កំណត់និពន្ធ៖ នៅចំពោះមុខភាពជឿនលឿន និងដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យដ៏ពេញលេញ ស្ត្រីកម្ពុជាក៏កំពុងតែលេចធ្លោស្ទើរតែគ្រប់វិស័យរបស់កម្ពុជា។ អ្នកនិពន្ធ និងសិល្បករដ៏ល្បីល្បាញម្នាក់បានសរសេរសៀវភៅពីរក្បាលអំពីស្ត្រីវ័យក្មេងកម្ពុជានេះ។ សៀវភៅឈ្មោះ កេ្មងស្រីកម្ពុជា៖ ការបោះពុម្ពផ្សាយដោយខ្លួនឯងនៅទីក្រុងភ្នំពេញ (ឆ្នាំ២០១១) និងសៀវភៅ ច្បាប់ក្មេងស្រីថ្មី៖ ការរៀបចំអនាគតសម្រាប់ប្រទេសកម្ពុជា (ឆ្នាំ២០១៣) និយាយអំពីការលេចធ្លោរបស់ស្ត្រីវ័យក្មេងកម្ពុជា។ ពីរដ្ឋធានីវ៉ាស៊ីនតោន នាងទែន សុខស្រីនិត បានសន្ទនាជាមួយលោកស្រី Anne Elizabeth Moore តាមទូរស័ព្ទ។
លោកស្រី Anne Elizabeth Moore គឺជាអ្នកនិពន្ធស្ត្រីនិយម និងសិល្បករ។ លោកស្រីបានសិក្សានៅសាកលវិទ្យាល័យ Wisconsin-Eau Clair និងនៅវិទ្យាស្ថានសិល្បៈទីក្រុង Chicago។ ថ្មីៗនេះ លោកស្រីត្រូវបានទទួលស្គាល់ថា «ជាអ្នកគិតដ៏ឈ្លាសវៃ និងអ្នកវាយតម្លៃវប្បធម៌ល្អម្នាក់នៅលើពិភពលោក»។ សៀវភៅ កេ្មងស្រីកម្ពុជា៖ ការបោះពុម្ពផ្សាយដោយខ្លួនឯងនៅទីក្រុង ភ្នំពេញ (ឆ្នាំ២០១១) ទទួលបានពានរង្វាន់ឈ្មោះ Lowell Thomas សារព័ត៌មានធ្វើដំណើរសម្រាប់សៀវភៅល្អបំផុតពីសមាគមមូលនិធិអ្នកនិពន្ធធ្វើដំណើរអាមេរិកាំងនៅឆ្នាំ២០១២។
លោកស្រីបានចំណាយពេលរស់នៅ និងធ្វើការជាមួយនឹងស្ត្រីកម្ពុជាវ័យក្មេងនៅអន្តេវាសិកដ្ឋាននៅទីក្រុងភ្នំពេញ។ លោកស្រីបានចាប់អារម្មណ៍លើភាពខុសប្លែកគ្នានៃវប្បធម៌ និងប្រពៃណីខ្មែរ ចំពោះមុខភាពជឿនលឿន ដោយលើកយកស្ត្រីកម្ពុជាវ័យក្មេងមកធ្វើជាឧទាហណ៍ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរផ្នត់គំនិតរបស់គេមកលើច្បាប់ស្រី និងតួនាទីរបស់ស្ត្រីកម្ពុជានៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ ការតស៊ូដើម្បីសមភាពភេទ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី គឺជាប្រធានបទសំខាន់នៃសៀវភៅរបស់លោកស្រីឈ្មោះ ច្បាប់ស្រីថ្មី៖ ការរៀបចំអនាគតសម្រាប់ប្រទេសកម្ពុជា (ឆ្នាំ២០១៣)។ តទៅនេះគឺជាខ្លឹមសារទាំងស្រុងនៃបទសម្ភាសន៍ជាមួយនឹងលោកស្រី Anne Elizabeth Moore៖
Your browser doesn’t support HTML5
Your browser doesn’t support HTML5
Your browser doesn’t support HTML5
VOA៖ ច៎ា ជាដំបូង សូមលោកស្រីប្រាប់ប្រិយ៍មិត្តអ្នកស្តាប់ ថាតើហេតុអី្វបានជាលោកស្រីចាប់អារម្មណ៍លើប្រទេសកម្ពុជា ហើយតើគម្រោងសរសេរសៀវភៅពីរក្បាលនេះកើតចេញពីណាមក?
