គណៈប្រតិភូអង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបេរីយ៉ានិយាយថា អ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំរួចរាល់ដើម្បីការប្រគល់សិទ្ធិផ្នែកសន្តិសុខទៅឲ្យរដ្ឋាភិបាលប្រទេសលីបេរីយ៉ា។ រដ្ឋាភិបាលប្រទេសនេះនឹងទទួលខុសត្រូវទាំងស្រុងទៅលើបញ្ហាផ្នែកសន្តិសុខ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដែលជាថ្ងៃកំណត់នៃការដកកងរក្សាសន្តិភាពអង្គការសហប្រជាជាតិចេញពីប្រទេសនេះ។
ចាប់តាំងពីសង្រ្គាមស៊ីវិលត្រូវបានបញ្ចប់នៅក្នុងឆ្នាំ២០០៣មក នេះគឺជាលើកដំបូងហើយដែលប្រទេសលីបេរីយ៉ានឹងត្រូវគ្រប់គ្រងបញ្ហាសន្តិសុខដោយខ្លួនឯងទាំងស្រុង។
កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNMIL បាននិយាយថា ខ្លួនជឿជាក់ថារដ្ឋាភិបាលលីបេរីយ៉ាអាចទទួលកិច្ចការនេះបាន បន្ទាប់ពីកងសន្តិសុខត្រូវបានដកចេញ។ ប៉ុន្តែ មានបញ្ហាសំខាន់ៗមួយចំនួន ត្រូវដោះស្រាយក្នុងរយៈពេលប្រាំខែចុងក្រោយនេះ។
លោក Russell Geekie ជាប្រធានផ្នែកព័ត៌មានសាធារណៈរបស់ UNMIL និយាយថា ដើម្បីឲ្យគម្រោងផ្ទេរការទទួលខុសត្រូវនេះទទួលបានជោគជ័យ រដ្ឋាភិបាលលីបេរីយ៉ាត្រូវយកបញ្ហាសន្តិសុខជាអាទិភាព និងត្រូវបង្កើត និងកំណែទម្រង់និតិវិធីច្បាប់មួយចំនួន ឲ្យបានមុនថ្ងៃកំណត់ដកចេញនៃកងសន្តិសុខរបស់អង្គការសហប្រជាជាតិ។
«ខ្ញុំកំពុងគិតពីកិច្ចព្រមព្រៀងទៅលើច្បាប់ស្តីពីអាវុធ (Fire Arms and Ammunition Act) ច្បាប់បង្កើតការិយាល័យអន្តោប្រវេសន៍ និងសញ្ជាតូបនីយកម្ម (Bureau of Immigration and Naturalization Act)។ ខ្ញុំនិយាយបានថាច្បាប់ទាំងនេះត្រូវបានព្រាងហើយ។ ហើយនិងច្បាប់ស្តីពីប៉ូលិស ច្បាប់អំពើហិង្សាក្នុងគ្រួសារ ក៏ដូចគ្នាដែរ។ នេះជាផ្នែកសំខាន់មួយនៃបញ្ហាសន្តិសុខដែលយើងចង់ឃើញ។ យើងសង្ឃឹមថានឹងមានការរីកចម្រើននេះក្នុងពេលឆាប់បំផុត។ ហើយម្យ៉ាងទៀត សន្តិសុខជាបែបផែនមួយដែលមានការពាក់ព័ន្ធច្រើន។ យើងកំពុងតែគិតអំពីការធ្វើវិមជ្ឈការ។ យើងគិតអំពីការធ្វើឲ្យមានការផ្សះផ្សាកាន់តែច្រើន»។
ទីភ្នាក់ងារប៉ូលិសជាតិលីបេរីយ៉ានិយាយថា ពួកគេមានផែនការបណ្តុះបណ្តាលមន្រ្តីប៉ូលិស៥.០០០នាក់បន្ថែមទៀត។ ប៉ុន្តែ ក្រៅពីវិធានការដែលរៀបចំឡើងដោយរដ្ឋាភិបាល និងកងប៉ូលិសនោះ ការគាំទ្រពីសហគមន៍ក៏មានសារៈសំខាន់ចំពោះផែនការផ្ទេរនេះដែរ។
