អ្នក​និពន្ធ​អាមេរិកាំង​លាតត្រដាង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ប្រាសាទ​អង្គរវត្ត

សៀវភៅ “Angkor's Temples in the Modern Era: War, Pride and Tourist Dollars” ឬ​ជា​ភាសាខ្មែរ​«ប្រាសាទអង្គរវត្ត​នៅ​ក្នុង​សម័យ​ទំនើប៖ សង្គ្រាម មោទនភាព និងអ្នកទេសចរណ៍​ប្រាក់ដុល្លារ» ត្រូវបាននិពន្ធដោយលោក John Burgess អ្នក​និពន្ធ​និង​អតីត​អ្នក​សារព័ត៌មាន​​អាមេរិកាំង​មួយរូប។

វ៉ាស៊ីនតោន — មក​ទល់​បច្ចុប្បន្ន​នេះ​ក្រុម​អ្នក​ដែល​បាន​ទៅ​ដល់​និង​បាន​រក​ឃើញប្រាង្គ​ប្រាសាទ​អង្គរវត្ត​ដ៏​វ័យ​ចំណាស់​របស់​ប្រទេស​កម្ពុជា​ឡើង​វិញ ​និង​ដែល​បាន​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​ប្រាសាទ​ដ៏​មហិមា​នេះ មិន​ទាន់​ត្រូវបាន​កំណត់​និង​ទទួលស្គាល់​ជា​សកល​នៅ​ឡើយ​ទេ។

ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​បាន​កត់ត្រា​ថា ​បព្វជិត​ជនជាតិ​ព័រទុយហ្គាល់​ម្នាក់​ឈ្មោះ Antonio de Magdalena បាន​មក​ទស្សនា​ប្រាសាទ​អង្គវត្តក្នុងប្រទេស​កម្ពុជា​ តាំង​ពី​ឆ្នាំ ១៥៨៥។ ក្រោយ​មក ជនជាតិ​ជប៉ុន​ម្នាក់​ឈ្មោះ​ Kenryo Shimano បាន​ធ្វើ​ធម្មយាត្រា​មក​កាន់​ប្រាសាទមួយ​នេះ ​ក្នុង​អំឡុង​ទសវត្ស ១៦៣០។ ហើយ​បន្ទាប់​មក​បព្វជិត​ជនជាតិបារំាង Charles Emile Bouillevaux បាន​ទៅ​ដល់ប្រាសាទ​ដែល​ត្រូវ​បានគេចាត់ទុក​ជាដួងព្រលឹង​ជាតិខ្មែរ​ក្នុង​ពេលបច្ចុប្បន្ន ក្នុង​ឆ្នាំ ១៨៥០ និង​វេជ្ជបណ្ឌិត​ផ្នែក​វះកាត់​ជន​ជាតិ​អង់គ្លេស​លោក​ James Campbell បាន​ទៅ​ដល់ប្រាសាទនេះ​ក្នុង​ឆ្នាំ​១៨៥៩។

ហើយ​ទោះ​បីជា​វត្តមាន​របស់​ពួកគេ​ត្រូវបាន​កត់ត្រា​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​ក្តី ក៏​ពួក​គេ​មិន​ទទួល​បាន​កិត្តិយស​ជា​សកល​ថា ​ជា​មនុស្ស​ដំបូង​ដែល​រក​ឃើញ​ប្រាសាទ​អង្គវត្ត​ឡើង​វិញ​ និង​ជា​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​ពិភព​លោក​ស្គាល់​ប្រាសាទ​អង្គរវត្ត​ឡើយ។​

កាល​ពី​ពេល​ថ្មីៗ​នេះ​ សៀវភៅ​ថ្មី​មួយ​ក្បាល​បាន​កំណត់​អត្តសញ្ញាណ​របស់​ជនជាតិ​បារាំង​ម្នាក់​ទៀត ដែល​បាន​រក​ឃើញ​ប្រាសាទអង្គរ​វត្ត​ឡើង​វិញ និង​ជា​អ្នក​ផ្វព្សផ្សាយ​អំពី​ប្រាសាទ​អង្គរវត្ត​ទៅ​កាន់​ពិភព​លោក​ដំបូង​គេ​បង្អស់។ នោះ​គឺ ​លោក Henri Mouhot អ្នក​ជំនាញ​ផ្នែក​ប្រវត្តិ​ធម្មជាតិ​ជន​ជាតិបារាំង និង​ត្រូវជា​កូន​ប្រុស​របស់ ​Charles Emile Bouillevaux ដែល​បានទៅ​ដល់​ប្រាសាទ​អង្គរវត្ត​ ក្នុងឆ្នាំ ១៨៦០។

