អ្នកវិភាគ៖ ​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​គួរ​ដោះស្រាយ​បញ្ហា​បំណុល​ឲ្យ​ចប់ ដើម្បី​ស្តារ​ទំនាក់​ទំនង​ទ្វេភាគី​ឡើង​វិញ

រូបឯកសារ៖ លោក John Gunther Dean ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា ជួបពិភាក្សាជាមួយលោក លន់ នល់ មេដឹកនាំកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ១៩៧៤។

វ៉ាស៊ីនតោន — ក្នុង​ពេល​ដែល​សហរដ្ឋ​អាមេរិកនិង​កម្ពុជា​កំពុង​ប្រឹងប្រែង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគីនៅ​ឆ្នាំ​នេះ ​ដែល​ជា​ឆ្នាំ​គម្រប់​ខួប​ទី​ ៧០ ​នៃ​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ សហរដ្ឋ​អាមេរិក​គួរ​តែ​លើកលែង ​ឬ​បង្វែរ​បំណុល​ដែល​កម្ពុជា​បាន​ជំពាក់​ តាំង​ពីដើម​ទសវត្សរ៍​ ១៩៧០​ មក​ ​ទៅ​ជាជំនួយ ​ឬ​មូលនិធិ​អប់រំ​មួយ​ ដូច​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ជាមួយ​ប្រទេស​វៀតណាម​ កាល​ពី​ប្រមាណ​ ២០ ​ឆ្នាំ​មុន។ ​នេះ​បើ​យោង​តាម​អ្នក​វិភាគ​មួយ​ចំនួន។

ប៉ុន្តែ មន្ត្រី​ការទូត​សហរដ្ឋអាមេរិក​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា ​ខណៈ​ដែល​សហរដ្ឋ​អាមេរិក​នៅ​តែ​ចង់​ដោះស្រាយ​បញ្ហា​បំណុល​ជាមួយ​កម្ពុជា ​ប្រទេស​ដែល​ជំពាក់បំណុល​អាមេរិក ​ត្រូវ​តែ​សង​បំណុល​នោះ​វិញ។

លោក អ៊ូ វីរៈ​ ស្ថាបនិក​នៃ​អង្គការ​វេទិកា​អនាគត បាន​មាន​ប្រសាសន៍​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​ កាល​ពី​ថ្ងៃ​ទី​១៩ ​ខែ​សីហា ​ឆ្នាំ​២០២០​ ថា ​សហរដ្ឋ​អាមេរិក​គួរ​តែ​លើកឡើង​អំពី​បញ្ហា​បំណុល​នេះ ប៉ុន្តែ​លោក​ថា​ ការ​លើកឡើង​បញ្ហា​នេះ គួរ​តែ​ធ្វើ​តាម​របៀប​មួយ​ដែល​អាច​ស្វែង​រក​ដំណោះស្រាយសម្រាប់​កម្ពុជា ដែល​លោក​ចាត់​ទុក​ថា​ជា​ប្រទេស​រង​គ្រោះ​មួយ​ក្នុង​តំបន់​ឥណ្ឌូចិន​ នៅ​សម័យ​សង្គ្រាម​ត្រជាក់​រវាង​មហាអំណាច​ នា​អំឡុង​ទសវត្សរ៍​ ១៩៦០​ និង​១៩៧០។

«បំណុល​នេះ​គួរ​តែ​ជជែក​មួយ ​ក្នុង​ន័យ​ប្រទេស​ដែល​ត្រូវ​បាន​រងគ្រោះ​ ហើយ​គួរ​តែ​ជជែក​រក​ដំណោះ​ស្រាយ​ ដើម្បី​បំបាត់​ចោល​នូវ​បំណុល ​ឬ​មួយ​ក៏​បង្វែ​បំណុលទៅ​ជា​ជំនួយ​មួយ​ណា ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​វិញ»។

