ខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»ត្រូវបានគេដាក់បញ្ចាំងលើកដំបូងបង្អស់នៅកម្ពុជា កាលពីចុងសប្តាហ៍កន្លងនៅព្រះលានជល់ដំរីនាខេត្តសៀមរាប។
ខ្សែភាពយន្តស្តីពីជីវប្រវត្តិកុមារីម្នាក់ក្នុងរបបខ្មែរក្រហមដែលគេដឹងថាបានកាប់សម្លាប់ប្រជាពលរដ្ឋកម្ពុជាជិត២លាននាក់ ក្នុងអំឡុងឆ្នាំ ១៩៧៥ ដល់១៩៧៩ ត្រូវបានដឹកនាំសម្តែងដោយតារាហូលីវូដដ៏ល្បីគឺលោកស្រី Angelina Jolie និងផលិតក្នុងប្រទេសកម្ពុជាកាលពីឆ្នាំទៅមិញ។ តាមរយៈខ្សែភាពយន្តនេះបានធ្វើឲ្យលោស្រី Jolie មានទំនាក់ទំនងនិងយល់កាន់តែច្បាស់ពីប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់កូនប្រុសចិញ្ចឹមដំបូងបង្អស់របស់លោកស្រី។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការដាក់បញ្ចាំងខ្សែភាពយន្តនេះក្នុងខេត្តសៀមរាប លោកស្រី Angelina Jolie បានបញ្ជាក់ថា ការផលិតខ្សែភាពយន្ត ដែលយកតាមសៀវភៅរបស់អ្នកនិពន្ធខ្មែរអាមេរិកាំងគឺលោកស្រី អ៊ឹង លួង ដែលជាមិត្តសម្លាញ់របស់លោកស្រី Jolie ដើម្បីបញ្ជាក់ពីខ្សែជីវិតនិងការជួបប្រទះរបស់ជនដែលងាយរងគ្រោះនៅក្នុងសង្គ្រាម ហើយនិងសេចក្តីស្រលាញ់និងការយកចិត្តទុកដាក់របស់ក្រុមគ្រួសារកម្ពុជាផងដែរ។
«ខ្ញុំគ្រាន់តែចង់បង្ហាញ សាច់រឿងនេះតាមរយៈក្រសែរភ្នែករបស់កុមារម្នាក់ដែលអាចធ្វើឲ្យខ្ញុំមានបទពិសោធន៍ឆ្លងកាត់រឿងរាវនេះ[សម័យខ្មែរក្រហម] តាមទស្សនៈផ្សេងមួយទៀត។ ខ្ញុំមិនចង់ផ្តោតទៅលើសង្គ្រាមតែមួយនោះទេ ក៏ប៉ុន្តែក៏ផ្តោតទៅលើសេចក្តីស្រឡាញ់របស់ក្រុមគ្រួសារនិងភាពស្រស់ស្អាតរបស់ប្រទេសនេះ។ ជាការពិតខ្ញុំចង់យល់ឲ្យបានច្បាស់ពីអ្វីដែលឪពុកម្តាយបង្កើតរបស់កូនចិញ្ចឹមខ្ញុំធ្លាប់ឆ្លងកាត់ ហើយខ្ញុំក៏ចង់យល់ពីប្រទេសនេះឲ្យកាន់តែច្បាស់ផងដែរ។ លើសពីនេះទៀត ខ្ញុំក៏សង្ឃឹមនឹងអាចផ្តល់សេចក្តីគោរពដល់អ្នកដែលនៅរស់រានពីរបបនេះ ក៏ដូចជារឿងរ៉ាវរបស់មិត្តជាទីស្រឡាញ់របស់ខ្ញុំនិងគ្រួសារនាង»។
Your browser doesn’t support HTML5
ភាពយន្តរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលឧបត្ថម្ភទុនដោយក្រុមហ៊ុនខ្សែភាពយន្តអនឡាញ Netflix ត្រូវបានផលិតក្នុងប្រទេសកម្ពុជាកាលពីឆ្នាំទៅមិញ ដោយផ្អែកលើសៀវភៅជីវប្រវត្តិរបស់ខ្មែរអាមេរិកកាំងមួយរូបគឺលោកស្រី អ៊ឹង លួង ដែលបានបាត់បង់សមាជិកគ្រួសារនិងឪពុកបង្កើតក្នុងសម័យខ្មែរក្រហម។ ខ្សែភាពយន្តនេះត្រូវបានផលិតដោយលោក ប៉ាន់ រិទ្ធី និងលោកស្រី Angelina Jolie ដោយប្រើប្រាស់តារាសម្តែងនិងអ្នកបច្ចេកទេសជនជាតិខ្មែរជាង៣.៥០០នាក់។
