អ្នក​វិភាគ៖ អ្នក​នយោបាយ​ខ្មែរ​ត្រូវ​ចរចា​គ្នា ដើម្បី​ងើប​ពី​វិបត្តិ

រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ និង​លោក​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់​ដៃ​គ្នា​នៅ​មុខ​​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)

ភ្នំពេញ — នៅ​សល់​តែ​ពីរ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ វិបត្តិ​នយោបាយ​នៅ​កម្ពុជា​មាន​អាយុ​គ្រប់​ពីរ​ឆ្នាំ​គត់ ដោយ​រាប់​ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅថ្ងៃទី​១៦​ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ គណបក្ស​នេះ ត្រូវបាន​បង្កើត​ឡើង​ដោយ​គណបក្ស​មាន​និន្នាការ​ប្រជាធិបតេយ្យ​ចំនួន​ពីរ ​គឺ​គណបក្ស​សម រង្ស៊ី របស់​លោក​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម សុខា។

ប៉ុន្តែការរំលាយគណបក្សប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជានេះ បានក្លាយជាលំហូរនៃវិបត្តិនយោបាយដែលអូសបន្លាយ ហើយភាពតានតឹងកាន់តែកើនឡើងរយៈពេលចុងក្រោយនេះ។

ក្បាល​ម៉ាស៊ីន​ដឹក​នាំ​សំខាន់ៗ​របស់​គណបក្ស​នេះ​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​តុលាការ​កម្ពុជា​ដែល​ទទួល​រង​ការ​រិះគន់​ដោយ​សារ​ភាព​លម្អៀង​ខាង​នយោបាយ ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ​ជា​ច្រើន។ ក្នុង​នោះ​លោក​កឹម សុខា ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ ក្រោមការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ​កាលពី​ឆ្នាំ​២០១៧។​ បច្ចុប្បន្ន​នេះ​លោក​កឹម សុខា ត្រូវស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​របស់​លោក​នៅ​រាជធានី​ភ្នំពេញ។ រីឯ​លោក​សម រង្ស៊ី ត្រូវ​បង្ខំ​ចិត្ត​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ ដើម្បីគេច​ពី​ការ​ចាប់​ខ្លួន​តាំង​ពី​ឆ្នាំ​២០១៥​មក។

ប៉ុន្តែ​នៅពេល​ដែល​លោក​សម រង្ស៊ី បាន​ប្រកាស​ពី​ក្រៅ​ប្រទេស​ថា​ លោក​នឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ​នៅថ្ងៃទី​៩​ ខែ​វិច្ឆិកា​នេះ រដ្ឋាភិបាល​របស់​គណបក្ស​កាន់​អំណាច​ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បានបង្កើន​ការ​ដាក់​សម្ពាធ​តាម​រយៈ​ការ​ចោទ​ប្រកាន់​ និង​ចាប់​ខ្លួន​សកម្មជន​និង​មន្ត្រី​នយោបាយ​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ស្ទើរ​រាល់​ថ្ងៃ។ មនុស្ស​ដែល​មាន​និន្នាការ​នយោបាយ​គាំទ្រ​គណបក្ស​ប្រឆាំង​យ៉ាង​តិច​៦០នាក់​ ​ត្រូវ​បាន​ចាប់​ខ្លួន​រហូត​មក​ដល់​ពេល​នេះ។

អ្នកវិភាគកម្ពុជាមើលឃើញថា ស្ថានភាពនយោបាយកម្ពុជាមិនបានធូរស្រាលនោះទេស្របពេលដែលកម្ពុជាកំពុងស្ថិតក្រោមគំនាបនៃការដកឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់សហភាពអឺរ៉ុប «អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ Everything But Arms (EBA) និងទៅកាន់សហរដ្ឋអាមេរិក (GSP)។ ការដកហូតឋានៈអនុគ្រោះពន្ធ ជាពិសេស EBA អាចឲ្យកម្ពុជាខាតបង់យ៉ាងតិចជិតពី៦០០ ទៅ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ នេះបើយោងតាមអ្នកជំនាញការរបស់ធនាគារពិភពលោក។

រូបឯកសារ៖ លោក កឹម សុខា អំឡុងពេលចូលរួមសមាជវិសាមញ្ញគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​មួយ​រូប​និង​ជា​អតីត​នាយក​វិទ្យា​ស្ថាន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ យល់​ថា ការ​ដោះ​លែង​លោក​កឹម សុខា ពី​ការ​ឃុំ​ឃាំង​នៅ​ក្នុង​ផ្ទះ ​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ អាច​ជា​ជំហាន​ដំបូងឆ្ពោះ​ទៅរក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នា​ពេល​បច្ចុប្បន្ន។