លោក​ អ៊ូ វីរៈ ​ដែល​មាន​សញ្ជាតិ​អាមេរិកាំងដែរ​នោះ ​បន្ថែម​ថា៖

«ឧទាហរណ៍​ផ្តល់​ឲ្យ​ទៅ​ជា ​Scholarship [អាហារូបករណ៍] ​ទៅ​ជា​ជំនួយ​ដើម្បី​និស្សិត​កម្ពុជា​ទៅ​រៀន​នៅ​សហរដ្ឋ​អាមេរិក​ ឬ​ក៏​ពង្រឹង​ការ​សិក្សា​នៅ​កម្ពុជា​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​និង​យុវជន​ជំនាន់​ក្រោយ ទៅ​លើ​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​កម្ពុជា​-អាមេរិក អាច​ជា​គន្លឹះ​មួយ​ល្អ​ ហើយ​អាច​ជា​គន្លឹះ​មួយ​ដែល​អាច​បង្ក​ឲ្យ​មាន​ទំនុក​ចិត្ត​គ្នា​ខ្លះ​ ដើម្បី​ជំរុញ​ឲ្យ​ទំនាក់​ទំនង​មាន​ភាព​រឹង​មាំ​ គ្រាន់​បើ​ជាង​ពេល​បច្ចុប្បន្ន»។

រូបឯកសារ៖ លោក​ ប្រាក់​ សុខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ និង​លោក W. Patrick Murphy ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ នៅ​ក្នុងពិធី​ខួប​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូតអាមេរិក​ និង​កម្ពុជា​ ដែល​រៀប​ចំដោយស្ថាន​ទូត​អាមេរិក​ នៅ ​Futures​ Factory​ នៃ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។

ទោះបីជា​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ គឺ​សហរដ្ឋ​អាមេរិក​និង​កម្ពុជា ​ហាក់​មាន​ភាព​ល្អ​ប្រសើរឡើង​វិញ​បន្តិច​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះក៏​ដោយ ក៏បញ្ហា​បំណុល​ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​សង្គ្រាមចាប់​ពី​ដើម​ទសវត្សរ៍ ​១៩៧០ មក​នោះ នៅ​តែ​តាម​លង​ទំនាក់ទំនងនៃ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​នេះ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។

លោក​បណ្ឌិត ឈាង វណ្ណរិទ្ធិ​ ប្រធាន​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ មាន​ប្រសាសន៍​ប្រាប់​វីអូអេពី​ប្រទេស​សិង្ហបុរី​ថា ​រដ្ឋាភិបាល​កម្ពុជា​និង​សហរដ្ឋ​អាមេរិក គួរ​តែ​ពិចារណា​គំរូ​នៃ​ការ​ដោះស្រាយ​បំណុល​រវាង​ប្រទេស​វៀតណាម​និង​សហរដ្ឋ​អាមេរិក​ ក្នុង​បរិបទ​នៃ​ទំនាក់ទំនាក់​ទ្វេ​ភាគី​កម្ពុជា-អាមេរិក​ដែរ។

«ទាក់ទង​បញ្ហា​បំណុល​នេះ ភាគី​ទាំង​ពីរ​គួរ​តែ​បន្ត​ការ​ចរចា ហើយ​បង្វែ​បំណុល​ហ្នឹង​ទៅ​ជា​ជំនួយ​អភិវឌ្ឍន៍​របស់​កម្ពុជា។ មាន​ន័យ​ថា​ រដ្ឋាភិបាល​កម្ពុជា​អាច​សង​បំណុល​ហ្នឹង​ទៅ​សហរដ្ឋ​អាមេរិក​ ហើយ​យក​បំណុល​ហ្នឹង ប្រែ​ទៅ​ជា​ជំនួយ​អភិវឌ្ឍន៍​របស់​អាមេរិក មក​កម្ពុជា​វិញ»។

សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ប្រាក់​កម្ចី​ជាង ​២៧០​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​លោក​សេនាប្រមុខ​ លន់ នល់ នៅ​ដើម​ទសវត្សរ៍​ ១៩៧០​ ដើម្បី​ទិញ​ស្បៀង​និង​កសិផល​ផ្សេងៗ​របស់​សហរដ្ឋ​អាមេរិក។ កម្ចី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​កម្មវិធី​មួយ​ឈ្មោះ​ថា Food for Peace ឬ«ស្បៀង សម្រាប់​សន្តិភាព»។ នេះ​បើ​ផ្អែក​តាម​កាសែត The New York Times។

«តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រទេស​ដែល​ជំពាក់​បំណុល​ គួរ​តែ​សង​បំណុល​នោះ»។