ប្រជាពលរដ្ឋលីបេរីយ៉ាជាច្រើននិយាយថា ពួកគេមិនមានការជឿជាក់លើកងប៉ូលិសជាតិឡើយ ហើយទំនាក់ទំនងរវាងកងកម្លាំងសន្តិសុខ និងជនស៊ីវិលនៅតែតឹងតែង។
ស្រ្តីអ្នកជំនួញក្នុងតំបន់ម្នាក់ ដែលសំណូមពរមិនឲ្យបញ្ចេញអត្តសញ្ញាណបានប្រាប់VOA ថា៖
«តើនៅថ្ងៃមុខ យើងនឹងទៅកន្លែងណា? នៅពេលមានអ្នកមានរឿងអីកើតឡើង ហើយអ្នកទៅប្តឹងនៅប៉ុស្តិ៍ប៉ូលិស ប្រសិនបើយើងគ្មានលុយ ពួកប៉ូលិសនឹងដោះលែងអ្នកដែលធ្វើខុសចំពោះអ្នកទោះបីជាយើងដឹងថាយើងជាអ្នកត្រូវក៏ដោយ។ ប្រជាជននឹងមានការបារម្ភ។ ប៉ូលិសទាំងនោះនឹងមិនជួយយើងឡើយ»។
អ្នកនាំពាក្យរបស់ប៉ូលិស លោក Sam Collins បាននិយាយថា ប៉ូលិសនៅពេលកន្លងមក ត្រូវបានសម្គាល់ថា «មិនរាក់ទាក់» ប៉ុន្តែ កងកម្លាំងប៉ូលិស កំពុងតែព្យាយាមអស់ពីសមត្ថភាពដើម្បីឲ្យមានភាពប្រសើរឡើង។
«យើងចង់ឲ្យអ្នកជឿជាក់លើកងប៉ូលិសជាតិលីបេរីយ៉ា។ តើយើងមានភ្នាក់ងារប៉ូលិសអាក្រក់មែនទេ? បាទមែន! យើងពិតជាមានភ្នាក់ងារប៉ូលិសអាក្រក់ៗ ប៉ុន្តែ យើងកំពុងកំចាត់ពួកគាត់ចេញជារៀងរាល់ថ្ងៃ។ យើងព្យួរមនុស្សទាំងនោះ។ យើងបានដេញពួកគេចេញ។ យើងបានបញ្ជូនមន្ត្រីទាំងនោះទៅកាត់ទោស។ ពួកប៉ូលិសទាំងនោះជាប់នៅក្នុងពន្ធនាគាររយៈពេលពី១០ទៅ១៥ឆ្នាំ ដោយសារតែពូកគេបានចូលរួមពាក់ព័ន្ធក្នុងសកម្មភាពមិនសមជាភា្នក់ងារប៉ូលិស។ រឿងដែលយើងកំពុងធ្វើទាំងនេះ គឺដើម្បីស្តារមុខមាត់របស់ប៉ូលិសឡើងវិញ។
លោក Collins បន្ថែមថា មានលេខទូរស័ព្ទអនាមិកមួយខ្សែដែលប្រជាពលរដ្ឋលីបេរីយ៉ា អាចទូរស័ព្ទ ឬផ្ញើសារ មករាយការណ៍អំពីរឿងខុសឆ្គង ឬអំពើពុករលួយរបស់ប៉ូលិស។ លោកបានឲ្យដឹងថានឹងមានការស៊ើបអង្កេត «ភ្លាមៗ» បន្ទាប់ពីទទួលបានការប្តឹងតវ៉ាណាមួយ។
កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ UNMIL និយាយថា ខ្លួននឹងរក្សាកងកម្លាំងដែលមានប៉ូលិសប្រហែល១.២០០នាក់ និងកងសន្តិសុខប្រហែល៦០០នាក់។ ភ្នាក់ងារទាំងនេះ នឹងជួយគាំទ្រទីភ្នាក់ងារសន្តិសុខជាតិ ចំពោះតែនៅក្នុងស្ថានការណ៍ធ្ងន់ធ្ងរណាមួយដែលគំរាមកំហែងដល់ការផ្លាស់ប្តូរយុទ្ធសាស្រ្តនៃជំហានអភិវឌ្ឍដ៏សំខាន់ ដែលលីបេរីយ៉ា និងដៃគូរបស់ខ្លួនបានធ្វើក្នុងរយៈពេល១២ឆ្នាំកន្លងមក ដើម្បីរក្សាសន្តិភាពនិងសន្តិសុខ។
ប៉ុន្តែ រាល់កិច្ចការផ្នែកសន្តិសុខផ្សេងៗទៀត ដូចជាភារកិច្ចយាមការពារ នៅគេហដ្ឋានរបស់ប្រធានាធិបតី ដែលអនុវត្តដោយ UNMIL ក៏នឹងត្រូវផ្ទេរទៅឲ្យភ្នាក់ងារលីបេរីយ៉ាដែរ៕
ប្រែសម្រួលដោយ៖ សើ សាយ្យាណា