លោក Henri Mouhot ​ទទួល​បាន​កិត្តិយស​និង​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​ថា​ជា​ជនបរទេស​ ដែល​បាន​រក​ឃើញ​ប្រាសាទអង្គរ​វត្ត​ឡើង​វិញ និង​ជា​អ្នក​ផ្វព្សផ្សាយ​អំពី​ប្រាសាទ​អង្គរវត្ត​ទៅ​កាន់​ពិភព​លោកដំបូង​គេ​បង្អស់។ នេះបើ​យោង​តាម​សៀវភៅរបស់​លោក John Burgess ​ដែលមានចំណង​ជើងថា៖ “Angkor's Temples in the Modern Era: War, Pride and Tourist Dollars” ឬ​ជា​ភាសាខ្មែរ​«ប្រាសាទ​អង្គរវត្ត​នៅ​ក្នុង​សម័យ​ទំនើប៖ សង្គ្រាម មោទនភាព និង​អ្នក​ទេសចរណ៍​ប្រាក់​ដុល្លារ»។

លោក John Burgess បាន​សរសេរក្នុង​សៀវភៅ​នេះ​ថា លោក Henri Mouhot សម​នឹង​ទទួល​បាន​កិត្តិយស​នេះ ដោយ​សារ​៖

«លោក ​[ Henri Mouhot] មាន​ទេពកោសល្យ និង​បណ្ដាញ ដែល​អាច​ធ្វើ​ពិភព​លោក​ចាប់​អារម្មណ៍។ លោក​ពូកែ​សរសេរ​លើក​សរសើរ​បែប​អក្សរសិល្បិ៍ មាន​ក្រសែ​ភ្នែក​បែប​មនោសញ្ចេតនា​ពិនិត្យ​ល្អិតល្អន់ ពូកែប្រៀបធៀប​ មាន​ជំនាញ​គូស​គំនូរ និងសំខាន់​បំផុត​នោះ គឺ​ចំណាប់​អារម្មណ៍​របស់​អ្នក​បោះពុម្ព​ផ្សាយ​នៅ​អឺរ៉ុប ដែល​រក​ប្រាក់​តាម​រយ:​ការលក់​ទៅ​កាន់​ទីផ្សារបរទេស»។

រូបឯកសារ៖ ទិដ្ឋភាពនៃប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ១៩៦៧។


កង្វះ​ខាត​នៃ​ការ​សរសេរ​ពី​ប្រាសាទ​អង្គរវត្ត​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប

លោក John Burgess គឺជា​អតីតអ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ឲ្យ​កាសែត​ The Washington Post ប្រចាំ​តំបន់​អាស៊ី។ លោក​បាន​និពន្ធ​និង​បាន​បោះ​ពុម្ព​សៀវភៅ​នេះ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី២១ ខែមេសា​ឆ្នាំ​ ២០២១ នេះ។​ លោក​បានធ្វើ​ដំណើរ​ទៅ​ដល់​ប្រាសាទ​អង្គរវត្ត​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ១៩៦៩ ​មុន​ពេល​ខ្មែរ​ក្រហម​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា។​ សៀវភៅ​នេះ គឺ​ជា​សៀវ​ភៅ​ទី​ ៥ ហើយ​ ដែល​លោក John Burgess បាន​និពន្ធ​និង​បោះពុម្ពផ្សាយ​សៀវភៅ​អំពី​ប្រាសាទ​អង្គវត្ត​នៃ​ប្រទេស​កម្ពុជា។

នៅ​ក្នុង​កម្មវិធី​ «អាន និង​ពិភាក្សា» របស់​ហាង​សៀវភៅ Politics និង Prose ដែល​ផ្សាយ​ផ្ទាល់​តាម​អ៊ីនធឺណិត កាល​ពី​ថ្ងៃ​អាទិត្យ ទី២០ ខែមិថុនា លោក​ John Burgess បានលើកឡើង​ថា គំនិត​ផ្ដួច​ផ្ដើម​ឲ្យ​លោក​និពន្ធ​សៀវភៅ​នេះ គឺ​ដោយសារ​លោកមើល​ឃើញ​ពី​កង្វះ​ខាតនៃ​ការ​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​អំពី​ប្រវត្តិ​សាស្ត្រ​សម័យ​ទំនើប​របស់​ប្រាសាទ​អង្គរវត្ត។