ប៉ុន្តែ អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ មិន​ព្រម​សង​បំណុល​នេះ ដោយ​លើកឡើង​ថា ​វា​ជា​«បំណុល​ឈាម» ហើយ​ថា ​សហរដ្ឋ​អាមេរិក​ ក៏​បាន​ជំពាក់ ​«បំណុល​សីលធម៌» ចំពោះ​ការ​ទម្លាក់​គ្រាប់បែកបំផ្លិចបំផ្លាញ​ប្រទេសកម្ពុជា ​ដែល​បាន​ប្រកាស​ខ្លួន​ថា​ជា​ប្រទេស​អព្យាក្រិត្យ​មួយ​ក្នុង​សម័យ​សង្គ្រាម​នោះ​ដែរ។

ការ​លើក​ឡើង​ចុងក្រោយ​អំពី​បញ្ហា​បំណុល​នេះ ​គឺ​ធ្វើឡើង​ដោយ​លោក​ ហ៊ុន សែន ​កាល​ពី​ខែ​មេសាឆ្នាំ​២០១៧ ដែល​នៅ​ពេល​នោះ លោក​នាយករដ្ឋមន្ត្រី​ខ្មែរ ដែល​កាន់អំណាច​ជាង​៣​ទសវត្សន៍​មក​ហើយ​នេះ បាន​អំពាវនាវ​ដល់​ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ ឲ្យ​លុប​ចោល​បំណុល​ដែល​អូសបន្លាយ​ពេល​ដ៏​យូរ​នេះ។​

រហូត​មក​ដល់​ពេល​នេះ បើ​គិត​ទាំង​ការ​ប្រាក់​ផង បំណុល​ដែល​កម្ពុជា​បាន​ជំពាក់​សហរដ្ឋ​អាមេរិក​ បាន​កើន​ដល់​ជាង​ ៥០០លាន​ដុល្លារ​ហើយ។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​អាមេរិកាំង។

លោក Arend Zwartjes អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេ ​ក្នុង​បទ​សម្ភាសន៍​មួយ​អំពី​ទំនាក់ទំនង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០២០ ថា សហរដ្ឋ​អាមេរិក​នៅ​តែ​ចង់​ដោះស្រាយ​បញ្ហា​បំណុល​នេះ​ជាមួយ​កម្ពុជា​ឲ្យ​ស្រេចបាច់។

«នេះ​គឺ​ជា​បញ្ហា​មួយ​ដែល​យើង​បាន​ព្យាយាម​ដោះស្រាយ​រាប់​ឆ្នាំ​មក​ហើយ ហើយ​ជួនកាល​យើង​បាន​វិវត្ត​ទៅ​មុខ​ខ្លះ ប៉ុន្តែ​ច្បាស់ណាស់​នេះ​គឺ​ជា​បញ្ហា​មួយ​ដែល​យើង​ចង់​ដោះស្រាយ​ឲ្យ​បាន​រួចរាល់»។

ឆ្លើយតប​ទៅ​នឹង​សំណួរ​ថា តើ​សហរដ្ឋ​អាមេរិក​អាច​នឹង​ពិចារណ​បង្វែ​បំណុល​នេះ​ទៅ​ជា​មូលនិធិ​អប់រំ​ ឬ​ជំនួយ​អភិវឌ្ឍន៍​ដែរ​ឬ​ទេ​នោះ លោកមាន​ប្រសាសន៍​ថា៖ «ដើម្បី​ពិចារណា​ជម្រើស​បែប​នេះ​បាន យើង​ពិត​ជា​ចាំ​បាច់​ត្រូវ​តែ​មាន​ការ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា»។

លោក Arend Zwartjes បន្ថែម​ថា៖ «តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រទេស​ដែល​ជំពាក់​បំណុល​ គួរ​តែ​សង​បំណុល​នោះ»។

​កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១៩ ​ពោល​គឺ​៣​ខែ​ក្រោយ​ពី​ការ​មក​ដល់​របស់​លោក​ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា លោក W. Patrick Murphy បាន​មាន​ប្រសាសន៍​នៅ​ចុង​បញ្ចប់​នៃ​បទ​សម្ភាសន៍​ផ្តាច់​មុខ​មួយ​ជាមួយ​វីអូអេ​ថា​ លោក​ចង់​ឃើញ​ចំនួន​និស្សិត​ខ្មែរ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិកកើន​ឡើង​ ១០​ដង។

«ឥឡូវ​យើង​មាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ ៦០០​នាក់​ ដែល​កំពុង​រៀន​នៅ​សហរដ្ឋអាមេរិក។ ខ្ញុំ​ចង់​ឃើញ​ចំនួន ​៦០០០​នាក់»។

