សេរីភាព​សារ​ព័ត៌មាននិង​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​រង​ការ​រឹតត្បិត​បន្ថែម​ទៀត​អំឡុង​ពេល​ជំងឺ​កូវីដ

រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្រោយ​ពី​បាន​ចុះឈ្មោះ​បោះឆ្នាត​ឃុំសង្កាត់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ នៅ​ខេត្ត​កណ្តាល កាលពី​ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០១៦។

លោក​ សុវណ្ណ រិទ្ធី​ និពន្ធ​នាយក​សារ​ព័ត៌មាន​អនឡាញ​ TVFB​ ជា​អ្នក​សារ​ព័ត៌មាន​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​ដក​ស្រង់​សម្តី​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ ​សម្តី​របស់​លោក​នាយក​រដ្ឋមន្រ្តី​ទាក់ទង​នឹង​ការ​ថ្លែង​ថា​ រដ្ឋាភិបាល​មិន​អាច​ជួយ​អ្នក​ធ្វើ​ការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដូច​ជា​អ្នក​រត់​ម៉ូតូ​ឌុប​បាន​ទេ​ ក្នុង​ពេល​រង​គ្រោះ​ដោយ​សារ​ការ​រាត​ត្បាត​ពី​វីរុស​កូរ៉ូណា។

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​អ្នក​ធ្វើ​ការ​លើ​វិស័យ​សារ​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា​កំពុង​បង្ក្រាប​បន្ថែម​ទៀត​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ រួម​មាន​ការ​ចាប់​ខ្លួន​អ្នក​សារ​ព័ត៌មាន និង​ប្រជា​ពលរដ្ឋ​ដែល​បញ្ចេញ​មតិ​ទាក់ទង​នឹង​ជំងឺ​កូវីដ១៩។​

ក្រសួង​ព័ត៌មាន​បាន​សម្រេច​ដក​អាជ្ញាបណ្ណ​របស់​ TVFB ​និង​ចោទ​ថា​«ម្ចាស់​អាជ្ញា​បណ្ណ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មាន​ចរិត​ញុះញង់​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់​ធ្នាប់ ​និង​សុវត្ថិភាព​សង្គម»។​

ចាប់​ពី​ខែ​មករា​ដល់​ខែ​មេសា​ឆ្នាំ ២០២០​ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​អ្នក​ដែល​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ពាក់​ព័ន្ធ​នឹង​ជំងឺ​កូវីដ​១៩​ ប្រមាណ ​៣០​នាក់។​ នេះ​បើ​តាម​តួលេខ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ។​ ក្នុង​នោះ​សមត្ថកិច្ច​បាន​ដោះលែង​វិញ​ចំនួន ​១៦​នាក់។​ ចំណែក​ចំនួន​ ១៤​នាក់​ទៀត​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ។​

លោក សុវណ្ណ រិទ្ធី ចាងហ្វាងសារព័ត៌មាន TVFB បង់កក្រមា ត្រូវបានសួរចម្លើយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃពុធ និងត្រូវបានចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ (រូបថតពីហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

លោក សូត្រ សុខប្រាថ្នា ​អ្នកសារ​ព័ត៌មាន​របស់​វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ ​(VOD)​ ប្រាប់​ VOA​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ចាប់​តាំង​ពី​មាន​ការ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ការ​បង្ក្រាប​គណបក្ស​ប្រឆាំង​ក្នុង​ឆ្នាំ​ ២០១៧​ មក​ រហូត​មក​ដល់​ពេល​នេះ​ស្ថាន​ភាព​ចុះ​យក​ព័ត៌មាន​និង​រាយ​ការណ៍​របស់​លោក​នៅ​តែ​បន្ត​មាន​ការ​រឹតត្បិត​ និង​ការ​ប្រឈម​ច្រើន។ ​លោក​បន្ត​ថា ​ការ​បិទ​ស្ថាប័ន​សារ​ព័ត៌មាន​ឯករាជ្យ​ជា​ច្រើន​ការ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​អ្នក​សារ​ព័ត៌មាន​ ព្រម​ទាំង​ការ​បង្កើត​ច្បាប់​ថ្មីៗ​មួយ​ចំនួន​ ដែល​បាន​និង​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​សារ​ព័ត៌មាន​ជា​មូលហេតុ​ធ្វើ​ឲ្យ​លោក​តែង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ និង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