Anne Elizabeth Moore៖ និយាយទៅ ខ្ញុំបានធំដឹងក្តីនៅសហរដ្ឋអាមេរិក ហើយខ្ញុំបានចាប់ផ្តើមសរសេរអត្ថបទបោះពុម្ពផ្សាយដោយខ្លួនឯងតាំងពីពេលខ្ញុំមានអាយុ១១ឆ្នាំមកម៉្លេះ។ ការធ្វើបែបនេះគឺហាក់ដូចជាការឆ្លើយតបនឹងការធំដឹងក្តីរបស់ខ្ញុំក្នុងបរិយាកាស ដែលពោរពេញទៅដោយសារការឃោសនាផ្សព្វផ្សាយដូចជាទូរទស្សន៍ ហើយសូម្បីតែអាហារពេលព្រឹកដូចជាអាហារធ្វើពីគ្រាប់ធញ្ញជាតិ របស់របរលេង និងល្បែងកម្សាន្ត និងអ្វីៗផ្សេងទៀតសុទ្ធតែទាក់ទាញអី្វមួយពីខ្ញុំ។ ហើយ ការឆ្លើយតបរបស់ខ្ញុំ គឺបង្កើតជាស្ថាប័នសារព័ត៌មានមួយដែលឆ្លុះបញ្ចាំងពីការឆ្លើយតបរបស់កេ្មងស្រីតូចម្នាក់ទៅកាន់ការផ្សាយពាណិជ្ជកម្មជ្រុញហួសហេតុមកលើរូបរាង និងបុគ្គលិកលក្ខណៈរបស់ខ្ញុំ។
ហើយខ្ញុំបានបោះពុម្ពផ្សាយអត្ថបទរបស់ខ្ញុំតាំងពីទសវត្សឆ្នាំ១៩៨០ រហូតមកដល់ឆ្នាំ២០០៧។ ហើយខ្ញុំក៏បានដំណើរការទស្សនាវដ្តីមួយនេះរហូតដល់ថ្ងៃចុងក្រោយបង្អស់នៃឆ្នាំ២០០៧។ ទស្សនាវដ្តីនេះត្រូវបានបិទ ហើយខ្ញុំពិតជាមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំង។ ទស្សនាវដ្តីនេះមានឈ្មោះថា Punk Planet។ ខ្ញុំខកចិត្តខ្លាំង ដោយសារតែមានមនុស្សជាច្រើនបានបោះពុម្ពផ្សាយអត្ថបទអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ហើយសហរដ្ឋអាមេរិកគួរតែជាប្រទេសមួយដ៏ល្អបំផុតសម្រាប់លទ្ធិប្រជាធិបតេយ្យសម្រាប់អ្នកបោះពុម្ពផ្សាយឯករាជ្យដូចអ្នកទាំងនេះ។ ប៉ុន្តែ ការណ៍ដែលយើងមិនអាចបោះពុម្ពផ្សាយទស្សនាវដ្តីរបស់យើងភ្លាមៗ ដោយសារតែបទបញ្ជារបស់រដ្ឋាភិបាលបានផ្លាស់ប្តូរការងាររបស់យើង ដូច្នេះហើយបានជាយើងមិនអាចបន្តបោះពុម្ពផ្សាយទស្សនាវដ្តីរបស់យើង ដូចដែលយើងបានធ្វើអស់រយៈពេល១២ឆ្នាំ។
ហើយនេះខ្ញុំយល់ថា លទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកបានធ្វើឲ្យខ្ញុំបរាជ័យ ដូច្នេះខ្ញុំក៏ចាប់ផ្តើមសម្លឹងមើលប្រទេសដទៃទៀត ដែលនៅទីនោះលទ្ធិប្រជាធិបតេយ្យមិនត្រូវបានយល់ថាជារឿងមួយមុខទេ។ ជាក់ស្តែង ដូចនៅប្រទេសកម្ពុជានៅឆ្នាំ២០០៧ សំណួរទីមួយគឺថាតើលទ្ធិប្រជាធិបតេយ្យមានន័យយ៉ាងដូចម្តេចសម្រាប់ប្រទេសកម្ពុជា ដែលសេរីភាពសារព័ត៌មានស្ទើរតែគ្មាន។ យើងមិនគិតថា យើងនឹងទទួលបានព័ត៌មានពិតប្រាកដពីទូរទស្សន៍ ឬកាសែតទេ។ ហេតុនេះហើយបានជាខ្ញុំចាប់អារម្មណ៍ពីប្រទេសកម្ពុជា ប៉ុន្តែក្រោយមកទៀត នៅពេលដែលខ្ញុំបានដឹងអំពីអន្តេវាសិកដ្ឋានសម្រាប់ស្ត្រីកម្ពុជាវ័យក្មេង ដែលមកបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅទីក្រុងលើកដំបូង ហើយខ្ញុំក៏ចាប់ផ្តើមទាក់ទងជាមួយនឹងបុគ្គលិកគ្រប់គ្រងនៅអន្តេវាសិកដ្ឋាននោះ ហើយពួកគេក៏អញ្ជើញខ្ញុំឲ្យមកស្នាក់នៅ និងអនុវត្តគម្រោងសរសេរអត្ថបទបោះពុម្ពផ្សាយដោយខ្លួនឯង ជាមួយនឹងស្ត្រីកម្ពុជាវ័យក្មេងទាំងនេះ។
VOA៖ ដោយសារតែសៀវភៅរបស់លោកស្រីចាប់ផ្តើមឡើងពីចំណាប់អារម្មណ៍របស់លោកស្រីអំពីច្បាប់ស្រី ខ្ញុំចង់ដឹងថាតើលោកស្រីបានដឹងពីខ្លឹមសារច្បាប់ស្រីនេះតាមរបៀបណា?
Anne Elizabeth Moore៖ ច៎ា ខ្ញុំពិតជាសំណាងមែនទែន ដែលបានស្នាក់នៅអន្តេវាសិកដ្ឋានជាមួយនឹងស្ត្រីវ័យក្មេងចំនួន៣២នាក់ ដែលពួកគេទើបតែមករស់នៅទីក្រុងភ្នំពេញជាលើកដំបូង។ ភាគច្រើនមានស្ត្រីពីរបីនាក់ដែលមកពីក្រុងបាត់ដំបង សៀមរាប ឬភ្នំពេញ។ ប៉ុន្តែ មួយភាគធំគឺមកពីខេត្តតូចៗ ហើយស្ត្រីវ័យក្មេងទាំង៣២នាក់នេះបានដឹងអំពីច្បាប់ស្រី។ គេគ្រប់គ្នាមានសៀវភៅច្បាប់ស្រីមួយក្បាលម្នាក់ នៅតាមតុរៀនរបស់គេរៀងៗខ្លួន។ ហើយគេបានដឹងយ៉ាងច្បាស់ថា ច្បាប់ស្រីពិតជាមានពិតប្រាកដមែន ដែលផ្តល់ជាច្បាប់វិន័យក្នុងសង្គមដល់មនុស្សស្រី។ ហើយគេបានប្រាប់ខ្ញុំអំពីច្បាប់ស្រីនេះ។ ប៉ុន្តែ បន្ទាប់មកទៀត ខ្ញុំបានធ្វើដំណើរជុំវិញប្រទេសកម្ពុជា ហើយបានជួបជាមួយនឹងជនបរទេសដែលរស់នៅ និងធ្វើការនៅកម្ពុជាជាពិសេសគឺពួកបុគ្គលិកសេវាកម្មសង្គម។ អ្នកទាំងនេះបានដឹងអំពីច្បាប់ស្រីនេះដែរ ប៉ុន្តែការយល់ឃើញរបស់គេនិងខ្ញុំ គឺខុសគ្នា។ ហើយរាល់ពេលដែលយើងនិយាយអំពីច្បាប់ស្រី ពួកគេព្រួយបារម្ភណាស់ នៅពេលគេនិយាយអំពីខ្លឹមសារច្បាប់ស្រីម្តងៗ។
VOA៖ ច៎ា ឥឡូវនេះ ខ្ញុំសូមឲ្យលោកស្រីរៀបរាប់អំពីសៀវភៅថ្មីនេះរបស់លោកស្រីជូនប្រិយមិត្តអ្នកស្តាប់ផងច៎ា។