«ថា​តើ​វា​ជា​កម្ចី​ ឬ​ជា​ជំនួយ គ្មាន​អ្វី​ជាក់​លាក់​ទេ។ ហេតុអ្វី? ពី​ព្រោះសង្គ្រាម​នៅ​វៀតណាម​វា​ធំ​ណាស់! ​[ជំនួយ] គ្រាន់​តែ​ហៀរ​ពី​វៀតណាម​តែ​បន្តិច​បន្តួច ​វា​គ្រាន់​ហើយ​ខ្មែរ​យើង។ ​វា​គ្មាន​ពាក្យ​កម្ចី​ឬ​ស្អី​ទេ តែ​បើ​ជំនួយ​វា​មាន»។

វីអូអេ​មិន​អាច​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ទេ ដោយ​អស់​លោក បាន​បង្វែ​សំណួរ​ទៅ​កាន់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា​វិញ។

លោក គីម សុភៈ អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បាន​ឆ្លើយតប​តាម​សារ​ Telegram ថា​លោក​ត្រូវ​ការ​ការ​បំភ្លឺ​ពី​អ្នក​បច្ចេកទេស​នៃ​ក្រសួង​របស់​លោក​ជាមុន​សិន​ មុន​នឹង​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​បំណុល​នេះ​បាន។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ឆាំង សុង អតីត​រដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ លន់ នល់ បាន​ថ្លែង​ប្រាប់​វីអូអេ​ក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ ពី​ទីក្រុង​ឡុងប៊ិច​ រដ្ឋកាលីហ្វ័រញ៉ា​ សហរដ្ឋ​អាមេរិក ទី​ដែល​លោក​កំពុង​រស់​នៅ​បច្ចុប្បន្ន​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​ពិត​ជា​បាន​ទទួល​ជំនួយ​មនុស្ស​ធម៌​ខ្លះ​ពី​សហរដ្ឋ​អាមេរិកមែន ប៉ុន្តែ​លោក​ថា ​បញ្ហា​បំណុល​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ​ ដោយ​សារ​គ្មាន​ឯកសារ​ដែល​បង្ហាញឲ្យ​ប្រាកដ​ថា ​តើ​បំណុល​នេះ​កើត​ពីកម្ចី​ ឬ​ក៏​ជា​ជំនួយ​ដែល​សហរដ្ឋ​អាមេរិក​ បាន​ផ្តល់​ដល់​កម្ពុជាតាម​រយៈ​វៀតណាម​ខាង​ត្បូង​ នៅ​គ្រា​នោះ។

«ថា​តើ​វា​ជា​កម្ចី​ ឬ​ជា​ជំនួយ គ្មាន​អ្វី​ជាក់​លាក់​ទេ។ ហេតុអ្វី? ពី​ព្រោះសង្គ្រាម​នៅ​វៀតណាម​វា​ធំ​ណាស់! ​[ជំនួយ] គ្រាន់​តែ​ហៀរ​ពី​វៀតណាម​តែ​បន្តិច​បន្តួច ​វា​គ្រាន់​ហើយ​ខ្មែរ​យើង។ ​វា​គ្មាន​ពាក្យ​កម្ចី​ឬ​ស្អី​ទេ តែ​បើ​ជំនួយ​វា​មាន»។

តែ​លោក​បន្ថែម​ថា បើ​កម្ពុជា​ពិត​ជា​បាន​ជំពាក់​បំណុល​ដែល​កើត​ពី​ជំនួយ​យោធា​របស់​សហរដ្ឋ​អាមេរិក​នា​សម័យ​កាល​នោះ​មែន កម្ពុជា​ត្រូវ​តែ​សង​សហរដ្ឋ​អាមេរិក​វិញ តែ​លោក​ថា សំណង​នោះ គួរ​តែ​ត្រូវ​បង្វែ​ទៅ​ជា​ជំនួយ​មនុស្ស​ធម៌​វិញ ដោយ​លោក​អះអាង​ថា​កម្ពុជា គ្រាន់តែ​ជា​ប្រទេស​រងគ្រោះ​មួយក្នុង​សង្គ្រាម​ឥណ្ឌូ​ចិន​ប៉ុណ្ណោះ។

