ភ្នំពេញ — សត្វដំរីចំនួន ១៤ក្បាល ដែលធ្លាប់ដឹកភ្ញៀវទេសចរនៅតំបន់ឧទ្យានបុរាណអង្គរក្នុងខេត្តសៀមរាប កំពុងត្រូវបានដឹកបញ្ជូនទៅឱ្យសម្រាកចូលនិវត្តន៍នៅខាងត្បូងជើងភ្នំគូលេន ក្រោយពីអាជ្ញាធរសម្រេចលែងឱ្យប្រើប្រាស់ជាមធ្យោបាយទេសចរណ៍។
បើគិតត្រឹមថ្ងៃសៅរ៍សប្តាហ៍មុននេះ មានដំរីចំនួន១២ក្បាលត្រូវបានបញ្ជូនទៅខាងត្បូងជើងភ្នំគូលេន ហើយដំរីពីរក្បាលទៀតនឹងត្រូវបញ្ជូនមុនដំណាច់ឆ្នាំ២០១៩ បន្ទាប់ពីពួកគេឈប់ចុះប្រេង។ នេះបើយោងតាមសហស្ថាបនិក នៃគម្រោង Kulen Mountain Forest គឺលោក David Piot។
ក្រុមអ្នកអភិរក្សសត្វដំរី បានហៅការផ្លាស់ប្តូរទីតាំងរស់នៅនេះ ថាជាការ«ចូលនិវត្តន៍»។ ក្រុមសត្វដំរីទាំង ១៤ក្បាលនេះ ធ្លាប់ចូលរួមបម្រើការងារក្នុងវិស័យទេសចរណ៍អស់ជិត ២០ឆ្នាំមកហើយ។ ដំរីទាំងនេះធ្លាប់ដឹកភ្ញៀវទេសចរជាតិ និងអន្តរជាតិឡើងចុះភ្នំបាក់ខែង និងកំសាន្តតំបន់ប្រាសាទបុរាណដែលជាតំបន់បេតិកភណ្ឌពិភពលោក នៅខេត្តសៀមរាប។
ក្នុងចំណោមទាំងនេះ ដំរីដែលចាស់បំផុត មានអាយុដល់៧០ឆ្នាំ។ រីឯ ដំរីដែលក្មេងជាងគេមានអាយុ ៣៧ឆ្នាំ។ ក្នុងចំណោមដំរីទាំង ១៤ មានឈ្មោលពីរក្បាល។
លោក David Piot សហស្ថាបនិក នៃគម្រោង Kulen Mountain Forest បានប្រាប់វីអូអេថា៖ «ខ្ញុំសង្ឃឹមថា [ពួកគេរស់នៅក្នុងព្រៃ] ជារៀងរហូតដល់ពេលពួកគេចាស់ស្លាប់។ យើងធានាថា ពួកគេរស់នៅយ៉ាងសប្បាយរីករាយនៅក្នុងព្រៃជុំៗគ្នា»។
នៅឆ្នាំ ២០១៦ មានសត្វដំរីឈ្មោះសំបូរ ដែលមានឈ្មោះល្បីល្បាញបានស្លាប់ ដោយគាំងបេះដូងពេលដឹកភ្ញៀវទេសចរ ក្រោមកម្តៅថ្ងៃក្តៅរយៈពេលយូរ។ ក្រោយមកមានការដាក់ញត្តិស្នើសុំឲ្យមានការបញ្ឈប់អាជីវកម្ម ឲ្យសត្វដំរីដឹកភ្ញៀវទេសចរកំសាន្ត។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរជាតិអប្សរា ទើបតែប្រកាសកាលពីពាក់កណ្តាលខែវិច្ឆិកាឆ្នាំនេះ ដោយហាមឃាត់សកម្មភាពអាជីវកម្មប្រើប្រាស់សត្វដំរីដឹកភ្ញៀវទេសចរនៅតំបន់អង្គរ ដើម្បី «លើកកម្ពស់ជីវិតនៃការរស់នៅបែបធម្មជាតិ» របស់សត្វដំរី និងដោយសារការផ្លាស់ប្តូរ «បរិបទថ្មីនៃការអភិវឌ្ឍវិស័យទេសចរណ៍» ផងដែរ។
អាជ្ញាធរអប្សរាសម្រេចឲ្យដំរីទាំងនោះរស់នៅព្រៃសហគមន៍ «បុស្សធំ» ស្ថិតក្នុងឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម នៃខេត្តសៀមរាប ដែលជាជម្រកថ្មីរបស់ដំរីទាំង ១៤ក្បាលនោះ។
តំបន់នោះមានផ្ទៃដី ចំនួនប្រមាណពីរគីឡូម៉ែត្រការ៉េ។ នេះបើយោងតាមលោក David Piot។
