ក្រុមអ្នកវិភាគបង្ហាញគំនិតខ្លះ ពេលលោក នាយករដ្ឋមន្ត្រី ហ៊ុន សែនដែលសរសើរថា ជប៉ុនជាគំរូប្រជាធិបតេយ្យសម្រាប់កម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដូច្នេះស្របពេលលោក បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន ជាមួយមេដឹកនាំប្រទេសតាមដងទន្លេមេគង្គផ្សេងទៀត។
ក្រោយការប្រកាសអះអាងប្រាប់ទីភ្នាក់ងារសារព័ត៌មានជប៉ុនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលបានសរសើរថា ប្រទេសជប៉ុន ជាគំរូប្រជាធិបតេយ្យ ដែលកម្ពុជា ត្រូវរៀនសូត្រនោះ ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា បានអះអាងថា ប្រជាធិបតេយ្យជប៉ុន គឺជាប្រជាធិបតេយ្យ ទទួលបានជោគជ័យនៅអាស៊ី ដែលអាច ជួយដល់ស្ថានការណ៍កម្ពុជាឲ្យមានការប្រែប្រួលទៅថ្ងៃក្រោយ។
នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារព័ត៌មាន Kyodo News របស់ជប៉ុន កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងពេលលោកចូលរួមក្នុងកិច្ចប្រជុំកំពូល មេគង្គ ជប៉ុន ក្នុងទីក្រុងតូក្យូ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសជប៉ុនជាគំរូប្រជាធិបតេយ្យ ដែលយើងគួររៀនសូត្រ។ ទីភ្នាក់ងារសារព័ត៌មានជប៉ុនបានដកស្រង់ ប្រសាសន៍លោកនាយករដ្ឋមន្ត្រីកម្ពុជាមកបញ្ជាក់តាមខ្លឹមសារដើមថា៖
«ខ្ញុំតែងតែសម្លឹងមើលទៅកាន់ប្រទេសអភិវឌ្ឍន៍មួយចំនួនក្នុងតំបន់ និងជុំវិញពិភពលោក ដែលខ្ញុំអាចរៀនសូត្រពីគេ អំពីទិដ្ឋភាពនយោបាយនិងសេដ្ឋកិច្ច។ ជាពិសេស និងជានិច្ចកាល ជប៉ុនមានស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចយ៉ាងខ្លាំង ហើយ គឺជាគំរូនៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដ»។
លោក បណ្ឌិត ឈាង វណ្ណារិទ្ធិអ្នកវិភាគនិងអ្នកស្រាវជ្រាវកិច្ចការតំបន់ បានកត់ សំគាល់ ពីភាពជោគជ័យនៃលទ្ធិប្រជាធិបតេយ្យនៅជប៉ុនគឺដោយសារមានការចូលរួម ឲ្យតម្លៃនិងអនុវត្តន៍លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ទាំងថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ។
