ឯកអគ្គ​រដ្ឋទូត៖​ ការ​ពង្រឹង​អភិបាល​កិច្ច​​ទន្លេ​​មេគង្គ​ជា​រឿង​ចាំ​បាច់

រូបឯកសារ៖ ទិដ្ឋភាព​ដង​ទន្លេ​មេគង្គ​ស្ថិត​​នៅ​រវាង​ព្រំប្រទល់​ប្រទេស​ថៃ និង​ប្រទេស​ឡាវ ដែល​មើលឃើញ​ពី​ប្រទេស​ថៃ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។ ​

ការកាត់ផ្ដាច់លំហូរ​ទឹក​ធម្មជាតិពី​តំបន់ខ្សែទឹក​ខាង​លើ​ទន្លេមេគង្គ​នៅ​ក្នុង​ប្រទេស​ចិន​ជា​មូល​ហេតុ​បណ្ដាល​ឲ្យ​ប្រទេស​តាមដង​ទន្លេ​មេគង្គ​ក្រោម​ រួមមាន​កម្ពុជា​ ថៃ​ ឡាវ​ និង​វៀតណាម​រងគ្រោះ​រាំង​ស្ងួត​នៅ​ក្នុង​រដូវ​ដាំដុះ ​ដែល​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សន្តិសុខ​ស្បៀង​ សេដ្ឋកិច្ច ​ជីវភាព​រស់​នៅ ការ​អភិវឌ្ឍ ​និង​បរិស្ថាន​របស់​ប្រជា​ពលរដ្ឋដែល​រស់​នៅ​ក្នុង​បណ្ដា​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម។

ទោះ​បី​ជា​ប្រទេស​ចិន​ កាល​ពី​ខែ​តុលា ​ឆ្នាំ​២០២០បាន​យល់​ព្រម​ជា​ផ្លូវ​ការ​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​អំពី​ការ​គ្រប់​គ្រង​ទឹក​ពេញ​មួយ​ឆ្នាំ​នៅ​ទីតាំង​ទំនប់​ទឹក​ចំនួន​ពីរ ​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ​លើ​ដែល​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​ទន្លេ​នេះ ​ជាមួយ​គណៈ​កម្មការ​ទន្លេ​មេគង្គ ​ដែល​ជា​អង្គការ​អន្តរ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​ក៏​ដោយ​ ក៏មន្ត្រី​ការទូត​ប្រចាំ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោមជឿ​ថា​ ការ​ពង្រឹង​អភិបាល​កិច្ច​ក្នុងការ​គ្រប់គ្រង​ទន្លេ​មេគង្គ​រវាង​ភាគី​ពាក់ព័ន្ធ​គឺជា​ការណ៍​ចាំបាច់។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី​២៥ ខែ​កុម្ភ:​ ប្រមុខ​ការទូត​នៃប្រទេស​កម្ពុជា​ វៀតណាម​ និង​ថៃ​ប្រចាំ​សហ​រដ្ឋ​អាមេរិក​ បាន​ថ្លែង​គាំទ្រ​ដោយ​ផ្ទាល់ ​និង​ដោយ​ប្រយោល​លើ​គោល​នយោបាយ​ពង្រឹង​អភិបាល​កិច្ច​ក្នុងការ​គ្រប់គ្រង​ទន្លេ​មេគង្គ​រវាង​ប្រទេស​ចិន ​និង​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម ​ដែល​ចេញ​ផ្សាយ​ក្នុង​របាយ​ការណ៍​ថ្មី​មួយកម្រាស់​៤០​ទំព័រ​របស់​វិទ្យាស្ថាន​ East West Center ​មាន​ចំណង​ជើង​ថា៖ ​«សន្និសីទ​ឥណ្ឌូប៉ាស៊ីហ្វិក​ស្ដីពី​ការ​ពង្រឹង​អភិបាល​កិច្ច​នៃ​ទន្លេ​ដែល​ឆ្លង​ពីប្រទេស​មួយ​ទៅ​ប្រទេស​មួយ»។​