លោក​ John Burgess បាន​និយាយ​ថា៖ «មាន​សៀវភៅ​ជា​ច្រើន​ស្ដី​អំពី​ប្រាសាទ​អង្គរវត្ត ហើយ​សៀវភៅ​ខ្លះ​ទៀត​ផ្ដោត​លើ​ប្រវត្តិសាស្រ្ត​ដ៏​យូរ​លង់​របស់ប្រាសាទ​នេះ នៅចន្លោះ​សតវត្សទី ៩ និង​ទី ១៥​ ដែល​ពេល​នោះ​អង្គរ​ គឺជា​រាជធានីរបស់​ចក្រភព​ដ៏​អស្ចារ្យ​មួយ ដែល​កាន់​កាប់​ស្ទើរតែ​ទំាង​អស់​នៃ​តំបន់​អាស៊ី​អាគ្នេយ៍ ​ប៉ុន្តែ​សៀវភៅ​ដែល​ខ្ញុំ​កំពុង​និយាយ​ក្នុង​ពេល​ឥឡូវនេះ ​គឺ​ផ្តោត​លើព្រឹត្តិការណ៍កើត​ឡើង​ចាប់​ពី ពាក់​កណ្ដាល​សតវត្ស​ទី​១៩ នៅ​ពេល​ជន​ជាតិ​បារំាង​បាន​ចាប់​ផ្ដើម​ទៅ​ដល់​ប្រាសាទអង្គរ​វត្ត និង​ផ្សព្វ​ផ្សាយ​ពី​ប្រាសាទ​អង្គរ​វត្ត​ទៅ​កាន់ពិភពលោក។

សៀវភៅដែល​កម្រាស់ ២៦៨​ ទំព័រ និង​បែង​ចែក​ជា ១៦​ ជំពូក​នេះ​លាត​ត្រដាង​អំពី​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ប្រាសាទ​អង្គវត្ត​ ចាប់តំាង​ពី​ការ​រក​ឃើញ​ឡើង​វិញ​ក្នុង​អំឡុង​ឆ្នាំ ១៨៦០ ក្នុង​អំឡុង​ពេល​ឆ្លងកាត់​សម័យ​សង្គ្រាម​ស៊ីវិល​នានា ​និងរបប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម រហូត​មក​ដល់​សម័យ​បច្ចុប្បន្ន។

ក្នុង​នោះ ​ជំពូក​ទី​ ១ ​រៀបរាប់​អំពី «ជនបរទេស​ដំបូងៗ» ជំពូក​ទី ២ អំពី «បេសកកម្ម​របស់​លោកDelaporte» ជំពូក​ទី​ ៧ «គោលដៅ​ទេសចរណ៍» ជំពូកទី ​១១ និង​ទី​ ១២ អំពី «សង្គ្រាម និង​សន្តិភាព​ដ៏ឃោរឃៅ» និង​ជំពូក​ចុង​ក្រោយ​រៀបរាប់អំពី «អង្គរ និង​តួលេខ​ឆ្នាំ ២០១៩»។សៀវភៅ​នេះ​បាន​បញ្ចូលសម្រង់រូបភាព​ឯកសារ​សំខាន់ៗ​ទាំង​រូបភាព​សខ្មៅ និងពណ៌ធម្មជាតិ​ចំនួន ១៨៧ រូប​ភាព និង​ផែន​ទី​ចំនួន ១។

លោក John Burgess អ្នកនិពន្ធសៀវភៅជនជាតិអាមេរិកាំង ដែលបានសរសេរនិងបោះពុម្ពសៀវភៅចំនួន ៥ ក្បាល ទាំងបែបប្រលោមលោកនិងប្រវត្តិសាស្ត្រ អំពីវប្បធម៌និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។

លោក John Burgess បាន​រៀបរាប់​ថា លោក​សរសេរ​សៀវភៅ​នេះ​ឡើង​ដោយ​យោង​តាម​ឯកសារ​ប្រវត្តិសាស្ត្រសំខាន់ៗ ពី​បណ្ដាល័យ​វិមាន​សភា​សហរដ្ឋ​អាមេរិក នៅ​ក្នុងរដ្ឋធានីវ៉ាស៊ីនតោន និង​ជា​ពិសេស​នៅ​តាម​បណ្ណាល័យ​និងប័ណ្ណសារ​ជា​ច្រើន​កន្លែង​នៅ​ក្នុងទីក្រុង​ប៉ារីស ប្រទេស​បារាំង។