ការដឹកជញ្ជូនដំរីនេះធ្វើឡើងបីលើករួចមកហើយ។ នៅពាក់កណ្តាលខែវិច្ឆិកាក្រុមការងារនៃគម្រោង Kulen Mountain Forest បញ្ជូនដំរីប្រាំក្បាលជាលើកទីមួយ។ ដំរីដែលចាស់ៗជាងគេពីរក្បាល ដែលទំនងជាដើរមិនរួចក្នុងចម្ងាយផ្លូវជាង៣០គីឡូ ត្រូវបានបង្វឹកឲ្យដើរឡើងរថយន្តធំដែលប្រើសម្រាប់ដឹកទំនិញ។ ដំរីទាំងពីរនោះមានភេទញី ឈ្មោះ សំបាន់ អាយុ៧០ និង ជីតើន អាយុ៦៧ឆ្នាំ។
ចំណែកសត្វដំរីផ្សេងៗទៀតដែលមានកម្លាំង និងសុខភាពគ្រាន់បើ អាយុពី ៣៧ឆ្នាំ ទៅ៤៧ឆ្នាំ បានដើរជាបន្តបន្ទាប់ជាមួយហ្មរដំរីនៅដើមខែធ្នូ និងពាក់កណ្តាលខែធ្នូ។ នេះយោងបើតាមលោក David Piot។
កាលពីថ្ងៃទី៤ ខែធ្នូ នៅម៉ោងប្រមាណ៤ទាបភ្លឺ ដំរី៣ក្បាល ចាប់ផ្តើមដើរតាមផ្លូវក្នុងអាកាសធាតុត្រជាក់ និងមានខ្យល់ធ្លាក់ពីទិសខាងជើងរហឹមៗជាមួយអ្នកដើរអម ដូចជាហ្មដំរី ពេទ្យសត្វដំរី អ្នកជំនាញការអភិរក្សសត្វ និងមនុស្សម្នាមួយចំនួនផង។ នេះបើតាមលោក Ronnachit Rungsri ជាពេទ្យសត្វជនជាតិថៃ។
លោក Ronnachit Rungsri ធ្លាប់ព្យាបាលថែទាំសត្វដំរីជាង២០ឆ្នាំ ប្រាប់វីអូអេថា៖ «ពួកគេភាគច្រើនសុខភាពល្អធម្មតាទេ ប៉ុន្តែពួកគេមួយចំនួនរៀងចាស់បន្តិច»។
លោកបន្តទៀតថា៖ «យើងដើរឈប់ៗ។ ពេលយើងឈប់សម្រាក មានប្រជាពលរដ្ឋតាមសហគមន៍ អ្នកភូមិហ្នឹង ហុច ចំណី និងទឹកឲ្យដល់សត្វដំរីទៀតផង។ គួរឲ្យស្រឡាញ់ណាស់ មើលទៅគួរឲ្យស្រឡាញ់មែនទែន»។
នៅកម្ពុជា សត្វដំរីព្រៃសរុបមានចំនួនចន្លោះពីប្រមាណ ៣០០ទៅ៦០០ក្បាល នេះបើតាមសហជីពអន្តរជាតិដើម្បីការគាំពាធម្មជាតិ (International Union for Conservation of Nature) ហើយដំរីដែលមានម្ចាស់ឬដំរីស្រុកមានចំនួន៧៥ក្បាល។
ក្រោយពេលដឹកជញ្ជូនដំរីទាំងនេះចប់សព្វគ្រប់ ក្រុមការងារនិយាយថា គម្រោងបន្ទាប់ គឺការបង្កាត់ពូជដំរី។
លោក លៀវ ឱរី (ហៅគិរី) ជាអ្នកចាត់ការទូទៅ នៅក្នុងគម្រោង និយាយទៀតថា៖ «ដំរីខ្ញុំដែលមាននេះ គាត់ទិញមកតំបន់ខុសៗគ្នាទាំងអស់។ ដំរីខ្លះអត់ទាំងដែលស្គាល់គ្នាផងមកដល់ថ្ងៃនេះ នៅតែម្តងម្កាលព្យាយាមឈ្លោះគ្នាដដែល។ អញ្ចឹងបានជាយើងមានព្រៃ នឹងអាចផ្សាំខ្លួនវាឲ្យស្និទ្ធិស្នាលរវាងញីឈ្មោលទៅ ឈាងទៅរកការបង្កាត់ពូជងាយស្រួល»។
ក្រុមការងារចង់ឲ្យមានចំនួនដំរីកើនឡើងដូច្នេះ ហើយពួកគេត្រូវសិក្សាបន្ថែមអំពីវប្បធម៌របស់សហគមន៍ជាមុនសិន។ បើទោះបីជាដំរីទាំងនេះបានជួយប្រជាពលរដ្ឋមួយចំនួនក្នុងការរកកម្រៃក៏ដោយ សហគមន៍ខ្លះមានអបិយជំនឿ ថាវាជារឿងមិនល្អ ប្រសិនបើដំរីស្រុកកើតកូនក្នុងស្រុកភូមិរបស់ពួកគេ។ នេះបើយោងតាមអ្នកចាត់ការទូទៅនៃគម្រោងរូបនេះ៕