វិវាទ​ការងារ​ឡើងដល់​ក្រុម​ប្រឹក្សាអាជ្ញា​កណ្តាល​ថយចុះ​ តែ​វិវាទ​កើន​ឡើង​ក្រៅ​ដំណោះស្រាយ

កម្មករ​រោងចក្រ​កាត់ដេរ​ធ្វើ​បាតុកម្ម​ទាមទារ​តម្លើង​ប្រាក់ខែ។

ភ្នំពេញ៖ ក្រុម​ប្រឹក្សាអាជ្ញា​កណ្តាល​ទទួល​បាន​បញ្ហាវិវាទ​ការងារ​ចំនួន​១៤៥ករណី​នៅក្នុង​២០១០​ ​ប៉ុន្តែ​ក្រុម​ប្រឹក្សា​អាច​មាន​លទ្ធភាព​ដោះស្រាយ​បាន​តែ​៧០​ភាគរយៈ​ប៉ុណ្ណោះ​ក្នុង​ចំណោម​វិវាទ​ទាំងអស់​នេះ។​ ចាប់​តាំង​ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ២០០៩​បញ្ហាវិវាទ​ការងារ​នេះ​មាន​ការកើនឡើង​យ៉ាង​ខ្លាំង។ ​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​បាន​ណែនាំ​ថា​ ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ត្រូវ​ការពារ​ទាំង​ប្រយោជន៍​របស់​កម្មករ ​និង​ថៅកែ​រោងចក្រ។

ក្រុមមន្ត្រី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​និយាយ​នៅថ្ងៃព្រហស្បតិ៍​នេះ​ថា​ ​បញ្ហា​វិវាទ​ការងារ​នៅក្នុង​ប្រទេស ​កម្ពុជា​បាន​ធ្លាក់​ចុះ​ចំនួន​៣៥​ករណី​នៅក្នុង​ឆ្នាំ​២០១០​ ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០០៩​ ដោយសារ​តែ​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​បាន​បង្ខំ​ឱ្យ​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​បាន​បញ្ឈប់​ប្រតិបត្តិការ​របស់ខ្លួន។

តួលេខ​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បាន​បញ្ជាក់​ថា​ ​ខ្លួន​ទទួល​បាន​វិវាទ​ការងារ​ប្រមាណ​១០០០​ករណី​ ក្នុង​រយៈពេល​ប្រាំបី​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០០៣​ដល់​ឆ្នាំ២០១០​ ដែល​រួមមាន​៣១​ករណី​នៅ​ក្នុង​ឆ្នាំ​២០០៣​ ​ចំនួន​ ១១៤​ករណី​នៅក្នុង​ឆ្នាំ២០០៤​ ចំនួន​៨១​ករណី​នៅ​ក្នុង​ឆ្នាំ២០០៥​ ​ចំនួន​១២០​ករណី​នៅ​ក្នុង​ឆ្នាំ២០០៦​ ​ចំនួន​ ១៤៨​ករណី​នៅ​ក្នុង​ឆ្នាំ​២០០៧​ ​ចំនួន​១៥៩​ករណី​នៅ​ក្នុង​ឆ្នាំ​២០០៨​ ​ចំនួន​១៨០​ករណី​នៅ​ក្នុង​ឆ្នាំ​២០០៩​ ​និង​ចំនួន​១៤៥​ករណី​នៅ​ក្នុង​ឆ្នាំ​២០១០។

វិវាទ​ការងារ​ភាគច្រើន​ ​រួមមាន​ការ​រំលោភ​សិទ្ធិ​កម្មករ​ ​ការទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ ​ការបិទ​រោងចក្រដោយ​មិន​បើក​ប្រាក់​ឈ្នួល​ ​ការ​មិន​អនុញ្ញាត​ឱ្យ​កម្មករ​បង្កើត​សហជីព​នៅ​ក្នុង​រោងចក្រ​និង​កិច្ច​សន្យា​រយៈ​ពេល​ខ្លី​ជាដើម។

លោក​សុខ ឡោ​ ​នាយក​ប្រតិបត្តិ​មូលនិធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ ​បាន​ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា​ស្តីពី​ តួនាទី​តុលាការ​ និង​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី (Himawari) ​ថា​ ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ដោះស្រាយ​បាន​៧០​ភាគរយ​នៃ​វិវាទ​ការងារ​ចំនួន​១៤៥​ករណី​ នៅក្នុង​ឆ្នាំ​២០១០​ ​បើ​ប្រៀបធៀប​នឹងឆ្នាំ២០០៩​គឺ​មាន​ចំនួន​១៨០​ករណី។