លោក John Burgess បាន​និយាយថា៖ «ភាគច្រើនឯកសារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​បាត់បង់ នៅ​ក្នុង​ភ្លើង​សង្រ្គាម​ក្នុង​ពេល​ថ្មីៗ​នេះ ដូច្នេះ​ខ្ញុំ​បាន​ធ្វើដំណើរ​ទៅ​កាន់ទីក្រុង​ប៉ារីស ​និង​កន្លែង​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស​បារាំង ដើម្បី​ស្រាវជ្រាវ​ឯកសារ សម្ភារ: និង​ប័ណ្ណសារ​ផ្សេងៗ​នៅ​ក្នុង​បណ្ណាល័យ»។

លោក​បន្ត​ទៀត​ថា៖ «កន្លែង​សំខាន់​បំផុត គឺ​ទីស្នាក់​កណ្ដាល​ប្រចាំ​ទីក្រុង​ប៉ារីស​នៃអង្គមួយ​ដែល​មានឈ្មោះ​ថា École française d'Extrême-Orient (EFEO)។ អង្គការ EFEO ត្រួតត្រា​ប្រាសាទ​អង្គរវត្ត​អស់រយៈជិត ៧​ទសវត្សរ៍ ហើយ​បុគ្គលិក​នៅ​ទីនោះ​ជួយ​យក​ចិត្តទុកដាក់​ខ្លាំងណាស់។ ពួកគេ​ជួយ​យ​កឯកសារ​ទាំង​កេស​នៃ​សម្ភារ:​ច្បាប់​ដើម​ដែល​មាន​ដូច​ជា​កំណត់ត្រា​សរសេរ​ដៃ​របស់​បុរាណ​វិទូ គំនូរ​ស្ថាបត្យកម្ម​នានា របាយការណ៍​ប្រចាំខែ​អំពី​ការ​អភិរក្ស សំបុត្រ និង​សូម្បី​តែ​របាយការណ៍​របស់​ប៉ូលិស​ផងដែរ»។

​មូលហេតុ​នៃ​ការ​បាត់បង់​វត្ថុ​បុរាណ​ពី​ប្រាសាទ​អង្គរវត្ត​


សៀវភៅ “Angkor's Temples in the Modern Era” ឬ «ប្រាសាទ​អង្គរវត្ត​នៅ​ក្នុង​សម័យ​ទំនើប» ក៏​បានរៀប​រាប់​ពី​មូល​ហេតុនៃ​ការ​បាត់​បង់​វត្ថុ​បុរាណ​ពី​ប្រាសាទ​អង្គរវត្ត​ផង​ដែរ។

​សង្គ្រាម ការ​ហ៊ុមព័ទ្ធ​ដោយរុក្ខ​ជាតិ និង​ការ​ធ្វើ​សំបុក​របស់​សត្វ​ប្រចៀវ បាន​ធ្វើ​ឲ្យ​វត្ថុ​បុរាណ​ជា​ច្រើន​តោន​នៅ​ប្រាសាទ​អង្គរវត្ត​រង​ការ​ខូចខាត។ ក្រៅពី​នេះ វត្ថុបុរាណ​ដ៏​មាន​តម្លៃ​ទាំង​នេះ ក៏​ត្រូវ​បាន​ទាហាន​ជើង​ទឹកបារាំង​ម្នាក់​ដែល​ក្រោយ​មក​បាន​ក្លាយ​ខ្លួន​ជា​បុរាណវិទូ គឺ​លោក Louis Delaporte បាន​ដឹក​ជញ្ជូន​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​បារាំង។​ ការ​ដឹក​ជញ្ជូន​នេះ​ធ្វើឡើង​ នៅ​ពេល​លោក​ Louis Delaporte បាន​ចុះ​មក​បំពេញ​បេសកម្ម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ១៨៧៣ ក្រោម​ការគាំទ្រផ្នែកច្បាប់ និង​ផ្នែកហិរញ្ញវត្ថុ​របស់ ​The Société de Géographie ឬ​ «សង្គម​ភូមិសាស្ត្របារំាង»។

