រូបភាព​ជុំវិញពិភពលោក​ ២១ មេសា ២០១៧

ប្រហោង​គ្រាប់​កាំភ្លើង​ត្រូវ​បាន​គេ​ថត​នៅ​បង្អួច​ហាង​មួយ​នៅ​វិថី Champs Elysees ក្នុង​ទីក្រុង​ប៉ារីស។ កាល​ពី​ថ្ងៃ​សុក្រ ប្រទេស​បារាំង​ប្តេជ្ញា​ម្តង​ទៀត​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ ​នៅក្រោយ​មាន​ការ​បាញ់​ប្រហារ​ដែល​គេ​អះអាង​ថា​ធ្វើ​ឡើង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម។

កុមារ​បាត់​បង់​ទីជម្រក​ដែល​គេច​ខ្លួន​មក​ជា​មួយ​គ្រួសារ ​ពី​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​ទីក្រុង​ម៉ូស៊ុល​ កំពុង​លេង​នៅ​ជំរំ Khazer ប្រទេស​អ៊ីរ៉ាក់។

ក្រុមសមាជិក​នៃ​ទាហាន​កាំភ្លើង​ធំ​របស់​ព្រះ​មហាក្សត្រ​ ចូល​រួម​ក្នុង​ពិធី​​បាញ់​កាំភ្លើង​លើក​ទី​៤១ ដើម្បី​ប្រារព​ថ្ងៃ​ខួប​កំណើត​ទី៩១ នៃ​ព្រះ​មហាក្សត្រិយានី​អង់គ្លេស Elizabeth II នៅ​ក្នុង​ឧទ្យាន Hyde Park កណ្តាល​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

​បុរស​ម្នាក់​មក​ពី​ប្រទេស​ហូឡង់ បង្ហាញ​រូប​សាក់​នៅ​លើ​ខ្នង​និង​ក្បាលរបស់​គាត់​ នៅ​ថ្ងៃ​ដំបូង​នៃកម្មវិធី​បង្ហាញ​រូប​សាក់​នៅ​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។

ក្រុមការងារ​កំពុង​រៀប​ចំ​កន្លែង​បោះ​ឆ្នោត​នៅ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​ក្នុង​ទីក្រុង Lambersart ភាគ​ខាង​ជើង​នៃ​ប្រទេស​បារាំង។ ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ដែល​មាន​ពីរ​ដំណាក់កាល នឹង​ចាប់​នៅ​ថ្ងៃទី​២៣ ខែមេសា និង​ថ្ងៃទី​៧ ខែឧសភា។

អ្នក​រាំ​របាំ​ Whirling dervishes ចូល​រួម​ក្នុង​កម្មវិធីបុណ្យ​អន្តរជាតិសម្រាប់​ស្គរ និង​សិល្បៈ​វប្បធម៌ នៅ​វិថី El-Moez ក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប។ អេហ្ស៊ីប​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ប្រទេស​ចំនួន​២៣ ដែល​បាន​លើក​ឡើង​នូវ​ពាក្យ​ស្លោក «សន្ទនា​ស្គរ​សម្រាប់​សន្តិភាព» ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ការ​អត់​ធ្មត់​និង​ការ​យល់​ដឹង​ពី​វប្បធម៌។

មនុស្ស​កំពុង​ដើរ​នៅ​លើ​ផ្លូវ​មួយ​ជិត​ទីក្រុង​សារ៉ាយ៉េវ៉ូ ប្រទេស​បូស្ន៊ី។ នៅ​ទីនេះ​ អាកាស​ធាតុ​ធ្លាក់​ដល់​សូន្យ នៅ​ពេល​យប់។

