វិទ្យាស្ថានសិក្សាសង្គមកម្ពុជាបានរៀបចំកម្មវិធី«សិល្បៈជាសាក្សី»ដើម្បីជួយសម្រួលផ្លូវចិត្តជនរងគ្រោះដោយរបបខ្មែរក្រហម។ កម្មវិធីនេះរៀបចំឡើងនៅសមាគមគ្រួសារខ្មែរនៅទីក្រុង Santa Ana រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។
«ខ្ញុំឲ្យតែនិយាយរឿងក្នុងសម័យប៉ុល ពត ចេញទឹកភ្នែកហើយ»។
«ម្តាយខ្ញុំស្លាប់ បងប្រុសខ្ញុំស្លាប់»។
«ប្តីខ្ញុំស្លាប់បាត់ទៅ នៅតែបីនាក់កូនទេ នៅជំនាន់ប៉ុល ពត»។
អម្បាញ់មិញនេះជាសំឡេងរបស់អ្នកចូលរួមសិក្ខាសាលា «សិល្បៈជាសាក្សី»ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ទី២៧ ខែមេសាដោយវិទ្យាស្ថានសិក្សាសង្គមកម្ពុជាដើម្បីព្យាបាលជំងឺផ្លូវចិត្តជូនដល់ជនរងគ្រោះ របបខ្មែរក្រហម ដែលរស់នៅសហរដ្ឋអាមេរិក។
នេះជាកម្មវិធី«សិល្បៈជាសាក្សី»លើកទីបីដែលលោកស្រីសាស្រ្តាចារ្យបណ្ឌិត នូ លក្ខិណា នាយកប្រតិបត្តិនៃវិទ្យាស្ថានសិក្សាសង្គមកម្ពុជា (ASRIC)និងសិល្បៈករ អ៊ុក ព្រំសុតន់ សហការជាមួយសមាគមគ្រួសារខ្មែរ បានយកការគូរគំនូរ និង ការរាំរបាំសិល្បៈជួយជនរងគ្រោះនៃរបបខ្មែរក្រហមប្រល័យពូជសាសន៍។
អ្នកស្រីបានមានប្រសាសន៍ឲ្យដឹងពីគោលបំណងនៃកម្មវិធីយ៉ាងដូច្នេះថា៖
«ដូច្នេះកម្មវិធីយើងធ្វើហ្នឹង ចង់ឲ្យបងប្អូនខ្មែរយើង ពិសេសជនរងគ្រោះកុំឲ្យគាត់យល់ថា គាត់អត់មានអំណាចអ្វីៗ។គាត់គូរហ្នឹង យើងចង់ឲ្យគាត់មានអារម្មណ៍ថាគាត់មានអំណាច ព្រោះអីគាត់នៅស្ងាត់នៅស្ងៀម រោគដែលឆ្លងកាត់ខ្មែរក្រហមហ្នឹង របួសហ្នឹងវារីកឡើង។ ដូច្នេះយើងធ្វើហ្នឹង យើងចង់ព្យាបាលគាត់»។
ផ្នែកទីមួយនៃសិក្ខាសាលានេះគឺផ្តោតទៅលើគំនូរ ដោយនៅក្នុងនោះ អ្នកចូលរួមត្រូវបានណែនាំឲ្យគូររូបភាពដែលគាត់អាចនឹកឃើញពីសម័យប៉ុល ពតមិនថា ជារូបអ្វីក៏ដោយ តាំងពីការធ្វើទារុណកម្មរហូតទៅដល់ រូបមនុស្សដែលគាត់អាចចងចាំ។
ផ្នែកទីពីរ គឺផ្តោតទៅលើការកម្សាន្ត។
លោក អ៊ុក ព្រំសុតន់ជា Artist in Residence មានន័យថា សិល្បៈករប្រចាំនៅវិទ្យាស្ថានសិក្សាសង្គមកម្ពុជា បានសម្តែងរបាំបុរាណជូនជនរងគ្រោះទស្សនាជាការកម្សាន្ត និង បង្រៀនអ្នកទាំងអស់នោះឲ្យស្គាល់ពីអត្ថន័យនៃក្បាច់នីមួយៗ។
បើទោះបីជាអ្នកស្រី នូ លក្ខិណា បានមករស់នៅសហរដ្ឋអាមេរិកតាំងពីអាយុបីឆ្នាំ ហើយមិនធ្លាប់បានឆ្លងកាត់របបខ្មែរក្រហមក៏ដោយ ក៏អ្នកស្រីគិតថា អ្នកស្រីមានកាតព្វកិច្ចជួយប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិកចូលរួមដាក់ពាក្យបណ្តឹងទៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថា សាលាក្តីខ្មែរក្រហម។