Anne Elizabeth Moore៖ និយាយទៅ សៀវភៅទីមួយរបស់ខ្ញុំឈ្មោះ កេ្មងស្រីកម្ពុជា បានបោះពុម្ពផ្សាយ ហើយមានអ្នកគាំទ្រអានច្រើន។ ហើយសៀវភៅនេះឈ្នះបានរង្វាន់ជាច្រើន ហើយអ្នកអានជាច្រើននាក់បានពេញចិត្តនឹងសៀវភៅនេះខ្លាំងណាស់។ ហើយខ្ញុំនៅទទួលបានអ៊ីម៉ែលពីអ្នកអាន ដែលដក់ចិត្តនឹងសៀវភៅនេះ និងស្ត្រីកម្ពុជាវ័យក្មេង ដែលខ្ញុំបានស្នាក់នៅជាមួយ។ ម្យ៉ាងវិញទៀត ខ្ញុំក៏យល់ថា អ្នកអានបានដក់ចិត្តនឹងគំនិតដែលថា យើងអាចទៅកន្លែងណាមួយ ហើយអាចផ្តល់ជំនាញតូចមួយដល់មនុស្សមួយក្រុម ដែលយល់ថាជំនាញនេះមានប្រយោជន៍ និងគួរឲ្យចាប់អារម្មណ៍។
មើលទៅការគាំទ្រនេះដូចជាអួតអាងបន្តិច ប៉ុន្តែនិយាយទៅ នេះគឺជាបញ្ហាដ៏ធំ និងសំខាន់មួយ ជាពិសេសនៅពេលដែលយើងបានដឹងអំពីបញ្ហាចក្រពត្តិនិយម ខណៈដែលពួកជនជាតិស្បែកសទទួលបានការកោតសរសើរចំពោះបញ្ហា ដែលបានកំពុងកើតឡើងជុំវិញពិភពលោក ជាពិសេសគឺនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ដូច្នេះ ខ្លឹមសារសំខាន់របស់សៀវភៅខ្ញុំ ច្បាប់ស្រីថ្មី គឺចង់បង្ហាញឲ្យឃើញថា៖ ប្រាកដណាស់ខ្ញុំបានសរសេរសៀវភៅនេះ ហើយបានធ្វើការងារនេះជាមួយនឹងស្ត្រីកម្ពុជាវ័យក្មេង។ ប៉ុន្តែ អ្វីដែលខ្ញុំសម្រេចបាន គឺមិនស្មើនឹងអ្វីដែលស្ត្រីកម្ពុជាវ័យក្មេងទាំងនេះបានប្រឈមនោះទេ។ ជាពិសេស សៀវភៅ ច្បាប់ស្រីថ្មី នេះ គឺដើម្បីបង្ហាញឲ្យឃើញថា ខ្ញុំបានធ្វើកិច្ចការនេះតិចតួចណាស់ ក្នុងនាមជាស្ត្រីជនជាតិស្បែកសអាមេរិកាំងម្នាក់ដែលបានមកដល់ប្រទេសកម្ពុជា ហើយធ្វើការជាមួយនឹងស្ត្រីកម្ពុជាវ័យក្មេងចំនួន៣២នាក់ ដែលបានយល់ដឹងអំពីវប្បធម៌របស់ខ្លួន និងអំពីការទាមទារឲ្យមានសមភាពភេទក្នុងវិស័យសារព័ត៌មានល្អជាងខ្ញុំទៅទៀត។ ទាំងនេះហើយ គឺជាគោលបំណងនៃសៀវភៅនេះ។
VOA៖ ច៎ា ហើយនៅក្នុងសៀវភៅនេះមានច្បាប់ស្រីថ្មីចំនួន២០ ដែលស្រ្តីកម្ពុជាវ័យក្មេង ដែលលោកស្រីបានធ្វើការជាមួយបានរៀបរៀងឡើង។ តើលោកស្រីយល់យ៉ាងដូចម្តេចដែរចំពោះគោលជំហររបស់ស្ត្រីកម្ពុជាវ័យក្មេងក្នុងសង្គមកម្ពុជាសព្វថ្ងៃនេះ?