​ហើយ​ការ​ជួញដូរ​វត្ថុ​បុរាណ​នៅ​ប្រទេស​បារាំង ក៏​ជា​មូល​ហេតុ​សំខាន់​មួយ​ទៀត​នៅ​ពី​ក្រោយ ការ​នាំ​យក​វត្ថុ​បុរាណ​និង​រូប​ចម្លាក់​ពី​ប្រទេស​កម្ពុជា ទៅ​កាន់ប្រទេស​បារាំង​ផង​ដែរ។ កិច្ចការ​ការ​ដឹក​ជញ្ជូន វត្ថុបុរាណ​ទម្ងន់​រាប់​តោន តាម​ផ្លូវដ៏​លំបាក ដោយ​គ្មាន​បច្ចេកវិទ្យា​ទំនើប​ដូច​សម័យ​បច្ចុប្បន្ន​របស់​លោក Louis Delaporte ត្រូវ​គេចាត់​គេទុកថា​ជា​ «ការ​ដឹក​ជញ្ជូនដ៏​មហិមា» (Superhuman Transport)។ យ៉ាងណាក៏​ដោយ លោក John Burgess បាន​កត់​សម្គាល់ថា ភាគ​ច្រើន​ប្រជាជន​ខ្មែរបាន​ធ្វើ​ការ​ការងារ​ធ្ងន់ៗ​និង​ពិបាកៗ​នៅក្នុង​ការ​ដឹក​ជញ្ចូន​ខាង​លើ​នេះ។

រូបឯកសារ៖ រូបចម្លាក់បុរាណឆ្លាក់នៅលើផ្ទះថ្មនៃប្រាង្គប្រាសាទអង្គរវត្ត ថ្ងៃទី ២២ ខែសីហា ឆ្នាំ ១៩៦៩។

រូបឯកសារ៖ រូបថតកាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១២ បង្ហាញរូបចម្លាក់អប្សរាដែលត្រូវបានឆ្លាក់លើផ្ទះថ្មនៃប្រាង្គប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជា។

បើ​យោង​តាម​សៀវភៅ​របស់​លោក John Burgess មូលហេតុ​ចម្បង​មួយដែល​បារំាង​ចង់​បាន​រូប​ចម្លាក់និង​វត្ថុ​បុរាណ​ពី​កម្ពុជា ព្រោះ​បារាំង​ឃើញ​ថា​ នៅ​ក្នុង​សារមន្ទីរ​ជាតិ​របស់​ចក្រ​ភព​អង់គ្លេស​មាន​ការ​ដាក់​តាំង​បង្ហាញ​នូវរូប​ចម្លាក់ Elgin Marbles និង Rosetta Stone។ ហើយរូប​ចម្លាក់​និង​វត្ថុ​បុរាណ​ពី​ប្រាសាទ​អង្គវត្ត គឺ​ជា​វត្ថុ​មាន​តម្លៃ​ដ៏​កម្រ​ដែល​អាច​ឲ្យ​បារាំង​ប្រកួត​ប្រជែង​ជា​មួយ​អង់គ្លេស​បាន​ក្នុង​ការ​សំញែងវត្ថុ​ដ៏​កម្រ​ទំាង​នេះ​បាន។

សៀភៅ​នេះ​បាន​ឲ្យដឹងទៀតថា ក្រៅ​ពី​បារាំង រូប​ចម្លាក់ឬ​វត្ថុបុរាណនៅ​ក្នុង​ប្រាសាទ​បុរាណ​អង្គរវត្ត​មួយ​ចំនួន​បានបាត់បង់ ​ដោយសារ​អ្នក​ទេសចរ​បរទេសមួយ​ចំនួន​បាន​លួច​យក​ទៅ​តាម​ខ្លួន ខ្លះ​ត្រូវ​បាន​អ្នក​ស្រុក​លួច ហើយ​ខ្លះ​ទៀត​ក៏​បាន​បាត់​បង់​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​ព្រះចៅ​អធិរាជ​ជប៉ុន ​ក្នុង​ឆ្នាំ ១៩៤១ ផងដែរ។

លោក John Burgess ថា​ភាគ​ច្រើន​នៃ​វត្ថុ​បុរាណ​កម្រៗ ដែល​យើង​ឃើញ​នៅ​បវិវេណ​ប្រាសាទអង្គរ​មិនមែន​ជា​វត្ថុ​បុរាណ​ពិត​ទេ​ភាគ​ច្រើនសុទ្ធ​តែ​ជា​របស់ធ្វើ​ថ្មី​ដាក់​ជំនួស ហើយ​រូបចម្លាក់​និង​វត្ថុបុរាណ​ពិត​ត្រូវ​បាន​គេ​ប្រមូល​ទុក​ដើម្បី​អភរិក្ស​ និង​ការពារ​ដោយ​សុវត្ថិភាព។​