«យើង​ព្រួយ​បារម្ភ​ទាក់ទង​នឹង​ការ​រាយ​ការណ៍​ព័ត៌មាន​របស់​យើង​ ដែល​គោរព​វិជ្ជាជីវៈ​ហ្នឹង​ អាច​នឹង​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ផ្សេងៗ។ ដូច​ករណី​ថ្មីៗ​យើង​ដឹង​ស្រាប់​ ហើយ​មាន​ករណី​ផ្សាយ​សម្រង់​សម្តី​របស់​លោក​នាយក​រដ្ឋមន្រ្តី​ក៏​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​ ហើយ​បិទ​ទាំង​ស្ថាប័ន​អី​ជាដើម។​ អ៊ីចឹង​ហើយ​ គឺ​យើង​ព្រួយ​បារម្ភ​ក្នុង​ការ​រាយ​ការណ៍។​ ហើយ​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​ហ្នឹង ​គឺ​ខ្ញុំ​ត្រូវ​រាយ​ការណ៍​ប្រយ័ត្ន​ប្រយែង​ខ្ពស់​ជាង​មុន​បន្ថែម​ទៀត»។​

លោក​បន្ត​ថា​ លោក​ត្រូវ​បង្កើន​ការ​ការពារ​បន្ថែម​ដោយ​សារ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ​ក្នុង​អំឡុង​ការរាយ​ការណ៍​អំពី​ជំងឺ​សួត​ប្រភេទ​ថ្មី​នេះ​ ស្រប​ពេល​ដែល​ការ​ទទួល​ព័ត៌មាន​ពី​មន្រ្តី​រដ្ឋា​ភិបាល​មិន​ទាន់​ពេល​វេលា។​

«អាហ្នឹង​ក៏​ជា​អារម្មណ៍​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​សារ​ព័ត៌មាន​ត្រូវ​រង​សម្ពាធ​ផ្ទួនៗ​គ្នា។​ រង​សម្ពាធ​សេរីភាព​សារ​ព័ត៌មាន​ដែល​យើង​ផ្សាយ​ហ្នឹង យើង​ត្រូវ​ការ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ខ្ពស់​ជាង​មុន​ ហើយ​យើង​ត្រូវ​រង​សម្ពាធ​ផ្លូវ​ចិត្ត​ នៅ​ពេល​ដែល​មុំ​ព័ត៌មាន​របស់​យើង ​មិន​អាច​ទទួល​បាន​ថ្មីៗ​ពី​ខាង​រដ្ឋាភិបាល​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​យើង​សរសេរ ហើយ​សម្ពាធ​មួយ​ទៀត​ហ្នឹង​ គឺ​យើង​ចុះ​ទៅ​ផ្ទាល់​ហ្នឹង​យើង​បារម្ភ​ពី​សុវត្ថិភាព​សុខភាព​របស់​យើង​ផ្ទាល់»។​

កាលពី​ដើម​ខែ​មេសា​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ព្រមាន​ថា​អំឡុង​ពេល​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​វីរុស​កូរ៉ូណាអាជ្ញាធរ​អាច​ចាប់​ខ្លួន​អ្នក ​ដែល​ហ៊ាន​បញ្ចេញ​មតិ​ណា​មួយ​ដែល​រដ្ឋាភិបាល​យល់​ថា ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម។​ លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​ព្រមាន​ចំៗ​ទៅ​លើ​លោក​ អំ សំអាត​ មន្រ្តី​ជាន់​ខ្ពស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ក្រោយ​ពេល​ដែល​លោក​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​សារ​ព័ត៌មាន​អាស៊ី​សេរី​ ជុំ​វិញ​វិធានការ​របស់​រដ្ឋាភិបាល​ទៅ​លើ​អ្នក​បង្ហោះ​សារ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩។​