Anne Elizabeth Moore៖ ទីមួយគឺថា ខ្ញុំពិតជាមានសំណាងដែលបានមកដល់ប្រទេសកម្ពុជានៅឆ្នាំ២០០៧ ហើយបានចំណាយពេលដ៏មានន័យជារៀងរាល់ឆ្នាំក្នុងរយៈពេល៧ឆ្នាំកន្លងទៅនេះជាមួយនឹងប្រជាពលរដ្ឋកម្ពុជា ជាពិសេស បានឃើញស្ត្រីកម្ពុជាវ័យក្មេង និងស្ត្រីក្មេងៗដែលខ្ញុំបានធ្វើការជាមួយចេះអភិវឌ្ឍខ្លួនឯង។ ក្នុងអំឡុងការអភិវឌ្ឍសេដ្ឋកិច្ចដ៏ល្អបំផុតរបស់កម្ពុជា ខ្ញុំពិតជាសប្បាយរីករាយក្រៃលែង ដែលបានជួបស្ត្រីក្មេងដែលស្ទុះស្ទាគិតគូរពីប្រទេសជាតិ និងអនាគតរបស់គេ ស្វែងយល់អំពីបញ្ហាការងារ ភាពជាបុគ្គល និងស្វែងយល់ពីមូលហេតុដែលកម្ពុជាមិនទាន់អាចគាំទ្រស្ត្រីទាំងស្រុងបាន។ ប៉ុន្តែ បើសួរខ្ញុំថាតើកម្ពុជាបានដោះស្រាយបញ្ហាស្ត្រីឲ្យបានពេញលេញហើយឬនៅនោះ ខ្ញុំគិតថា យើងនៅមានកិច្ចជាច្រើន ដែលយើងត្រូវធ្វើ។ ប៉ុន្តែ មកដល់ដំណាក់កាលនេះតួនាទីរបស់ខ្ញុំ គឺត្រូវតែផ្តល់ជាធនធានដល់ការតស៊ូរបស់ស្ត្រី។
VOA៖ តើលោកស្រីយល់ថា ការផ្លាស់ប្តូរឥរិយាបថរបស់ស្ត្រីកម្ពុជាដើម្បីសមភាពភេទអាចជា“ការតទល់”នឹងក្បួនច្បាប់ និងទំនៀមទម្លាប់ប្រពៃណីបុរាណដែលប្រជាពលរដ្ឋកម្ពុជាជំនាន់មុនជាច្រើននៅតែប្រកាន់យកដែរឬទេ?
Anne Elizabeth Moore៖ តាមពិតទៅ ខ្ញុំចង់សួរទៅស្រីនិតវិញ ថាតើច្បាប់ស្រីថ្មីទាំង២០នោះអាចសម្រេចទៅបានទេ? បើមិនបាន តើច្បាប់ទាំងនោះគួរតែនិយាយពីអ្វីវិញ? មូលហេតុដែលខ្ញុំលើកយកបញ្ហាច្បាប់ស្រីនេះមកនិយាយ គឺថាស្ត្រីដែលខ្ញុំធ្វើការជាមួយពេលនោះបានផ្តោតការយកចិត្តទុកដាក់ខ្លាំងលើតួនាទីស្រ្តីក្នុងការថែរក្សាប្រពៃណី តែម្យ៉ាងទៀតក៏ដើម្បីលុបបំបាត់បញ្ហាអំពើហិង្សា ដើម្បីសុវត្ថិភាព សេដ្ឋកិច្ចរបស់ស្ត្រី និងបើកឱកាសបន្ថែមដល់ស្រ្តី។ ដូច្នេះ ខ្ញុំមានអារម្មណ៍ថា ច្បាប់២០ថ្មីនេះដែលពួកគេបានរៀបរៀងឡើងមានឈ្មោះថា ច្បាប់ស្រីថ្មី គឺធ្វើកិច្ចការដោះស្រាយបញ្ហាខាងលើនេះ។ ប៉ុន្តែ ខ្ញុំយល់ថាស្រ្តីកម្ពុជាវ័យក្មេង ជាពិសេសស្ត្រីដែលធ្វើការក្នុងវិស័យសារពត៌មានដូចជាស្រីនិត អាចមានគំនិតប្រសើរជាងខ្ញុំថាតើបញ្ហាទាំងអស់នេះពិត ឬមិនពិត។
ហើយវាពិបាកក្នុងការធ្វើកិច្ចការទាំងអស់នេះស្របពេលតែមួយ។
ប៉ុន្តែ សម្រាប់ស្ត្រីកម្ពុជាវ័យក្មេងដែលខ្ញុំបានធ្វើការជាមួយកាលពីឆ្នាំ២០០៧ ច្បាប់ទី១សំខាន់ជាងគេគឺភាពអត់ធ្មត់។ គឺត្រូវអត់ធ្មត់ ដើម្បីធ្វើជាស្ត្រីរឹងមាំ។ ហើយកិច្ចការសំខាន់ៗទាំងអស់នេះ ដែលស្រ្តីកម្ពុជាវ័យក្មេងចង់ជំរុញលើកស្ទួយវប្បធម៌កម្ពុជា គឺចាក់ឫសនៅក្នុងការយល់ដឹងអំពីតួនាទីស្រ្តីក្នុងប្រពៃណីកម្ពុជានេះឯង។
VOA៖ មានសៀវភៅតិចតួចណាស់ដែលសរសេរអំពីស្រ្តីកម្ពុជា។ តើលោកស្រីយល់ថា សៀវភៅរបស់លោកស្រីខុសគ្នាពីសៀវភៅទាំងអស់នេះយ៉ាងដូចម្តេចដែរ?