ប្រាសាទ​អង្គរវត្តមុន​ទសវត្ស ១៩៧០


ដោយ​ឡែក​នៅ​ជំពូក​ទី ៧ «គោលដៅ​ទេសចរណ៍» នៃ​សៀវភៅ ​«ប្រាសាទអង្គរវត្ត​នៅ​ក្នុង​សម័យ​ទំនើប» លោក John Burgess បាន​សរសេរ​រៀបរាប់​អំពី​ការ​សាយភាយ​នៃ​កិត្តិនាម​របស់​ប្រាសាទ​អង្គរវត្ត​ដ៏​អស្ចារ្យ​ទៅ​កាន់​ពិភព​លោក ដែល​បាន​កើត​ឡើង​មិន​យូរ​ប៉ុន្មានក្រោយ​ដំណឹង​នៃ​ការ​រក​ឃើញ​ប្រាសាទ​ដ៏​មហិមា​នេះ​ឡើង​វិញ។ ការណ៍​នេះ​បាន​ជំរុញឲ្យ​មនុស្សម្នា​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ចង់មក​ទស្សនា។

នៅ​ក្នុង​ឆ្នាំ ១៨៧២ ជនបរទេស​ដំបូង​គេ​ដែល​បាន​ឈាន​ជើង​ជាន់​ទឹក​ដីអង្គរ ​គឺជា​ស្ត្រី​ជនជាតិ​អង់គ្លេស គឺ​អ្នកស្រី William Charles Yelverton។ នៅ​ពេល​នោះ អ្នកស្រី​គឺ​ជាអ្នកនិពន្ធ​អំពី​ការ​ធ្វើ​ដំណើរ ដែល​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​ចម្លែក និង​ក្លាហាន។ ​ក្រោយ​មក​ទៀត​ជន​ល្បីៗ​មាន​ឈ្មោះ​បោះ​សំឡេង ជាច្រើនរូប​បាន​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា ក្នុង​នោះ​រួមមាន​តារាកំប្លែង​ Charlie Chaplin (សាក់ឡូ) និង​តារាសម្ដែង​អ្នកស្រី Paulette Goddard ដែល​ត្រូវ​ជា​ភរិយាបស់​លោក Charlie Chaplin នៅ​ពេល​នោះ​ក៏​បាន​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​ក្នុង​ឆ្នាំ ១៩៣៦។

នៅ​ក្នុង​ទស្សវត្ស ១៩៥០ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Richard Nixon ដែល​កាល​នោះ​កាន់​តំណែង​ជា​អនុប្រធានាធីបតី​និង​ភរិយា​របស់​លោក បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រាសាទ​អង្គវត្ត​ដែរ។ អ្នកស្រី Jacquline Kennedy ដែល​ត្រូវ​ជា​ភរិយា​អតីតប្រធានាធិបតី​សហរដ្ឋអាមេរិក លោក John F. Kennedy ​ក៏​បាន​មក​ទស្សនា​ប្រាសាទ​អង្គវត្ត​ដែរ​ នៅ​ក្នុង​ឆ្នាំ ១៩៦៧ មុន​ពេល​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ដ៏​ឃោរឃៅ​របស់​ពួក​ខ្មែរ​ក្រហម​ ដែល​បាន​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅ​ជា​វាល​ពិឃាត។

រូបឯកសារ៖ សម្តេចព្រះបាទនរោត្តម សីហនុ និងលោក Richard Nixon អនុប្រធានាធិបតីសហរដ្ឋអាមេរិកនិងភរិយារបស់លោកគឺអ្នកស្រី Pat Nixon ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ នៅខេត្តសៀមរាប ដែលត្រូវនឹងថ្ងៃបុណ្យឯករាជ្យជាតិរបស់កម្ពុជា។

រូបឯកសារ៖ សម្តេចព្រះបាទនរោត្តម សីហនុ និងអ្នកស្រី Jacqueline Kennedy ភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Jonh F. Kennedy ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ ១៩៦៧។

ប្រាសាទ​អង្គរវត្ត​នា​សម័យ​សង្គ្រាម​និងសន្តិភាព

នៅ​ក្នុង​អំឡុង​សម័យ​សង្គ្រាម​វៀតណាម នា​ឆ្នាំ ១៩៧២ ប្រាសាទ​អង្គវត្តបាន​រងគ្រោះភាគ​ច្រើន​ដោយ​សារ​ការ​ទុក​ចោល ​មិន​ទទួល​បាន​ការ​មើល​ថែទាំ​ដែល​បាន​ធ្វើ​ឲ្យ​រុក្ខជាតិ​ដុះ​ព័ទ្ធបំផ្លាញប្រាសាទ ហើយ​ហ្វូង​ប្រចៀវ​បាន​ចូល​ធ្វើ​សំបុក​ពាសពេញ​តួ​ប្រាង្គ​ប្រាសាទ។ បន្ថែម​លើ​នេះ សង្គ្រាម​បាន​បណ្តាល​ឲ្យ​ប្រាង្គប្រាសាទ​អង្គរវត្ត​ដ៏​មហិមា​នេះ​រង​ការ​ខូចខាត​ពីគ្រាប់​កាំភ្លើង​ខ្លះៗ​ផង​ដែរ ប៉ុន្តែ​ប្រាសាទ​នេះ​មិន​រង​គ្រោះ​ពី​ការ​ទម្លាក់​គ្រាប់​បែក​នោះ​ទេ។