«ហើយកត្តាដែលនាំឲ្យមានភាពជោគជ័យនៃលទ្ធិប្រជាធិបតេយ្យហ្នឹង គឺទី១ ទាក់ទង នឹងកត្តាអ្នកដឹកនាំ គឺអ្នកដឹកនាំហ្នឹងគាត់យល់អំពីតម្លៃនៃលទ្ធិប្រជាធិបតេយ្យ ហើយ ជំរុញលទ្ធិប្រជាធិបតេយ្យ ហើយកត្តាទី២ គឺកត្តាប្រជាជនគឺថានៅពេលដែលថ្នាក់ ដឹកនាំគាត់ឲ្យតម្លៃគោរពលទ្ធិប្រជាធិបតេយ្យទៅ ប្រជាជនគាត់យល់អំពីតម្លៃ ប្រជា ធិបតេយ្យ ហើយគាត់ក៏ជំរុញនូវការគោរពលទ្ធិប្រជាធិបតេយ្យហ្នឹងយូរអង្វែង»។
លោក ឈាង វណ្ណារិទ្ធិ បានបន្ថែមប្រាប់ VOA ថា ស្ថិរភាព ការអភិវឌ្ឍន៍និង ការអប់រំ ក៏ចូលរួមចំណែកដ៏សំខាន់ក្នុងដំណើរការប្រជាធិបតេយ្យផងដែរ។
«ប្រសិនបើប្រជាជនអត់មានចំណេះដឹងជ្រៅជ្រះ លទ្ធិប្រជាធិបតេយ្យហ្នឹង អាចក្លាយ ជាឧបករណ៍របស់អ្នកនយោបាយ វាទៅជាប្រជាធិបតេយ្យ មានលក្ខណៈជា ប្រជាភិថុត ដែលឥឡូវកំពុងរីករាលដាលជុំវិញពិភពលោកហ្នឹង ដោយសារតែអ្នក នយោបាយយកលទ្ធិប្រជាធិបតេយ្យធ្វើជាឈ្នាន់ ឬ ជាឧបករណ៍ដើម្បីមហិច្ឆិតា អំណាចរបស់ខ្លួន។ នេះក៏ជាករណីគ្រោះថ្នាក់មួយដែរ ដល់លទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែដល់ប្រជាជនគាត់យល់ច្រើនអំពីការទទួលខុសត្រូវរបស់គាត់ គាត់យល់អំពីការចូលរួមពីការទទួលខុសត្រូវរបស់រដ្ឋ និងការទទួលខុសត្រូវរបស់ប្រជាជន អញ្ចឹងទៅធ្វើ ឲ្យការចេះដឹងរបស់គាត់ហ្នឹងមិនអាចឲ្យអ្នកនយោបាយទៅបោកគាត់បាន»។
បន្ថែមពីលើនេះ អ្នកវិភាគកិច្ចការតំបន់ គឺលោក ឈាង វណ្ណារិទ្ធ បានអះអាងថាកម្ពុជា ត្រូវការពេលដើម្បីពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋដែលលោកមើល ឃើញថានៅខ្វះយន្តការ ស្ថាប័នរឹងម៉ាំ ខ្វះការជឿទុកចិត្តគ្នារវាងអ្នកនយោបាយ ជាដើម។
«ហើយយើងមើលប្រវត្តិសាស្ត្រកម្ពុជាមក ការផ្លាស់ប្តូរថ្នាក់ដឹកនាំពីមួយទៅមួយហ្នឹង ភាគច្រើនគឺមានការបង្ហូរឈាម ហើយនឹងមានអំពើហិង្សា។ អញ្ចឹងទេអាហ្នឹង គឺជា កត្តាប្រវត្តិសាស្ត្រ ហើយនឹងកត្តាស្ថាប័ន ព្រោះថានយោបាយកម្ពុជាភាគច្រើនពឹង ទៅលើបុគ្គល អត់ពឹងទៅលើស្ថាប័នទេ ហើយបើយើងប្រៀបមើលទៅលើជប៉ុនគឺ ស្ថាប័នជារឿងសំខាន់។អញ្ចឹងទេគណបក្សណាឈ្នះកាន់អំណាចក៏ដោយ ក៏អត់ធ្វើ ឲ្យមានសង្គ្រាមដែរពីព្រោះស្ថាប័ននៅតែនឹងនរ ប្រព័ន្ធគ្រប់គ្រងនៅតែនឹងនរ គ្រាន់តែ ប្តូរថ្នាក់ដឹកនាំពីលើទេ»។
លោក គល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្រែល បានអះអាង ពីភាពខ្លាំងរបស់លទ្ធិប្រជាធិបតេយ្យជប៉ុន និង ការលះបង់របស់មេដឹកនាំនិងអ្នក នយោបាយជប៉ុន ដែលលោកថាជប៉ុនគឺជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ លេចធ្លោរជាងគេមួយក្នុងតំបន់អាស៊ី និង មានជោគជ័យ។
