វត្តមាន​នាវា​នេសាទ​ចិន​២២០​គ្រឿង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ចិន​-ហ្វីលីពីន​ដែល​ទើប​ប្រសើរ​ឡើង​នោះ​ចុះ​ដុនដាប​វិញ

រូបឯកសារ៖ រូបថត​ពី​ផ្កាយរណប​ដោយ​ផ្ដល់​ដោយ Maxar Technologies នេះ​ បង្ហាញ​ពី​នាវា​របស់​ចិន​នៅ​តំបន់​ថ្មប៉ប្រះទឹក Whitsun នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

ក្រុម​អ្នក​វិភាគ​និយាយ​ថា ការ​ទាមទារ​របស់​ហ្វីលីពីន​ឲ្យ​មាន​ការ​ដក​ចេញ​នូវ​នាវា​ចិន​ចំនួន ២២០​គ្រឿង​ចេញ​ពី​តំបន់​សមុទ្រ​មាន​ជម្លោះ​ បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ចិន​និង​ហ្វីលីពីន​កាន់​តែ​ចុះ​ដុនដាប។ គេ​ឃើញ​ថា ទំនាក់ទំនងរវាង​ចិន​និង​ហ្វីលីពីនធ្លាប់​មាន​សភាព​ល្អ​ប្រសើរ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ បើ​ទោះ​ជា​មាន​ជម្លោះ​ដែន​ទឹក​រវាង​គ្នា​ក៏​ដោយ។ ​

យោង​ទៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ​ហ្វីលីពីន​នៅ​ក្រុង​ម៉ានីល អង្គភាព​ទទួល​បន្ទុក​ការងារ​មួយ​នៃរដ្ឋាភិបាល​ហ្វីលីពីន​បាន «បង្ហាញ​ការ​ព្រួយបារម្ភ» នៅ​ពេល​នាវា​នេសាទ​ចិន​បាន​មក​ដល់​តំបន់​ថ្មប៉ប្រះទឹក​នៃ​ប្រជុំ​កោះ Spratly ក្នុងតំបន់​សមុទ្រ​ចិន​ខាង​ត្បូង ខណៈ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ហ្វីលីពីន​បាន​ទាមទារ​ឲ្យ​នាវា​នេសាទ​ទាំង​នោះ​ចាកចេញ។ ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ​ហ្វីលីពីន​បាន​លើកឡើង​ថា «ក្រុម​សកម្មប្រយុទ្ធ​ជើងទឹក» ចិន​ត្រូវ​បានគេ​ជឿ​ថា ស្ថិត​នៅ​លើ​នាវា​ទាំង​នោះ នៅ​ពេល​មក​ដល់​តំបន់​ថ្មប៉ប្រះទឹកដែល​មិន​មាន​មនុស្ស​រស់នៅ​កាល​ពី​ថ្ងៃ​ទី០៧ ខែ​មីនា។

កង​កម្លាំង​ប្រដាប់​អាវុធ​ហ្វីលីពីន​បាន​សរសេរ​សារ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី២៥ ខែ​មីនា​ថា ក្រុម​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ហ្វីលីពីន​បាន​ទាក់ទង​ភាគី​ចិន កាល​ពី​ថ្ងៃ​ពុធ ស្របពេលនាវា​ចំនួន ១៨៣​គ្រឿង​នៅ​តែ​បន្តស្ថិត​នៅ​តំបន់​ថ្ម​ប៉ប្រះទឹកកាលពី​ចុង​ខែ​មីនាកន្លង​ទៅ​នេះ។ ទំព័រ​ហ្វេសប៊ុក​នោះ​លើកឡើង​ថា៖ «យើង​ចង់​ពាំនាំ​បន្ត​នូវ​សារ​ស្តី​ពី​ការ​ទាមទារ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ឲ្យ​នាវា​ទាំង​នោះ​ចាកចេញ»។

ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​ជួប​ជាមួយ​នឹង​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ហ្វីលីពីន​កាល​ពី​ចុង​ខែ​មីនា​ ដើម្បី​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​នាវា​នេសាទ​ទាំង​នោះ ហើយ​បាន​ប្តេជ្ញា​ថា លោក​នឹង​ការពារ​ប្រទេស​របស់​លោក។ អ្នកនាំពាក្យ​ការិយាល័យ​ប្រធានាធិបតី​លោក Harry Roque បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី២៥ ខែ​មីនាថា នាវា​ទាំង​នោះ​ត្រូវ​បាន​ដឹកនាំ​ប្រតិបត្តិការ​ដោយ​អ្នកនេសាទ​ស្វែង​រក​កន្លែង​សំចត។