លោក John Burgess បាន​ថ្លែង​ថា៖ «ជា​សំណាង​ណាស់ ដែល​មាន​ការ​ខូច​ខាត​តិច​តួច​ប៉ុណ្ណោះ ដោយ​សារ​មាន​ហេតុការណ៍​មួយ​ដែល​ទ័ព​របស់​រដ្ឋាភិបាល [សម័យ​នោះ] បាន​បាញ់​ចូល​ទៅ​ក្នុង​ប្រាសាទ​ហើយ​បាន​បង្ក​ឲ្យ​បាត់​បង់​ជីវិត​មនុស្ស​មួយ​ចំនួន​និង​ខូច​ខាត​ថ្ម​ប្រាសាទ​ខ្លះៗ»។

លោក​បន្ថែម​ថា៖ «ប៉ុន្តែទ័ពអាកាស​សហរដ្ឋអាមេរិក មិន​បាន​ទម្លាក់​គ្រាប់​បែក​លើ​ប្រាសាទ​អង្គរវត្តឡើយ ហើយ​ជាទូទៅ​ទាហាន​បាន​បង្វែរ​កាណុង​កាំភ្លើង​ចេញ​ឆ្ងាយ​ពី​ប្រាសាទ តែ​នៅ​តែមាន​ការ​ខូច​ខាត​ខ្លាំង​ដោយ​សារ​ការ​មិន​យក​ចិត្ត​ទុកដាក់»។​

«សន្តិភាព​ដ៏​ឃោរឃៅ» ជា​ចំណង​ជើង​នៃ​ជំពូក​ទី ១២ នៃ សៀវភៅ “Angkor's Temples in the Modern Era” ឬ «ប្រាសាទ​អង្គរវត្ត​នៅ​ក្នុង​សម័យ​ទំនើប» ដែល​រៀបរាប់​ពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រាសាទអង្គរវត្ត​ក្នុង​អំឡុងរបប​ខ្មែរ​ក្រហម។ នៅក្នុងឆ្នាំ ១៩៧៥ ព្រះសង្ឃទូទាំង​ប្រទេស​កម្ពុជា ទាំង​នៅ​ក្នុងខេត្ត​សៀមរាម​និងនៅ​ប្រាសាទ​អង្គវត្ត​ត្រូវ​បាន​ទាហាន​ខ្មែរ​ក្រហម​ចាប់​ផ្សឹក និង​បង្ខំ​ឲ្យ​ទៅ​ធ្វើ​ការ​ដូច​ប្រជា​ជន​ទូទៅ។ ព្រះ​សង្ឃ​ភាគ​ច្រើន​ត្រូវ​បាន​ទាហាន​ខ្មែរ​ក្រហម​សម្លាប់។

ជំពូក​ទី ១២ នេះ​ បាន​រៀបរាប់​ថា ក្នុង​ឆ្នាំ ១៩៧៦ ក្រោម​កា​រគ្រប់គ្រង​របស់​របប​ខ្មែរ​ក្រហម ប្រាសាទ​បុរាណ​ត្រូវ​បាន​ពួកគេ​ទាហាន​យក​ធ្វើ​ជា​កន្លែង​ស្តុក​អាវុធ កន្លែង​ហ្វឹកហាត់​ទ័ព និង​កន្លែង​ជួស​ជុល​យានយន្ត។ ចំណែក​នៅ​ក្បែរប្រាសាទ​ប្រែរូប ដែល​មាន​ចំណាស់​ប្រមាណ​មួយ​ពាន់​ឆ្នាំ ត្រូវ​បាន​គេ​យក​ធ្វើ​ជា​លាន​ប្រហារ​ជីវិត​មនុស្ស និង​រណ្ដៅ​កប់​សាក​សព។​

