អ្នក​តាម​ដាន​នយោបាយ៖ ​ការ​បរិច្ចាគ​ម៉ាស​​របស់​កម្ពុជា​ជា​កាយ​វិការ​មនុស្ស​ធម៌​និង​យុទ្ធសាស្ត្រ​ការ​បរទេស

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ម៉ាស ខណៈលោកចូលរួមទទួលព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំេពញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

រដ្ឋាភិបាល​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ផ្តល់​ម៉ាស​ចំនួន​១​លាន​៥​ម៉ឺន និង​បរិក្ខារ​វេជ្ជសាស្ត្រ​ផ្សេង​ទៀត​ប្រឆាំង​នឹងជំងឺ​កូវីដ​១៩​ ដល់​ប្រទេស​ទីម័រ​ខាង​កើត ដែល​ជា​ប្រទេស​ទី​៣​ហើយ បន្ទាប់​ពី​ឡាវ និង​មីយ៉ាន់​ម៉ា ដែល​ជា​សមាជិក​អាស៊ាន ទទួល​បាន​ម៉ាស និង​សម្ភារ​វេជ្ជសាស្ត្រ​ពី​កម្ពុជា។ ការ​បរិច្ចាគ​នេះ​នាំ​ឲ្យ​អ្នក​តាម​ដាន​នយោបាយនៅ​កម្ពុជា លើក​ឡើង​ថា​នេះ​បង្ហាញ​កាយ​វិការ​មនុស្ស​ធម៌ និង​យុទ្ធសាស្ត្រ​កិច្ចការ​បរទេស​របស់​កម្ពុជា។

ម៉ាស​ និង​បរិក្ខារ​ទាំង​នេះ ត្រូវបាន​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹក​នាំ​ដោយ​លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋ​លេខាធិការ​ប្រចាំ​ការ​ក្រសួង​ការ​បរទេស តំណាង​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នាំ​យក​ទៅ​ដល់​ប្រទេស​ទីម័រ ដែល​ជា​ប្រទេស​កំពុង​ស្វះស្វែង​ចូល​ជា​សមាជិក​អាស៊ាន។

កាល​ពី​ខែ​វិច្ឆិកា រដ្ឋាភិបាលកម្ពុជាបា​ន​ផ្តល់ម៉ាស​ចំនួន​ជាង​២​លាន និង​សម្ភារពេទ្យ​មួយ​ចំនួន​ដល់​ប្រទេស​ឡាវ និងមីយ៉ាន់ម៉ា ដើម្បី​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​ទាំង​នោះ។

កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា៖ «កម្ពុជា​ក្រ តូច​ល្អិត ក៏​ប៉ុន្តែ​ចិត្ត​ធំទូលាយ»។

នៅ​ក្នុង​ពិធី​ផ្តល់​ម៉ាស​ដល់​ប្រទេស​ទីម័រ​ លោក អ៊ុច បូររិទ្ធ រដ្ឋ​លេខាធិការ​ប្រចាំ​ការ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ថ្លែង​ថា​កម្ពុជា​សង្ឃឹម​ថា​ប្រទេស​ទីម័រ​នឹង​ចូល​ជា​សមាជិក​អាស៊ាន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

ចំណែក​លោកស្រី ​Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ប្រទេសទីម័រ​ខាងកើត​ដែល​មាន​វត្តមាន​ក្នុង​ពិធី​នោះ បាន​សរសើរកម្ពុជា​ក្នុង​ការ​ទប់​ស្កាត់ជំងឺ​កូវីដ​១៩ ដោយ​មិន​មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​ឆ្លង​នេះ។ លោក​ស្រី​បន្ថែម​ថា​ការ​ផ្តល់​ម៉ាសនេះ​បង្ហាញ​ស្មារតី​នៃ​សាមគ្គីភាព និង​ដៃគូ​រវាង​ប្រទេស​ទាំង​ពីរ។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​នេះ​នឹង​ជួយ​យ៉ាង​ខ្លាំង​ដល់​ការ​បន្ត​កិច្ច​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​[ទីម័រ​ខាងកើត]​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ​១៩​ដែល​បច្ចុប្បន្ន​នេះ នៅ​តែ​បន្ត​កើន​ឡើងខ្លាំង​នៅ​ក្នុង​ពិភព​លោក»។

លោក​ស្រី​ឲ្យ​ដឹង​ទៀត​ថាម៉ាសនេះ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រជាជន និង​អ្នក​ឈរ​ជួរ​មុខ​ជា​ពេទ្យ​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​របស់​ពលរដ្ឋ។ លោក​ស្រី​ក៏​សម្តែង​ការ​ដឹង​គុណ​អស់​ពី​ចិត្ត​ដល់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​ការ​គាំទ្រ​យ៉ាង​សកម្ម​របស់កម្ពុជា ដើម្បី​ឲ្យ​ប្រទេស​ទីម័រ​ខាងកើត​ចូល​ជា​សមា​ជិក​អាស៊ាន និង​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក​(WTO)។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថានប្រជាធិបតេយ្យ​កម្ពុជា មាន​ប្រសាសន៍​ថា​ការ​ផ្តល់​ម៉ាសរបស់​កម្ពុជា​ទៅ​ប្រទេស​ចំនួន​៣​ជា​បន្ត​បន្ទាប់​នេះ បង្ហាញ​ពី​កាយ​វិការ​មនុស្ស​ធម៌ និង​ជាយុទ្ធសាស្ត្រ​នយោបាយ​ការ​បរទេស​មួយ ខណៈ​មាន​ការ​បែង​ចែក​អាស៊ាន​ដែល​មាន​សមាជិក​ចំនួន​១០​ប្រទេស ដូច​កាល​ពី​កន្លង​ទៅ​ដែល​អតីត​មន្ត្រី​ការ​ទូត​សិង្ហបុរី​ម្នាក់ បាន​លើក​ឡើងអំពី​លទ្ធភាព​នៃ​ការ​ដក​កម្ពុជា​និង​ឡាវ​ចេញ​ពី​សមាជិក​ភាព​អាស៊ាន​។

