អ្នកសិក្សាស្រាវជ្រាវ និងវិទ្យាស្ថានស្រាវជ្រាវមួយនៅក្នុងប្រទេសចិន ដែលរដ្ឋាភិបាលនៃប្រទេសនេះ កំពុងមានជម្លោះលើផ្នែកខ្លះនៃផ្លូវទឹកដ៏សំខាន់ជាមួយនឹងរដ្ឋាភិបាលក្រុងហាណូយនិយាយថា កងឈ្លបដែនសមុទ្ររបស់វៀតណាមនៅសមុទ្រចិនខាងត្បូង បានបង្ហាញពីសញ្ញានៃការរីកចម្រើនក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ។
បើយោងតាមវិទ្យាស្ថានជាតិសម្រាប់ការសិក្សាសមុទ្រចិនខាងត្បូង ដែលជាអង្គការស្រាវជ្រាវមួយមានមូលដ្ឋាននៅក្នុងខេត្ត Hainan ប្រទេសចិន បានឲ្យដឹងថា កងឈ្លបដែនសមុទ្រវៀតណាម ដែលត្រូវបានបង្កើតឡើងរយៈពេល១២ឆ្នាំមកនេះ មានសមាជិកចាប់ពី ៤៦.០០០ ទៅ ៧០.០០០ នាក់។ អង្គការនេះថា មានកងអនុសេនាតូចចំនួន១៣ ដែលមានសមាជិកសរុបចំនួន ៣.០០០ នាក់កំពុងប្រតិបត្តិការនៅក្បែរតំបន់ប្រជុំកោះ Paracel ដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង និងមនុស្សចំនួន ១០.០០០ នាក់ផ្សេងទៀត កំពុងប្រតិបត្តិការទូកនេសាទប្រដាប់ដោយអាវុធ នៅភាគខាងត្បូងនៃប្រទេសវៀតណាម។
អ្នកស្រី Yun Sun អ្នកស្រាវជ្រាវជាន់ខ្ពស់នៃកម្មវិធីអាស៊ីខាងកើតនៃមជ្ឈមណ្ឌល Stimson ក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា កាលពី១០ឆ្នាំមុន កងឈ្លបនេះ «ទើបតែចាប់ផ្តើមប៉ុណ្ណោះ»។
លោក Collin Koh អ្នកស្រាវជ្រាវផ្នែកសន្តិសុខសមុទ្រនៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ក្នុងប្រទេសសិង្ហបុរីបញ្ជាក់ថា៖ «ពួកគេព្យាយាមពង្រីកកងឈ្លបនៅដែនសមុទ្រ។ គោលគំនិតគឺថា កងឈ្លបនៅដែនសមុទ្រដែលមានស្រាប់ត្រូវពង្រីកអំណាចរបស់ខ្លួន»។
ប្រទេសចិនទាមទារចំណែកប្រមាណ៩០% នៃផ្ទៃសមុទ្រទំហំ ៣,៥ លានគីឡូម៉ែត្រការ៉េ ដែលសម្បូរទៅដោយទិន្នផលត្រី និងអណ្តូងប្រេងឥន្ធនៈនោះ។ វៀតណាមនិយាយថា ភាគច្រើននៃតំបន់ប្រជុំកោះធំៗបំផុតចំនួនពីរនៅក្នុងសមុទ្រនេះ គឺប្រជុំកោះ Paracels និងប្រជុំកោះ Spratlys ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ចិនជាប្រទេសដែលមានយោធាទំនើបជាងគេបំផុតក្នុងចំណោមប្រទេសទាំង ៦ ដែលមានជម្លោះលើអធិបតេយ្យដែនសមុទ្រនេះ និងកំពុងគ្រប់គ្រងតំបន់ប្រជុំកោះ Paracels។ ប្រទេសចិន និងវៀតណាម ជួនកាលប៉ះទង្គិចគ្នានៅលើសមុទ្រ ដោយមានការប្រឈមមុខបង្ហូរឈាមគ្នា ត្រូវបានគេរាយការណ៍នៅក្នុងឆ្នាំ១៩៧៤ និងឆ្នាំ១៩៨៨។
ប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងកោះតៃវ៉ាន់អះអាងថា ផ្នែកខ្លះ ឬទាំងអស់នៃសមុទ្រចិនខាងត្បូងជារបស់ខ្លួនផងដែរ។
អ្នកវិភាគនិយាយថា ចិនរក្សាទុកកងឈ្លបនៅដែនសមុទ្រដែលអាចមើលឃើញយ៉ាងច្បាស់។ នេះសំដៅដល់ទូកនេសាទប្រដាប់ដោយអាវុធ និងអ្នកនេសាទដែលត្រូវបានបង្វឹកឱ្យធ្វើកិច្ចការយោធា ដោយមានការគាំទ្រពីឆ្មាំសមុទ្រ។ កងឈ្លបនៅដែនសមុទ្ររបស់ចិន ត្រូវបានបង្កើតឡើងនៅក្នុងទសវត្សរ៍១៩៥០ និងទទួលខុសត្រូវដោយផ្ទាល់ចំពោះកងទ័ពរំដោះប្រជាជនចិន នេះបើយោងតាមអង្គការ Rand Corp ដែលជាអង្គការស្រាវជ្រាវមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិកនោះ។
