ក្រុម​អ្នក​វិភាគ​​ប្រយ័ត្ន​ប្រយែង​អំពី​​ការ​ចរចា​​របស់​ថៃ​ជាមួយ​​ក្រុម​ ​បះបោរ​​​សំខាន់​ៗ

រដ្ឋាភិបាល​ថៃ​ត្រូវ​តែ​កសាង​ការ​ជឿទុកចិត្ត​ធំធេង​ជាងមុន​នៅ​តាម​បណ្តា​សហគមន៍​មូលដ្ឋាន ដើម្បី​ឲ្យ​ការ​ចរចា​ទទួលបាន​ជោគជ័យ។

ដោយ Ron Corben
ប្រទេស​ថៃបាន​ប្រកាសថា​ ខ្លួននឹង​ធ្វើការ​ចរចាសន្តិភាព​ជាមួយក្រុម​សំខាន់​មួយនៅ​ប្រទេស​ម៉ាឡេស៊ី ដែល​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយក្រុមបះ​បោរ ដែលដឹកនាំ​ដោយ​ក្រុមអ៊ីស្លាមនៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ដែល​បាន​សម្លាប់មនុស្ស​ជា​ង​៤ពាន់​នាក់ ចាប់​តាំង​ពី​ការ​បះបោរ​នេះបាន​ផ្ទុះឡើងជិតមួយ​ទសវត្សរ៍​កន្លង​ទៅ។ ពីទីក្រុង​បាងកក Ron Corben រាយការណ៍ថា គំនិត​ផ្តួច​ផ្តើមចរចា​សន្តិ​ភាព​ ខណៈពេល​ទទួលបាន​ការស្វាគមន៍ បាន​លើក​ឡើង​នូវ​ការ​ព្រួយបារម្ភ​អំពី​ថាតើ​ជំហាន​នេះ​នឹងមានភាព​គ្រប់​គ្រាន់ ដើម្បី​បញ្ចប់​ការ​បង្ហូរ​ឈាមនិង​បញ្ចប់ការ​អំពាវនាវ​របស់​ក្រុម​បះបោរ​ ដែលសុំ​ឲ្យ​មាន​ស្វ័យភាព​ធំធេង​ជាងមុន នៅ​តាម​បណ្តា​ខេត្ត​ភាគ​ខាង​ត្បូង ដែល​សម្បូរទៅដោយ​ប្រជាពលរដ្ឋ​កាន់សាសនា​អ៊ីស្លាម​ភាគ​ច្រើន។​
ការ​ចរចា​ ដែលគ្រោង​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៨​ខែ​មីនា​នេះ ​ត្រូវ​បាន​យល់​ព្រម​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង កូឡាឡាំពួរ (Kuala Lumpur) រវាងអគ្គលេខា​ធិការ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិថៃ (Thai National Security Council) លោក បារ៉ាដុន ប៉ាតាណាថាប៊ុត (Paradon Pattanathabutr) និង​លោក ហាសាន តាអ៊ីប (Hassan Taib) ដែល​ជា​តំណាង​ជាន់ខ្ពស់របស់​រណសិរ្សបដិវត្តន៍​ជាតិម៉ាឡេស៊ី ដែល​ត្រូវ​បាន​ស្គាល់ជា​អក្សរ​កាត់​ជាភាសា​ថៃថា​ BRN។
រណសិរ្ស BRN គឺជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ជាច្រើន​ទៀត​ ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេសថៃ ដែល​បានព្យាយាម​បង្កើត​រដ្ឋ​ស្វ័យភាពមួយ​។
លោក​អគ្គលេខា ប៉ារ៉ាដុន បាន​ប្រាប់គណៈកម្មាធិការ​សភា​ថៃ​ថា ក្រុម​បះបោរ​ដទៃ​ទៀត​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ការ​ចរចា​នោះ​ដែរ។
លោក​ អង់ខាណា នីឡាប៉ៃជីត (Angkhana Neelapaijit) ដែល​ជា​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាលមួយ ដែល​មាន​ឈ្មោះថា ក្រុមការ​ងារ​ស្តីពី​យុត្តិធម៌សម្រាប់​សន្តិភាព នៅ​ភាគ​ខាង​ត្បូង ថ្លែងថា រដ្ឋាភិបាល​ថៃ​ត្រូវ​តែ​កសាង​ការ​ជឿទុកចិត្ត​ធំធេង​ជាងមុន​នៅ​តាម​បណ្តា​សហគមន៍​មូលដ្ឋាន ដើម្បី​ឲ្យ​ការ​ចរចា​ទទួលបាន​ជោគជ័យ។
«ខ្ញុំ​គិតថា​ វាជាការ​ឆាប់​រហ័ស​ពេក​សម្រាប់​ការ​ចរចា​ណាមួយ ពីព្រោះ​ខ្ញុំ​គិត​ថា យើង​មាន​ក្រុម​បះបោរ​ជាច្រើនក្រុមដែល​គិត​ខុសៗគ្នា។ យើង​ត្រូវ​តែ​ប្រុងប្រយ័ត្ន និង​ត្រូវ​តែចរចា​ជាមួយ​ក្រុម​អ្នកពាក់​ព័ន្ធ​ទាំង​អស់​នោះ។