ក្រុម​អ្នក​វិភាគ​និយាយ​ថា ការ​កំណត់​ឃើញ​នាវានេសាទ​ចិនពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ម៉ានីល​កាន់​តែ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ចិន​ និង​ហ្វីលីពីន​ចុះ​ដុនដាប​ ដែល​ទំនាក់ទំនង​នេះ​ធ្លាប់​ឡើង​ដល់ចំណុច​ល្អ​ប្រសើរ​បំផុត​មួយ នៅ​ពេល​លោក Duterte ចូល​កាន់​តំណែង​កាល​ពី​ប្រាំ​ឆ្នាំ​មុន។

លោក Jay Batongbacal សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ដែន​ទឹក​នៅ​សាកលវិទ្យាល័យ​ហ្វីលីពីន​និយាយ​ថា នាវា​ចិន «ពិត​ជា​បង្ក​ផល​ប៉ះពាល់»។

លោក​បាន​ថ្លែង​ថា៖ «ច្បាស់ណាស់ មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល សូម្បី​តែ​អ្នក​នៅ​ក្នុង​ចំណោម​អ្នក​គាំទ្រ​លោក Duterte ក៏​លែង​សូវ​មាន​អារម្មណ៍​ពេញ​ចិត្ត​នឹង​ចិន​ដែរ ដោយសារ​តែរឿង​នេះ»។

រូបឯកសារ៖ រូបថត​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ដោយ​ឆ្មាំល្បាត​សមុទ្រ​ហ្វីលីពីន​នេះ បង្ហាញ​ពី​នាវា​របស់​ចិន​ចំនួន ២២០ គ្រឿង​នៅ​តំបន់​ថ្មប៉ប្រះទឹក Whitsun ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Batongbacal និយាយ​ថា បណ្តុំ​នាវា​នេសាទ​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ហ្វីលីពីន​មួយ​ចំនួន​រំឭក​ពី​ហេតុការណ៍​កាល​ពី​ឆ្នាំ ២០១២ នៅ​ពេល​ដែល​នាវា​ចិន​មក​កាន់កាប់​តំបន់ Scarborough ដែល​ជា​តំបន់​នេសាទ​មួយ​នៅ​ក្នុង​ដែន​សមុទ្រ​មាន​ជម្លោះ ដោយ​បង្ក​ឲ្យ​មាន​ការ​ប្រឈម​គ្នា​រយៈពេល​វែង។

លោក Duterte ក៏​បាន​ស្វះសែង​រក​ជំនួយ​ និង​ការ​វិនិយោគ​របស់​ចិន​កាល​ពីឆ្នាំ ២០១៦​ដែរ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចង់​ឲ្យ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ទុក​ដោយ​ឡែក​នូវ​ជម្លោះ​ដែន​ទឹក បន្ទាប់​ពី​តុលាការ​អន្តរជាតិ​បាន​ចេញ​សេចក្តីសម្រេច​ប្រឆាំង​នឹងមូលដ្ឋាន​ផ្លូវ​ច្បាប់​នៃ​ការ​ទាមទារ​របស់​ចិនចំនួ ៩០​ភាគរយ​នៃ​តំបន់​សមុទ្រ​ដែល​មាន​ទំហំ​ ៣,៥ លាន​គីឡូម៉ែត្រ​ការ៉េ។

តំបន់​ថ្ម​ប៉ប្រះ​ទឹក​ជា​ទី​ដែល​នាវា​នេសាទ​ចិន​កំពុង​សំចត​នោះ​ ស្ថិត​នៅ​ចម្ងាយ៨៥៩គីឡូម៉ែត្រ​ ភាគ​ ​និរតី​ ទីក្រុង​ម៉ានីល និង​ស្ថិត​នៅ​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពីកោះ​តូចៗ​ចំនួន​ ១០ នៅ​ក្នុង​ប្រជុំ​កោះ Spratly ដែល​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ប្រចាំ​ថ្ងៃ​ដោយ​ហ្វីលីពីន។​

ទំនាក់ទំនង​រវាង​ចិន​និង​ហ្វីលីពីន​បាន​ថមថយ​រួច​ស្រាប់​ទៅ​ហើយ​ជុំវិញ​ការ​យល់​ឃើញ​ក្នុង​ចំណោម​ពលរដ្ឋ​ហ្វីលីពីន​នៅ​ក្នុង​បែបផែន​ដែល​ជំនួយ​ និង​ការ​វិនិយោគ​របស់​ចិន​ក្នុង​ទំហំ​ ២៤​ពាន់​លាន​ដុល្លារ​បាន​មក​ដល់​ពួកគេ​យឺតយ៉ាវ​ពេក។