«តាំង​ពី​ឆ្នាំ២០០៣​ដល់​ឆ្នាំ២០១០​ ​យើង​បាន​ទទួល​សំណុំ​រឿង​វិវាទ​ការងារ​ចំនួន​ជិត​១០០០​សំណុំរឿង​នៅ ក្នុង​វិស័យ​ផ្សេងៗ​ ​ប៉ុន្តែ​សំណុំ​រឿង​ភាគច្រើន​នៅ​ក្នុង​វិស័យ​កាត់ដេរ​ដែល​ជា​វិស័យ​សេដ្ឋកិច្ច​នាំមុខ​ ​យើង​ ទទួល​សំណុំរឿង​ភាគច្រើន​ជាងគេ​នៅ​ភ្នំពេញ​ ​ខេត្តកណ្តាល​ និង​ខេត្ត​កំពង់ស្ពឺ។​ យើង​ដោះស្រាយ​បាន​ ជោគជ័យ​៧០​ភាគរយ​ និង​មាន​បញ្ហា​ប្រឈម​៣០​ភាគរយ​ទៀត»។

លោក​គង់ ផល្លៈ ​ប្រធាន​អាជ្ញា​កណ្តាល​នៃ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ​«ឆ្នាំ​២០០៩​ ​សំណុំ​រឿង​វិវាទ​ការងារ​បាន​កើន​ឡើង​ច្រើន​ដល់​១៨០​សំណុំរឿង​ ​និង​ឆ្នាំ​២០១០​ ​វា​បាន​ធ្លាក់​ទៅ​វិញ​ ​ដោយ​សារ​វិបត្តិ​សេដ្ឋ​កិច្ច​ពិភព​លោក​បាន​ធ្វើ​ឱ្យ​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​បិទ»។

លោក​អង្គ​ វង្ស​វឌ្ឍានា​ ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ​បាន​ថ្លែង​ថា​ ​ការ​ដោះស្រាយ​តាមរយៈ​យន្តការ​ក្រុម​ប្រឹក្សា ​អាជ្ញា​កណ្តាល​នេះ​អាច​ជួយ​កាត់​បន្ថយ​សំណុំ​រឿង​កក​ស្ទះ​នៅ​ក្នុងតុលាការ​ ​និង​កាត់បន្ថយ​ពេល​វេលា​ សម្រាប់​ដោះស្រាយ​ទំនាស់​ ​ហើយ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ត្រូវតែ​ការពារ​ប្រយោជន៍​របស់​កម្មករ​ ​និង​ថៅ កែ​រោងចក្រ។

លោក​ជា មុន្នី​ ​ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ថ្លែង​ថា​ ​ករណី​វិវាទ​ការងារ​មិន មាន​ការ​ថយចុះ​ទេនៅ​ឆ្នាំ​២០១០​ ​ពីព្រោះ​ប្រមាណ​៨០​ករណី​ត្រូវបាន​ដោះស្រាយ​បញ្ចប់​នៅ​ក្រសួង​ការងារ​ និង​នៅ​សហជីព​ ​ម្ចាស់​រោងចក្រ។

«ករណី​វិវាទ​ការងារ​ ដែល​ថយចុះ​នេះ​ ​មាន​ការ​ដោះស្រាយ​ករណី​វិវាទ​ការងារក្រៅ​រង្វង់​ក្រុម​ប្រឹក្សា​អាជ្ញា​ កណ្តាល។ ​ករណី​វិវាទ​ការងារ​មាន​ការ​កើនឡើង​ពី​មួយឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ​ប្រហែល​ជា​៦០​ករណី​ត្រូវ​បាន​ដោះស្រាយ​រវាង​ថៅកែ​រោងចក្រ​ និង​សហជីព​ប្រចាំ​រោងចក្រ​ ​ហើយ​ប្រហែល​ជា​២០​ករណី​ត្រូវបាន​ដោះស្រាយ​នៅ​ក្រសួង​ការងារ»។

លោក​អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ​ ​បាន​ថ្លែង​ថា​ ​សហជីព​និង​កម្មករ​មាន​ការ​យល់ដឹង​ច្រើន​អំពី ​ការ​បង្រួម​វិវាទ​ការងារ​មួយៗ​មក​ដាក់​បញ្ចូល​ជា​វិវាទ​ការងារ​រួម។

«ទោះបី​ជា​ចំនួន​វិវាទ​ថយចុះ​ ​ប៉ុន្តែ​លក្ខខណ្ឌ​ការងារ​មិន​ល្អ​ទេ​ ​និង​មាន​លក្ខខណ្ឌ​អាក្រក់​ ​ជាពិសេស​ប្រើ​កិច្ច​សន្យា​ខ្លី​សម្រាប់​កម្មករ​ ​មិន​ផ្តល់​សិទ្ធិ​ឱ្យ​កម្មករ​ចូល​សហជីព​និង​មិន​ផ្តល់​សិទ្ធិ​ចរចា​ដើម្បី​ដំឡើង​ប្រាក់​ឈ្នួល»។

នៅ​ក្នុង​ឆ្នាំ​២០១០​ ​រោងចក្រ​កាត់ដេរ​ប្រមាណ​៥០​ត្រូវ​បាន​បិទទ្វារ​ ​ប៉ុន្តែ​រោងចក្រ​កាត់ដេរ​ថ្មី​ជា​ច្រើន​ត្រូវ​បាន​បើក​ប្រតិបត្តិការ៕