មាន​​ពង្រាយ​កម្លាំង​ទាហាន​កាង​​ដី​មាន​ទំនាស់​នៅ​ខេត្ត​កំពង់ស្ពឺ

ពលរដ្ឋ​ខេត្ត​​កំពង់​ស្ពឺ​សាមគ្គីគ្នា​ការ​ពារ​ដី​ធ្លី​​របស់​ខ្លួន។​

ប្រជា​ពល​រដ្ឋ​និយាយ​ថា​ ក្រុម​ហ៊ុន​របស់​លោក​ឧកញ៉ា​ លី ​យ៉ុងផាត់​ ចាប់​ផ្តើម​ពង្រាយ​កម្លាំងទាហាន​បន្ថែម​ទៀត​នៅ​លើ​ដី​មាន​ទំនាស់​ក្នុង​ពេល​ដែល​ការ​កំណត់​ព្រំ​ដី​កំពុង​តែ​បន្ត។​ ក៏​ប៉ុន្តែ​ក្រុម​អ្នក​ ស្រុក​បាន​សច្ចា​ថា​ ប្រសិន​ណា​បើ​អាជ្ញាធរ​ខេត្ត​កំពង់​ស្ពឺ​ពុំ​ដោះ​ទំនាស់​នេះ​ទេ​ ពួក​គេ​នឹង​ធ្វើ​ការ​តវ៉ា​រហូត​ទាល់​តែមាន​តំណោះ​ស្រាយ។

លោក​ ហេង​ រស្មី ​រាយ​ការណ៍​ជូន​ដូច​តទៅ៖

ក្រុម​អ្នក​ស្រុក​ដែល​មាន​ដី​ទំនាស់​ជា​មួយ ​និង​ក្រុម​ហ៊ុន​ភ្នំពេញ​ SUGAR​ របស់​លោក​ឧកញ៉ា​ លី ​យ៉ុង​ផាត់​ សមា​ជិក​ព្រឹទ្ធ​សភា​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ខាង​គណ​បក្ស​គ្រប់​គ្រង​អំណាច​ នៅ​ថ្ងៃ​សុក្រ​នេះ​ ​បាន​និយាយ​ថា​ ក្រុម​ហ៊ុន​បាន​ចាប់​ផ្តើម​ពង្រាយ​កម្លាំង​យោធា​បន្ថែម​ទៀត​ នៅ​លើ​ដី​មាន​ទំនាស់​ ស្រប​ពេល​និង​ដំណើរ​ការ​វាស់​វែង​កំណត់​ព្រំដី​កំពុង​តែ​បន្ត។

"ដឹក​មក​ចូល​ដាក់​គ្រប់​កន្លែង​ ​ដាក់​ស្តង់​ដាក់​អី ​ដាក់​តាម​ព្រំដី​គេ​ហ្នឹង។​ គោល​ការណ៍​គេ ​គេ​ថា​ ១០០​ម៉ែត្រ​ដាក់​យាម​ម្តង"។

នៅ​ក្នុង​អំឡុង​ដើម​សប្តាហ៍​នេះ​ គណៈក​ម្មការ​វាស់​វែង​ព្រំដី​របស់​ខេត្ត​កំពង់​ស្ពឺ ​បាន​ចាប់​ផ្តើម​ វាស់​វែង​កំណត់​បង្គោល​ព្រំដី ​នៅ​ក្នុង​ឃុំ​អម​លាំង ​ស្រុក​ថ្ពង​ ខេត្ត​កំពង់​ស្ពឺ​ រវាង​ក្រុម​ហ៊ុន​របស់​លោក​ឧកញ៉ា ​លី ​យ៉ុងផាត់​ និង​ប្រជា​ពល​រដ្ឋ​ខេត្ត​កំពង់​ស្ពឺ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ​ គណៈ​កម្មការ​វាស់​ព្រំ​ដី​របស់​ខេត្ត​កំពង់​ស្ពឺ​នេះ​ បាន​ផ្អាក ​មួយ​ថ្ងៃ​ ដោយ​សារ​តែ​ការ​បែង​ចែក​ដី​រវាង​ប្រជា​ពល​រដ្ឋ​ និង​ក្រុម​ហ៊ុន​មិន​មាន​ការ​ចុះ​សម្រុង​គ្នា ។

ប្រជា​ពល​រដ្ឋ ​បាន​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ បែង​ចែក​ដី​ទំហំ​៣០​ម៉ែត្រ​៤​ជ្រុង​ ទាំង​ដី​ព្រៃ​ និង​ដី​ស្រែ​ ចម្ការ​ ក៏​ប៉ុន្តែ​ខាង​ក្រុម​ហ៊ុន​កំណត់​ឲ្យ​ប្រជា​ពល​រដ្ឋ​ណា​ ដែល​មាន​ដី​ទំហំ​លើស​ពី​កន្លះ​ហិកតា​ឡើង​ទៅ​ទើប​ប្រគល់​ដី​ឲ្យ​៣០​ម៉ែត្រ​បួន​ជ្រុង។

នៅ​ក្នុង​ពេល​ដែល​មាន​ការ​បែង​ចែក​ដី​ធ្លី​ ពុំ​ទាន់​ចប់​សព្វ​គ្រប់​នៅ​ឡើយ​នេះ​ កម្លាំង​យោធា​ ដែល​បណ្តាល​ឲ្យ​កាំភ្លើង​ច្រើន​រាប់​ស៊ិប​នាក់​ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ព្រំដី​របស់​ក្រុម​ហ៊ុន​ នេះ​បើ​ តាម​ការ​បញ្ជាក់​អះ​អាង​របស់​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​រូប​ ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ។