សមាជិក​សភា​មួយ​រូប​នៅ​ក្រុង​ម៉ានីល​បាន​និយាយ​កាល​ពី​គ្រា​នោះ​ថា នាវា​ចិនមួយ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​ឆ្នាំ ២០១៧ ដោយ​បាន​ដាក់​ទង់ជាតិ​កម្ពស់ ៣ម៉ែត្រ​នៅតំបន់​ Sandy Cay ដែលជា​តំបន់​គ្រប់គ្រង​ដោយ​ហ្វីលីពីន​នៅ​ប្រជុំ​កោះ​ Spratly។ កាល​ពី​២ឆ្នាំ​មុន ចិន​បាន​អនុញ្ញាត​ឲ្យ​នាវា​នេសាទ​ជាង ១០០​ ឆ្លង​កាត់​តំបន់​ប្រជុះ​កោះ Spratly។

ស្ទង់​មតិ​មួយ​កាល​ពី​ពាក់កណ្តាល​ឆ្នាំ ២០២០ ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ Social Weather Stations មាន​មូលដ្ឋាន​នៅ​ក្រុង Quezon City ប្រទេស​ហ្វីលីពីន បាន​រកឃើញ​ថា «ជំនឿ​ទុកចិត្ត» របស់​ពលរដ្ឋ​ហ្វីលីពីន​មក​លើ​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​ពី​លំដាប់ថ្នាក់​ «ទាប​» មក​ «អាក្រក់» ជាមួយ​នឹង​ពិន្ទុ​ជំនឿទុកចិត្ត -៣៦។ នេះ​ជា​ពិន្ទុ​ទាបបំផុត​មួយ​ចាប់តាំង​ពី​ខែ​មេសា ឆ្នាំ​២០១៦ ដែល​ជា​រយៈពេល​ពីរ​ខែ​មុន​ពេល​លោក Duterte ចូល​កាន់​តំណែង។

​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​ Rappler.com បាន​លើកឡើង​ថា ការ​ស្ទង់​មតិ​ឆ្នាំ ២០២០ បាន​ធ្វើ​ឡើង​អំឡុងពេល​មាន​សកម្មភាព «គឃ្លើន» របស់​ចិន​នៅ​តំបន់​សមុទ្រ។

រូបឯកសារ៖ រូបថត​ពី​ផ្កាយរណប​ដោយ​ផ្ដល់​ដោយ Maxar Technologies នេះ​ បង្ហាញ​ពី​នាវា​របស់​ចិន​នៅ​តំបន់​ថ្មប៉ប្រះទឹក Whitsun នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

លោក Carl Thayer សាស្ត្រាចារ្យ​ចូលនិវត្តន៍នៃ​សាកលវិទ្យាល័យ New South Wales នៅ​ប្រទេស​អូស្ត្រាលី​ បាន​និយាយ​ថា មន្ត្រី​នៅទី​ក្រុង​ប៉េកាំង​ក៏​មាន​ការ​ទើសចិត្ត​ផង​ដែរ។ ពួកគេ​ខឹងសម្បា​នឹងសហរដ្ឋអាមេរិក​ដែល​ជួយ​ដល់​យោធា​ហ្វីលីពីន។ លោក​ Duterte នៅ​តែ​អនុញ្ញាត​ឲ្យ​មាន​នូវ​ការ​សមយុទ្ធយោធា​ប្រចាំ​ឆ្នាំ​រវាង​ហ្វីលីពីន និង​សហរដ្ឋអាមេរិក ទោះបី​ជា​មាន​កិច្ចពិភាក្សា​អស់ជាច្រើន​ឆ្នាំ​មក​នេះ​ ដើម្បី​បញ្ឈប់​សមយុទ្ធ​នោះ​ក៏ដោយ ហើយ​កាល​ពី​ឆ្នាំ​មុន រដ្ឋាភិបាល​របស់​លោក​បាន​ព្យួរ​ផែនការ​លុប​ចោល​កិច្ចព្រមព្រៀង​នៃ​ការ​ធ្វើទស្សនកិច្ច​យោធា​ពី​សំណាក់កងកម្លាំង​អាមេរិក​ផងដែរ។