រូបឯកសារ៖ លោកប្រធានាធិបតីអាមេរិក Richard Nixon អមដោយរដ្ឋមន្ត្រីការបរទេសលោក Henry Kissinger ថ្លែងនៅការិយាល័យប្រធានាធិបតីនៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បន្ទាប់ពីយោធាអាមេរិកបានទម្លាក់គ្រាប់បែកក្នុងប្រទេសកម្ពុជានាអំឡុងសង្គ្រាមវៀតណាម កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ១៩៧៣។

រូបឯកសារ៖ លោកប្រធានាធិបតីអាមេរិក Richard Nixon ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយស្តីអំពីការបញ្ជូនកងទ័ពអាមេរិកចូលទឹកដីកម្ពុជា ក្នុងអំឡុងសង្គ្រាមវៀតណាម កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧០។


សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Richard Nixon ដែលគាំទ្ររដ្ឋាភិបាលវៀតណាមខាងត្បូងនិងរដ្ឋាភិបាលលោក លន់ នល់ បានសម្រេចចិត្តជាសម្ងាត់បើកយុទ្ធនាការទម្លាក់គ្រាប់បែកយ៉ាងតិច ៥០០០០០តោន ទៅលើប៉ែកខាងកើតប្រទេសកម្ពុជាជាប់ព្រំដែនវៀតណាម ក្នុងសម័យសង្គ្រាមវៀតណាម ចាប់ពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៣ ដើម្បីកាត់ផ្តាច់ការផ្គត់ផ្គង់ស្បៀងនិងសម្ភារសឹកដល់ទ័ពវៀតកុងរបស់វៀតណាមខាងជើង នៅគ្រានោះ។

«កម្ពុជា ​ខ្ញុំ​ជឿ​ជាក់​ថា​ ទុកបំណុល​នេះ ទោះ​សង​ឬ​មិន​សង ទុក​ឲ្យ​នៅ​អញ្ចឹង ទុក​ឲ្យ​នៅ​អញ្ចឹង»។

ការ​ទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋ​អាមេរិក​នោះ បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​អស់​រាប់​សិប​ម៉ឺន​នាក់​និង​បន្សល់​ទុក​គ្រាន់​មិន​ទាន់​ផ្ទុះជា​ច្រើន ​ដែល​នៅ​តែ​បន្ត​ឆក់​យក​អាយុជីវិត ​ឬ​ធ្វើ​ឲ្យ​ពិការ​ប្រជាជន​កម្ពុជា​រហូត​មក​ទល់​នឹង​សព្វថ្ងៃ​នេះ។​

លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ថា​ បើ​កម្ពុជា​ពិត​ជា​បាន​ជំពាក់បំណុល​សហរដ្ឋ​អាមេរិក​មែន នោះ​កម្ពុជា​ត្រូវ​តែ​សង​បំណុល​នោះ​វិញ។

«ទោះ​បំណុល​អាក្រក់ ​មិន​អាក្រក់​ក៏​ដោយ តែ​យើង​ខ្ចី​គេ គឺ​ជំពាក់​គេ​ហើយ។ អាក្រក់​ឬ​ល្អ ​មិន​សំខាន់​ទេ អានេះ​គឺ​គ្រាន់​តែ​ជា​ភាសា​នយោបាយ​ទេ។ ប៉ុន្តែ សង​គឺ​ត្រូវ​តែ​សង។ ឧទាហរណ៍ ខ្ញុំ​ខ្ចី​លុយ​មីក្រូហិរញ្ញវត្ថុ​មក​ធ្វើ​ស្រែ ប៉ុន្តែ​ខ្ញុំ​អត់​យក​ទៅ​ធ្វើ​ស្រែ ​ទៅ​លេង​បៀរ អាហ្នឹង​ជា​រឿង​របស់​យើង។​អានេះ​ដូចគ្នា​អញ្ចឹង​ដែរ»។

ប៉ុន្តែ លោក​បន្ថែម​ថា ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​តាំង​ពី​ដើម​រហូត​មក​ដល់បច្ចុប្បន្ន ​គឺ​ចង់​ឲ្យ​សហរដ្ឋ​អាមេរិក​បង្វែ​បំណុល​នេះ​ទៅ​ជា​ជំនួយ​អភិវឌ្ឍន៍​ផ្សេងៗ​ ឬ​ក៏​ទៅ​ជា​មូលនិធិ​អប់រំ​ជួយ​ដល់​កម្ពុជា​វិញ ដោយ​សារ​តែ​ការ​បំផ្លិចបំផ្លាញ​ដែល​សហរដ្ឋ​អាមេរិក ​បាន​បង្ក​ដល់​កម្ពុជា​ក្នុង​សម័យ​សង្គ្រាម​វៀតណាម​នោះ។