«គឺ​ចាប់​ផ្តើម​ពី​ដោះ​លែង​កឹម សុខា។​ អឺរ៉ុប​ក៏​ទាមទារ​ជា​អាទិភាព។ អាមេរិកាំង​ជា​ញឹក​ញយ គឺ​ថា (ទាមទារ) ​ដោះលែង​កឹម សុខា ដោះលែង​កឹម សុខា។ ​ដូច្នេះ​គន្លឹះ​មាន​តែ​ចាប់​ផ្តើម​ពី​ហ្នឹង​ទៅ។​ រួច​ចរចា​បញ្ហា​សេសសល់​ទៀត​ទៅ រួមទាំង​បញ្ហា​សម រង្ស៊ី»។

ត្រង់​ចំណុច​នេះ លោក​អ៊ូ វីរៈ ស្ថាប​និក​វេទិកា​អនាគត (Future Forum)​ យល់​ស្រប​ដូច​គ្នា។

«ចេញ​រួច​ គឺ​ទាក់​ទង​នឹង​ការ​ដោះ​លែង​លោក​កឹម សុខា​ និង​អនុញ្ញាត​ឲ្យ​អ្នក​នយោបាយ​ (ប្រឆាំង) ​ធ្វើ​នយោបាយ​ឡើង​វិញ តាមរយៈ​ការ​ (ដោះ​ស្រាយ)​ ដោយ​ទុក​មុខមាត់​ឲ្យ​គ្នា​ទាំង​សង​ខាង»។

ការ​ទុក​មុខមាត់​ឲ្យ​គ្នា​សម្រាប់​លោក​អ៊ូ វីរៈ គឺ​សំដៅ​លើ​លទ្ធភាព​អាច​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​លោក​កឹម សុខា ឬ​ប្តូរ​ទៅ​បទ​ចោទ​ផ្សេង។ មួយ​វិញទៀត​គឺ​អ្នក​នយោបាយបក្ស​កាន់​អំណាច​និង​អតីត​បក្ស​ប្រឆាំង​ ត្រូវ​បញ្ឈប់​ការ​យក​ចាញ់​ យក​ឈ្នះ​គ្នា តាមរយៈ​ការ​ភ្នាល់​ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​លោក​សម រង្ស៊ី។

ក៏​ប៉ុន្តែ​ សម្រាប់​មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ ការ​ដោះ​លែង​លោក​កឹម សុខា គឺជា​រឿង​ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ ដោយ​សារ​តែ​សំណុំ​រឿង​លោក​កឹម សុខា កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ។

គណបក្ស​សង្គ្រោះជាតិ​ត្រូវ​រំលាយ​ចោល​ នៅ​ពេល​ដែល​គណបក្ស​នេះ​មាន​អាយុ​កាល​ត្រឹម​តែជាង​ប្រាំឆ្នាំ​ប៉ុណ្ណោះ។ ហើយ​លោក​កឹម សុខា បាន​ឡើ​ង​ធ្វើ​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ជំនួស​លោក​សម រង្ស៊ី មុននឹង​គណបក្ស​នេះ​ត្រូវ​រំលាយ​ចោល។

គណបក្ស​ប្រឆាំង​នេះ​បាន​ក្លាយ​ទៅ​ជា​ការ​គំរាម​កំហែង​ដល់​ការ​បន្ត​ដឹក​នាំ​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ពេល​ដែល​គណបក្ស​នេះ​ប្រមូល​បាន​កៅអី​តំណាង​រាស្ត្រចំនួន​៥៥​ ក្នុង​ចំណោម​អសនៈ​សរុប​១២៣​ ក្នុង​រដ្ឋ​សភា​ សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​កើន​អសនៈ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ ដោយ​បាន​ស្រូប​យកអសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​៥០០៧ ដោយ​ទទួល​បាន​តំណែង​ជា​មេឃុំ​និង​ចៅ​សង្កាត់​ ចំនួន​៤៨៩ ក្នុង​ចំណោម​អសនៈ​មេឃុំ​ចៅ​សង្កាត់​សរុប​ចំនួន​ ១៦៤៦ នៅ​ទូទាំង​២៥​ខេត្ត​រាជធានី។

រូបឯកសារ៖ ទិដ្ឋភាពនៃ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ ក្នុង​ថ្ងៃទី១​ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​ថ្ងៃ​ដំបូងនៃយុទ្ធនាការ​ឃោសនា​រក​សំលេងឆ្នោត​របស់​គណបក្សសង្គ្រោះ​ជាតិ​ ​ដែលមាន​សកម្មជន​ និង​អ្នកគាំទ្រជា​ច្រើន​ពាន់នាក់​ចូលរួម នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/ VOA)