លោក John Burgess បាន​និយាយ​ថា មេដឹក​នាំខ្មែរ​ក្រហម ប៉ុល ពត នៅ​ក្នុង​ឆ្នាំ ១៩៧៦ បាន​ប្លន់​យក​មនោគមន៍​វិជ្ជា​មួយ មក​ប្រើប្រាស់​ដើម្បី​បញ្ចុះបញ្ចូល​ប្រជាជន​ខ្មែរ​ដោយ​កាល​ណោះ ​ប៉ុល ​ពត បាន​ថ្លែង​ក្នុង​សន្ទរកថា​មួយ​ថា៖​«បើសិន​ជា​ប្រជាជន​របស់​យើង​អាច​សាង​សង់​អង្គរ​បាន យើង​អាច​សាង​សង់​អ្វី​គ្រប់យ៉ាង»។

រូបឯកសារ៖ ភ្ញៀវទេសចរកម្ពុជាដើរទស្សនាទិដ្ឋភាពប្រាង្គប្រាសាទនៅក្នុងបរិវេណប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២០។


អង្គរវត្ត​ក្នុង​អំឡុង​នៃ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩

ក្រោយ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ទៅ ប្រទេស​កម្ពុជា រួម​ទាំង​ប្រាសាទ​អង្គរវត្ត​បាន​និង​កំពុង​ឆ្លងកាត់​ការ​អភិវឌ្ឍន៍​នានា ក្នុង​អំឡុង​ពេល​ជាង​ ៤ ទសវត្សរ៍​កន្លង​ទៅ​នេះ។ ហើយ​នៅថ្ងៃ​ទី ១៤ ខែធ្នូ ឆ្នាំ​១ ៩៩២​ តំបន់​អង្គវត្ត រួម​ទំាង​ប្រាសាទអង្គរវត្ត ត្រូវ​បាន​ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​(សម្បត្តិ​វប្បធម៌​រូបី)។​

ជា​រៀងរាល់​ឆ្នាំ មុន​វបត្តិ​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ អ្នក​ទេសចរ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុកជា​ច្រើន​នាក់​បាន​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​ដ៏​ចំណាស់​មួយ​របស់​កម្ពុជា។ នៅក្នុង​ឆ្នាំ ២០១៩ អ្នក​ទេសចរ​បរទេស​ប្រមាណ ២លាន ២សែន​នាក់ បាន​មក​ទស្សនា​ប្រាសាទ​នេះ។ ក៏​ប៉ុន្តែ នៅ​ឆ្នាំ ២០២០ ភាព​អ៊ូអរ​នៅ​ជុំវិញ​បរិវេណ​ប្រាសាទ​អង្គរវត្ត​ដ៏​បុរាណ​នេះ បាន​ផ្លាស់ប្តូរ​ទាំង​ស្រុង។

លោក John Burgess បាន​លើក​ឡើង​ថា តំបន់​អង្គរ​ស្ងាត់ជ្រងំ​ដូច​ទីក្រុង​រហោរឋានគ្មាន​មនុស្ស​ម្នា​មក​ទស្សនា​កកកុញ​ទៀត​ទេ។ ក៏ប៉ុន្តែ​នេះ​ក៏អាច​ជា​ឱកាស​ល្អ​សម្រាប់​អ្នក​ទេសចរ​ទាំង​ឡាយ​ណា ​ដែល​មាន​បំណងមក​ទស្សនា​តំបន់​អង្គរក្នុង​សភាព​ស្ងប់ស្ងប់ ដូចកាល​ពី​អតីតកាល។ លោក​ថា​ ឱកាស​បែប​នេះ​មិន​ដែល​កើត​មានឡើង​ទាល់​តែ​សោះ ​ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្ស​កន្លង​មក​ហើយ។​

ទោះ​បី​ជា​ខ្សត់​ភ្ញៀវ​ទេសចរណ៍ ហើយអាជីវកម្ម​ជា​ច្រើន​ត្រូវ​បានបិទ​ទ្វាក៏​ដោយ ក៏​ប្រទេស​កម្ពុជានិង​ប្រជាជន​ខ្មែរ​នឹង​មិន​បោះ​បង់​ប្រាសាទ​អង្គរ​វត្ត ឲ្យ​នៅ​កណ្ដោច​កណ្ដែង​កណ្ដាលព្រៃនិង​ទុក​ឲ្យ​រុក្ខជាតិ និង​សត្វ​ប្រចៀវ​រុក​រាន​ទន្ទ្រាន បំផ្លិច​បំផ្លាញបេតិកភណ្ឌ​ពិភពលោក​ដែល​ជា​ដូង​ព្រលឹង​ជាតិ​ខ្មែរ​ ដូចកាល​ពី​សម័យ​កម្ពុជា​ស្ថិត​នៅ​ក្រោម​សម័យ​អាណានិគមន៍​បារាំង​នោះ​ឡើយ៕