លោក​មាន​ប្រសាសន៍​ថា បើ​សហរដ្ឋ​អាមេរិក​ មិន​ពិចារណា​តាម​ការ​ចង់​បាន​របស់​កម្ពុជា​ទេ នោះ​បញ្ហា​បំណុល​នេះ​ នឹង​នៅ​តែ​បន្ត​អូស​បន្លាយ​ទៅ​មុខ​តទៅ​ទៀត។

«កម្ពុជា ​ខ្ញុំ​ជឿ​ជាក់​ថា​ ទុកបំណុល​នេះ ទោះ​សង​ឬ​មិន​សង ទុក​ឲ្យ​នៅ​អញ្ចឹង ទុក​ឲ្យ​នៅ​អញ្ចឹង»។

ក្រុម​មន្ត្រី​កម្ពុជា​និយាយ​ថា ​កម្ចី​ដែល​កម្ពុជា​បាន​ជំពាក់​សហរដ្ឋ​អាមេរិក​ បាន​កើត​ឡើង​ក្នុង​ស្ថានការណ៍​មួយ​ដែល​រដ្ឋាភិបាល​លោក​ នល់ នល់ កាន់​តែ​ធ្លាក់​ដុនដាប​ ដោយ​សារ​អំពើ​ពុករលួយ​ផង​និង​ដោយ​សារ​ការ​វាយសង្គ្រប់​កាន់​តែ​ខ្លាំង​ពី​ក្រុម​ខ្មែរ​ក្រហម​ផង។

«ជានិច្ចកាល តែង​មាន​លទ្ធភាព​ថា​បើ​កម្ពុជា​សង​បំណុល​នេះ​ខ្លះ​ នោះ​រដ្ឋបាល​[សហរដ្ឋ​អាមេរិក]មួយ​ដែល​រំភើបចិត្ត​ នឹង​បង្វែ​សំណង​នោះ​ទៅ​ជា​មូលនិធិ​សម្រាប់​ការ​អប់រំ​ ឬ​គម្រោង​ស្រដៀង​គ្នា​នៅ​កម្ពុជា​ ដូច​ដែលសហរដ្ឋ​អាមេរិក​បាន​ធ្វើ​ជាមួយ​មូលនិធិ​អប់រំ​វៀតណាម​ដូច្នោះ​ដែរ»។

នៅ​ត្រឹម​ខែ​មេសា ​ឆ្នាំ​១៩៧៥ សហរដ្ឋ​អាមេរិក​ បាន​ដក​ទាំង​ជំនួយ​ទាំង​មន្ត្រី​និង​ពលរដ្ឋ​របស់​ខ្លួន​ ចេញ​ពី​កម្ពុជា នៅ​មុន​ពេល​ក្រុម​ខ្មែរ​ក្រហម​ឡើង​កាន់អំណាច​ដឹកនាំ​ប្រទេស​កម្ពុជា​ អស់​រយៈពេល​ជិត​បួន​ឆ្នាំ​បន្ទាប់​ ដោយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​យ៉ាង​តិច​ ១​លាន ​៧​សែន​នាក់​ បានស្លាប់ ដោយសារ​ការ​កាប់សម្លាប់​ ការ​បង្អត់​អាហារ​ និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង។​

វីអូអេ​ មិន​អាច​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ និង​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ ដើម្បី​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​អំពី​បញ្ហា​បំណុល​នេះ​បាន​នៅ​ឡើយ​ទេ​ គិត​មក​ត្រឹម​ថ្ងៃ​ពុធ​ ទី​២៦ ​ខែ​សីហា​ ឆ្នាំ​២០២០​នេះ។

ប៉ុន្តែ មន្ត្រី​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ កន្លង​មក​ធ្លាប់​បាន​ថ្លែង​ប្រាប់​អនុគណៈកម្មការ​សភា​សហរដ្ឋ​អាមេរិក​ ទទួល​បន្ទុកកិច្ចការ​បរទេស ​កាល​ពី​ពេល​កន្លង​ទៅ​ថា ​កម្ពុជា​មាន​លទ្ធភាព​សង​បំណុល​នេះ​វិញ​ ហើយ​ថា​ មាន​តែ​សភា​សហរដ្ឋ​អាមេរិក​ទេ​ ទើប​អាច​សម្រេច​លុប​ចោល​ ឬ​បង្វែ​បំណុល​ដែល​កម្ពុជា​ជំពាក់​នេះ​ទៅ​ជា​អ្វី​ផ្សេង​បាន។

រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ W​.​ ​Patrick​ ​Murphy​ ជួប​ជាមួយ​នាយករដ្ឋ​មន្ត្រី​កម្ពុជាលោក ហ៊ុន សែន​ នៅវិមានរដ្ឋាភិបាលក្នុងរាជធានីភ្នំពេញ កាលពី​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៩។ (រូបថតដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា)

លោក​បណ្ឌិត អ៊ា សុផល សាស្ត្រាចារ្យរង​ខាង​កិច្ចការ​ទូត​និងកិច្ចការ​សកលលោក​នៃ មហាវិទ្យាល័យ Occidental College ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍ក្នុង​បទ​សម្ភាសន៍​តាម​អ៊ីមែល​ជាមួយ​វីអូអេ ​ក្នុង​ពេល​ថ្មីៗ​នេះ​ថា ​ទោះ​បី​ជា​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​នៅ​ពេល​នេះ ​ក្នុង​គ្រា​ដែល​មាន​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ក៏ដោយ​ ក៏លទ្ធភាព​នៅ​មាន​ ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល​នេះ​ដែរ។

«ជានិច្ចកាល តែង​មាន​លទ្ធភាព​ថា​បើ​កម្ពុជា​សង​បំណុល​នេះ​ខ្លះ​ នោះ​រដ្ឋបាល​[សហរដ្ឋ​អាមេរិក]មួយ​ដែល​រំភើបចិត្ត​ នឹង​បង្វែ​សំណង​នោះ​ទៅ​ជា​មូលនិធិ​សម្រាប់​ការ​អប់រំ​ ឬ​គម្រោង​ស្រដៀង​គ្នា​នៅ​កម្ពុជា​ ដូច​ដែលសហរដ្ឋ​អាមេរិក​បាន​ធ្វើ​ជាមួយ​មូលនិធិ​អប់រំ​វៀតណាម​ដូច្នោះ​ដែរ»។

មូលនិធិ​អប់រំ​វៀតណាម​ គឺជា​ទីភ្នាក់ងារ​ឯករាជ្យ​របស់​រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាម​ច្បាប់​ នៅ​ឆ្នាំ​២០០០​ ក្រោយ​ពី​មាន​ការ​ចរចា​រវាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និង​វៀតណាម ដើម្បី​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​និង​បញ្ញាវន្តវៀតណាម​ថ្នាក់​ឧត្តម​ និង​ក្រោយ​ឧត្តមសិក្សា​ ឲ្យ​មក​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Sebastian Strangio អ្នក​កាសែត​និង​អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ​«Hun Sen's Cambodia» ឬ «ប្រទេសកម្ពុជា​របស់​លោកហ៊ុន សែន» មើលឃើញ​ថា​ ស្ថានការណ៍​នយោបាយ​និង​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ននេះ ហាក់​មិន​បង្ក​លក្ខណៈ​អំណោយ​ផល​ដល់​ការ​ដោះស្រាយ​បញ្ហា​បំណុល​នេះ​ទេ។

«ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា រារាំង​លទ្ធភាព​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​នឹង​អាច​លើកលែង​បំណុល​ ឬ​បង្វែ​បំណុល​នោះ​ទៅ​ជា​ប្រភេទ​ឥណទាន​អភិវឌ្ឍន៍​ផ្សេងៗ ​ឬ​ដូច​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ជាមួយ​វៀតណាម»។

​លោក​មាន​ប្រសាសន៍​បន្ថែម​ថា​ មាន​តែ​ការ​ចូល​និវត្តន៍​ឬ​បញ្ចប់​អាណត្តិ​ថ្នាក់​ដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​នេះ ឬ​ក៏​ការ​ផ្លាស់ប្តូរ​ជា​ដុំកំភួន ​នូវ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ទំនាក់ទំនង​ទ្វេភាគីរវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ទេ ទើប​អាច​ដោះស្រាយ​បញ្ហា​បំណុល​នេះ​បាន៕