អសនៈ​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ស្ទើរ​តែ​១០០​ភាគ​រយត្រូវ​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០០២។ ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ គឺជាជំហាន​មួយឆ្ពោះ​ទៅ​រក​ដំណើរ​ការ​វិមជ្ឈការ​អំណាច​នៅ​មូល​ដ្ឋាន​ តាម​ការ​ផ្តល់​យោបល់​របស់​សហគមន៍​អន្តរជាតិ។

ក្រៅ​ពី​ការ​ដោះ​លែង​លោក​កឹម សុខា លោក​បណ្ឌិត ឡៅ ម៉ុង​ហៃ យល់ថា គណបក្ស​ដែល​មាន​ទំនាស់​គួរចាប់​ផ្តើម​ចរចា​គ្នា​ដើម្បីអាច​ជួយ​បន្ធូរ​បន្ថយ​បរិយាកាស​នយោបាយ​ និង​នាំ​ទៅ​រក​ការ​ដោះ​ស្រាយ​នាពេល​ខាងមុខ។

«ឲ្យ​តែមាន​ការ​ចរចា អត់​មាន​ភាព​តានតឹង​អី​ទៀត​ទេ»។

​ប៉ុន្តែ​កូន​សោរ​នៃ​ការ​ចរចា ​គឺ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​គណបក្ស​កាន់​អំណាច នេះ​បើ​ផ្អែក​តាម​ការ​វិភាគ​របស់​លោក ​អ៊ូ វីរៈ។

«បើសិនជា​គណបក្ស​ប្រជាជន​មើល​ឃើញ​ថាមាន​ប្រយោជន៍​សម្រាប់​គាត់ គាត់​នឹង​ចរចា។ បើ​សិន​ក្នុង​ករណី​គាត់​អាច​ថែរក្សា​អំណាច​បាន ថែរក្សា​សេដ្ឋកិច្ច​បាន គាត់​អាច​បន្ត​ឲ្យ​មាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ បើសិន​ជា​គាត់​អាច​ថែរក្សា​ទាំងអស់​ហ្នឹង​បាន គាត់​អាច​នឹង​ចរចា​គ្នា គាត់​អាច​នឹង​និយាយ​គ្នា»។

​ក្នុង​ពេល​នេះ​ទំនោរ​ទៅ​រក​ការ​ចរចា​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ទាន់មាន​សញ្ញា​អ្វី​មួយ​នៅ​ឡើយ។

យោង​តាម​ការ​បក​ស្រាយ​របស់​លោក​សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​កាន់​អំណាច​ហាក់​ដូចជា​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ការ​ចរចា​ណា​មួយ​ដោយ​ហេតុ​ថា​ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​បន្ថែម​ការ​ភ្នាល់នៅ​លើ​តុ ក្រោយ​ការ​ចរចា​ចាប់​ផ្តើម។

«វាអត់ចប់ទេ។ ដោះលែងកឹម សុខា ហើយ វានៅយកអា៥០០៧នាក់មកទៀត (សមាជិកក្រុមប្រឹក្សាឃុំសង្កាត់) ទារយកតំណាងរាស្ត្រទាំង៥៥នាក់មកវិញ ប៉ុន្តែ (ពួកគេ) មិនទាន់និយាយ ដោយសារ (ពួកគេចង់) ឲ្យចេញមួយសិន ដើម្បីចេញពីរ ចេញបី ចេញបួន។ រឿងអត់ចប់ទេ។ ប៉ុន្តែចប់ពេលណាដែលទណ្ឌិតសម រង្ស៊ី ចូលមក និងត្រូវចាប់ដាក់គុកប៉ុណ្ណោះ»។

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកគាំទ្រក្នុង​ទិវាគោរពសិទ្ធិមនុស្សអន្តរជាតិ នៅ​រាជធានីភ្នំពេញ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤។

នា​ពេល​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​ការ​ក្តាប់​អំណាច​យ៉ាង​ណែន​នៅ​ក្នុង​ដៃ ត្រូវ​គេ​មើល​ឃើញ​ថា​បាន​បន្ថែម​សម្ពាធ​លើ​គូ​ប្រជែង​របស់​ខ្លួន​ ដោយ​ប្រើ​វិធាន​ការ​តុលាការ​និង​ហេតុផល​ការ​ពារ​សន្តិសុខ​ សុវត្ថិភាព​សង្គម។ ហើយ​បញ្ហា​នេះ​ទំនង​ជា​អ្វី​ដែលគណបក្ស​ប្រជាជន​កម្ពុជា​ចង់​បានដើម្បី​ស្ទង់​មើល​ដង្ហើម​នៃ​សមាជិក​គណបក្ស​ប្រឆាំង​ថា ​តើ​ពួកគេ​អាច​តស៊ូ​បាន​យូរ​ប៉ុណ្ណា នៅពេល​ដែល​មេដឹកនាំ​របស់​ពួក​គេបែក​ខ្ញែក។ ហើយ​រវាង​ក្រុម​លោក​កឹម សុខា និង​ក្រុម​លោក​សម រង្ស៊ី ហាក់​ដូចជា​មិន​បាន​និយាយ​ភាសា​តែ​មួយ​ទេ។