កាល​ពី​ថ្ងៃ​ទី​ ២៤​ ខែ​មីនា ​អង្គការ Human Rights Watch​ ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​លើក​ឡើង​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​បង្រ្កាប​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ចំ​ពេល​មាន​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា។​ អង្គការ​នេះ​បន្ថែម​ថា​ រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើប្រាស់​ឱកាស​នៃ​ការ​រាត​ត្បាត​ជំងឺ​កូវីដ១៩ ​ដើម្បី​ដាក់​ពន្ធនាគារ​សកម្មជន​បក្ស​ប្រឆាំង ​និង​អ្នក​ផ្សេង​ទៀត​ដែល​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​វីរុស​នេះ​និង​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល»។

ប៉ុន្តែ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន​ បាន​ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​ថ្លែង​រិះគន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា ​បាន​ប្រើប្រាស់​ករណី​ជំងឺ​កូវីដ១៩​ដើម្បី​បង្ក្រាប​អ្នក​បញ្ចេញ​មតិ​និង​អ្នក​សារ​ព័ត៌មាន​គឺ​ជា​ការ​បង្កើត​យុទ្ធនាការ​ប្រឆាំង​នឹង​នាយក​រដ្ឋមន្រ្តី។

«គាត់​និយាយ​ហ្នឹង​ក្នុង​ទិស​ដៅ​ ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​សម្តេច​តេជោ​តែ​ប៉ុណ្ណោះ»។​

នៅ​ឆ្នាំ ​២០២០​ នេះ​ ទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក​នឹង​ប្រារព្ធ​ឡើង​ក្រោម​ប្រធាន​បទ «សារ​ព័ត៌​មាន​គ្មាន​ការ​ភ័យ​ខ្លាច​ឬ​លម្អៀង ​(Journalism without Fear or Favor)។​ ប៉ុន្តែ​នៅ​កម្ពុជា ​អ្នក​សារ​ព័ត៌មាន​នៅ​តែ​បន្ត​រង​ការ​រឹត​ត្បិត​ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ ​២០១៧​ ដោយ​សារ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។​

រហូត​មក​ដល់​ពេល​នេះ អ្នក​សារ​ព័ត៌មាន​មួយ​ចំនួន​កំពុង​រង​បណ្តឹង​និង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​នៅ​ឡើយ​ ដោយ​សារ​ការ​បំពេញ​ការងារ​របស់​ពួក​គេ ​ដូចជា​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ពីរ​រូប​ គឺ​លោក ​អ៊ួន ឈិន ​និង​លោក ​យាង សុធារិន្ទ​ កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ផ្តល់​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស។​ អតីត​អ្នក​កាសែត The Cambodia Daily ​ពីរ​រូប គឺ​លោក​ អូន ភាព​ និង​លោក ​Peter Zomber ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ដោយ​សារ​ការ​សួរ​សំណួរ​ទៅ​កាន់​ពលរដ្ឋ​អំពី​បោះឆ្នោត។ ​ចំណែក​លោក​ រ៉ាត់ រត្នមុនី​ អ្នក​បកប្រែ​ឲ្យ​សារ​ព័ត៌មានរដ្ឋ​រុស្ស៊ី ​RT​(Russia Today) ​ក្នុង​ការ​ផលិត​វីដេអូ​ស៊ើប​អង្កេត​ «ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ» ​កំពុង​ជាប់​ពន្ធនាគារ។​