សៀវភៅសស្តីពីការការពារជាតិឆ្នាំ២០១៩របស់វៀតណាម បានកត់សម្គាល់ពីវត្តមានរបស់ «កងឈ្លប» ក្នុងស្រុក និង«ការផ្លាស់ប្តូរក្នុងការរៀបចំ និងការបំពាក់ឧបករណ៍របស់កងឈ្លប»នេះ ប៉ុន្តែមិនបានបកស្រាយលម្អិតនោះទេ។
លោក Koh និយាយថា អ្នកនេសាទជាកងកម្លាំងបម្រុងក្រៅម៉ោងដែលទទួលបានការបណ្តុះបណ្តាល។ លោកថា ពួកគេធ្វើសកម្មភាពដូចកប៉ាល់ល្បាត និងអាចត្រូវបានគេមើលដឹង ដោយសារពួកគេខ្វះសំណាញ់ចាប់ត្រី។
លោក Nguyen Thanh Trung នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រនៅក្នុងក្រុងហូជីមិញនិយាយថា មិនមានមន្ត្រីណានៅក្នុងក្រុងហាណូយ ឬប្រព័ន្ធផ្សព្វផ្សាយធំៗណាមួយនៅក្នុងប្រទេស បានពិភាក្សាលើសមត្ថភាព ទីកន្លែង ឬការគ្រប់គ្រងលើកងឈ្លបនេសាទនោះទេ។ លោកថា រដ្ឋាភិបាលមិនចង់ធ្វើឱ្យចិនខឹង ឬទំនងជា «ចម្លង» របៀបធ្វើការបែបនេះ។
លោក Nguyen បញ្ជាក់ថា៖ «ពួកគេមិនចង់បង្ហាញថា យើងកំពុងចម្លងក្បួនពីចិននោះទេ។ ចិនកំពុងប្រើប្រាស់កងឈ្លបនេសាទ ហើយយើងប្រើប្រាស់កងឈ្លបនេសាទដូចគ្នាដើម្បីតទល់នឹងចិនដែរ»។
លោក Koh និយាយថា កងឈ្លបវៀតណាមមិនសូវ «មានលក្ខណៈអាជីព» ដូចកងឈ្លបរបស់ចិននោះទេ។
អ្នកវិភាគជឿជាក់ថា កងឈ្លបវៀតណាមអាចនឹងរំខានដល់ចិន ប៉ុន្តែមិនរំខានដល់ប្រទេសទាមទារដែនសមុទ្រផ្សេងទៀតនោះទេ។
លោក Huang Kwei-bo ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ National Chengchi University ក្នុងទីក្រុងតៃប៉ិគូសបញ្ជាក់ថា កោះតៃវ៉ាន់មានការបារម្ភខ្លាំងជាង អំពីយន្តហោះចម្បាំងថ្មីៗរបស់វៀតណាមនៅក្បែរទីតាំងកោះសំខាន់ៗរបស់ខ្លួននោះ។
លោក Jay Batongbacal សាស្ត្រាចារ្យកិច្ចការសមុទ្រអន្តរជាតិនៅសាកលវិទ្យាល័យ University of the Philippines ក្នុងក្រុង Quezon និយាយថា យោធាហ្វីលីពីននិងវៀតណាម បានផ្លាស់ប្តូរព្រឹត្តិការណ៍កីឡាករនៅលើកោះ ដែលពួកគេកាន់កាប់រៀងៗខ្លួន ហើយនៅក្នុងខែមិថុនា ឆ្នាំ២០១៩ ទូកនេសាទវៀតណាមបានជួយសង្គ្រោះកប៉ាល់ហ្វីលីពីនមួយដែលបានក្រឡាប់។
លោក Batongbacal លើកឡើងថា៖ «ទំនាក់ទំនងរវាងអ្នកនេសាទវៀតណាម និងហ្វីលីពីនមកទល់ពេលនេះ ជាទំនាក់ទំនងល្អ។ ខ្ញុំគិតថា ពួកគេយ៉ាងហោចណាស់មានការយល់ដឹងពីគ្នាទៅវិញទៅមក»។
មន្ត្រីហ្វីលីពីនមួយចំនួននិយាយថា កប៉ាល់នេសាទចិនម្តងម្កាល បានមកក្រឡឹងក្បែរកូនកោះដែលកាន់កាប់ដោយរដ្ឋាភិបាលក្រុងម៉ានីល ក្នុងតំបន់ប្រជុំកោះ Spratly ក្នុងរយៈពេល៤ឆ្នាំចុងក្រោយដើម្បីជាការគំរាមកំហែង។
លោក Huang លើកឡើងថា វៀតណាមប្រហែលនឹងដាក់ពង្រាយកងឈ្លបរបស់ខ្លួនដោយប្រុងប្រយ័ត្ន និងព្យាយាមបញ្ចៀសជម្លោះ។ លោកថា «អ្វីដែលអាចទាយទុកបានគឺថា នៅពេលណាពួកគេស្ថិតនៅលើសមុទ្រ និងក្នុងពេលកំពុងហ្វឹកហ្វឺន ថាតើវាជាស្ថានភាពដែលអាចធ្វើឲ្យមានការយល់ខុស ឬយ៉ាងណានោះ»៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