Anne Elizabeth Moore៖ ច៎ា ខ្ញុំបានដឹងអំពីសៀវភៅទាំងនេះ នៅពេលខ្ញុំស្រាវជ្រាវលើគម្រោងសរសេរសៀវភៅរបស់ខ្ញុំ។ ហើយខ្ញុំភ្ញាក់ផ្អើល ដែលឃើញសៀវភៅតិចតួចណាស់សរសេរអំពីស្រ្តីកម្ពុជា ខណៈដែលមានចំណាប់អារម្មណ៍ច្រើនមកលើការជួយដូរផ្លូវភេទនៅកម្ពុជា និងការនាំចូលសម្លៀកបំពាក់ពីកម្ពុជាមកសហរដ្ឋអាមេរិក។
ប៉ុន្តែ ខ្ញុំមានសំណាងដែលបានរស់នៅជាមួយស្ត្រីវ័យក្មេងកម្ពុជាដែលមានទស្សនៈទូលំទូលាយ ហើយរីករាយដែលបានមកខេត្តនានា ដើម្បីមករៀននៅទីក្រុងភ្នំពេញ។ ខ្ញុំយល់ថា ខ្ញុំទទួលបានឱកាសដ៏ពិសេសមួយ ដើម្បីស្វែងយល់ពីស្ត្រីវ័យក្មេងទាំងនេះតាមចិត្តរបស់គេ។ ហើយខ្ញុំយល់ថា ការងាររបស់ខ្ញុំនៅប្រទេសកម្ពុជា គឺផ្តោតខ្លាំងលើបទពិសោធន៍របស់ខ្ញុំនៅប្រទេសកម្ពុជា។ ខ្ញុំជាស្រ្តីអាមេរិកាំងស្បែកសមកពីទីក្រុង Chicago ប៉ុន្តែ ខ្ញុំបានជួបស្ត្រីកម្ពុជាវ័យក្មេងរហូតដល់ទៅ៣២នាក់ ហើយនៅពេលដែលខ្ញុំឈានជើងចេញពីយន្តហោះដំបូង ខ្ញុំបានគោរពវប្បធម៌របស់គេ ហើយព្យាយាមយល់អំពីអី្វដែលស្ត្រីទាំងនេះចង់បាន និងត្រូវការនាពេលអនាគត។
ហើយខ្ញុំយល់ថាអ្នកសង្គមវិទូ និងអ្នកជំនាញផ្សេងទៀតដូចជាសកម្មជន បានយកវិធីសាស្ត្រវប្បធម៌ផ្សេងៗគ្នាដើម្បីធ្វើកិច្ចការខុសៗគ្នា ប៉ុន្តែសម្រាប់អ្នកសារព័ត៌មានដូចជារូបខ្ញុំ ការងារទី១របស់ខ្ញុំគឺស្តាប់។ ហើយខ្ញុំយល់ថា នេះគឺអី្វដែលសៀវភៅទាំងពីររបស់ខ្ញុំបានធ្វើ៖ គឺបង្ហាញថា ខ្ញុំបានស្តាប់ និងបង្ហាញសាច់រឿងអំពីតម្រូវការរបស់ស្រ្តីកម្ពុជាក្នុងភាសាមួយដែលប្រជាពលរដ្ឋសហរដ្ឋអាមេរិកអាចស្វែងយល់បាន។
VOA៖ ខ្ញុំយល់ថាសៀវភៅរបស់លោកស្រីគឺជាសៀវភៅទី១ដែលលើកកម្ពស់សំឡេងស្ត្រីកម្ពុជាវ័យក្មេងដែលកំពុងតែលេចធ្លោនៅក្នុងសង្គមកម្ពុជាដែលកំពុងតែអភិវឌ្ឍដ៏ជឿនលឿន។ សម្រាប់លោកស្រី តើលោកស្រីចង់ឲ្យពិភពលោករៀនសូត្រអ្វីខ្លះពីស្រ្តីកម្ពុជាវ័យក្មេង តាមរយៈសៀវភៅរបស់លោកស្រី?
