អង្គភាពប្រឆាំងអំពើពុករលួយរបស់លោក ឱម យ៉ិនទៀង ថាមិនទាន់មានគោលការណ៍ស៊ើបអង្កេតចំពោះការចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទិននឹងទឹកប្រាក់ចំនួន១លានដុល្លារសហរដ្ឋអាមេរិក។
បន្ទាប់ពីមានការចោទប្រកាន់ដែលល្បីសុះសាយនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានគេសង្ស័យថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់លុយចំនួន១លានដុល្លារសហរដ្ឋអាមេរិកដល់កញ្ញា ធី សុវណ្ណថា ជាថ្នូរនឹងសកម្មភាពរបស់ខ្លួនមកបំបែកបំបាក់ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិរួចមក អង្គភាពប្រឆាំងអំពើពុករលួយមិនទាន់មានគោលការណ៍បើកការស៊ើបអង្កេតនៅឡើយទេ។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់ VOA តាមទូរស័ព្ទថា៖
«ខ្ញុំថា ម្ចាស់សំណួរគួរតែប្រាប់ឲ្យខ្ញុំដឹងថា តើដែលគួរឲ្យលោកដេកយល់សប្តិមកសួរខ្ញុំពីរឿងហ្នឹង?»។
សូមស្តាប់បទសម្ភាសន៍ទាំងស្រុងខាងក្រោមនេះ៖
Your browser doesn’t support HTML5
អង្គភាពប្រឆាំងអំពើពុករលួយកន្លងមកធ្លាប់បានបើការស៊ើបអង្កេតទឹកប្រាក់ចំនួន៥០០ដុល្លារអាមេរិកនៅក្នុងរឿងក្តីប្រធានក្រុមប្រឹក្សាឃុំខាងគណបក្សសង្គ្រោះជាតិនៅក្នុងខេត្តកំពង់ចាមរហូតចាប់ជនសង្ស័យដាក់ក្នុងពន្ធនាគារ។ ក៏ប៉ុន្តែក្រោយមកបានដោះលែងឲ្យមានសេរីភាពឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ។
នៅក្នុងសំណុំរឿងចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានចោទប្រកាន់ថា បានផ្តល់សំណូកចំនួន១លានដុល្លារសហរដ្ឋអាមេរិកដល់កញ្ញា ធី សុវណ្ណថា អង្គភាពប្រឆាំងអំពើពុករលួយរបស់លោក ឱម យ៉ិនទៀង មិនត្រឹមតែមិនបញ្ជាក់ថានឹងមានការបើកធ្វើការស៊ើបអង្កេតឬយ៉ាងណានោះប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងវាយបកមកវិញថា មានមាត្រាប៉ុន្មានដែលនាំឲ្យអ្នកកាសែតសួរសំណួរគាត់អំពីរឿងនេះ។
លោក ឱម យ៉ិនទៀង បញ្ជាក់ថា៖ «ខ្ញុំមានសិទ្ធិឆ្លើយ ហើយខ្ញុំក៏មានសិទ្ធិមិនឆ្លើយដែរ។ អូនមិនអាចចាប់ជំរិតខ្ញុំមើលតែខ្ញុំជាចំណាប់ខ្មាំងរបស់អូនទេ»។
VOA សួរបន្តថា៖ «អញ្ចឹងបានន័យថា អង្គភាពប្រឆាំងអំពើពុករលួយគ្មានវិធានការណាមួយក្នុងការស៊ើបអង្កេតរឿងហ្នឹងឬយ៉ាងណា?»។
លោក ឱម យ៉ិនទៀង ឆ្លើយថា៖ «អូនចង់ប្លន់ចម្លើយពីខ្ញុំ ឬអូនសួរសំណួរមកខ្ញុំ?»។
លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិបានបរិហាររិះគន់ជាសារធារណៈពីក្រៅប្រទេសមកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់លុយចំនួន១លានដុល្លារសហរដ្ឋអាមេរិកដល់កញ្ញា ធី សុវណ្ណថា ជាថ្នូរនឹងបេសកកម្មរបស់ខ្លួនមកបំបែកបំបាក់គណបក្សសង្គ្រោះជាតិ។
