ភ្នំពេញ__នាវេលារសៀលមួយកាលពីដើមខែឧសភា ដែលមានការធ្លាក់ភ្លៀងយ៉ាងជោកជាំ ក្រុមការងារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានមកដល់ផ្ទះវីឡាមួយ ស្ថិតក្នុងតំបន់បឹងកេងកង ដែលជាសង្កាត់អចលនទ្រព្យថ្នាក់ខ្ពស់របស់រាជធានីភ្នំពេញ ដែលមិនសូវជាមានការលម្អឆើតឆាយទៅតាមនិន្នាការនៃការរចនាពេលបច្ចុប្បន្ន។ គេហដ្ឋានកម្រិតបែបអភិជន តែសាមញ្ញមួយនេះ តុបតែងទៅដោយរូបចម្លាក់បុរាណ គ្រឿងសង្ហារឹមឈើម៉ូតសម័យដើម។
បន្ទាប់ពីបានចតរថយន្តក្រៅបរិវេណវីឡា ដែលមានរបងខ្ពស់ៗព័ទ្ធជុំជិត ក្រុមភ្ញៀវដែលទើបនឹងមកដល់ត្រូវបានគេនាំចូលទៅក្នុងផ្ទះ ដើម្បីជួបម្ចាស់ផ្ទះ គឺអ្នកស្រី ម៉ីឌិន ណាត្យា ដែលនៅរង់ចាំក្នុងបន្ទប់សិក្សានៅជាន់ទីមួយ។ នៅជាន់ផ្ទាល់ដីនៃផ្ទះ គេឃើញមានការដាក់តាំងរូបថតសខ្មៅនៃបុរសម្នាក់ ក្នុងឈុតទាហានឆ័ត្រយោងត្រូវបានដាក់តាំង នៅជាច្រើនកន្លែង។
បុរសក្នុងរូបថតនោះគ្មាននរណាក្រៅតែពីស្វាមីរបស់អ្នកស្រី ណាត្យា គឺលោកឧត្តមសេនីយ៍ ឡេះ កូសែម ជាជនជាតិភាគតិចចាម កើតក្នុងប្រទេសកម្ពុជា ក្នុងអំឡុងទសវត្សឆ្នាំ១៩២០ ហើយក្រោយមកបានឈានទៅកាន់តួនាទីដ៏សំខាន់ក្នុងជួរយោធា អំឡុងពេលសង្គ្រាមវៀតណាម។ ប៉ុន្តែមានឯកសារតិចតួចបំផុត ដែលនិយាយអំពីលោក។
លោក ឡេះ កូសែម ត្រូវបានគេស្គាល់ តាមរយៈទំនាក់ទំនងដ៏ស្មុគ្រស្មាញរបស់លោក ជាមួយចលនាតស៊ូរបស់ជនជាតិភាគតិចក្នុងតំបន់ខ្ពង់រាបភាគកណ្ដាលនៃប្រទេសវៀតណាម ជនជាតិចាមនៅកម្ពុជា និងខ្មែរក្រោមនៅតាមតំបន់ដីសណ្ដទន្លេមេគង្គ។ ទំនាក់ទំនងទាំងនេះ បានធ្វើឲ្យគាត់ក្លាយជា មេដឹកនាំយោធាមួយរូបដែលមានប្រវត្តិចម្រូងចម្រាសមួយ មុននឹងកម្ពុជាធ្លាក់ក្រោមការគ្រប់គ្រងរបស់ ប៉ុល ពត នៅសម័យខ្មែរក្រហម ក្នុងឆ្នាំ ១៩៧៥។
ចលនាដែលលោក កូសែម មានការពាក់ព័ន្ធ មានឈ្មោះថា រណសិរ្សតស៊ូរួមរបស់ជនជាតិដែលត្រូវគេជិះជាន់ ហៅកាត់ថា FULRO ។ ចលនានេះ មានគោលបំណងស្វះស្វែងស្វ័យភាពកាន់តែច្រើនជាងមុន សម្រាប់ជនជាតិចាមកាន់សាសនាឥស្លាម ខ្មែរកម្ពុជាក្រោមដែលរស់នៅភូមិភាគខាងត្បូងប្រទេសវៀតណាមបច្ចុប្បន្ន និងជនជាតិភាគតិចម៉ុងតាញ៉ារស់នៅតាមតំបន់ភ្នំក្នុងប្រទេសវៀតណាម។