លោកស្រី អ៊ឹង លួង បានថ្លែងប្រាប់អ្នកសារព័ត៌មានមុនពេលដាក់បញ្ចាំងខ្សែភាពយន្តនោះថា កិច្ចខិតខំប្រឹងប្រែងនៃការផលិតខ្សែភាពនេះឡើងនឹងអាចឆ្លុះបញ្ជាំងពីថតភាព និងបញ្ហាដែលក្រុមគ្រួសារខ្មែរធ្លាប់បានឆ្លងកាត់ក្នុងសម័យសង្គ្រាម។
លោកស្រី អ៊ឹង លួង បញ្ជាក់ថា៖ «ខ្ញុំមានមោទនភាពយ៉ាងខ្លាំង ចំពោះខ្សែភាពយន្តនេះ ហើយខ្ញុំមើលឃើញរឿងនេះ ថាជារឿងរបស់យើងទាំងអស់គ្នា ដែលមានរ៉ាយរ៉ាប់ក្នុងរឿងនេះ។ វាត្រូវបានចាប់ផ្តើមពីរឿងរ៉ាវរបស់គ្រួសារខ្ញុំក៏ពិតមែន ក៏ប៉ុន្តែអ្នកគ្រប់គ្នាដែលជំពាក់ពាក់ពិនក្នុងនោះ ពួកគេក្លាយជាផ្នែកមួយនៃរឿងរបស់ពួកយើង ហើយយើងជាផ្នែកនៃរឿងរ៉ាវជីវិតរបស់ពួកគេ។ តាំងពីអ្នកផាត់មុខដែលប្រឹងប្រែងផាត់មុខឲ្យយើងមើលទៅដូចជាពិតៗ ទាំងអ្នករៀបចំភ្លើងអ្នកសម្តែង បង ប៉ាន់ រិទ្ធី និងការប្រឹងប្រែងរបស់គាត់រាប់ទសវត្សរ៍ក្នុងការផ្សព្វផ្សាយអំពីរឿងរ៉ាវសម័យខ្មែរក្រហម»។
ខ្សែភាពយន្តហូលីវូដដែលផលិតដោយផលិតករនិងតារាសម្តែងខ្មែរនេះត្រូវបានគេបញ្ចាំងជាលើកទី១ក្នុងប្រទេសកម្ពុជា គឺនៅក្នុងខេត្តសៀមរាប រាជធានីភ្នំពេញ និងនៅខេត្តបាត់ដំបង ដែលជាទីដែលភាពយន្តនេះត្រូវបានគេថតផងដែរ។
ក្រៅពីជួយឲ្យផ្នែកភាពយន្តកម្ពុជាមានឈ្មោះក្នុងឆាកអន្តរជាតិនិងជួយដល់សេដ្ឋកិច្ចខ្មែរ អ្នកជំនាញផ្នែកប្រវត្តិសាស្ត្រនិងសិល្បករយល់ស្របគ្នាថា ការផលិតភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នេះឡើង គឺអាចជួយឲ្យពិភពលោកបានដឹងពីការពិត និងអ្វីដែលបានកើតឡើងចំពោះគ្រួសារខ្មែរនាសម័យនោះ។ លើសពីនេះទៀត ខ្សែភាពយន្តនេះនឹងអាចជួយផ្សះផ្សាររបួសផ្លូវចិត្តដល់ជនរងគ្រោះក្នុងរបបនេះផងដែរ។
លោក ប៉ាន់ រិទ្ធី សហផលិតករនៃភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»។
«ការថតភាពយន្ត សរសេរសៀវភៅ និងការនិពន្ធបទចម្រៀងជាវិធីផ្សេងៗសម្រាប់សម្តែងអារម្មណ៍ដើម្បីយល់ពីប្រវត្តិសាស្ត្រ។ ហើយយើងមានសំណាងណាស់ដោយសារនៅប្រទេសកម្ពុជាយើង យើងប្រើសិល្បៈយ៉ាងច្រើននៅក្នុងដំណើរការធ្វើឲ្យសះផ្លូវចិត្ត។ អ្នកដឹងហើយថា ខ្មែរយើងពិតជាពូកែខាងសិល្បៈ។ ដូច្នេះការផលិតភាពយន្ត ការច្រៀងចម្រៀង ហើយវិធីណាទាំងអស់ ដែលអ្នកអាចសម្តែងអារម្មណ៍ផ្ទាល់ខ្លួនបាន ជារឿងល្អ។ យើងត្រូវតែនិយាយអំពីរឿងរ៉ាវទាំងនេះ ហើយវាជារឿងរបស់អ្នករាល់គ្នា។ នេះជារឿងចាំបាច់»។