​គោល​នយោបាយ​ណែនាំ​អំពី​ការ​ពង្រឹង​អភិបាល​កិច្ច​ទន្លេមេគង្គ​ដែលទើប​តែ​ត្រូវ​បាន​ចេញ​ផ្សាយនេះ​មាន​បួន​ចំណុច​ធំៗ​ រួមមាន៖ ​(១) ពង្រឹង​តួនាទី​ និង​សមត្ថភាព​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​ ហៅ​កាត់​ថា ​MRC(២) ​ពង្រឹង​តួនាទី​របស់​សមាគម​អាស៊ាន ​និង​ដៃគូ​អន្តរជាតិ​ដើម្បី​គំាទ្រ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ​និង​ចែក​រំលែក​ការ​អនុវត្ត​ល្អៗ​ជា​សកល​តាម​រយៈ​កម្មវិធី​រួម​គ្នា​ និង​ការ​សហការ​បច្ចេកទេស​ជា​អន្តរជាតិ ​(៣) ​គាំទ្រ​ដល់​ស្វ័យភាព​របស់​ប្រទេស​ក្នុង​តំបន់​មេគង្គ​ និង​សមត្ថភាព​អនុវត្ត​ច្បាប់​ក្នុង​មូលដ្ឋាន ​និង​កំណត់​ឲ្យ​ប្រទេស​ដែល​ជាភាគី​ពាក់ព័ន្ធ​នីមួយៗ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ចែក​រំលែក​ទន្នន័យ ​និង ​(៤) ​បង្កើនការ​ចូលរួម​របស់​អ្នក​ពាក់​ព័ន្ធ​ក្នុង​ស្រុក​ ដើម្បី​បង្កើត​គោល​នយោបាយ​ និង​បង្កើត​ការ​សម្រេច​ចិត្ត ​ដែល​ឆ្លុះ​បញ្ចាំង​ពី​តម្លាភាពផ្នែក​ច្បាប់ ​កាត់​បន្ថយ​ហានិភ័យ​ ធ្វើ​ឲ្យ​ដំណើរ​ការ​ផែន​ការប្រសើរឡើង ​ជួយ​ដល់រដ្ឋាភិបាល​ និង​សេដ្ឋកិច្ច​ឲ្យ​ឆាប់​សម្រេច​បាន​គោល​ដៅ​អភិវឌ្ឍន៍ ​និង​លើកកម្ពស់​ភាព​ជា​ម្ចាស់​ជាសាធារណ: ​នៃ​ដំណើរ​ការ​និង​លទ្ធផល​ដែល​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ចង់​បាន។

ថ្លែង​ក្នុង​សន្និសីទ​អនឡាញ​ក្នុង​ថ្ងៃចេញ​ផ្សាយ​របាយ​ការណ៍​នេះ ​លោក​ Ha Kim Ngoc​ អគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​សហ​រដ្ឋ​អាមរិក​បាន​លើក​ឡើង​ថា៖​ «ប្រទេសវៀតណាម​ទទួលស្វាគមន៍​ការ​ចេញ​ផ្សាយ​របាយ​ការណ៍អំពី​ការ​ពង្រឹងអភិបាល​កិច្ចក្នុង​ការ​គ្រប់​គ្រង​ទន្លេ​មេគង្គ​ របស់​មជ្ឈមណ្ឌល​ East West Center ​ហើយ​យើង​ខ្ញុំ​កោត​សរសើរ​នូវការ​ផ្ដល់​នូវ​គោល​នយោបាយ​ណែនាំ​ជាច្រើន ​ដែល​បង្ហាញ​ពី​ការ​ផ្សារ​ភ្ជាប់​គ្នា​យ៉ាង​ជិត​ស្និទ្ធ​រវាង​កត្តា​សំខាន់បី ​គឺ​សន្តិសុខ ​ការ​អភិវឌ្ឍ​ និង​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​ក្នុង​តំបន់ ​[ទន្លេ​មេគង្គ​ក្រោម]»។

លោក​ Ha Kim Ngoc ​បន្ថែម​ថា ជីវិត​រស់​នៅ​របស់​ប្រជាជន​ប្រមាណ​ជិត​៧០​លាន​នាក់ ​ដែល​រួម​បញ្ចូល​ទាំង​ប្រជាជន​វៀតណាម​ជាង​២០​លាននាក់​គឺពឹង​ផ្អែក​លើ​ការ​ប្រើ​ប្រាស់ ​និង​គ្រប់គ្រង​ធនធាន​របស់​ទន្លេ​មេគង្គ ​ហើយ​កសិករ​វៀតណាម​បាន​ខាត​បង់​ទឹកប្រាក់​ទំហំ​ជាង​១ពាន់​លាន​ដុល្លារ​ បណ្ដាល​មក​ពីគ្រោះ​រាំង​ស្ងួត​បំផុត​មិន​ធ្លាប់​មាន​ចំនួន​ពីរ​លើក​ក្នុង​ចន្លោះ​ឆ្នាំ​២០១៥ ​និង​២០១៦ ​និងចន្លោះ​ឆ្នាំ​២០១៩ ​និង​ ២០២០។