លោកឧត្ដមសេនីយ៍ចាមរូបនេះ ក៏ត្រូវបានគេជឿថា មានតួនាទីមួយនៅក្នុងការរៀបចំបើកផ្លូវផ្គត់ផ្គង់អាវុធភ័ស្ដុភារ និងស្បៀងទៅឱ្យ កងទ័ពវៀតកុង នៃវៀតណាមខាងជើង ដែលតាំងទីនៅក្នុងប្រទេសកម្ពុជា ប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាមេរិក និងវៀតណាមខាងត្បូង។ នេះបើយោងតាមឯកសាររង្វាយតម្លៃមួយរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មជ្ឈឹម CIA ដែលត្រូវបានចេញផ្សាយជាសាធារណៈកាលពីឆ្នាំ២០០៩។
នៅក្នុងការឆ្លើយឆ្លងទូរលេខសម្ងាត់មួយរបស់ក្រសួងការបរទេសអាមេរិក ដែលទម្លាយដោយអង្គការ Wikileaks កាលពីឆ្នាំ២០១៣ បានឲ្យដឹងថា លោក ឡេះ កូសែម មានតួនាទីសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដែលមិនពេញលេញ ក្នុងការបញ្ជូនជនជាតិចាមទៅកាន់ប្រទេសកាន់សាសនាឥស្លាម។ ការណ៍នោះ គឺដើម្បីចៀសវាងការសម្លាប់រង្គាលដែលគេប៉ាន់ស្មានទុកជាមុនលើជនជាតិចាម ក្នុងអំឡុងការគ្រប់គ្រងរបស់ខ្មែរក្រហម។
ខ្ញុំផ្តល់ឯកសារទាំងនេះ ដោយសារខ្ញុំចង់បានសុចរិតភាព និងយុត្តិធម៌ដល់មនុស្សស្មោះត្រង់
អ្នកស្រី ម៉ីឌិន ណាត្យា ភរិយារបស់លោក ឡេះ កូសែម បានប្រគល់វ៉ាលីចំនួន៣ ផ្ទុកទៅដោយឯកសារនិងរបស់របរជាច្រើនទៀត ទៅឲ្យលោក ឆាំង យុ ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងបុគ្គលិកម្នាក់ទៀត ព្រមទាំងអ្នករាយការណ៍របស់ VOA ម្នាក់រួមដំណើរផងដែរ នាឯបន្ទប់សិក្សា ក្នុងគេហដ្ឋានរបស់អ្នកស្រី។
ខណៈដែលកញ្ចប់វ៉ាលីធំៗទាំងបីត្រូវបានគេអូសចូលមកដាក់បង្ហាញក្នុងបន្ទប់សិក្សា អ្នកស្រី ណាត្យា បានប្រាប់អំពីមូលហេតុ ដែលអ្នកស្រីសម្រេចចិត្តបរិច្ចាគបណ្ណាសារផ្ទាល់ខ្លួនរបស់ប្តីអ្នកស្រីថា៖
«ខ្ញុំផ្តល់ឯកសារទាំងនេះ ដោយសារខ្ញុំចង់បានសុចរិតភាព និងយុត្តិធម៌ដល់មនុស្សស្មោះត្រង់»។
អ្នកស្រីបន្ថែមថា អ្នកស្រីមានការសង្ឃឹមទុកថា ឯកសារដែលបានបរិច្ចាគនេះ នឹងត្រួសត្រាយផ្លូវសម្រាប់ការសិក្សាឲ្យកាន់តែច្បាស់លាស់នៃជីវិតនយោបាយរបស់ប្តីអ្នកស្រី។
លោកឧត្តមសេនីយ៍ ឡេះ កូសែម ត្រូវបានគេស្គាល់តាមរយៈឯកសារយោធាមុនសម័យខ្មែរក្រហម ដែលនៅសេសសល់តិចតួច អំពីតួនាទីដ៏ចម្រូងចម្រាសរបស់លោក ក្នុងកិច្ចការសឹក។ ប៉ុន្តែក្រុមគ្រួសាររបស់លោក មានការចងចាំដាច់ដោយឡែក អំពីរូបលោក។
ភរិយារបស់លោក ឡេះ កូសែម បានរៀបរាប់អត្តចរិកប្តីរបស់ខ្លួនថា ជាស្វាមីដែលស្មោះត្រង់និងពោរពេញដោយក្តីស្រឡាញ់ចំពោះអ្នកស្រី។ ពួកគេបានរួមរស់ជីវិតអាពាហ៍ពិពាហ៍ដ៏ស្រស់ត្រកាលមួយ មុននឹងលោក ឡេះ កូសែម ស្លាប់នៅក្នុងមូលហេតុដ៏អាថ៌កំបាំងមួយ ក្រោយការចាកចេញទៅរស់នៅប្រទេសម៉ាឡេស៊ី ដើម្បីគេចចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមក្នុងឆ្នាំ១៩៧៥។
