រូបភាព​ជុំវិញ​ពិភពលោក ២៤ មេសា ២០២០

លោក Pitrik van der Lubbe លើក​ដៃ​គ្រវី​ពី​គ្រឿង​ចក្រ​ក្រែន ទៅកាន់​ឪពុកឈ្មោះ Henk អាយុ ៨៨ ឆ្នាំ នៅ​ឯ​ផ្ទះ​សម្រាក​ព្យាបាល​មួយ​នៅ​ទីក្រុង Gouda ប្រទេស​ហូឡង់។ គ្រឿង​ចក្រ​ក្រែន​ត្រូវ​បាន​ផ្ដល់​ដោយ​ឥត​គិត​ថ្លៃ​ដោយ​ក្រុមហ៊ុន​មួយ ដើម្បី​ឲ្យ​ក្រុមគ្រួសារ​អាច​សួរ​សុខ​ទុក្ខ​អ្នកជាទីស្រឡាញ់​របស់​ពួកគេ ដែល​នៅ​ដាច់​ដោយ​ឡែក​ដោយសារ​តែ​វីរុស​កូរ៉ូណា។

កម្មករ​កាន់​សាសនា​ឥស្លាម​កំពុង​បួង​សួង​ នៅ​ពេល​ឈរ​នៅ​ក្រោម​សរសៃ​នំបញ្ចុក​ ដែលគេ​ដាក់​ហាល​ឲ្យ​ស្ងួត​ដើម្បី​ប្រើជា​បង្អែម​ប្រពៃណី ដែល​ពេញ​និយម​សម្រាប់​ពិធី​រ៉ាម៉ាដន​ (Ramadan) ក្នុង​ពេល​ដែល​ប្រទេស​ឥណ្ឌា​ទាំង​មូល​កំពុង​ស្ថិត​ក្នុង​ការ​បិទ​ប្រទេស។

កៅអី​ចំនួន ៨០ ត្រូវ​បាន​ដាក់​នៅ​មុខ​ខ្លោង​ទ្វារ Brandenburg ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ស្ថានភាព​លំបាក​នៃ​ម្ចាស់​សណ្ឋាគារ និង​ភោជនីយដ្ឋាន នៅ​ខណៈ​ដែលជំងឺ​កូរ៉ូណា ឬ កូវីដ១៩ បន្ត​រាល​ដាល​ នៅ​ទីក្រុង​ប៊ែឡាំង ប្រទេស​អាល្លឺម៉ង់។

ក្មេង​កាន់​សាសនា​ឥស្លាម​ពាក់​ម៉ាស់​ កំពុង​មើល​ទៅ​ផ្ទះ​របស់​គេ នៅ​ជិត​ព្រះវិហារ​ឥស្លាម​ដែល​បិទទ្វារ នៅ​ថ្ងៃ​ទី​១ នៃ​ពិធី​រ៉ាម៉ាដន នៃ​សាសនា​ឥស្លាម នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។

ក្រុម​អ្នក​ជាប់​ពន្ធនាគារ​ដែល​ធ្វើ​កូតកម្ម កំពុង​តវ៉ាថា អាជ្ញាធរ​មិន​បាន​ធ្វើ​អ្វីៗ​គ្រប់​គ្រាន់​ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​នៃជំងឺ​កូវីដ១៩ នៅ​ពន្ធនាគារ  Villa Devoto រដ្ឋ​ធានី​ប៊ុយណូស៊ែ ប្រទេស​អាហ្សង់ទីន។

នាង Iman Avdic កីឡាការិនី​​ហែល​ទឹក​ជាតិ​ដែល​ធ្លាប់​បាន​ពាន​​ពីមុន​ កំពុង​ហ្វឹកហាត់​នៅ​ក្នុង​អាង​ហែល​ទឹក​តូច​មួយ​ធ្វើ​ពី​ផ្លាស្ទីក នៅ​ក្នុង​ផ្ទះ​បៃតងនៅ​ក្នុង​សួន​ច្បារ​នៃ​ជីតា​របស់​នាង នៅ​ទីក្រុង Doboj ប្រទេស​បូស្ន៊ី កាល​ពី​ថ្ងៃ​ទី២៣ មេសា ២០២០។

រូបថត​ពី​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប បង្ហាញ​ឧទាហរណ៍​មួយ​នៃ​ផ្ទៃ​ខាង​ក្រៅ​នៃ​អវកាស ដែល​ថត​បាន​ដោយ​កែវ​យឹត NASA/ESA Hubble Space Telescope ក្នុង​ចម្ងាយ ៣០​ឆ្នាំ​ពន្លឺ។

មនុស្ស​ពាក់​ម៉ាស់​ដើរ​នៅ​ក្រោមគោម​រូប​ត្រី ដែល​ជា​គោម​ខ្យល់​ប្រពៃណី​ជប៉ុន ដែល​គេ​ចង​នៅ​ប្រទេស​ជប៉ុន ពី​ខែ​មេសា ដល់​ដើម​ខែ​ឧសភា ដើម្បី​ជូន​ពរ​សុខភាព​ល្អ​សម្រាប់​ក្មេងៗ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ទិដ្ឋភាព​ពី​លើ​អាកាស​ទៅ​លើ​ព្រះវិហារ​ឥស្លាម Grand Mosque និង​ប៉ម Mecca Tower នៅ​ទីក្រុង​ពិសិដ្ឋ​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត នៅ​ថ្ងៃ​ទី​នៃ​ពិធី​សាសនា រ៉ាម៉ាដន ក្នុង​ពេលដែល​មាន​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩។

រូប​បុរស​ម្នាក់​នៅ​ក្នុង​កញ្ចក់​ឡាន ​ដែល​តែ​ង​ខ្លួន​ធ្វើ​ជា​ព្រះនៃ​សេចក្ដី​ស្លាប់​ Yamaraj នៃ​សាសនា​ហិណ្ឌូ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​វីរុស​កូរ៉ូណា នៅ​ទីក្រុង Kolkata ប្រទេស​ឥណ្ឌា ខណៈ​ប្រទេស​នេះ​បន្ត​ការ​បិទ​ប្រទេស។

បុរស​ម្នាក់​កំពុង​រៀបចំ​របស់​របរ​នៅ​ក្នុង​ហាង​មួយ មុន​ពេល​បើក​លក់​នៅ​ទីក្រុង​ប្រាក សាធារណរដ្ឋ​ឆែក។

ក្មេង​ប្រុស​ម្នាក់​ដើរ​នៅ​លើ​ដី​ស្ងួត​ប្រេះ​ក្រហែង នៅ​ក្នុង​អាង​ស្តុក​ទឹក​ក្នុង​វត្ត​មួយ នៅ​ទីក្រុង​ Chennai ប្រទេស​ឥណ្ឌា។