លោក​អ៊ូ វីរៈ យល់​ថា​ សម្ពាធ​នេះ​បាន​ធ្វើ​ឲ្យ​អតីត​គណបក្សប្រឆាំង​បង្ហាញ​ស្នាម​ប្រេះ​រួច​ទៅ​ហើយ។

«តាម​ខ្ញុំវិភាគ​ គណបក្ស​សង្គ្រោះ​ជាតិ​ប្រហែល​ជា​បែក​ជា​ពីរ​ដូច​កាល​ពី​ឆ្នាំ​២០១២។ បែក​ទៅ​តាម​បន្ទាត់​ដើម។ ​ខាង​ក្រុម​លោកកឹម សុខា មាន​គណបក្ស​សិទ្ធិ​មនុស្ស ប្រហែល​ជា​ទៅ​បន្ទាត់​ដើម។​ ខាង​គណបក្ស​ភ្លើង​ទៀន​របស់​លោក​សម រង្ស៊ី ប្រហែលជា​ទៅបន្ទាត់​ដើម»។​

ការ​វិល​ទៅ​រក​ធាតុដើម​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ ថ្វីដ្បិត​តែ​មិន​មែន​ជា​ដំណោះ​ស្រាយ​ដែល​ល្អ​បំផុត​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​គណបក្ស​នេះអាច​បង្ហាញពី​ការ​បន្ធូរដៃ​បន្តិច​ ក្រោយ​ពេល​ដែល​រំលាយ​គណបក្ស​ប្រឆាំង​គូ​ប្រជែង​របស់​ខ្លួន។ ហើយគណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​វិល​ចូល​ឆាក​នយោបាយ​វិញ ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​ជាថ្មី។​

លោក​សុខ ឥសាន អ្នក​នាំពាក្យគណបក្ស​ប្រជាជន​កម្ពុជា​ មិន​បង្ហាញ​ត្រង់ៗ​ថា​ នេះ​ជា​ដំណោះ​ស្រាយ​មួយ​នោះ​ទេ។ ប៉ុន្តែ​លោក​មាន​ប្រសាសន៍​ថា​ ក្រុម​អ្នក​នយោបាយ​ប្រឆាំង​អាច​វិល​ទៅ​រក​គណបក្ស​ដើម​វិញ។

«យក​គណបក្ស​ចាស់។ ​ហើយ​អស់​លោក​ដែល​យក​គណបក្ស​ចាស់​ក៏ដោយ អស់​លោក​ដែលបង្កើត​គណបក្ស​ថ្មី​ក៏ដោយ​ ​ត្រូវ​តែ​អនុវត្ត​តាមវិសោធនកម្ម​ច្បាប់ស្តី​ពី​គណបក្ស​នយោបាយ (គឺ) ​ចូល​មក​សុំ​តាម​រយៈ​ក្រសួង​មហាផ្ទៃ​ដើម្បី​ទទួល​បាន​និតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ»។

យ៉ាងណាក៏ដោយ នៅមានពន្លឺពីរទៀតសម្រាប់ដំណោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ក្នុងនោះរួមមានព្រះរាជអន្តរាគមន៍បែបណាមួយរបស់ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ប៉ុន្តែត្រង់ចំណុចនេះហាក់ដូចជាមិនទាន់ស្ថិតក្នុងក្តីរំពឹងក្នុងពេលដ៏ខ្លីខាងមុខនេះទេ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ អន្តរាគមន៍​ពី​អន្តរជាតិ​សម្រាប់​ដំណោះ​ស្រាយ​នយោបាយ​កម្ពុជា​អាច​មាន​ភាព​ចាំ​បាច់។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​នយោបាយ​ខ្មែរ​ជ្រើស​រើស​ផ្លូវ​អន្តរាគមន៍​ពី​អន្តរជាតិ នោះ​ចង់​មិន​ចង់​ អ្នក​នយោបាយ​កម្ពុជា​នឹង​បាត់​បង់​ឥស្សរភាព​ជាតិ​និយម​មួយ​ផ្នែក។

សម្រាប់​លោក​បណ្ឌិតឡៅ ម៉ុង​ហៃ ប្រទេស​ចិន​ទំនង​ជាប្រទេស​ដែល​សក្តិសម​ជាង​គេ​ក្នុង​ពេល​នេះ​ដើម្បី​ដើរ​តួជា​អ្នក​សម្រប​សម្រួល​និង​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​កម្ពុជា៕