នៅពុធនេះ សាលាឧទ្ធរណ៍កម្ពុជាបានពន្យារពេលប្រកាសសាលក្រមនៃករណីមហាសេដ្ឋជនជាតិរស្ស៊ីមួយរូប ដែលនឹងធ្វើឡើងនៅថ្ងៃទី២៦សប្តាហ៍ក្រោយនេះ ពីបទថាបានរួមភេទជាមួយកុមារីកម្ពុជាចំនួន១៩នាក់ ដែលមានអាយុពី៩ឆ្នាំរហូតដល់១៨ឆ្នាំ។
បន្ទាប់ពីបានបើកសវនាការអស់ជាង៣ម៉ោងលោកសេង ស៊ីវុត្ថា ប្រធានចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍បានប្រកាសថា សាលាឧទ្ធរណ៍នឹងប្រកាសសាលក្រមនៃករណីនេះ នៅថ្ងៃទី២៦សប្តាហ៍ក្រោយនេះ។
នៅក្នុងបន្ទប់សវនាការ លោក អាឡិកសាន់ឌ័រ ត្រូហ្វ៊ីម៉ូវ (Alexander Trofimov) ពុំមានវត្តមានទេ ក៏ប៉ុន្តែលោកបានសរសេរលិខិតមួយច្បាប់ដោយបានសារភាពទោសកំហុស និងបានសំដែងការសោកស្តាយចំពោះទង្វើដែលខ្លួនបានប្រព្រឹត្តកន្លងមកព្រមទាំងសើ្នសុំការលើកលែងទោស ដើម្បីឲ្យខ្លួនចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
លោក អាឡិកសាន់ឌ័រ ត្រូហ្វ៊ីម៉ូវ អាយុ៤១ឆ្នាំ ហៅ សាសា ជាមហាសេដ្ឋីជនជាតិរស្ស៊ីមួយរូប និងជាអតីតនាយកក្រុមហ៊ុនកោះពស់ដែលមានគម្រោងសាងសង់ឆ្នេរលំហែកាយ នៅខេត្តព្រះសីហនុអស់ទឹកប្រាក់ចំនួនជាង៣០០លានដុល្លារសហរដ្ឋអាមេរិកនោះ ត្រូវបានតុលាការក្រុងភំ្នពេញ កាលពីខែមិនា ឆ្នាំ២០០៨ បានកាត់ទោសឲ្យលោកជាប់ពន្ធធានាគាររយៈពេល១៣ឆ្នាំ។ តុលាការ បានរកឃើញថា មហាសេដ្ឋីជនជាតិរស្ស៊ីរូបនេះបានរួមភេទជាមួយនឹងកុមារីកម្ពុជាដែលមានអាយុក្រោម១៨ឆ្នាំចំនូន១៩នាក់ ដែលនៅក្នុងនោះមានកុមារីគរម្នាក់ផងដែរ។ តុលាការបានចោទប្រកាន់ លោកអាឡិកសាន់ឌ័រ ត្រូហ្វ៊ីម៉ូវ ពីបទអាណាចារ្យ និងអំពើអាសលើកុមារតាមច្បាប់ស្តីអំពីអាជីវកម្មផ្លូវភេទ។ នៅក្នុងបន្ទប់សវនាការសាលាឧទ្ធរណ៍ជនរងគ្រោះជាអនីតជន៩រូប បាននិយាយដូចៗគ្នាថា ពួកគេបានស្គាល់ជនជាតិរស្ស៊ីហៅ សាសានេះ តាមរយៈការណែកនាំឲ្យស្គាល់ រួចហើយបានលូងលោមយកទៅណែនាំឲ្យរួមភេទតម្លៃពី២០.០០០រៀល រហូតដល់១.០០០ដុល្លារសហរដ្ឋអាមេរិក។
ជនរងគ្រោះមួយរូប បានថ្លែងប្រាប់តុលាការថា ប្អូនស្រីត្រូវបានបងស្រីជីដូនមួយបាននាំយកទៅលេងផ្ទះសាសាដែលមានទីតាំងនៅក្នុងខេត្តព្រះសីហនុ បន្ទាប់មកសាសាបានឲ្យប្អូនស្រីទៅងូតទឹករួច ហើយបានយកឡេលាបស្បែក ក្រោយមកបានចាប់ផ្តើមរួមរ័កដោយទទូលបានប្រាក់កំរៃតែ១០ដុល្លារតែប៉ុណ្ណោះនៅក្នុងមួយលើក។
លោក ងួន ផានិត មេធាវីការពារជនរងគ្រោះមកពីអង្គការសកម្មភាពដើម្បីកុមារបានទោមទារឲ្យតុលា ការដាក់ទោសទណ្ឌជនល្មើសឲ្យសមទៅតាមទោសកំហុសដែលខ្លួនបានប្រព្រឹត្ត។
ចំណែកលោក សាន វណ្ណៈ មេធាវីការពារជនជាប់ចោទបាននិយាយថា ដំណើរការនីតិវិធីរបស់តុលាការ លោកអាចទទួលយកបាន។ លោកថ្លែងថា៖
«គ្រួសារជនរងគ្រោះ និងតុលាការមើលទៅមានភាពរលូន គឺថា មិនមានភាពរអាក់រអួល អាចគិតថា ពិតជាមានភាពយុត្តិធម៌ទាំងសងខាង»។
លោក ជា ហៃ មេធាវីការពារជនជាប់ចោទមួយរូបផ្សេងទៀត បានស្នើរសុំឲ្យតុលាការលើកលែងការ ចោទប្រកាន់កូនក្តីរបស់លោក ពីបទប្រព្រឹត្តអំពើអាសលើកុមារ។