Anne Elizabeth Moore៖ កាលពីឆ្នាំ២០០៧ ខ្ញុំបានសរសេរសៀវភៅពីស្ត្រីកម្ពុជា ហើយប្រសិនបើខ្ញុំដឹងថាទីបំផុត មានស្រ្តីកម្ពុជាវ័យក្មេងម្នាក់ដែលធ្វើការក្នុងវិស័យសារព័ត៌មានបានទូរស័ព្ទមកសន្ទនាជាមួយខ្ញុំអំពីបញ្ហាស្ត្រីនៅកម្ពុជា ខ្ញុំប្រហែលជាមិនបានសរសេរសៀវភៅទាំងនេះទេ។ តាមពិតទៅ ខ្ញុំអាចចាំបាន មិនថាអញ្ចឹង។ ប៉ុន្តែ មូលហេតុដែលសៀវភៅរបស់ខ្ញុំលេចចេញជារូបរាងឡើង គឺដើម្បីអះអាងថា អនាគតរបស់ស្ត្រីកម្ពុជាវ័យក្មេងចូលប្រលូកក្នុងវិស័យសារព័ត៌មាននឹងកើតមានឡើង។ ហើយខ្ញុំពិតជាមិនដឹង ថាតើការងាររបស់ខ្ញុំអាចបម្រើជាប្រយោជន៍គ្រប់គ្រាន់ឬយ៉ាងណានោះទេ ប៉ុន្តែ ខ្ញុំដឹងថា ស្រ្តីវ័យក្មេងដែលខ្ញុំបានធ្វើការជាមួយបានក្លាយជាស្ត្រីដ៏រឹងមាំ ធ្វើជាម្ចាស់សំឡេងខ្លួនឯង។ ហើយក្តីសង្ឃឹមរបស់ខ្ញុំ គឺថាសំឡេងរបស់ស្ត្រីវ័យកេ្មងត្រូវបានស្តាប់ឮ ហើយសិទ្ធិរបស់គេត្រូវបានគោរព។
VOA៖ ខ្ញុំចង់ដឹងថាតើលោកស្រីមានគម្រោងប្រែសម្រួលសៀវភៅនេះទៅជាភាសាខ្មែរដែរឬទេ?
Anne Elizabeth Moore៖ ខ្ញុំពិតជាចង់ ហើយយើងបានពិភាក្សាអំពីគម្រោងបកប្រែសៀវភៅនេះទៅជាច្រើនភាសាក្នុងតំបន់អាស៊ីអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ ប៉ុន្តែ យើងមិនទាន់បានរកមធ្យោបាយធ្វើគម្រោងនេះនៅឡើយទេ។ ប៉ុន្តែ ខ្ញុំបានដឹងថា មានស្ត្រីម្នាក់បានបកប្រែសៀវភៅ Cambodian Grrl ទៅជាភាសាចិនកុកងឺដោយខ្លួនឯង។ ហើយសៀវភៅបកប្រែនេះអាចមានលក់នៅកន្លែងណាមួយ។ ប៉ុន្តែ យើងពិតជាមិនទាន់បានរកមធ្យោបាយបកប្រែសៀវភៅនេះទៅជាភាសាខ្មែរនៅឡើយទេ។ ដូច្នេះ អ្នកណាដែលចាប់អារម្មណ៍ចង់បកប្រែសៀវភៅនេះអាចទាក់ទងមកខ្ញុំបាន ហើយយើងនឹងព្យាយាមបកប្រែសៀវភៅនេះជាភាសាខ្មែរឲ្យបាន។
VOA៖ ជាចុងក្រោយ តើលោកស្រីមានអ្វីនិយាយទៅកាន់ស្ត្រីកម្ពុជាវ័យក្មេងដែលលោកស្រីបានធ្វើការជាមួយ និងស្ត្រីកម្ពុជាទូទៅដែរឬទេ?