ឡាន​ម៉ាក Beetles របស់​ក្រុមហ៊ុន Volkswagen ត្រូវ​បាន​ដាក់​បង្ហាញ​ក្នុង​ពិធី​ប្រមូល​ផ្តុំ​គ្នា​ប្រចាំរបស់​ក្លឹបអ្នក​ប្រើ​ប្រាស់​ឡាន​ Beetle ក្នុង​ទីក្រុង​ Yakum ប្រទេស​អ៊ីស្រាអែល។ ក្លឹម​នេះ​មាន​សមាជិក​៥០០​នាក់​ ហើយ​ពួក​គេ​ជួប​ជុំ​គ្នា​ជា​រៀង​រាល់ឆ្នាំ។

កសិករអាហ្វហ្គានីស្ថាន​កំពុង​ច្រូតកាត់​ដើម​អាភៀន​ពី​ចម្ការ​អាភៀន​ក្នុង​ស្រុក Surkh Rod ខេត្ត Nangarhar  ប្រទេស​អាហ្វហ្គានីស្ថាន។ រដ្ឋាភិបាល​អាមេរិក​បាន​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​ដើម្បី​លប់​បំបាត់​គ្រឿង​ញៀន​ដែល​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។

បុរស​ម្នាក់​កំពុង​ដើរ​កាត់​ផ្ទាំងគំនូរ​នៅ​មុន​ពេល​មកដល់​នៃ«ទិវាភព​ផែន​ដី» ក្នុង​ទីក្រុង​ Philadelphia សហរដ្ឋ​អាមេរិក។

អ្នកជិះសេះប្រណាំងប៉ាគីស្ថាន​កំពុង​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​ក្នុង​ការ​ប្រកួត​ដែល​រៀប​ចំដោយ​សមាគម​ Pakistan Tent Pegging Association ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន។

បុរសជនជាតិឥណ្ឌាម្នាក់កំពុង​ពិសារ​ទឹក​ដួស​ចេញ​ពី​ក្អម​ ដែល​គេ​បាន​ដាក់​នៅ​តាមដង​ផ្លូវ​ក្នុង​ពេល​ដែល​មាន​ធាតុ​អាកាស​ក្តៅ​ហួត​ហែង​ក្នុង​ទីក្រុង Ahmadabad ប្រទេស​ឥណ្ឌា។ ទីក្រុង​មួយ​ចំនួន​ក្នុ​ងប្រទេស​ឥណ្ឌា​ជួប​ប្រទះ​រលក​កំដៅ ដែល​មាន​កម្រិត​លើស​ពី​៤០​អង្សារ​។

កីឡាករ​អេស្ប៉ាញ Rafael Nadal កំពុង​វាយ​បក​​ទៅ​កាន់​កីឡាករ​ Diego Schwartzman របស់​ប្រទេស​អាហ្សង់ទីន ក្នុង​ការ​ប្រកួត​ជុំ​១ភាគ​៨ នៃ​ការ​ប្រកួត​តិន្នីស​ Monte Carlo Tennis Masters ក្នុង​ទីក្រុង​ Monaco

បុគ្គលិក​ក្រុមហ៊ុន Sotheby ម្នាក់​កំពុង​សម្លឹង​មើល​ទៅ​កាន់​គំនូរ​ «ឆ្ពោះ​ទៅ​កាន់​មេឃ» របស់​វិចិត្រករ​ស្ត្រី​ជន​ជាតិ​តួកគី Fahrelnissa Zeid ដែល​ជា​ផ្នែក​មួយ​នៃ​ការ​លក់​ដេញ​ថ្លៃ​ឈ្មោះ​ថា «សិល្បៈ​ពី​បស្ចិម​ប្រទេស» នៅ​សាល​តាំង​ពិព័រណ៍​របស់​ក្រុមហ៊ុន Sotheby ក្នុង​ទីក្រុង​ឡុងដ៍ ​ប្រទេស​អង់គ្លេស។

 

សត្វក្ងានកំពុង​ហែល​ទឹក​ត្រពាំង​មួយ​នៅ​សួន​ច្បារ Nymphenburg ក្នុង​ទីក្រុង​មុយនិច​ នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អាល្លឺម៉ង់។