«នៅប៉ុនគឺថាគេមានការគោរពតួនាទីគណបក្សប្រឆាំងខ្លាំងណាស់ ហើយនៅក្នុងរដ្ឋ សភាគេគឺថា គេមានឳកាសឲ្យគណបក្សប្រឆាំងមានការដេញដោលទៅគណបក្ស កាន់អំណាចជាពិសេសទៅនាយករដ្ឋមន្ត្រីហ្នឹងជាទៀងទាត់ ហើយមេដឹកនាំនៃគណ បក្ស មួយៗគឺថាគេមានមនសិការខាងនយោបាយហ្នឹងខ្ពស់ណាស់។ នៅពេលណា ដែលគេបញ្ចេញសំដីឬក៏បញ្ចេញអកប្បកិរិយាអ្វីដែលធ្វើឲ្យប៉ះពាល់ប្រជាប្រិយរបស់ បក្សគេ ចុះឥទ្ធិពលនយោបាយរបស់បក្សគេហ្នឹង គឺថាគេលាលែងដោយឆន្ទះរបស់ គេតែម្តង ដូចថាគេអត់ទៅប្រើប្រាស់អំណាចរំលោភទៅលើគណបក្សនយោបាយ ទៅលើរដ្ឋដើម្បីរក្សាអំណាចខ្លួនទេគឺថាគេមានមនសិការខ្ពស់ណាស់ មេដឹកនាំគណ បក្ស របស់គេមួយៗហ្នឹង»។
លោក បានបង្ហាញពីគ្រោះថ្នាក់សម្រាប់កម្ពុជា នៅពេលលទ្ធិប្រជាធិបតេយ្យ ធ្លាក់ចុះ។
«ប៉ុន្តែយើងជួបហានិភ័យខ្ពស់ទៀតនៅពេលដែលយើងយកប្រទេសយើងហ្នឹងត្រឡប់ ទៅវិញ ត្រឡប់ទៅមិនគោរពសិទ្ធិមនុស្ស មិនគោរពលទ្ធិប្រជាធិបតេយ្យ ត្រឡប់ទៅ បក្សមួយដឹកនាំប្រទេសដូចប្រទេសចិននោះ វាអាចនាំឲ្យប្រទេសយើងកើតឡើងនូវ បញ្ហាអស្ថិរភាពឡើងវិញ ហើយអាចមានលទ្ធភាពកើតឡើងនូវជម្លោះ នយោបាយ ធ្ងន់ធ្ងរឡើងវិញ បើសិនជាយើងមិនរក្សាអ្វីដែលយើងបានធ្វើហើយតាំងពីឆ្នាំ ១៩៩៣ មក។ ប៉ុន្តែ ខ្ញុំនៅមានជំនឿព្រោះដំណើរការប្រជាធិបតេយ្យ។ ប្រជាធិបតេយ្យ វាគ្រាន់ តែជាដំណើរការទេ វាអាចកែប្រែបាន វាមិនមែនថាមិនអាចកែប្រែបានទេ វាមាន ព្រោះយើងមានគោលការណ៍ហើយក្នុងរដ្ឋធម្មនុញ្ញយើងគឺ គោលការណ៍សេរីនិយម ពហុបក្ស ការគោរពសិទ្ធិមនុស្សដែលមិនអាចកែប្រែបាន អញ្ចឹងទៅបើសិនជាអ្នក នយោបាយ មេដឹកនាំរដ្ឋាភិបាល គណបក្សកាន់អំណាច គណបក្សប្រឆាំងអី ហើយ នឹងការចូលរួមចំណែកពីសហគមន៍អន្តរជាតិ ជាពិសេសអ្នកដែលប្រកាន់របប ប្រជាធិបតេយ្យត្រឹមត្រូវចូលរួមចំណែកជួយប្រទេសយើង វានឹងធ្វើឲ្យមានការកែប្រែ វិញហើយបោះជំហានទៅមុខបន្តិចម្តងៗទៅ»។
លោក គល់ បញ្ញា បានបន្ថែមប្រាប់ VOA ថា កម្ពុជា បានដាក់បញ្ចូលគោលការណ៍ ប្រជាធិបតេយ្យជាអន្តរជាតិនេះ តាំងពីជាងពីរទសវត្សរ៍ ហើយក្នុងច្បាប់កំពូលរបស់ ប្រទេស តែសំខាន់ការអនុវត្តន៍នៅមានបញ្ហា។
