វ៉ាស៊ីនតោន៖ ការចោទប្រកាន់ពីភាពមិនប្រក្រតី ការទិញដូរសន្លឹកឆ្នោត ការទិញទឹកចិត្តមុនថ្ងៃបោះឆ្នោត ចេះតែកើតមានរាល់ពេលបោះឆ្នោតម្តងៗ ហើយពិបាកទប់ស្កាត់ផង។ ក្រុមអ្នកសង្កេតការណ៍ បោះឆ្នោតបាននិយាយថាច្បាប់ប្រឆាំងអំពើពុករលួយ គួរត្រូវដាក់បញ្ចូលជាមួយនឹងច្បាប់បោះឆ្នោតដើម្បីទប់ស្កាត់និងដាក់ទោសទណ្ឌឱ្យបានត្រឹមត្រូវចំពោះសកម្មជននយោបាយមួយចំនួនដែលប្រើប្រាស់ថវិកាមិនសមរម្យក្នុងពេលប្រកួតប្រជែងរកសំឡេងឆ្នោតនៅឆ្នាំ២០១២និងឆ្នាំ២០១៣ខាងមុខ។
ក្រុមមន្ត្រីសង្កេតការណ៍បាននិយាយថាតម្លាភាពនៃការចំណាយ ការប្រើប្រាស់ថវិកា ធនធានគួរត្រូវផ្តល់ឱ្យប្រជាពលរដ្ឋទុកចិត្ត ហើយបានឃើញផងដែរថាតើថវិកានិងធនធានទាំងឡាយដែលសកម្មជននយោបាយទាំងឡាយចំណាយនិងប្រើប្រាស់នោះបានមកពីណា?
លោក ពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះ និកហ្វិកបានអះអាងថាមានការប្រើប្រាស់ថវិកានិងធនធានខ្ជះខ្ជាយយ៉ាងច្រើននៅពេលបោះឆ្នោតដែលអ្នកនយោបាយមួយចំនួនមានឱកាសច្រើនក្នុងការប្រព្រឹត្តិដោយគ្មានកោតញញើតដល់ច្បាប់ដូចជាការទិញដូរសន្លឹកឆ្នោតជាដើម។
«ខ្ញុំយល់ថាច្បាប់ប្រឆាំងអំពើពុករលួយនិងមានប្រសិទ្ធភាពផងដែរសម្រាប់ការងារបោះឆ្នោតពីព្រោះថាបច្ចុប្បន្ននេះមិនទាន់មានគោលការណ៍ហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយនីមួយៗហើយរាប់ទាំងយុទ្ធនាការគណបក្សនយោបាយខ្លះ សកម្មជនខ្លះ លោកបានប្រើប្រាស់ថវិកាខ្ជះខ្ជាយហួសហេតុអញ្ចឹងច្បាប់ប្រឆាំងអំពើពុករលួយនេះនិងជាការរួមចំណែកពិនិត្យនិងតាមដានមើលការប្រើប្រាស់ថវិការបស់សកម្មជននៃគណបក្សនយោបាយផងដែរបាទ»។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយផ្សេង ទៀត ឈ្មោះខុមហ្រ្វែល បានទទួលស្គាល់ថា ការអនុវត្តច្បាប់នានាក្នុងពេលបោះឆ្នោតនិងជួយឱ្យមានតម្លាភាពដែលយ៉ាងហោចណាស់ក៏អ្នកបោះឆ្នោតត្រូវដឹងពីការចាយវាយ តើគេមានលុយប៉ុន្មានចាយក្នុងពេលបោះឆ្នោត អាចធ្វើឱ្យពលរដ្ឋ មើលឃើញពីធនធានការចំណាយរបស់គណបក្សនយោបាយក្នុងពេលឃោសនារកសំឡេងឆ្នោត និងដំណើរការបោះឆ្នោត។
«ប៉ុណ្ណឹងយើងអាចដឹងថាតើលុយមានឥទ្ធិពលប៉ុណ្ណានៅក្នុងដំណើរការបោះ ឆ្នោត ហើយអាចមើល(ឃើញ)តើទំហំចាយវាយយ៉ាងម៉េចដែរនៅក្នុងការឃោសនាបោះឆ្នោតហ្នឹង»។