ការប្រកាសរបស់លោក សម រង្ស៊ី មិនបានប៉ុន្មានថ្ងៃផង លោក គី តិច មេធាវីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធបានដាក់ពាក្យបណ្តឹងជាផ្លូវការទៅតុលាការក្រុងភ្នំពេញ។
នៅក្នុងពាក្យបណ្តឹងនោះ លោក គី តិច បានបណ្តឹងលោក សម រង្ស៊ី ពីបទ «បរិហាកេរ្តិ៍ជាសារធារណៈ» និងទាមទារសំណងជំងឺចិត្តចំនួន១លានដុល្លារសហរដ្ឋអាមេរិក។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិមានប្រសាសន៍ប្រាប់ VOA ពីប្រទេសបារាំងថា លោកមិនអើពើនឹងពាក្យបណ្តឹងរបស់លោក ហ៊ុន សែន ទេ ដោយលោកចាត់ទុកថា «ជាពាក្យបណ្តឹងខ្យល់» ហើយរលាយបាត់ទៅវិញនៅពេលមានដំណោះស្រាយនយោបាយ។
លោក សំ សុគង់ ធ្លាប់ជាមេធាវីការពារក្តីឲ្យលោក សម រង្ស៊ី កន្លងមក បាននិយាយថា លោកមិនទាន់ទទួលបានលិខិតពឹងពាក់ពីគណបក្សសង្គ្រោះជាតិនៅឡើយទាក់ទិននឹងសំណុំរឿងចុងក្រោយនេះ។
លោក សំ សុគង់ បញ្ជាក់ប្រាប់ VOA ថា៖ «អត់ទាន់មានការពឹងពាក់ជាផ្លូវការទេ។ ចាំមើលក្នុងអាទិត្យក្រោយ»។
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់និងជាអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា គណបក្សមិនចាប់អារម្មណ៍រឿងបណ្តឹងនោះទេ។
លោក គឹម សុក អ្នកវិភាគនយោបាយនិងការអភិវឌ្ឍន៍សង្គមបានថ្លែងប្រាប់ VOA ថា ទាំងអង្គភាពប្រឆាំងអំពើពុករលួយនិងតុលាការ គឺជាស្ថាប័នដែលបង្កើតឡើងដើម្បីធ្វើបាបអ្នកទាំងឡាយណាដែលជាគូប្រជែងអំណាចរបស់អ្នកដឹកនាំបច្ចុប្បន្នតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា ការដែលមិនបើកការស៊ើបរបស់អង្គភាពប្រឆាំងនិងអំពើពុករលួយដែលសង្ស័យថា លោក ហ៊ុន សែន សូកប៉ាន់កញ្ញា ធី សុវណ្ណថា ដោយសារអង្គភាពនេះបម្រីនយោបាយសុទ្ធសាធ។
លោក គឹម សុក បានបញ្ជាក់ថា៖
«វិធានការណ៍ទាំងឡាយណាដែលប៉ះពាល់ដល់រដ្ឋាភិបាលនិងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន វាច្បាស់ណាស់។ គេនឹងឆ្លើយយ៉ាងស្រួលថា គេនឹងគ្មានសម្ថកិច្ចក្នុងការចាត់វិធានការណ៍ទេ។ ប៉ុន្តែរឿងទាំងឡាយណាដែលជាផលចំណេញឬក៏ជាសម្ពាធនយោបាយដាក់ទៅបក្សដទៃ ឬក៏អ្នកដទៃដែលធ្វើសកម្មភាពបង្ហាញការពិតអំពីអសម្ថភាពរបស់រដ្ឋាភិបាល គឺគេធ្វើភ្លាម»។
លោក គឹម សុក ក៏បានរិះគន់ថា ពាក្យបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនគឺជាទម្លាប់នៃរបៀបអប្សុករបស់មេដឹកនាំឬក៏ក្រុមមេដឹកនាំរកមិនឃើញគន្លឹះអ្វីផ្សេងដើម្បីជាន់កម្ទេចគូប្រជែងរបស់ខ្លួនតាមរយៈការប្តឹងផ្តល់៕