«ទាំងអស់ហ្នឹងសុទ្ធតែជាគោលការណ៍ដែលគេរៀនសូត្រពីបណ្តាប្រទេស ដែល ប្រកាន់ របបប្រជាធិបតេយ្យ ពីការគោរពសិទ្ធិនានា ជាពិសេសលោកខាងលិច នោះឯង ដែលគេបានដាក់ចូលក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស គេដាក់បញ្ចូល ហើយគេ បានធ្វើសមាហរណកម្មទៅក្នុងរដ្ឋធម្មនុញ្ញរបស់យើង។ ប៉ុន្តែពេលយើងអនុវត្តទេ ដែលយើងមានបញ្ហា ដោយសារអី គឺដោយសារអ្នកនយោបាយយើងហ្នឹង សុទ្ធតែ អ្នកចាស់ៗធ្លាប់ធ្វើជាមេដឹកនាំបែបកុំម្មុយនិស្តគឺថារបៀបចាស់គឺថាយក អំណាច ប្រើប្រាស់អំណាចបុគ្គលហ្នឹងហួសហេតុ យើងមិនបានយកច្បាប់ទម្លាប់ គោលការណ៍ អីមកអនុវត្ត ម្ល៉ោះហើយវាធ្វើឲ្យមានការលំបាកក្នុងពេលអនុវត្ត តាមពិតយើងមាន គោលការណ៍រួចហើយៗគោលកាណ៍ហ្នឹងយើងបានយកពីគោលការណ៍អន្តរជាតិ»។
ទោះជាយ៉ាងណាក្តី នៅឯមហាសន្និបាតប្រចាំឆ្នាំ ដែលជាវេទិកាពិភពលោក លោក នាយករដ្ឋមន្រ្តីហ៊ុនសែនបានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៣ កាលពីចុងខែកញ្ញាថាសិទ្ធិមនុស្សនាពេលបច្ចុប្បន្ននេះបានក្លាយជា "បេសកកម្មដាក់ អារិយធម៌" ហើយការដាក់ទណ្ឌកម្មបានក្លាយជាអាវុធដ៏ពេញនិយម។លោកបានរិះ គន់ ប្រទេសលោកខាងលិចមួយចំនួនដែលជ្រៀតជ្រែកកិច្ចការកម្ពុជា ទាក់ទងនឹង លទ្ធផលនៃការបោះឆ្នោត។
គណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាន់កាប់ អំណាចជាង៣០ឆ្នាំហើយ ហើយបន្តកាន់អំណាច៥ឆ្នាំទៀត ក្រោយពីការឈ្នះការ បោះឆ្នោតទាំង១២៥ អាសនៈក្នុងរដ្ឋសភា កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨។ ការ បោះឆ្នោតចុងក្រោយនេះ មិនត្រូវបានស.រ.អា និង សហភាពអឺរ៉ុប ទទួលស្គាល់ លទ្ធផលទេ ហើយថែមទាំងកំពុងពិចារណា ព្យួរការអនុគ្រោះពន្ធនាំចូលទំនិញ គ្រប់យ៉ាង លើកលែងតែអាវុធ។ ការមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះគឺដោយសារ មានការចោទប្រកាន់ថាការបោះឆ្នោតគ្មានលក្ខណៈប្រជាធិបតេយ្យ និងសេរី ត្រឹមត្រូវ គ្មានវត្តមានគណបក្សជំទាស់ដ៏ធំគឺគណបក្សសង្គ្រោះជាតិ ដែលមានកម្លាំងប្រកួតប្រជែង ប្រហាក់ប្រហែលនឹងគណបក្សកាន់អំណាច ហើយត្រូវតុលាការ រំលាយមុនការបោះឆ្នោត មេដឹកនាំរងការចោទប្រកាន់តាមផ្លូវតុលាការ និង ការដក សិទ្ធិធ្វើនយោបាយក្រុមជំទាស់ចំនួន១១៨ ជាដើមនោះ៕