ក្រុម​មន្ត្រី​ថៃនិង​ក្រុម​អ្នក​វិភាគ​ផ្នែក​សិទ្ធិមនុស្សថ្លែង​ថា​ ការ​ចរចា​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​ធ្វើឡើង បន្ទាប់​ពី​ការ​បញ្ចុះ​បញ្ចូល​ពី​សំណាក់​អតីត​មេដឹកនាំ​មួយ​រូប លោក ថាក់​ស៊ីន​ ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ដែល​បាន​ភៀស​ខ្លួន​ចេញពី​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​២០០៨​ ដើម្បី​គេច​ពី​ការ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរឆ្នាំពីបទ​ពុករលួយ ប៉ុន្តែ​បន្ត​នៅ​ជាអ្នក​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ​រូប ពីខាង​ក្រោយ​រដ្ឋាភិបាល។​
លោក ស៊ូណៃ ប៉ាស៊ុក (Sunai Pasuk) នៃ​អង្គការ​ឃ្លាំ​មើលសិទ្ធិមនុស្ស​(Human Rights Watch) និយាយថា លោក ថាក់​ស៊ីន បាន​ប្រើ​ប្រាស់​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធិ​របស់​លោក ជាមួយ​រដ្ឋាភិបាល​ម៉ាឡេស៊ី ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ចាប់​ផ្តើម​ការចរចា​នេះ។​
«ការ​ព្រម​ព្រៀង​គ្នា​ដើម្បី​ចូល​ទៅ​ក្នុង​ការ​ចរចា​សន្តិភាព​រវាង​រដ្ឋាភិបាល​ថៃ និង​ក្រុមរណសិរ្ស BRN ត្រូវ​បាន​ជំរុញ​ដោយ​សារ​មិត្តភាព​ដ៏​ជិត​ស្និទ្ធរបស់​លោក ថាក់​ស៊ីន​ ជាមួយ​រដ្ឋាភិបាល​ម៉ាឡេស៊ី ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ (Najib Razak) និងទំនាក់​ទំនង​មិត្ត​ភាព​ផ្ទាល់​ខ្លួន​ ដែលត្រូវបាន​ប្រមូលផ្តុំ ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ប៉ូលីស​ពិសេស​របស់​ម៉ាឡេស៊ី ដាក់​សម្ពាធទៅ​លើ​ថ្នាក់ដឹកនាំ​របស់ក្រុម​បះបោរមក​ពី​រណសិរ្ស BRN ដើម្បី​វិល​មក​រក​តុចរចា»។​
លោក ស៊ូណៃ ថ្លែងថា​ លក្ខខណ្ឌ ដែល​អំពាវនាវ​សុំឲ្យ​ក្រុម​បះបោរ​បោះ​បង់​ចោលការ​តស៊ូ​ប្រដាប់​អាវុធ ដើម្បី​បង្កើត​រដ្ឋ​ប៉ាតានី (Pattani) ឯករាជ្យ​មួយ ត្រូវ​បាន​បូក​បញ្ចូល តាម​ការ​ទទូច​សុំ​របស់​ម៉ាឡេស៊ី និង​លោក ថាក់ស៊ីន។
នៅ​ក្នុង​ទីក្រុង ​បេតុង (Betong) ដែល​ជាទីក្រុង​សំខាន់​របស់​ខេត្ត យ៉ាឡា (Yala) លោក ប៊ុន​ចុង វ៉ុង (Bunchong Wong) អ្នកគ្រប់គ្រង​ទូទៅ​របស់សណ្ឋាគារ​និយាយថា សេដ្ឋកិច្ច​ក្នុង​តំបន់​ ជាពិសេស​វិស័យ​ទេសចរណ៍ នឹង​ទទួល​ផល​ប្រយោជន៍​ពី​កិច្ច​ព្រមព្រៀង​នេះ ដែល​នាំ​ទៅដល់​ការកាត់​បន្ថយ​អំពើ​ហិង្សា។
«ជាជំហាន​ដំបូង វា​ជា​រឿង​ដ៏ល្អ​ ប៉ុន្តែ​មេបញ្ជាការ​ និងអាជ្ញាធរ គួរ​តែចរចារ​ជាមួយក្រុមដទៃ​ទៀត ពីព្រោះ​មាន​៤ក្រុម​ ឬ៥ក្រុម ឬ៦ក្រុម​ទៀត។ ប្រសិន​បើប្រជាពលរដ្ឋ​ទទួល​បាន​សុវត្ថិភាព​និង​សន្តិសុខ វា​ជាការល្អ។ ហើយ​ជាការ​ពិត​ណាស់ មុខ​ជំនួញ​របស់​ខ្ញុំ​នឹងប្រសើរ​ឡើង​ជាង​ឆ្នាំ​មុន»។
ក្រុម​អ្នក​វិភាគ​ថ្លែង​ថា ភាពជោគជ័យ​នៅ​ក្នុង​ការ​ចរចា​នេះស្ថិត​នៅ​លើ​ការ​ដោះស្រាយ​ការ​ឈឺចាប់​ចម្បងៗ នៅ​តាម​បណ្តា​ខេត្ត​តាម​ព្រំដែន​ភាគ​ខាងត្បូង ដោយ​រាប់​បញ្ចូល​ទាំង​ការ​បញ្ចប់ការ​រើសអើង​ប្រឆាំងនឹង​សហគមន៍​អ្នក​កាន់សាសនា​អ៊ីស្លាម​ផង៕
ប្រែសម្រួល​ដោយ​ លី សុខ​ឃាង​