សកម្មជនសង្គមម្នាក់ លោក ធែល ធីលែន ដែលទើបចេញពីពន្ធនាគារ ត្រូវបានសមត្ថកិច្ចខេត្តកណ្តាលចាប់ខ្លួន ក្រោយលោកបានថ្លែងពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលកំពុងជាប្រធានបទចម្រូងចម្រាសមួយ។
លោក អ៊ំ ឆុម សកម្មជនម្នាក់ដែលស្គាល់លោក ធែល ធីលែន ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា លោកទទួលដំណឹងពីក្រុមគ្រួសាររបស់លោក ធែល ធីលែន ថាលោកត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោងជិត ៥ល្ងាច នាថ្ងៃពុធ នៅផ្ទះរបស់លោកក្នុងភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ លោកបញ្ជាក់ថា ការឃាត់ខ្លួននេះ ក្រោយលោក ធែល ធីលែន បានបង្ហោះវីដេអូលើបណ្តាញសង្គម TikTok ដោយនិយាយអំពីតំបន់ត្រីកោណអភិវឌ្ឍន៍។
បើតាមវីដេអូលើ TikTok ដែលវីអូអេទទួលបាន លោក ធែល ធីលែន លើកឡើងចំៗថាមានការផ្តល់ដីចំនួន ៤ ខេត្ត ឱ្យទៅវៀតណាមគ្រប់គ្រង ក្រោមរូបភាពអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការ។ លោកបន្តថា លោកពិតជា«មិនអាចទទួលយកបាន» ហើយថាវាជា «ការខាតបង់របស់ប្រជាជាតិខ្មែរទាំងមូល»។
នៅក្នុងវីដេអូនោះ លោក ធែល ធីលែន ដែលទើបត្រូវបានដោះលែងពីពន្ធនាគារ កាលពីថ្ងៃទី ១៦ ខែកក្កដា បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមបញ្ចេញមតិ ដោយប្រើពាក្យស្លោកថា «ខ្ញុំមិនគាំទ្រការធ្វើកិច្ចសហប្រតិបត្តិការផ្តល់ខេត្តទាំង ៤ ទៅដល់វៀតណាមគ្រប់គ្រងនោះទេ»។ លោកបន្ថែមថា ការលើកឡើងបែបនេះមិនខុសច្បាប់ឡើយ ហើយជាសេរីភាពនៃការបញ្ចេញមតិ។
លោក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាល ថ្លែងថា លោកមិនមានតួនាទីអ្វីក្នុងការបញ្ចេញព័ត៌មានលើការចាប់ខ្លួននេះឡើយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាលបាននៅឡើយទេ។
កាលពីថ្ងៃពុធ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនសកម្មជន ៤ នាក់ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងការថ្លែងរបស់ពួកគេរឿងការអភិវឌ្ឍតំបន់ត្រីកោណដែលជាផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាម។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤ សកម្មជនដែលគេស្គាល់ថាជាអ្នកផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឈ្មោះស៊្រុន ស្រ៊ន ភឹង សោភា ចក់ បានមុន្នី និងសាន សិទ្ធ ត្រូវបានចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
តុលាការបញ្ជាក់ថាកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ សកម្មជនទាំងនោះបានផ្សាយផ្ទាល់ (LIVE) វីដេអូនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក Srun Srorn ព្រមទាំងបង្ហោះចូលក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណរវាងរដ្ឋាភិបាល កម្ពុជា ឡាវ វៀតណាម (CLV-DTA) ហើយបានអត្ថាធិប្បាយ «ដែលមានចរិក លក្ខណៈមួលបង្កាច់ ប្រឌិតព័ត៌មានមិនពិតដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យប្រឆាំងនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសកម្មភាពនេះបានបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ»។
កាលពីថ្ងៃអង្គារ លោក ហ៊ុន សែន បានលើកឡើងថា មានការចោទប្រកាន់មេដឹកនាំកម្ពុជា ជាពិសេសរូបលោកផ្ទាល់ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាជា «ជនក្បត់ជាតិ» ក្នុងការកាត់ដី ៤ ខេត្តឱ្យវៀតណាម តាមរយៈគម្រោង«តំបន់ត្រីកោណអភិវឌ្ឍន៍»នេះ។ លោកបញ្ជាក់ថា ការចោទប្រកាន់នេះជា«ការប្រមាថដែលមិនអាចលើកលែងទោសឱ្យបានទេ» ហើយលោកស្នើឱ្យតុលាការដាក់ទោសអតិបរមាលើអ្នករិះគន់ទាំងនោះ។
នាយកទទួលបន្ទុកទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា លោកមានការសោកស្តាយចំពោះការចាប់ខ្លួនសកម្មជនសង្គមជាបន្តបន្ទាប់ ខណៈប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាកំពុងមានវត្តមានក្នុងប្រទេស ដើម្បីប្រមូលព័ត៌មាននិងវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស។
តំបន់អភិវឌ្ឍន៍ត្រីកោណត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៩ ដោយរដ្ឋាភិបាលប្រទេសបី គឺកម្ពុជា ឡាវ និងវៀតណាម ដែលបានឯកភាពគ្នាក្នុងការដាក់ខេត្តចំនួន ១៣ រួមគ្នា ដើម្បីអភិវឌ្ឍ។ កម្ពុជាមានខេត្តចំនួនបួន គឺរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ដែលត្រូវបានដាក់បញ្ចូលក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ។ រដ្ឋាភិបាលកម្ពុជាអះអាងថា តំបន់ត្រីកោណអភិវឌ្ឍន៍ជាប្រភពនៃសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌។
ប្រធានបទស្តីពី «តំបន់ត្រីកោណអភិវឌ្ឍន៍» នេះបានក្លាយជាចំណុចចម្រូងចម្រាសចុងក្រោយនេះ ខណៈមានការព្រួយបារម្ភមួយចំនួនថា វៀតណាមនឹងគ្រប់គ្រងតំបន់នោះ ហើយកម្ពុជាអាចបាត់បង់ទឹកដីនោះ ដូចកម្ពុជាក្រោម៕