កម្ពុជា​និង​អ.ស.ប.​ពិភាក្សា​អំពី​បញ្ហា​មរណ​ភាព​មាតា

ការ​​ពិនិត្យ​ផ្ទៃពោះ​ដែល​ជួយ​ទប់​ស្កាត់​អត្រា​មរណ​ភាព​មាតា។

ប្រទេស​កម្ពុជា​និង​អង្គការ​សហ​ប្រជា​ជាតិ​នឹង​ពិភាក្សា​គ្នា​អំពី​ការ​កើន​ឡើង​បញ្ហា​មរណ​ភាព​ មាតា​និង​សម​ភាព​ខាង​យេនឌ័រ​ ដែល​មាន​ចែង​នៅ​ក្នុង​គោល​ដៅ​អភិវឌ្ឍន៍​សហស្ស​វត្ស។

លោក ​ជន​ សក្តា​ ជូន​សេចក្តី​រាយ​ការ​ណ៍​ដូច​ត​ទៅ៖

តំណាង​រាស្ត្រ​កម្ពុជា​និង​អង្គការ​សហ​ប្រជា​ជាតិ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​សុក្រ​ ដើម្បី​ពិភាក្សា​ការ​កើន​ឡើង​នៅ​ប្រទេស​កម្ពុជា​លើ​បញ្ហា​មរណ​ភាព​មាតា​ និង​សម​ភាព​ខាង​យេនឌ័រ​ និង​ការ​ផ្តល់​ សិទ្ធិ​អំណាច​ដល់​ស្ត្រី។ ​ក្រុម​អ្នក​ជំនាញ​សុខា​ភិបាល​ និង​ការ​អភិវឌ្ឍ ​បាន​និយាយ​ថា​ ប្រទេស​ កម្ពុជា​ត្រូវ​តែ​ខំ​តស៊ូ នឹង​ការ​បរាជ័យ​នៃ​ការ​កាត់​បន្ថយ​មរណ​ភាព​មាតា​ និង​សម​ភាព​ខាង

យេនឌ័រ​ ដែល​ផ្ទុយ​ពី​គោល​ដៅ​អភិវឌ្ឍន៍​សហស្ស​វត្ស។

គោល​ដៅ​សហស្ស​វត្ស​សំដៅ​កាត់​បន្ថយ​មរណ​ភាព​មាតា​ឱ្យ​ធ្លាក់​ដល់​កម្រិត​ទាប​ និង​ជំរុញ​ សម​ភាព​ខាង​យេនឌ័រ​និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី ​ដែល​ជា​ចំណុច​២​ក្នុង​ចំណោម​ចំណុច​ ទាំង​៩​នៃ​គោល​ដៅ​អភិវឌ្ឍន៍​យ៉ាង​សំខាន់។

លោក​ស្រី ​ពឹង​ ជុតិមា​ នាយិកា​សមាគម​ថែ​ទាំ​សុខ​ភាព​គ្រួសារ​កម្ពុជា ​បាន​ថ្លែង​ថា​ មរណ​ភាព​ របស់​មាតា​នៅ​តែ​មាន​កម្រិត​ខ្ពស់​ធ្លាក់​ចុះ​មិន​ទៅ​តាម​អ្វី​ ដែល​រដ្ឋា​ភិបាល​ចង់​បាន​ទេ ​ហើយ​វា​ នៅ​តែ​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់​និង​ក្តៅ​គគុក។

លោក​ស្រី​បាន​បន្ថែម​ថា ​មរណ​ភាព​មាតា​នៅ​ក្នុង​ឆ្នាំ​២០០០​មាន​ចំនួន​៤៣៧​នាក់ ​ក្នុង​ចំណោម​ ១០០​០០០​នាក់​ នៅ​ពេល​ឆ្លង​ទន្លេ​ និង​ឆ្នាំ​២០០៥​ អត្រា​មរណៈ​របស់​មាតា​ គឺ​៤៧២​នាក់​លើ​ ១០០​០០០​នាក់។

"គោល​ដៅ​សហស្ស​វត្ស​របស់​យើង​ គឺ​កាត់​បន្ថយ​អត្រា​មរណៈ​របស់​មាតា​ឱ្យ​នៅ​ទាប​បំផុត។​ ផែន​ការ​ជាតិ​និង​ក្រសួង​សុខា​ភិបាល​គឺ​ឆ្លើយ​តប​ទៅ​នឹង​គោល​ដៅ​សហស្ស​វត្ស​នេះ។ ​ប៉ុន្តែ​អត្រា​មរណ​របស់​មាតា​របស់​យើង​នៅ​តែ​ខ្ពស់​ និង​សមា​ភាព​ខាង​យេនឌ័រ​របស់​យើង​ នៅ​តែ​មិន​ទាន់​មាន​សម​ភាព​ទេ។​ យើង​មិន​ទាន់​ទៅ​ដល់​គោល​ដៅ​សហស្ស​វត្ស​ទេ"។

កញ្ញា​សយ ​សារ៉ាវន្ឍនានី ​នាយិកា​មជ្ឈ​មណ្ឌល​កម្ពុជា​ ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ​ បាន​ថ្លែង​ថា​ សម​ភាព​ខាង​យេនឌ័រ​ និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ នៅ​តែ​ប្រឈម​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី​ ការ​ចាប់​រំលោភ​ផ្លូវ​ភេទ​ និង​ការ​ជួញ​ដូរ ​ដែល​មាន​ជន​រង​គ្រោះ​ចំនួន​១៤១៦​នាក់​នៅ​ក្នុង​ឆ្នាំ​ ២០០៩។