ច្បាប់បោះឆ្នោត ច្បាប់ស្តីពីគណបក្សនយោបាយមានការដាក់ពិន័យដកបេក្ខភាពចេញពីការឈរឈ្មោះបោះឆ្នោតប្រសិនបើប្រព្រឹត្តខុសច្បាប់ដូចជាការទិញដូរសន្លឹកឆ្នោត ទិញទឹកចិត្តជាដើមក្រៅពីកំណត់ទោសទណ្ឌមួយចំនួនផ្សេងទៀតតែក្រុមអ្នកឃ្លាំមើលបានអះអាងថាគណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប)បានរារែកពេលខ្លះក្នុងការអនុវត្តដោយសារមិនមែនជាសមត្ថកិច្ចរបស់ខ្លួនឬបកស្រាយច្បាប់ទៅតាមផ្លូវផ្សេងទៅវិញ។
ទាំងលោក ពុទ្ធា ហង្ស និងលោក គល់ បញ្ញាបានអះអាងថាការដាក់ទោសទណ្ឌ ការពិន័យ ដែនសមត្ថកិច្ចរបស់គ.ជ.ប និង ការចែងក្នុងច្បាប់គួរត្រូវកែទម្រង់និង កំណត់ឱ្យបានច្បាស់លាស់សម្រាប់ធានាការបោះឆ្នោតដោយសេរីយុត្តិធម៌ត្រឹមត្រូវហើយនេះគឺជាតួនាទីរបស់គ.ជ.ប។
ក្រៅពីអះអាងថារដ្ឋគួរមានកញ្ចប់ថវិកាសម្រាប់ផ្តល់ជូនគណបក្សនយោបាយនៅពេលឃោសនាបោះឆ្នោតផងនោះ លោក គល់ បញ្ញាបានសង្កត់ធ្ងន់ដែរថាច្បាប់ព្រហ្មទណ្ឌក៏បានចេញហើយ ច្បាប់ប្រឆាំងនឹងអំពើពុករលួយក៏បានចេញហើយ ក៏ប៉ុន្តែច្បាប់បោះឆ្នោតនៅមិនទាន់ឃើញមានការកែសម្រួលនៅឡើយទេ។
លោកទេព នីថាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពុំទាន់ អះអាងឱ្យប្រាកដប្រជាថាតើច្បាប់ប្រឆាំងនឹងអំពើពុករលួយនេះ នឹងត្រូវដាក់បញ្ចូលក្នុងច្បាប់បោះឆ្នោតឬក៏យ៉ាងណាទេ។
«ច្បាប់ទាក់ទងនឹងអំពើពុករលួយហ្នឹងវាដូចអត់ទាន់បានសិក្សាបញ្ចូលគ្នាជាមួយនឹងច្បាប់បោះឆ្នោតនៅឡើយទេ ហើយយើងខ្ញុំអត់ទាន់បានសិក្សាបញ្ហាហ្នឹងទេបាទ»។
ទោះជាយ៉ាងណាក៏ដោយលោកបញ្ជាក់ថាការដាក់ទោសពិន័យពេលមានភាពមិនប្រក្រតីទាក់ទងនឹងការបោះឆ្នោត អាចប្រព្រឹត្តទៅបានគឺអាស្រ័យលើច្បាប់បោះឆ្នោត តែពុំមានចែងពីអំពើពុករលួយទេ។
ដោយទំនងជាមិនព្រួយបារម្ភចំពោះច្បាប់បោះឆ្នោតនិងច្បាប់គណបក្សនយោបាយដែលកម្រឃើញមានការដាក់ទោសទណ្ឌដ៏ធ្ងន់ណាមួយកើតឡើងនោះ មន្ត្រីគណបក្សកាន់អំណាចមួយរូបជាមន្ត្រីរាជការបានថ្លែងក្នុងលក្ខខណ្ឌមិនឱ្យបញ្ចេញឈ្មោះប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា មានការព្រួយបារម្ភខ្លះៗកើតឡើងក្នុងចំណោមមន្ត្រីគណបក្សកាន់អំណាចចំពោះច្បាប់ប្រឆាំងអំពើពុករលួយដោយចាត់ទុកថាច្បាប់នេះនឹងត្រូវដាក់ទោសទណ្ឌទៅលើពួកគេនិងសមាជិកអ្នកគាំទ្រគណបក្សកាន់អំណាចដែលរកលុយបានបច្ចុប្បន្នមកពីរឿងខុសច្បាប់ត្រូវច្បាប់ខ្លះ (ការស៊ី សំណូក សូកប៉ាន់ ការប្រព្រឹត្តិអំពើពុករលួយ) ដើម្បីគណបក្សឬដើម្បីប្រើ ពេលបោះឆ្នោត តែបើច្បាប់នេះចេញមកហើយបង្ខំឱ្យមន្ត្រីរាជការ ប្រកាសទ្រព្យសម្បត្តិតើពួកគេនិងធ្វើអ្វីទៀតបាន។
មន្ត្រីដដែលបាននិយាយថា៖
«រកលុយដើម្បីបក្សតែពេលគេប្តឹងរករឿងជាប់គុក ដោះស្រាយខ្លួនឯង តើត្រូវធ្វើម៉េចបើអញ្ចឹង?»។
