អង្គភាព​និង​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​រក​មធ្យោបាយ​ធើ្វ​កិច្ច​សហការ​គ្នា

ក្រុម​​សកម្មជន​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្វើ​​ការ​​​ដង្ហែ​​ក្បួន​នា​ពេល​កន្លង​មក។

មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​អំពើ​ពុករលួយ​នៅ​កម្ពុជា​ ដើម្បី​រក​មធ្យោបាយ​បង្កើត​អនុស្សារណៈ​យោគ​យល់​គ្នា​ស្តី​ពី​កិច្ចសហប្រតិបត្តិការ​រួម។​ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​រួម​គ្នា​រវាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ពេញ​ចិត្ត​លើ​យុទ្ធសាស្ត្រ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ណា​មួយ។

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ពិភាក្សា​គ្នា​អំពី លទ្ធភាព​នៃ​ការបង្កើត​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស កម្ពុជា​។

លោក​ឱម ​យិន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​សន ​ជ័យ​ តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ហៅ​ថា​បណ្តាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម​នៅ​អាស៊ី​បូព៌ា ​និង​ប៉ាស៊ីហ្វិក​ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​អង្គការ​ចំនួន​១១​ដើម្បី​បង្កើត​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។

លោក​សន ​ជ័យ​ អ្នកសម្របសម្រួល​បណ្តាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម​នៅ​អាស៊ី​បូព៌ា​និង ប៉ាស៊ីហ្វិក​បាន​ថ្លែង​ប្រាប់​ VOA ​ថា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បើកចំហ​ឱ្យ​មាន​ការបង្កើត​អនុស្សារណៈ​យោគយល់​គ្នា​រវាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ និង​អង្គការ​សង្គម​ស៊ីវិល​ ដើម្បី​អនុវត្ត​សកម្មភាព​នា​នា​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ។

«ខ្ញុំ​យល់​ថា​វា​ជា​ដំណើរការ​នៃ​សហការ​មួយ​ដ៏​ល្អ។ ​សម្រាប់​ខ្ញុំ​វិញ​ ខ្ញុំ​យល់​ថា​វា​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​ការ​ចូល​រួម​ពី​សង្គម​ស៊ីវិល​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ ជា​ពិសេស​យើង​សហការ​គ្នា​ ដើម្បី​អាច​ឱ្យ​វិធីសាស្ត្រ​នៃ​ការសហការ​នេះ​ធ្វើ​ការ​ទៅ​មាន​ប្រសិទ្ធិភាព»។

លោក​ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ បានប្រាប់​បណ្តាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម​នៅ​អាស៊ី​បូព៌ា ​និង​ប៉ាស៊ីហ្វិក​ ដែល​ឃ្លាំមើល​ការប្រមូល​ពន្ធ​យានយន្ត​លើស​តម្លៃ​រដ្ឋ​កណត់​ថាលោក​សូម​លើក​ទឹកចិត្ត​ឱ្យ​មាន​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគ​យល់​រួម​គ្នា​រវាង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ពេញចិត្ត​លើ​យុទ្ធសាស្ត្រ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ណា​មួយ។

លោក​ឱម ​យិនទៀង​ បាន​បញ្ជាក់​ថា​លោក​បើក​ឱកាស​ និង​ផ្តល់​ឱកាស​ដល់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ចូល​រួម​សហការ​គ្នា​ប្រឆាំង​អំពើ​ពុករលួយ​ដោយ​សេចក្តី​សប្បាយ​រីករាយ​ និង​ការស្វាគមន៍។​លោក​សន ​ជ័យ​ អ្នកសម្របសម្រួល​បណ្តាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម​នៅ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក ​បាន​បញ្ជាក់​ថា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​បង្កើត​គម្រោង​សាកល្បង​មួយ​អំពី​ការឃ្លាំ​មើល​អំពើ​ពុករលួយ​នៅ​តាម​បណ្តោយ​ផ្លូវ​មុន្នីវង្ស​នៅ​ពេល​ឆាប់ៗ​នេះ​ ដើម្បី​ជា​គំរូ​កុំ​ឱ្យ​មាន​ការ​សូកប៉ាន់​ និង​មិន​ឱ្យ​មន្ត្រី​ប៉ូលីស​ផាក​ពិន័យ​ដោយ​ទារ​ប្រាក់​លើស​ ឬ​ ​ការដើរ​ទារ​ប្រាក់​ពី​អាជីវករ​នៅ​តាម​ហាង​នា​នា​។

អង្គការ​ឃ្លាំមើល​ការ​ប្រមូល​ពន្ធ​យានយន្ត​បាន​ផ្តល់​ពាក្យ​បណ្តឹង​ចំនួន​៩០​ករណី​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ស្នើសុំ​ព័ត៌មាន​បន្ថែម​អំពី​បណ្តឹង​៩០​ករណី​ទាក់​ទង​នឹង​ឈ្មោះនិង​អត្តលេខ​របស់​ភ្នាក់ងារ​ពន្ធដារ។

លោក​កែវ ​រ៉េមី​ ​សមាជិក​ក្រុមប្រឹក្សា​ប្រឆាំង​អំពើ​ពុករលួយ​ និង​ជា​អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ប្រឆាំង​អំពើពុក​រលួយ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា​ក្រុមប្រឹក្សា​ប្រឆាំង​អំពើ​ពុករលួយ​បាន​អនុម័ត​បទបញ្ជា​ផ្ទៃក្នុង​ ទម្រង់​បែបបទ​នៃ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ និង​ផែនការ​យុទ្ធសាស្ត្រ​២០១១​-​២០១៥៕