"វា​ប៉ះ​ពាល់​សុខ​ភាព​ទាំង​កាយ​ទាំង​ចិត្ត។​ នារី​ភាគ​ច្រើន​ត្រូវ​រង​អំពើ​ហិង្សា​របៀប​ហ្នឹង ​ហើយ​ គាត់អត់​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​ទៅ​ចូល​រួម​អភិវឌ្ឍ​សង្គម​ អភិវឌ្ឍ​ប្រទេស​ជាតិ​ ហើយ​ មិន​អាច​មាន​សេចក្តី​ក្លាហាន ​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​ដឹក​នាំ"។

លោក​ស្រី​រស់ ​សុភាព ​នាយិកា​អង្គការ​យេនឌ័រ​ និង​ការ​អភិវឌ្ឍ​កម្ពុជា​ បាន​បញ្ជាក់​ថា​ សម​ភាព​ ខាង​យេនឌ័រ​ និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​មាន​នៅ​ក្នុង​គោល​នយោ​បាយ​របស់​រដ្ឋា​ភិបាល ។ ​មាន​ហើយ​ ប៉ុន្តែ​ការ​អនុវត្តន៍​នៅ។

លោក​ស្រី ​រស់ ​សុភាព​បាន​បន្ត​ថា​ ស្ត្រី​មាន​ការ​ចូល​រួម​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​នៅ​ថ្នាក់​ក្រោម​ ជាតិ​ និង​ជាតិថ្នាក់​ហើយ​ ប៉ុន្តែ​ចំនួន​យេនឌ័រ​មិន​ទាន់​សម​មាត្រ។

"បើ​យើង​ប្រៀប​ធៀប​សម​ភាព​ខាង​យេនឌ័រ​និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​កាល​ពី​១០​ឆ្នាំ​មុន​ ឥឡូវ​នេះ​មាន​ការ​បោះ​ជំហាន​ទៅ​មុខ ​ប៉ុន្តែ​ការ​បោះ​ជំហាន​ទៅ​មុខ​នេះ​នៅ​តែ​មិន​ទាន់​ដល់​កម្រិត​មួយ​ដែល​មាន​លក្ខណៈ​សម​ភាព"។

លោក​ស្រី ​មួរ​ សុខ​ហួរ ​តំណាង​រាស្ត្រ​គណ​បក្ស​សម​ រង្ស៊ី​ បាន​ថ្លែង​ថា​ មរណ​ភាព​មាតា​ និង​សម​ភាព​ខាង​យេនឌ័រ​ និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ កើត​មាន​ស្រប​តាម​គោល​ដៅ​សហស្ស​វត្ស​បាន ​ លុះត្រា​តែ​រដ្ឋា​ភិបាល​បង្កើន​ថវិកា​ជាតិ​ដល់​វិស័យ​សុខ​ភាព​ និង​អប់រំ​ច្រើន​ថែម​ទៀត។

លោក​ស្រី​បាន​បញ្ជាក់​ថា​ រដ្ឋា​ភិបាល​ត្រូវ​តែ​ធានា​គុណ​ភាព​នៃ​វិស័យ​សុខា​ភិបាល​និង​អប់រំ​ ដើម្បី​សម្រេច​ដល់​គោល​ដៅ​អភិវឌ្ឍន៍​សហស្ស​វត្ស​នេះ។

"សេចក្តី​សម្រេច​របស់​ស្ត្រី​នៅ​ក្នុង​សហគមន៍​ថ្នាក់​ក្រោម​ជាតិ​ និង​ថ្នាក់​ជាតិ ​នៅ​មាន​ការ​កម្រិត​ ច្រើន​ណាស់។ ​សេចក្តី​សម្រេច​របស់​សហស្ស​វត្ស​នេះ​មិន​ទាន់​បាន​សម្រេច​ទេ​ និង​នៅ​ឆ្ងាយ​ពី​សេចក្តី​ប្រាថ្នា​របស់​ប្រជា​ពល​រដ្ឋ​យើង​ណាស់"។

លោក​ជាម​ យៀប​ ប្រធាន​គណៈ​កម្មការ​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​នៃ​រដ្ឋ​សភា ​បាន​បញ្ជាក់​ថា ​ការ ពិភាក្សា​អំពី​មរណ​ភាព​មាតា​ និង​សម​ភាព​ខាង​យេនឌ័រ​ និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​នៅ​ ថ្ងៃ​សុក្រ​ នឹង​មាន​សារៈ​សំខាន់​សម្រាប់​ប្រមូល​ផ្តុំ​គំនិត​ និង​ស្មារតី​ ដើម្បី​ជួយ​ជំរុញ​ឱ្យ​ទៅ​ដល់ ​គោល​ដៅ​អភិវឌ្ឍន៍​សហស្ស​វត្ស។

ពី​ទី​ក្រុង​ភ្នំពេញ ​ខ្ញុំ​ ជន​ សក្តា​ VOA​ សំឡេង​ស.រ.អ.៕