"ខ្ញុំ​គិត​ថា ​គេ​យក​ទាហាន​មក​ដើម្បី​គេ​ចង់​ដាក់​កម្លាំង​ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​ហ្នឹង​ឲ្យ​បាក់​ស្មារតី​ ឬ​ក៏​ភ័យ​ខ្លាច​ កុំ​ឲ្យ​យើង​តវ៉ា"​។

លោក​ស្រី​ឈាង ​គឹម​ស៊ុន ​តំណាង​ក្រុម​ហ៊ុន​ភ្នំពេញ​SUGAR​ បាន​បដិ​សេធ​ថា​ ក្រុម​ហ៊ុន​របស់​ លោក​ស្រី​ ពុំ​បាន​ដាក់​ពង្រាយ​កម្លាំង​បន្ថែម​ទៀត​ទេ។

"ពួក​គាត់​មាន​សិទ្ធិ​ប្រជា​ធិប​តេយ្យ​ខ្ពស់​ពេក។​ គាត់​ធំ​ហួសៗ​មាឌ​ ដែល​គាត់​មាន ​ម្លោះ​ហើយ​ គាត់​ចង់​និយាយ​មូល​បង្កាច់​អ្នក​ណា​ក៏​បាន​ដែរ។​ គាត់​ចង់​និយាយ​យ៉ាង​ម៉េច​ក៏​បាន​ដែរ​ ព្រោះ​គាត់​ច្រៀង​បាន​ពីរោះ។​ ចំណែក​ពួក​ខ្ញុំ​អត់​មាន​ពេល​វេលា​ដែល​ត្រូវ​ច្រៀង​ទេ"។

លោក​គង់​ ស៊ីថា​ ជំទប់​ទី១ ​ឃុំ​អមលាំង​ និង​ជា​ក្រុម​ការ​ងារ​គណៈ​កម្មការ​ដោះ​ស្រាយ​ទំនាស់​ដី​ ធ្លី​ រវាង​ក្រុម​ហ៊ុន ​និង​ជា​មួយ​ប្រជា​ពល​រដ្ឋ​ បាន​និយាយ​ថា ​ទាហាន​ដែល​ដាក់​ពង្រាយ​នេះ​ ពុំ​មែន​ជា​ទាហាន​ថ្មី​ទេ​ គឺ​ជា​ទាហាន​ ដែល​ធ្លាប់​ការ​ពារ​ដី​ពី​មុន​មក។

លោក​គង់​ ស៊ី​ថា ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​យើង​បាន​វាស់​វែង​ដី ​ដែល​មាន​ទំនាស់​រវាង​ ប្រជា​ពល​រដ្ឋ​ និង​ក្រុម​ហ៊ុន ​ទើប​តែ​បាន​១០%​តែ​ប៉ុណ្ណោះ​ ហើយ​យើង​ត្រូវ​ការ​ពេល​វេលា​ចំនួន​០១​ខែ​ទៀត​ ដើម្បី​បញ្ចប់​កិច្ច​ការ​នេះ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​យើង​បាន​រង​ឃើញ​ថា ​ដី​មាន​ទំនាស់​ពិត​ប្រាកដ​ ប្រមាណ​ តែ​ជាង​១០០០​ហិកតា​ តែ​ប៉ុណ្ណោះ​ដែល​ជា​កម្ម​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​៥​ភូមិ​ ជាង​៣០០​គ្រួសារ។

លោក​រដ្ឋា​ វី​ មន្រ្តី​ផ្នែក​ស៊ើប​អង្កេតរបស់​សមាគម​សិទ្ធិ​មនុស្ស​ADHOC​ ប្រចាំ​ខេត្ត​កំពង់​ស្ពឺ​ បាន​និយាយ​ថា ​ប្រជា​ពល​រដ្ឋ​ជិត​ដល់​រដូវ​ធ្វើ​ស្រែ​ហើយ​ ដូច្នេះ​អាជ្ញាធរ​ខេត្ត​គួរ​តែ​ពន្លឿន​បញ្ចប់​កិច្ច​ ការ​ទំនាស់​ទាំង​នេះ។

"ប្រជា​ពល​រដ្ឋ​យើង​សព្វ​ថ្ងៃ​ គាត់​កំពុង​តែ​ជួប​បញ្ហា​ខ្វះ​ខាត​ក្នុង​ជីវភាព​គ្រួសារ​ ហើយ​បើ​អូស​ បន្លាយ​រឿង​ក្តី​ហ្នឹង​កាន់​តែ​វែង​ទៅ ​ប្រជា​ពល​រដ្ឋ​កាន់​តែ​ក្រ​ទៅ​ដោយ​សារ​តែ​គាត់​ខ្វល់​ខ្វាយ​រឿង​តវ៉ា ​ទាម​ទារ​ អត់​ពេល​វេលា​រកស៊ី"។

ក្រុម​ហ៊ុន​របស់​លោក​ឧកញ៉ា​ លី ​យ៉ុងផាត់​ បាន​ទទួល​ដី​សម្បទាន​សេដ្ឋ​កិច្ច​របស់​រដ្ឋា​ភិបាល​ ជាង​៨០០០​ហិកតា​ សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​ដាំ​ដើម​អំពៅ ​នៅ​ស្រុក​ថ្ពង​ ខេត្ត​កំពង់​ស្ពឺ។​ក៏​ប៉ុន្តែ​គម្រោង​អភិវឌ្ឍន៍​នេះ​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​បាន​ចោទ​ប្រកាន់​ថា​ បាន​ប៉ះ​ពាល់​ដល់​ដី​ស្រែ​ និង​ដី​ចម្ការ​របស់​ពួក​គេ៕