែអាត្មាមួយទេ សូម្បីតែមួយវត្តហ្នឹង គ្មានអ្នកណាដឹងផង។ ហើយមិននឹកស្មានថា រឿងដល់ថ្នាក់កើតឡើងទេ»។
វត្តស្រះចកត្រូវបានមន្រ្តីសង្ឃនៅក្នុងទីក្រុងភ្នំពេញតែងតាំងព្រះចៅអធិការវត្តថ្មីដើម្បីកែសម្រួលកិត្តិយសរបស់វត្តឡើងវិញ។
ព្រះតេជគុណឈឹង ប៊ុនឈា ព្រះជន្ម៣៦ព្រះវស្សា ព្រះចៅអធិការវត្តស្រះចក ដែលទើបតែងតាំងថ្មីបានមានសង្ឃដីកាថា ព្រះអង្គកំពុងតែរៀបចំបទបញ្ជាផ្ទៃក្នុងនិងបទបញ្ញតិ្តអបព្រះវិន័យព្រះសម្មាសម្ពុទ្ធដើម្បីរៀបចំសណ្តាប់ធ្នាប់នៅក្នុងវត្តឡើងវិញ។
ព្រះតេជគុណបានបញ្ជាក់ទៀតថា រាល់ការស្រោចទឹករបស់ពុទ្ធបរិស័ទ គ្មានបន្ទប់បិទបាំងដូចពីមុនទៀតទេ គឺយើងធ្វើជាលក្ខណៈបើកចំហ។ ព្រះតេជគុណបានមានសង្ឃដីកាទៀតថា ពុទ្ធបរិស័ទ ទាំងអស់គួរតែបំភ្លេចរឿងអ្វីដែលបានកន្លងហួស ហើយនាំគ្នាលើកតម្កើងសាសនាព្រះពុទ្ធឡើងវិញ ។
«សូមឲ្យពុទ្ធបរិស័ទទាំងអស់ហ្នឹងមេត្តាបញ្ចប់នូវរូបទាំងអស់ហ្នឹង ហើយបញ្ចប់នូវការលើករឿងហ្នឹងយកមកនិយាយដដែលៗ ព្រោះវានាំឲ្យធ្លាក់ចុះតម្លៃរបស់ព្រះសង្ឃយើង ធ្លាក់ចុះតម្លៃព្រះពុទ្ធ សាសនារបស់យើង ត្រូវជំនួសមកវិញដោយការនិយាយអំពីការធ្វើយ៉ាងណាឲ្យព្រះពុទ្ធសាសនារបស់យើងបានរីកចម្រើន»។
វត្តស្រះចកមានព្រះសង្ឃសរុបដែលកំពុងគង់នៅចំនួន៥៥អង្គ និងនិស្សិតចំនួន១០៨នាក់។ បន្ទាប់ពីមានលេចរឿងអាស្រូវនេះឡើង មានមតិសាធារណជនជាច្រើនបានរិះគន់ការប្រព្រឹត្តខុសនឹងវិន័យរបស់ព្រះសម្មាសម្ពុទ្ធ។
លោកស្រីជា វណ្ណាត អ្នកវិភាគឯករាជ្យមួយរូបបានលើកឡើងថា ទង្វើរបស់ព្រះសង្ឃនេត ខៃ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់សហគមន៍ព្រះសង្ឃប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងប៉ះពាល់ដល់កិត្តិយសរបស់ជនរងគ្រោះ និងស្រ្តីខែ្មរទូទៅផងដែរ។
«ការប៉ះពាល់ ការទូន្មាន ការរំឭកដាស់តឿនប្រាប់ស្រ្តីភេទ ដែលទៅរកគ្រូអូមអាម ឬមួយក៏គ្រូមន្តអាគមអីផ្សេងៗដែលស្រោចទឹកស្រោចអីហ្នឹង ឲ្យមានការប្រយ័ត្នប្រយែង»។
អតីតសង្ឃនេត ខៃ ត្រូវបានតុលាការចោទប្រកាន់តាមច្បាប់ប្រឆាំង និងការជួញដូរមនុស្ស ពីបទថតរូបអាក្រាតជាង១០០នាក់ ដោយសម្ងាត់នៅក្នុងវត្តស្រះចកតាំងពីឆ្នាំ២០០៨ និងពីបទផលិតនិងចែកចាយរូបអាសអាភាស។
លោកឯក ឆេងហួត ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ បាននិយាយថា ប្រសិនបើតុលាការរកឃើញកំហុស អតីតសង្ឃនេត ខៃនឹងត្រូវជាប់ពន្ធនាគារយ៉ាងតិចចំនួន១៥ឆ្នាំ។
សំណុំរឿងរបស់អតីតសង្ឃនេត ខៃនេះមិនទាន់ត្រូវបានបញ្ចប់ការស៊ើបអង្កេតនៅឡើយទេ ។បើតាមការបញ្ជាក់របស់អាជ្ញាធរ បាននិយាយថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតទៅលើជនសង្ស័យបន្ថែមទៀតពាក់ព័ន្ធទៅនឹងការថតរូបវីដេអូស្រី្តស្រោចទឹកមន្តទាំងនោះ៕