នេះជាហេតុជំរុញឲ្យអ្នកស្រីបង្កើតនូវវិទ្យាស្ថានសិក្សាសង្គមកម្ពុជានេះឡើង។ អ្នកស្រីបានឲ្យដឹងយ៉ាងដូច្នេះថា៖ «អង្គការ ASRIC (វិទ្យាស្ថានសិក្សាសង្គមកម្ពុជា) ហ្នឹងគឺជាអង្គការស្រាវជ្រាវខាងសុខភាពសង្គម ហើយយើងខ្ញុំជាសាស្ត្រាចារ្យខាងសង្គមវិទ្យា ខ្ញុំចង់យកបច្ចេកទេសខាងសង្គមវិទ្យាហ្នឹងជួយអប់រំសង្គមហើយនឹងជួយផ្លូវចិត្តសង្គមយើង ជាពិសេស»។
អ្នកស្រីជា ឡាច ដែលធ្លាប់ដាក់ពាក្យបណ្តឹងទៅតុលាការខ្មែរក្រហម បានមកចូលរួមកម្មវិធីគូរគំនូរ ហើយបានឲ្យដឹងថា គាត់មានបញ្ហាជំងឺផ្លូវចិត្ត ដោយសារ គាត់នៅមានអារម្មណ៍ភិតភ័យ នឹកឃើញពីអតីតកាល។ ហើយសព្វថ្ងៃនេះគាត់ ត្រូវទទួលទានថ្នាំរំងាប់អារម្មណ៍ ដើម្បីកុំឲ្យគាត់គិតច្រើន។គាត់បានពណ៌នារូបគំនូររបស់គាត់យ៉ាងដូច្នេះថា៖ «អុំគូររូបអុំទៅធ្វើការ ហើយអត់បាយ យំ។ យំហើយមានកូនទៅតាមពីក្រោយ ហើយយើងពិបាកចិត្ត។ នេះឆ្អឹងយើងអត់មានអីញ៉ាំ យើងស្គម ស្បែកដណ្តប់ឆ្អឹង»។
លោក អ៊ុក ព្រំសុតន់ក៏បានបកស្រាយពីមូលហេតុដែលលោកបានបញ្ចូលសិល្បៈនៅក្នុងការជួយជនរងគ្រោះទាំងអស់នេះដែរ៖
«នេះជាកម្មវិធីបឋម ដូច្នេះយើងមិនទាន់ដឹងលទ្ធផលយ៉ាងណាទេ ប៉ុន្តែតាមប្រវត្តិជាច្រើនទសវត្សមកហើយ សិល្បៈជាវិធីស្វែងរកសេចក្តីសុខដមរមនាផ្លូវចិត្តច្រើនជំនាន់។ ខ្ញុំមិនទាន់ប្រាកដថា ខ្ញុំបានធ្វើឲ្យជនរងគ្រោះ ខិតជិតស្ថានភាពសុខដមផ្លូវចិត្ត តាមរយៈ ចម្រៀងនិងសិល្បៈនៅឡើយទេ។ ពួកគាត់មិនមានវិធីបង្ហាញអារម្មណ៍របស់គាត់ទេ»។
ទូទាំងសហរដ្ឋអាមេរិក តាមរយៈវិទ្យាស្ថានសិក្សាសង្គមកម្ពុជា អ្នកស្រីនូ លក្ខិណាបានប្រមូលផ្តុំអ្នករងគ្រោះដោយរបបខ្មែរក្រហម ហើយបង្រៀនឲ្យពួកគាត់បានដឹងនិងយល់ពីប្រព័ន្ធច្បាប់ និងជំរុញឲ្យប្រជាពលរដ្ឋបានចូលរួមចំណែកជាមួយសាលាក្តីដើម្បីផ្តន្ទាទោសដល់មេដឹកនាំរបបខ្មែរក្រហម។
រហូតដល់ពេលនេះ វិទ្យាស្ថានសិក្សាសង្គមកម្ពុជាបានជួយពលរដ្ឋខ្មែរអាមេរិកាំងដាក់ពាក្យបណ្តឹងចំនួន១៧០ច្បាប់ ដែលក្នុងនោះចំនួន៤៣ច្បាប់ត្រូវបានតុលាការទទួលជាដើមបណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿង០០២កាត់ទោសមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមដែលមាននួន ជា ខៀវ សំផង អៀង សារី និងអៀង ធីរិទ្ធដែលកំពុងជាប់ឃុំឃាំងរង់ចាំការកាត់ទោស។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ជនរងគ្រោះបានគូររូបជាង១៥០ផ្ទាំង ក្នុងនោះជាង៥០ផ្ទាំងគូរនៅថ្ងៃនេះ។ អ្នកស្រីនូ លក្ខិណាឲ្យដឹងថា អ្នកស្រីនឹងរៀបចំពិព័រណ៍អំពីគំនូរ រូបថតនិងវត្ថុអនុស្សាវរីយ៍ផ្សេងទៀតរបស់ជនរងគ្រោះទាំងអស់នៅប្រទេសខ្មែរ ហើយរៀបចំវិចិត្រសាលតម្កល់ភស្តុតាងទាំងនេះផង៕