លោក​មាន​ប្រសាសន៍​ថា៖ «សកម្មភាព​នៃ​ការ​បរិច្ចាគ​ម៉ាស​របស់​កម្ពុជា​ទៅប្រទេស​៣​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ វា​មាន​ទាំង​នៅ​ក្នុង​កាយ​វិការ​មនុស្ស​ធម៌ សប្បុរស​ធម៌ ក៏​ដូច​ជា​កិច្ច​ការ​ងារ​នយោ​បាយ​ការ​បរទេស​ទៅ​ជាមួយ​ដែរ»។

លោក​ជំរុញ​បន្ថែម​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ម៉ាសដល់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ដែល​ខ្វះ​ខាត ខណៈ​លោក​សង្កេត​ឃើញប្រជាពលរដ្ឋជា​ច្រើន មិន​ទាន់ពាក់​ម៉ាស​នៅ​ឡើយ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ប៉ុន្មាន​ថ្ងៃ​នេះ ខ្ញុំ​បើក​ឡាន​មើល​តាម​ដង​ផ្លូវ​ដែរ ឃើញ​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន​ធំ នៅ​មិន​ទាន់ពាក់​ម៉ាស​ ឬ​ក៏​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​រឿង​ការ​ផ្ទុះ​ជំងឺ​កូវីដ​សារ​ជា​ថ្មី​នៅ​ឡើយ​ទេ»។

ប្រទេស​កម្ពុជា​កំពុង​រង​ការ​រិះគន់​ពី​បណ្តា​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​មួយ​ចំនួន អំពី​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិប​តេយ្យ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស។ កាល​ពី​ខែ​សីហា​សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​«​គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វា​វុធ»​ ឬ​ EBA​(Everything But Arms) ​២០% ​ពី​កម្ពុជា ដោយ​សារ​សហភាព​អឺរ៉ុប​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​នៅ​កម្ពុជា ​ក្នុង​នោះ​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ការ​ចាប់​មេដឹក​នាំ​បក្ស​ប្រឆាំង​លោក ​កឹម សុខា ដាក់​ពន្ធនាគារ។

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​ដែល​ជា​ស្ថាប័ន​ស្រាវ​ជ្រាវ​គោល​នយោបាយ ​មាន​ប្រសាសន៍​ថា ​ការ​ផ្តល់​ម៉ាស​ដល់​ប្រទេស​តូចតាច មិន​មាន​លទ្ធភាព ហើយ​ជា​អ្នក​ជិត​ខាង​កម្ពុជា​ គឺ​ជា«ការ​សម្រេច​ដ៏​ឆ្លាត​វាងវៃ»​មួយ ស្រប​ពេល​ដែល​លោក​យល់​ថា​កម្ពុជា​នៅ​មាន​ម៉ាស​ច្រើនសម្រាប់​ត្រៀម​ទុក ហើយ​កម្ពុជា​អាច​គ្រប់គ្រងស្ថាន​ភាព​នៃ​ការ​ឆ្លង​នេះ​បាន​ គឺ​ថា​អត្រា​ឆ្លង​ទាប​បំផុត។ លោក​បន្តថា​កាយ​វិការ​នេះ​បង្ហាញ​ពី​ការ​ទទួល​ខុសត្រូវ​របស់​កម្ពុជា​ក្នុង​រូបភាព​អន្តរជាតិ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ថា​ប្រហែល​ជា​នៅ​មាន​ម៉ាស​ច្រើន ច្រើន​ជាង​តម្រូវ​ការ ដូច្នេះ​ការ​បញ្ចេញ​ខ្លះ​ ដើម្បីជា​ការ​យក​ពិន្ទុ​[ជា]​រូបភាព​អន្តរ​ជាតិ ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង​ផង ហើយ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​ប្រទេស​ដទៃ​ផង​ ជា​រឿង​មួយ​ល្អ»។

លោក អ៊ូ វីរៈ ​យល់​ថា​ប្រទេស​វៀតណាម និង​ថៃ ដែល​ជា​អ្នក​ជិត​ខាង​កម្ពុជា​ដែរ ប្រហែល​មិន​ត្រូវ​ការ​ម៉ាស​នោះ​ទេ ហើយ​ពួកគេ​ក៏​មាន​លទ្ធភាព​ក្នុង​ការ​ជួយ​ខ្លួ​នឯង​ដែរ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​សម្រេច​បញ្ចេញ​ម៉ាស​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ ដោយ​ក្នុង​នោះ​មានម៉ាស​ចំនួន​១​លាន​សម្រាប់​ប្រើប្រាស់​នៅ​រាជធានី​ភ្នំពេញ និង​១​លាន​ទៀត​សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​ខេត្ត​សៀមរាប ខណៈ​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ចូល​ក្នុងសហគមន៍ជា​លើក​ដំបូង៕