លោក ​អូន ភាព ​អតីត​អ្នក​សារ​ព័ត៌មាន​កាសែត​ The Cambodia Daily​ ដែល​កំពុង​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ក្រោយ​មាន​ការ​ចោទ​ប្រកាន់​ពី​តុលាការ​ បាន​ថ្លែង​ប្រាប់ ​VOA ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោក​ជំរុញ​ឲ្យ​តុលាការ​ពន្លឿន​សវនាការ​លើ​រូប​លោក ​ខណៈ​តុលាការ​ខេត្ត​រតនគិរី​បាន​ពន្យារ​ពេល​តាំង​ពី​ខែ​ធ្នូ ​ឆ្នាំ​ ២០១៩​ ដោយ​មិន​កំណត់​ពេល​នៅ​ឡើយ។​ លោក​នៅ​តែ​បន្ត​ចាត់​ទុក​ថា​ ការ​ចោទ​ប្រកាន់​លោក​ ដោយសារ​តែ​ការ​សម្ភាស​ប្រជា​ពលរដ្ឋ គឺ​ជា​រឿង​អយុត្តិធម៌។ ​

«វា​ជា​រឿង​អយុត្តិធម៌​ចំពោះ​ខ្ញុំ​ និង​សហការី​ខ្ញុំ​ម្នាក់​ទៀត ​ព្រោះ​ថា​អា​នេះ​យើង​គ្រាន់​តែ​អនុវត្ត​នូវ​តួនាទី​ការងារ​ជា​អ្នក​កាសែត​របស់​យើង ​ក្នុង​ការ​សម្ភាស​ប្រជា​ពលរដ្ឋរឿង​អី​ ដែល​អាជ្ញាធរ​ហ្នឹង​មក​ប្តឹង​យើង​ចោទ​យើង​ពី​បទ​ញុះញង់​អី​ជាដើម​វា​អត់​ត្រូវ។​ អ៊ីចឹង​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ ការ​ដែល​ចោទ​ប្រកាន់​នេះ»។​

រូបឯកសារ៖ លោក អួន ឈិន និងលោក យាង សុធារិន្ទ អតីតអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរី ថ្លែងទៅកាន់អ្នកកាសែតនៅមុខសាលាឧទ្ធរណ៍ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

លោក ​អ៊ូច សូនី ​ អតីត​អ្នក​សារ​ព័ត៌មាន​កាសែត​ The Cambodia Daily​ មួយ​រូប​ដែល​កំពុង​ធ្វើ​ជា​ការ​អ្នកសរសេរ​ព័ត៌មាន​ឯករាជ្យ​និយាយ​ថា ចាប់​តាំង​ពី​កាសែត ​The Cambodia Daily ​លែង​មាន​វត្ត​មាន​នៅ​កម្ពុជា​ លោក​ត្រូវ​ស្វែង​រក​ការងារ​ដោយ​ធ្វើ​ជា​អ្នក​សារ​ព័ត៌មាន​សរសេរ​អត្ថបទ​លក់​ឲ្យ​ស្ថាប័ន​ផ្សេងៗ​ជំនួស​វិញ។​ អ្នក​សារ​ព័ត៌មាន​ដែល​ចាប់​អាជីព​កាសែត​អស់​រយៈ​ពេល​ជាង ​៦ ​ឆ្នាំ​រូប​នេះ​បន្ថែម​ថា ​បច្ចុប្បន្ន​នេះ​លោក​ពិបាក​ក្នុង​ការ​សម្ភាស​ប្រភព ​និង​ពេល​ខ្លះ​មិន​អាច​រក​ចំណូល​បាន​គ្រប់​គ្រាន់ ​ជាពិសេស​ក្នុង​អំឡុង​ការ​កើត​មាន​ជំងឺ​កូវីដ១៩។​

«វា​មាន​ភាព​លំបាក​ខ្លះ​ដែរ​នៅ​ក្នុង​ការ​សរសេរ​ ដោយសារ​ប្រភព​មួយ​ចំនួន​គាត់​បដិសេធ​មិន​សូវ​ហ៊ាន​និយាយ​ជាមួយ​យើង ​ជាពិសេស​គឺ​ប្រជា​ពលរដ្ឋ​ធម្មតា​ដោយ​សារ​គាត់​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​របស់​គាត់»។​