Anne Elizabeth Moore៖ ខ្ញុំស្រឡាញ់គេគ្រប់គ្នា។ ស្រ្តីកម្ពុជាវ័យក្មេងមានលក្ខណៈពិសេស។ ខ្ញុំគិតថា មិត្តភាពរវាងខ្ញុំនិងស្ត្រីកម្ពុជាវ័យក្មេង និងស្រ្តីនៅសហរដ្ឋអាមេរិក គឺពិតជាពិសេសណាស់។ ជាក់ស្តែង ស្ថានភាពប្រទេសយើងទាំងពីរមានភាពយ៉ាប់យ៉ឺន ដូចដែលកម្ពុជាមានប្រវត្តិសាស្ត្រសង្គ្រាម ហើយទទួលរងពីគុណវិបត្តិខាងសេដ្ឋកិច្ចដែលសហរដ្ឋអាមេរិកបានទទួលយកផលិតផលសម្លៀកបំពាក់ប្រមាណ៧០ភាគរយពីរោងចក្រកាត់ដេរកម្ពុជា។ ខ្ញុំគិតថា វាពិតជាគួរឲ្យស្អប់ខ្ពើម ហើយនេះឆ្លុះបង្ហាញពីមូលដ្ឋាននៃមិត្តភាពរបស់កម្ពុជា និងសហរដ្ឋអាមេរិក ហើយវាពិបាកនឹងគេចចេញពីស្ថានភាពនេះណាស់។ ប៉ុន្តែ ខ្ញុំបានចំណាយពេលជាមួយនឹងស្ត្រីកម្ពុជាវ័យក្មេងជាច្រើនឆ្នាំមកនេះ ហើយបានត្រឡប់ទៅបង្រៀននៅតាមសាកលវិទ្យាល័យកម្ពុជា និងធ្វើកិច្ចការគម្រោងផ្សេងៗជាមួយនឹងស្រ្តីកម្ពុជា ហើយខ្ញុំពិតជាស្រឡាញ់ស្ត្រីកម្ពុជាអស់ពីចិត្តរបស់ខ្ញុំ ពីព្រោះស្រ្តីកម្ពុជាជាមនុស្សចិត្តល្អ រួសរាយរាក់ទាក់ និងកំប្លែងបំផុត ដែលខ្ញុំមិនធ្លាប់បានធ្វើការជាមួយពីមុនមក។ ហើយប្រសិនបើគេទាំងអស់គ្នា ឬស្រីនិតឯងត្រូវការអ្វីសូមប្រាប់ខ្ញុំមក។
ខ្ញុំក៏មានកិត្តិយសដែលបាននិយាយជាមួយស្រីនិត។ តាមពិតទៅ ខ្ញុំបានរង់ចាំពេលវេលានេះអស់រយៈពេល៧ឆ្នាំមកហើយ ដើម្បីបាននិយាយជាមួយនឹងអ្នកសារព័ត៌ជាស្ត្រីកម្ពុជាវ័យក្មេងម្នាក់ ដូច្នេះ ខ្ញុំពិតជាអរគុណស្រីនិតមែនទែន។
ហើយអ្វីដែលខ្ញុំគួរតែសប្បាយចិត្តជាងគេបំផុតគឺនៅពេលដែលស្រ្តីកម្ពុជាវ័យក្មេងកម្ពុជាបានអានសៀវភៅនេះ ហើយគេបានផ្ញើអ៊ីម៉ែល និងទូរស័ព្ទមកខ្ញុំ។ ខ្ញុំពិតជាមិនខ្វល់ពីការឈ្នះរង្វាន់អ្វីទេ នៅពេលដែលខ្ញុំដឹងថាស្ត្រីកម្ពុជាវ័យក្មេងបានអានសៀវភៅរបស់ខ្ញុំ៕