លោក Thayer បាន​លើកឡើង​ថា ជា​រឿយៗ​ សហរដ្ឋអាមេរិក​បាន​បញ្ជូន​នាវា​ និង​យន្តហោះ​ចម្បាំង​មក​កាន់​ដែន​សមុទ្រ​ ដើម្បី​ជួយជ្រោមជ្រែងរដ្ឋាភិបាល​គាំទ្រ​សហរដ្ឋអាមេរិក​ដូចជា កោះតៃវ៉ាន់ និង​ហ្វីលីពីន។ ហើយ​ចិន​ចង់​ដាក់​នាវា​ចំនួន ២២០គ្រឿង​របស់​ខ្លួន​ ដើម្បី​ប្រឈម​ជាមួយ​នឹង​ទំនាក់ទំនង​យោធា​រវាង​សហរដ្ឋអាមេរិក និង​ហ្វីលីពីន។​

កាល​ពី​ពេល​ថ្មីៗ​នេះ ​នៅ​ក្រុង​ប៉េកាំង​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី Hua Chunying បាន​និយាយ​ថា នាវា​នេសាទ​របស់​ចិន​ «បាន​នេសាទ​នៅ​ជិត​តំបន់​ថ្ម​ប៉ប្រះ​ទឹក Whitsun និង​ថា «នា​ពេលថ្មី​ៗនេះ ដោយសារ​តែ​ស្ថានភាពអាកាសធាតុ​នៅ​ដែនសមុទ្រ នាវា​នេសាទ​មួយ​ចំនួន​បាន​ចូល​ជ្រក​នៅ​តំបន់​ដែន​ទឹក​ផ្សេង​ទៀត​ ដោយសារ​តែ​ខ្យល់​បក់​ខ្លាំង... ដែល​នេះ​ជា​រឿង​ធម្មតា»។

ព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និង​វៀតណាម​ក៏​បាន​ទាមទារ​ផ្នែក​ខ្លះ ឬ​ផ្នែក​ទាំងអស់​នៃ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ។ បណ្តា​ប្រទេស​ទាំង​នេះ​សម្លឹង​ទៅរក​តំបន់ដែន​ទឹក​នោះ​សម្រាប់​ធនធាន​ត្រី និង​ធនធាន​ក្រោម​បាតសមុទ្រ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​លើកឡើង​ពី​កំណត់ត្រា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ការ​ទាមទារ​របស់​ខ្លួន បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ដទៃ​ទៀត​ភ្ញាក់ផ្អើល តាមរយៈ​ការ​ចាក់បំពេញ​កូនកោះ​តូចៗ​សម្រាប់​ការ​អភិវឌ្ឍ​ ដែល​រួម​មាន​ ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​ផង​ដែរ។

លោក​សាស្ត្រាចារ្យ​ Carl Thayer ដែល​បានចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​មន្ត្រី​យោធា​ជើង​ទឹក​ហ្វីលីពីន​បាន​និយាយ​ថា នៅ​ក្នុង​ជួរ​យោធា​ជើង​ទឹក​ហ្វីលីពីន ក៏​មាន​អ្នក​មាន​ទស្សនៈ​ផ្សេងពី​លោក​ Duterte ចំពោះប្រទេស​ចិន​ផង​ដែរ។ ពួកគេ​មាន​អារម្មណ៍​អាម៉ាស់ និង​មិន​សប្បាយចិត្ត​នោះ​ទេ»។

អ្នកស្រី Yun Sun អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​មជ្ឈមណ្ឌល Stimson ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​និយាយ​ថា ទំនាក់ទំនង​រវាង​ចិន​និង​ហ្វីលីពីន​នៅ​តែ​បន្ត​ទៅ​មុខ ខណៈ​ហ្វីលីពីន​ត្រូវ​ការ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ និង​ជំនួយ​របស់​ចិនសម្រាប់​ជំរុញការ​រើប​ឡើង​វិញ​នូវសេដ្ឋកិច្ច​ក្រោយ​ការ​រាតត្បាត​ជំងឺនេះ។ នៅ​ពាក់កណ្តាល​ខែ​ធ្នូ ចិនបាន​ប្តេជ្ញាបញ្ជូន​វ៉ាក់សាំង Sinovac ​ចំនួន​២៥​លាន​ដូស​ទៅ​ឲ្យ​ហ្វីលីពីន​នៅត្រឹម​ខែ​មីនា។​

អ្នកស្រី Sun បាន​ថ្លែង​ថា៖ «ទោះ​បី​ជា​ទំនាក់ទំនង​រវាង​ចិន និង​ហ្វីលីពីន​មាន​ភាព​រអាក់រអួល​នា​ពេល​បច្ចុប្បន្ន​ ដោយសារ​តែ​ទូក​នេសាទ​ចំនួន២២០​ក៏ដោយ ខ្ញុំគិត​ថា ប្រទេស​ទាំង​ពីរ​មិន​ទាន់​ដើរ​ដល់​ផ្លូវ​បំបែក​នៅ​ឡើយទេ»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្ត្របញ្ញា