លោក​ ណុប វី ​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ប្រាប់​ VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​មិន​មាន​ភាព​ប្រសើរ​ណា​មួយ​នោះ​ទេ​ ចាប់​តាំង​ពី​ការ​បង្ក្រាប​កាលពី​ឆ្នាំ​ ២០១៧ ​មក។​

«អ្នក​សារ​ព័ត៌មាន​ហ្នឹង​គឺ​នៅ​តែ​ទទួល​រង​នូវ​ការ​ប្តឹង​ផ្តល់​ចោទ​ប្រកាន់​ ដូចជា​ករណី​បណ្តឹង​នៅ​តុលាការ​អីហ្នឹង​ក៏​មិន​មាន​ការ​ទម្លាក់​ចោល។​ ហើយ​រហូត​មក​ដល់​ចុង​ក្រោយ​នេះ​ទៀត​សោត ឃើញ​មាន​ទាំង​ការ​ដក​អាជ្ញា​បណ្ណ​ការ​ដក​អី​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​ធ្វើ​សេចក្តី​រាយ​ការណ៍​ព័ត៌មាន​ទាន់​ហេតុ​ការណ៍​អី​ផ្សេងៗ​ផង»។​

លោក ​ណុប វី​ បន្ថែម​ថា ​រដ្ឋាភិបាល​គួរ​តែ​ប្រើ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​មក​អនុវត្ត​លើ​អ្នក​សារព័ត៌​មាន ​ដែល​មាន​កំហុស​ផ្នែក​ការ​ផ្សាយ​មិនគួរ​ប្រើ​ក្រម​ព្រហ្មទណ្ឌ​ និង​ការ​ដក​អាជ្ញា​បណ្ណ​ភ្លាមៗ​នោះ​ទេ។​

លោក​ មាស សុភ័ណ្ឌ ​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​លើក​ឡើង​ថា​ ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ដោយសារ​វិសាល​ភាព​ការ​ផ្សព្វផ្សាយ​កាន់​តែ​រីក​ចម្រើន ​ហើយ​ចំនួន​ស្ថាប័ន​សារ​ព័ត៌មាន​ក៏​កាន់​តែ​ច្រើន។​

លោក​បន្ត​ថា ​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​អ្នក​សារ​ព័ត៌មាន​នា​ពេល​កន្លង​មក​និង​ពេល​ថ្មីៗ​នេះ ​គឺ​ធ្វើ​ឡើង​តាម​ច្បាប់​ដោយ​សារ​អ្នក​សារ​ព័ត៌មាន​ទាំង​នោះ​មាន​កំហុស​វិជ្ជាជីវៈ។​

ពេល ​VOA ​សួរ​អំពី​ការ​កើន​ឡើង​តែ​ចំនួន​ស្ថាប័ន​សារ​ព័ត៌មាន​ដែល​គាំទ្រ​រដ្ឋាភិបាល​ ប៉ុន្តែ​ស្ថាប័ន​ព័ត៌មាន​មិន​រណប​រដ្ឋាភិបាល​បាន​ថយ​ចុះ​ជា​បន្ត​បន្ទាប់​នោះ លោក ​មាស សុភ័ណ្ឌ ​បាន​ឆ្លើយ​ថា៖​ «ការ​កើន​ឡើង​នៃ​ចំនួន​បណ្តាញ​សារ​ព័ត៌មាន ​គឺ​វា​បញ្ជាក់​អំពី​សេរីភាព​សារ​ព័ត៌មាន​ ដែល​ត្រូវ​បាន​ធានាត្រូវ​បាន​ទទួល​ស្គាល់​ ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ជា​សេនាធិការ​របស់​រាជ​រដ្ឋាភិបាល។ ​អ៊ីចឹង​បើ​យើង​យល់​ឃើញ​ថា​ គ្រាន់តែ​ការ​កើន​ឡើង​មិន​មែន​ជា​សេរីភាព​សារ​ព័ត៌មាន អា​ហ្នឹង​វា​ទស្សនៈ​មួយ​រើស​អើង​ហើយ»។​