នេះជាការចោទសួររបស់មន្ត្រី រាជការដដែលនោះ។ មន្ត្រីដដែលបានបញ្ជាក់ថាការប្រកាសទ្រព្យសម្បត្តិ ទូទៅនេះនឹងធ្វើឱ្យមានភាពចំណេញសម្រាប់គណបក្សប្រឆាំងនៅពេលបោះឆ្នោតខាងមុខ។
ក៏ប៉ុន្តែលោក កឹម សុខាប្រធានគណបក្សសិទ្ធិមនុស្ស បានសង្ស័យពីឆន្ទៈពិតប្រាកដចំពោះការ អនុវត្តច្បាប់ប្រឆាំងនឹងអំពើពុករលួយនិងការចាត់វិធានការរបស់អាជ្ញាធរនៅពេលមានភាពមិនប្រក្រតីកើតឡើងពេលបោះឆ្នោត ដោយនិយាយថាគណបក្សតូចតាច គណបក្សប្រឆាំងដែលនឹងត្រូវរងគ្រោះ ដោយសារច្បាប់នេះតែមិនមែនគណបក្សកាន់អំណាចទេ។ លោកកឹម សុខាអះអាងថាការអនុវត្តច្បាប់នេះនឹងគ្មានភាពស្មើគ្នារវាងគណបក្សប្រឆាំងនិងគណបក្សកាន់អំណាចដែលជាអ្នកតាក់តែងច្បាប់អ្នកអនុវត្តច្បាប់នោះទេ។
ទោះជាយ៉ាងណាក៏ដោយអ្វីដែលលោកកឹម សុខា សង្ឃឹមសម្រាប់គណបក្សប្រឆាំងរបស់លោក គឺការពិចារណានិងការយល់ដឹងរបស់ប្រជាពលរដ្ឋ ការយល់ដឹងពីតម្លៃនៃសន្លឹកឆ្នោត ដែលការរស់នៅមួយជីវិតនិងអនាគតប្រទេសមិនពឹងផ្អែកទៅលើអំណោយ ការទិញទឹកចិត្តមួយគ្រានោះទេ។ លោក ថ្លែងយ៉ាងដូច្នេះដោយយោលថាលោកបានចុះមូលដ្ឋាន ជាច្រើនកន្លងមកដើម្បី ពន្យល់ ប្រជាពលរដ្ឋឱ្យយល់ពីការទិញទឹកចិត្តនិងទិញសន្លឹកឆ្នោតពីបទពិសោធនៃការរំលោភបំពានដីធ្លី ផ្ទះសម្បែង បណ្តេញចេញពីលំនៅដ្ឋានជាដើម។
«ទទួលមេរៀនទាំងអស់ហ្នឹងហើយដោយសារយកអំណោយគេ បោះឆ្នោតឱ្យគេៗយកដីគាត់វិញ យើងបានបង្ហាញភាពជាក់ស្តែងច្រើនហើយ ដូច្នេះហើយ ខ្ញុំថា ប្រហែលជាអាចកាត់បន្ថយជាងមុនទោះបីជាប្រជាពលរដ្ឋយក ក៏ដោយ ហើយគេឱ្យស្បថក៏ដោយប្រហែលជាមានការផ្លាស់ប្តូរច្រើនជាងមុន»។
តាមច្បាប់ប្រឆាំងនឹងអំពើពុករលួយក៏ដូចជាច្បាប់ព្រហ្មទណ្ឌថ្មីដែរគឺត្រូវគេរាយការណ៍មកថា អំពើសូកប៉ាន់ ពុករលួយត្រូវគេចាត់បញ្ចូលជាបទល្មើសព្រហ្មទណ្ឌ ដែលអ្នកទទួលសំណូកនិងអ្នកសូកប៉ាន់ត្រូវមានទោសទណ្ឌដូចគ្នា បើរកឃើញថាមានកំហុស។
ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតបាននិយាយទៀតថាការប្រកាសទ្រព្យសម្បត្តិ ដោយបិទបាំងព័ត៌មានជាពិសេសមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលឬអ្នកនយោបាយគឺជាការលំបាកដើម្បីឱ្យពលរដ្ឋវាយតម្លៃពីភាពស្អាតស្អំរបស់អ្នកដឹកនាំនិងអ្នកនយោបាយទាំងនោះ។ អ្នកសង្កេតការណ៍កម្ពុជាបានកោតសរសើរដល់ អ្នកនយោបាយថៃនិងហ្វីលីពីនដែលប្រកាសទ្រព្យសម្បត្តិជាសាធារណៈដាក់លើទំព័រមុខនៃសារព័ត៌មានមកធ្វើជាឧទាហរណ៍ដែលកម្ពុជាគួរអនុវត្តដូចគ្នាបច្ចុប្បន្ននេះ៕