ស្ត្រីជាពាណិជ្ជករវ័យចំណាស់រូបនេះ បាននិយាយថា លោកឧត្តមសេនីយ៍រូបនេះបានបន្សល់បណ្តាំមកកាន់អ្នកស្រីមុនពេលស្លាប់ថា វិញ្ញាណរបស់លោកនឹងមិនទៅណា ហើយនៅរង់ចាំអ្នកស្រីនៅឯ«ទ្វារឋានសួគ៌»។
អ្នកស្រី ណាត្យា បានតាំងចិត្តរក្សាឯកសារទាំងនេះឲ្យប្តីរបស់អ្នកស្រី និងយកតាមខ្លួនទៅគ្រប់ទីកន្លែងដែលអ្នកស្រីធ្លាប់ផ្លាស់ទីរស់នៅ ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា ឯកសារដែលបរិច្ចាគលើកនេះ គឺជា បណ្ណាសារផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់មួយ ប្រៀបនឹងឯកសារដែលស្ថាប័នលោកធ្លាប់ទទួលនាពេលកន្លងមក។
លោកបន្ថែមថា លោកសង្ឃឹមថានឹងមានការ «បំពេញផ្នែកមួយ ដែលបាត់បង់នៅក្នុងប្រវត្តិសាស្ត្រ» អំពីរឿងរ៉ាវជីវិតរបស់លោក ឡេះ កូសេម និងសកម្មភាពរបស់លោកទាក់ទងនឹងចលនា FULRO ដែលមិនទាន់មានការសិក្សាច្បាស់។
ខណៈកំពុងរើឯកសារចេញពីវ៉ាលី ដែលត្រូវបានរៀបចំចាត់ចែងថ្នាក់បានយ៉ាងគត់មត់ លោក ឆាំង យុ និយាយថា៖
«ឯកសារនេះក៏សំខាន់ដែរ ជាឯកសារដើមអំពីការរៀបចំឲ្យមាន FULRO ឯកសារដើមអំពីអ្នកចូលរួមគំនិត ទស្សនវិស័យ ហើយនិងពីការបាត់បង់ FULRO ហ្នឹងដែរ»។
គាត់[ឡេះ កូសេម] គឺ FULRO។ FULRO គឺ គាត់[ឡេះ កូសេម] គឺជីវិតគាត់ហ្មង!
ក្រោយការពិនិត្យឯកសារមួយចំនួន លោក ឆាំង យុ បានពិពណ៌នាជាបឋមអំពីឧត្តមសេនីយរូបនេះថា៖
«គាត់[ឡេះ កូសែម] គឺ FULRO។ FULRO គឺ គាត់[ឡេះ កូសែម] គឺជីវិតគាត់ហ្មង!»។
លោក ឆាំង យុ បានបន្ថែមថា ឯកសារទាំងនេះនឹងបើកផ្លូវឲ្យមានការស្វែងយល់បន្ថែមអំពីចលនា FULRO តាមដំណើរជីវិតរបស់ឧត្តមសេនីយ៍ ឡេះ កូសែម។
បណ្ណាសារឯកជនដែលត្រូវបានរក្សាទុកយ៉ាងហោចជាង៤ទសវត្សរ៍នេះរួមមាន រូបថត ហ្វីល កំណត់ត្រាសរសេរដោយដៃ លិខិតឆ្លើយឆ្លង សៀវភៅ ទស្សនាវដ្តី ផែនទី និងឯកសារផ្លូវការជាច្រើនទៀត។ ក្នុងនោះក៏មានចំណារជាប្រភេទ «សំងាត់» និង «បន្ទាន់» លើឯកសារនោះផងដែរ។ នេះបើតាមការសង្កេតដោយអ្នករាយការណ៍ VOA នៅពេលដែលក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ចាប់ផ្តើមរើឯកសារចេញពីវ៉ាលី កាលពីដើមខែឧសភា។
ឯកសារនិងរបស់របរផ្សេងៗទៀតក្នុងកញ្ចប់បណ្ណាសារនេះ នឹងត្រូវឆ្លងកាត់ដំណាក់កាលត្រួតពិនិត្យ និងចម្លងទុក មុននឹងត្រូវបានបើកឲ្យសាធារណជនធ្វើការសិក្សាស្រាវជ្រាវ៕