អ្នក​វិភាគ​ថា​តៃវ៉ាន់​នឹង​មិន​​ក្លាយ​ជា​បញ្ហា​សំខាន់​នៅ​ក្នុង​ជំនួប​រវាង​លោក Biden និង​លោកXiទេ

រូបេកសារ៖ ប្រធានាធិបតី​អាមេរិកលោក Joe Biden និងប្រធានាធិបតីចិន Xi Jinping ជួបគ្នា​នៅ​កិច្ចប្រជុំកំពូល G20 Summit នៅ​កោះ​បាលី​កាលពីថ្ងៃទី​១៤ វិច្ឆិកា ឆ្នាំ២០២២។

ទោះ​ជា​មានការ​ខ្វែង​គំនិត​គ្នាយ៉ាង​ខ្លាំងរបស់​ពួកគេ​លើ​បញ្ហា​តៃវ៉ាន់ ក៏​ចិន​និង​សហរដ្ឋ​អាមេរិកទំនង​ជា​នឹង​ព្យាយាម​កម្រិត​ពេល​វេលា​ដែល​ពួកគេ​នឹង​ចំណាយ​លើ​បញ្ហា​នេះ។

លោក Kharis Templeman ​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅឯ​វិទ្យាស្ថានHoover នៃ​សា កលវិទ្យាល័យStanford បាន​ប្រាប់​វីអូអេ​នៅ​ក្នុង​បទ​សម្ភាសន៍​តាម​វីដេអូ​ថា«ភាគី​ទាំង ២​នឹង​ត្រូវ​និយាយ​អ្វី​មួយ​អំពី​តៃវ៉ាន់ ក៏ប៉ុន្តែ នេះ​មិន​មែន​ជា​ប្រភេទ​នៃ​បរិយាកាស​ដែល​ពួកគេ​អាច​អង្គុយ​សន្ទនា​គ្នា​ដោយ​ស្មោះត្រង់អំពី​វិធីដោះ​ស្រាយ​ដែល​ភាគី​នីមួយៗ​នឹង​មាន​នោះ​ទេ»។

លោក​គិត​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​ព្យាយាម​ពិភាក្សា​អំពី​បញ្ហា​តៃវ៉ាន់«តិច​បំផុត​តាម​លទ្ធភាព​ធ្វើ​បាន»។

លោក Templeman និយាយ​ទៀត​ថា«មាន​ការបោះឆ្នោត​នៅ​តៃវ៉ាន់​នៅ​ខែ​មករា​ដែល​អាច​ផ្លាស់ប្តូរ ដូច្នេះ គ្មាន​ភាគី​ណាមួយ​មាន​ការ​លើក​ទឹក​ចិត្ត​ដើម្បី​ព្យាយាមធ្វើ​ជាអ្នក​អង់អាច​ក្លាហាន​ហើយ​ឈោង​ទៅ​ដល់​ភាគី​ផ្សេង​ទៀត​ឬ​ងាកចេញ​ពី​មាគ៌ា​ដែល​ពួកគេបាន​ប្រកាន់​យក​ក្នុង​ពេល​ពីរ​បី​ឆ្នាំ​កន្លង​មក​នៅ​ក្នុង​ទំនាក់​ទំនង​ត្រី​ភាគី«រវាង​សហរដ្ឋ​អាមេរិក ចិន​និង​តៃវ៉ាន់»។

ចិន​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ហើយ​បាន​សន្យា​បង្រួប​បង្រួម​ជា​មួយ​កោះ​ដែល​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ណា​មួយ ដោយ​ប្រើ​កម្លាំង បើ​ចាំបាច់។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្កើន​យុទ្ធនាការសកម្មភាព​យោធា​បំភិទ​បំភ័យ​របស់​ខ្លួននៅ​ជុំវិញ​កោះ​តៃវ៉ាន់ ដោយ​បាន​បញ្ជូន​យន្តហោះ​យោធា​ម្តង​ហើយ​ម្តង​ទៀត​ចូល​ក្នុង​តំបន់​អត្តសញ្ញាណ​ការពារ​ដែន​អាកាស​របស់​តៃវ៉ាន់​ហើយ​នឹង​រៀបចំ​សមយុទ្ធ​យោធា​បែប​ឡោមព័ទ្ធ​ជំុវិញ​កោះ​នេះ។

ថ្វីបើ​មិន​មាន​ចំណង​ទាក់ទង​ការទូត​ផ្លូវការជាមួយ​តៃវ៉ាន់​ក៏ដោយ សហរដ្ឋ​អាមេរិក​បាន​ប្រកាន់​យក​ជា​យូរ​មក​ហើយ​នៃ​គោលនយោបាយ​នូវ​ការ​ធ្វើ​ឱ្យ​ប្រាកដ​ថា​តៃវ៉ាន់​អាច​ការពារ​ខ្លួន​ឯង​បាន ហើយ​បាន​ធ្វើ​ដូច្នេះ​តាមរយៈ​ការ​លក់​ឧបករណ៍​យោធា​ជា​ប្រចាំ។ ការ​លក់ឧបករណ៍​យោធា​របស់​សហរដ្ឋ​អាមេរិក​ទៅ​ឱ្យ​តៃវ៉ាន់​មានកាន់​តែ​ញឹកញាប់​ខ្លាំង​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

ខណៈ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ចាត់​វិធានការ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ដើម្បី​បន្ត​ការ​ផ្លាស់ប្តូរ​កម្រិត​ខ្ពស់​ហើយ​នឹង​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​ដល់​ទំនាក់​ទំនង​ទ្វេភាគី​នោះ ភាព​តានតឹង​ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់​នៅ​តែ​មាន​កម្រិត​ខ្ពស់។

បើ​តាម CGTN រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yiបាន​ប្រាប់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Jake Sullivanក្នុង​អំឡុង​នៃ​ជំនួប​របស់​លោក​ទាំង​ពីរ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ខែ​មុន​ថា«ឯករាជ្យភាព​របស់​តៃវ៉ាន់»ដូចដែល​បណ្តាញ​ទូរទស្សន៍​រដ្ឋ​ចិន​បាន​រាយការណ៍​ជា«ការគំរាម​កំហែង​ខ្លាំង​បំផុត​ដល់​សន្តិភាព​និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ដែល​ត្រូវតែ​ជំទាស់​ប្រឆាំង​ដាច់​ខាត​ហើយ​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ក្នុង​គោលនយោបាយ​និង​សកម្មភាព​ជាក់លាក់»៕

ប្រែសម្រួល​ដោយ ជឹង ប៉ូជីន