ស្របគ្នានោះដែរ លោក John Swain អតីតអ្នកសារព័ត៌មានក្នុងសម័យសង្គ្រាមមុនរបបខ្មែរក្រហម ដែលខ្សែជីវិតពិតរបស់គាត់ និងអតីតអ្នកសារព័ត៌មានខ្មែរមួយរូប ត្រូវបានគេយកទៅថតជារឿង
«វាលពិឃាត»ដ៏ល្បីល្បាញ។ លោកយល់ស្របដែរថា ខ្សែភាពយន្តថ្មីរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលមានភាពខុសប្លែកពីខ្សែរឿងរបស់លោកនោះ នឹងអាចជួយរ៉ាយរ៉ាប់រឿងពិតបន្ថែមទៀត អំពីអ្វីដែលធ្លាប់កើតមានក្នុងប្រទេសកម្ពុជា។ លោកសង្ឃឹមថា វានឹងជួយផ្សះផ្សាររបួសផ្លូវចិត្តរបស់ជនរងគ្រោះខ្មែរ។
«ខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំ ហើយខ្ញុំគិតថា អ្នករួមចំណែកទាំងអស់នៅក្នុងការថតខ្សែភាពយន្តនេះក៏យល់ដូចគ្នាដែរថា វាជាដំណើរការនៃការផ្សះផ្សារសម្រាប់ប្រជាជនកម្ពុជា ជាដំណើរការនៃការរៀនសូត្រអំពីខ្លួនឯងរបស់ប្រជាជនកម្ពុជា។ អ្នកដឹងហើយថា មានរឿងដ៏ឃោរឃៅដែលបានកើតឡើងនៅសម័យខ្មែរក្រហម គឺមានជនរងគ្រោះនិងមានជនល្មើស ហើយពេលខ្លះពួកគេជាមនុស្សតែមួយ។ ហើយក្នុងការបង្ហាញជាវប្បធម៌ វាជាលំបាកក្នុងការនិយាយនិងពិភាក្សាអំពីរឿងនេះ ក៏ដូចជាពិបាកសរសេរអំពីរឿងនេះ។ មានជនជាតិខ្មែរមួយចំនួនតូចប៉ុណ្ណោះដែលមានភាពក្លាហានហ៊ានពិភាក្សាស៊ីជម្រៅអំពីរឿងនេះ»។
ជាមួយគ្នានោះដែរលោកស្រី Elizabeth Becker អ្នកនិពន្ធសៀវភៅនិងជាអតីតអ្នកសារព័ត៌មានអាមេរិកាំងប្រចាំកម្ពុជាក្នុងសម័យសង្គ្រាមលន់ នល់ បានប្រាប់ VOA មុនពេលសន្និសីទសារព័ត៌មានពីការដាក់បញ្ចាំងខ្សែភាពយន្តប្រវត្តិសាស្ត្រនេះថា ការថតរឿងរ៉ាវនឹងដាក់បញ្ចាំងរឿងរ៉ាវដែលកើតឡើងកាលជាងពី៤០ឆ្នាំមុន គឺមិនទាន់ហួសពេលនោះទេ ព្រោះថាវាមានសារៈសំខាន់នឹងជួយដល់ប្រទេសកម្ពុជាក៏ដូចជាប្រជាជនដែលធ្លាប់ឆ្លងកាត់ភាពរន្ធត់ទាំងនោះ។
«រឿងនេះមានប្រយោជន៍ចំពោះប្រទេសកម្ពុជា គឺទី១ វាជារឿងរ៉ាវដែលត្រូវតាក់តែងបានយ៉ាងប្រណីត ហើយរឿងរ៉ាវទាំងឡាយណាដែលឆ្លុះបញ្ចាំងអំពីការពិតនឹងជួយដល់ប្រទេសកម្ពុជា។ បើនិយាយពីផ្នែកសិល្បៈវិញ កម្ពុជាជាប្រទេសដែលពូកែខាងសិល្បៈស្រាប់។ ប៉ុន្តែ តាមរយៈសិល្បៈ ប្រសិនបើអ្នកបង្ហាញពីរឿងនេះកាន់តែច្រើន អ្នកនឹងកាន់តែយល់ខ្លាំងឡើងអំពីប្រវត្តិសាស្ត្ររបស់ប្រទេសអ្នក។ នេះជារឿងសំខាន់ណាស់ ហើយមិនមានគេថតរឿងនេះបានច្រើនទេ។ រឿងនេះគ្រាន់តែជាភាពយន្តខ្នាតធំទី៣ប៉ុណ្ណោះអំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា ហេតុនេះហើយបានរឿងនេះសំខាន់។ ហើយខ្ញុំគិតថា វានឹងដល់ក្នុងអារម្មណ៍ទស្សនិកជនខ្មែរគ្រប់មជ្ឈដ្ឋាន»។
