អង្គការលើកលែងទោសអន្តរជាតិនិយាយថា ប្រទេសចិន បានបង្កើត«ភាពអាសន្នផ្នែកសិទ្ធិមនុស្ស»នៅហុងកុង ចាប់តាំងពីបានចេញច្បាប់សន្តិសុខជាតិដ៏តឹងរ៉ឹងកាលពីឆ្នាំមុន។ អង្គការសិទ្ធិមនុស្សនេះ បានចេញរបាយការណ៍ដ៏វែងនៅថ្ងៃពុធស្តីពីផលប៉ះពាល់នៃច្បាប់នេះ នៅខួបមួយឆ្នាំនៃការអនុម័តច្បាប់នេះ ដោយរដ្ឋាភិបាលក្រុងប៉េកាំងក្នុងការឆ្លើយតបទៅនឹងការធ្វើបាតុកម្មធំៗប្រឆាំងនឹងរដ្ឋាភិបាលក្នុងឆ្នាំ២០១៩ ដែលជួនកាលប្រឈមនឹងអំពើហិង្សា។
មនុស្សរាប់រយនាក់ដែលជាអ្នកនយោបាយ និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យត្រូវបានចាប់ខ្លួននិងឃុំឃាំងក្រោមច្បាប់ដែលមានគោលដៅបង្ក្រាបអ្នកដែលអាជ្ញាធរសង្ស័យថា បានធ្វើសកម្មភាពភេរវកម្ម អប្បគមន៍ វិទ្ធង្សនាអំណាចរដ្ឋ ឬការឃុបឃិតជាមួយកម្លាំងបរទេស។ ក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួនរួមមានមហាសេដ្ឋីសារព័ត៌មាន គឺលោក Jimmy Lai ម្ចាស់ក្រុមហ៊ុន Next Digital ដែលត្រូវបានបង្ខំឲ្យបិទកាសែត Apple Daily កាលពីសប្តាហ៍មុន បន្ទាប់ពីប៉ូលិស៥០០នាក់បានឆ្មក់ចូលទីស្នាក់ការ និងបានចាប់ខ្លួននាយកប្រតិបត្តិជាច្រើននាក់ និងបង្កកទ្រព្យសម្បត្តិរាប់លានដុល្លារ។
របាយការណ៍ដ៏វែងស្តីពីផលប៉ះពាល់នៃច្បាប់សន្តិសុខជាតិទៅលើប្រព័ន្ធតុលាការហុងកុងនេះ ផ្អែកលើការសម្រេចរបស់តុលាការកំណត់ហេតុសវនាការ និងបទសម្ភាសន៍ជាមួយសកម្មជន។ ក្នុងរបាយការណ៍នេះ អង្គការលើកលែងទោស បានសន្និដ្ឋានថា ច្បាប់នេះ ត្រូវបានប្រើដើម្បី«អនុវត្តការរំលោភសិទ្ធិមនុស្សជាច្រើន»។
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលោកស្រី Yamini Mishra និយាយថា «ក្នុងរយៈពេលមួយឆ្នាំ ច្បាប់សន្តិសុខជាតិនេះបានធ្វើឲ្យទីក្រុងហុងកុងក្លាយជារដ្ឋប៉ូលិស និងបង្កើតភាពអាសន្នផ្នែកសិទ្ធិមនុស្សសម្រាប់ប្រជាជនរស់នៅទីនោះ»៕