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​៧​ ខែ​មេសា ​បាន​ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ VOA​ក្នុង​សន្និសីទ​មួយ​ថា​ លោក​មិន​ចង់​និយាយ​ជា​មួយ​អ្នក​សារ​ព័ត៌មាន​ VOA ​នោះ​ទេ​ ដោយ​លោក​ហៅ​ VOA​ ថា​ជា​ស្ថាប័ន​ «ខូច»។​

របាយ​ការណ៍​ស្តីពី​សន្ទស្សន៍​សេរីភាព​សារ​ព័ត៌មាន​ពិភពលោក​ឆ្នាំ​ ២០២០ ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​ ១៩​ខែ​មេសា ​ដោយ​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​នៅ​លេខ ​១៤៤ ​ក្នុង​ចំណោម​ប្រទេស​សរុប​ចំនួន ​១៨០ ​ដែល​ជា​ការ​ធ្លាក់​ចំណាត់​ថ្នាក់ ​៣ ​ឆ្នាំ​ជាប់ៗ​គ្នា។​

រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បង្កើត ​«ច្បាប់​គ្រប់​គ្រង​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន» ​ដែល​ត្រូវ​បាន​ប្រកាសឲ្យ​ប្រើប្រាស់ កាល​ពី​ថ្ងៃ​ពុធ។​ អ្នក​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា​ ច្បាប់​នេះ​មាន​ការ​ចែង​កម្រិត​សេរីភាព​នៃ​ការ​ផ្សព្វផ្សាយ​ត្រង់​ចំណុច​ «ហាម​ឃាត់​ឬ​កម្រិត​ការ​ចែក​ចាយ​ឬ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់​សាធារណ​ជន ​ឬ​ចលាចល​ដែល​នាំ​ឲ្យ​ខូច​ខាត​ដល់​សន្តិសុខ​ជាតិ​ ឬ​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​អំពី​ស្ថានភាព​នៃ​ភាព​អាសន្ន»។​

លោក​ សូត្រ សុខ​ប្រាថ្នា ​អ្នក​សារ​ព័ត៌មាន​ម្នាក់​នៅ​វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ ​(VOD)​ បារម្ភ​ថា​ប្រសិន​បើ​ច្បាប់​នេះ​ត្រូវ​យក​មក​ប្រើ​ក្នុង​កាលៈ​ទេសៈ​ណា​មួយ​នោះ ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​រឹត​តែ​រួម​តូច​ថែម​ទៀត​ ហើយ​សុវត្ថិភាព​របស់​អ្នក​សារ​ព័ត៌​មាន​នឹង​ត្រូវ​ប្រឈម​កាន់​តែ​ខ្លាំង។​

«ចំណុច​មួយ​ចំនួន​ក៏​បាន​ចែង​អំពី​ការ​រឹតត្បិត​ ការ​តាម​ដាន​រាល់​ការ​ផ្សាយ​ព័ត៌មាន​ការ​យក​ព័ត៌មាន ​ឬ​ក៏​ការ​សន្ទនា​របស់​ប្រជា​ពលរដ្ឋ​ហ្នឹង​ ក៏​ត្រូវ​បាន​ឃុំ​គ្រង​ដោយ​រដ្ឋ​ដែរ។​ អ៊ីចឹង​សេរីភាព​សារ​ព័ត៌មាន​របស់​កម្ពុជា​ បើ​ពិត​ជា​មាន​ការ​ប្រើប្រាស់​ច្បាប់​ហ្នឹងមែន​ វា​រឹត​តែ​មាន​ការ​រួម​តូច​ថែម​ទៀត»៕