យ៉ាងណាក៏ដោយលោក Jonathan Friedland ប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Netflix យល់ថាខ្សែភាពយន្តស្តីពីជីវិតក្នុងរបបខ្មែរក្រហម គឺវាមានសារៈសំខាន់ជាប្រវត្តិសាស្ត្រសម្រាប់ឲ្យក្មេងកម្ពុជាជំនាន់ក្រោយបានដឹងពីអ្វីដែលឪពុកម្តាយនឹងអ្នកជំនាន់មុនបានឆ្លងកាត់។
លោកបន្ថែមថា៖«ខ្ញុំយល់ថា វាក៏សំខាន់ដូចគ្នាសម្រាប់ ពិភពលោកទាំងមូល ក្នុងការដឹងនូវអ្វីដែល បានកើតឡើងនៅទីនេះ ពីព្រោះថា យើងរស់នៅក្នុងពិភពលោកដែលជារឿយៗ ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំអាចជះឥទ្ធិពលដ៏អាក្រក់ដល់កុមារនិងក្រុមគ្រួសារ ដូចអ្វីដែលលោស្រី Angelina បាននិយាយ។ ហើយរាល់ពេលដែលអ្នកមានឱកាសក្នុងការរំឭកដល់មនុស្សទាំងនោះ អំពីការពិតនៃទំហំនៃការខាតបង់ជីវិតមនុស្សក្នុងសង្គ្រាម និងការសម្រេចចិត្តខុសក្នុងនយោបាយ យើងគួរតែធ្វើការរំឭក ពីព្រោះថា វាជារឿងដ៏រន្ធត់ណាស់ដែលមានមនុស្សដែលត្រូវរងការឈឺចាប់បែបនេះ»។
របបកម្ពុជាប្រជាធិបតេយ្យឬខ្មែរក្រហម ដែលចាប់ផ្តើមពីខែមេសាឆ្នាំ១៩៧៥ ដល់ខែមករាឆ្នាំ១៩៧៩ ហើយបានសម្លាប់ប្រជាពលរដ្ឋកម្ពុជាយ៉ាងហោចណាស់ចំនួន១លាន៧សែននាក់។ ប្រជាពលរដ្ឋជាច្រើនត្រូវបានស្លាប់ដោយការបង្អត់់បាយ ការធ្វើទារុណកម្ម ការធ្វើការងារហួសកម្លាំង ជំងឺនិងការកាប់សម្លាប់ជាដើម។ សព្វថ្ងៃនេះ មានតែមេដឹកនាំខ្មែរក្រហមធំៗពីររូបប៉ុណ្ណោះដែលស្ថិតក្រោមការកាត់ទោសរបស់សាលាក្តីខ្មែរក្រហមឬ ECCC គឺ នួន ជា បងធំទី២ ក្នុងរបបខ្មែរក្រហម និង ខៀវ សំផន ប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហមដែលមានវ័យជរា។
យ៉ាងណាក៏ដោយការដាក់បញ្ចាំងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ក្នុងប្រទេសកម្ពុជានឹងត្រូវបញ្ចប់នាសប្តាហ៍នេះ ក្នុងខេត្តបាត់ដំបង មុននឹងរឿងដ៏រន្ធត់នេះត្រូវគេធ្វើការបញ្ជាំងជាទូទាំងពិភាពលោកតាមគេហទំព័ររបស់ក្រុមហ៊ុនភាពយន្ត Netflix នៅចុងឆ្នាំនេះ។
លោក Jonathan ប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Netflix បញ្ជាក់ប្រាប់ VOA បន្ថែមថា ការបញ្ចាំងខ្សែភាពយន្តនេះជាលើកទីមួយក្នុងប្រទេសកម្ពុជា គឺតាមការស្នើរសុំរបស់លោកស្រី Angelina Jolie ហើយវាមានលក្ខណៈពិសេសដោយមានការចូលរួមពីព្រះមហាក្សត្រខ្មែរនិងព្រះរាជមាតារបស់ព្រះអង្គ មុនពេលដាក់បញ្ចាំងជាផ្លូវការនៅលើគេហទំព័រភាពយន្តរបស់ខ្លួន។
ក្នុងការដាក់បញ្ចាំងនោះ អ្នកសារព័ត៌មានត្រូវគេហាមឃាត់មិនអនុញ្ញាតឲ្យថតរូប ឬវីដេអូនោះទេ៕