ឯក​អគ្គ​រាជទូត​ថៃ​ប្រចាំ​សហ​រដ្ឋ​អាមេរិក ​លោក ​Srisodapol Manasvi ​បាន​លើក​ឡើ​ង​ក្នុង សន្និសីទ​នេះ​ថា ​ ការពង្រឹង​អភិបាល​កិច្ច​ក្នុងការ​គ្រប់គ្រង​ទន្លេ​មេគង្គ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ធ្វើ​ឲ្យ​ប្រសើ​រ​ឡើង​នូវ​វិសមភាព​សេដ្ឋកិច្ច ​និង​និរន្តរភាពក្នុង​តំបន់។

លោក ​Srisodapol Manasvi ​បាន​និយាយ​ថា៖ ​«គ្មាន​ទឹក​ គ្មាន​ទន្លេ ​គ្មាន​ទឹក ​គ្មាន​ជីវិត។ ​ដូច្នេះ​ការ​ពង្រឹង​អភិបាល​កិច្ច​ក្នុង​ការ​គ្រប់គ្រង​ទន្លេ​មេគង្គ ​និង​តម្លាភាព​គឺ​មាន​សារ:​សំខាន់​ណាស់​សម្រាប់​កិច្ច​ប្រឹងប្រែង​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ស្រុក​ និង​អន្តរជាតិ ​ដើម្បី​សម្រប​សម្រួលវិសមភាព​សេដ្ឋ​កិច្ច ​និង​និរន្តរភាព​ក្នុង​តំបន់»។

លោក​បន្ថែម​ថា៖ ​«ប្រទេស​ថៃ​គាំទ្រ​ការ​ចែក​រំលែក​ទិន្នន័យ​ដែល​មាន​គុណ​ភាពខ្ពស់​ និង​ទាន់​ពេល វេលា​អំពី​កម្រិត​ទឹក​ទន្លេ​មេគង្គ។​ យើង​ជឿជាក់ថា​ ​បើ​កសិករ ​និងអ្នកនេសាទ​ក្នុង​ស្រុកមានឧបករណ៍​ ទិន្នន័យ ​និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ព្យាករណ៍​ចំនួន​ទឹក​នៅក្នុង​តំបន់​របស់​ពួក​គេ​នោះ​ ​នោះពួក​គេ​អាចបន់បែន​តាម​ស្ថាន​ការណ៍​ចាំបាច់​ និង​រៀបចំ​ផែន​ការ​បាន​ល្អប្រសើរ»។

​ចំណែក​លោក​ ​ជុំ សុន្ទរី ​ឯក​អគ្គ​រាជទូត​កម្ពុជា​ប្រចាំ​សហ​រដ្ឋ​អាមេរិក​មិនបានថ្លែងពី​ការ​គាំទ្រដោយ​ផ្ទាល់​ទៅលើ​គោល​នយោបាយពង្រឹង​អភិបាល​កិច្ច​ក្នុងការ​គ្រប់គ្រង​ទន្លេ​មេគង្គ​នេះ​ទេ​ ​ប៉ុន្តែ​លោក​បាន​រៀបរាប់​ផល​ប៉ះពាល់​ដល់​ដីស្រែក​ចំការ ​និង​ជីវិត​រស់នៅ​របស់​ប្រជាជន ​ដោយ​សារ​គ្រោះ​ទឹក​ជំនន់ ​និង​គ្រោះ​រាំង​ស្ងួត ​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​
ឯក​អគ្គ​រាជទូត​កម្ពុជា​ប្រចាំ​សហ​រដ្ឋ​អាមេរិក​រូប​នេះ​ក៏បាន​កោត​សរសើរលើ​ភាព​ជាដៃ​គូ​រវាង​សហ​រដ្ឋ​អាមេរិក ​និង​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ ​និង​ជំនួយ​ថវិកា ​ដែល​សហ​រដ្ឋ​អាមេរិកបាន​ផ្ដល់​ជូន​សម្រាប់​គម្រោង​នានា​ចាប់តាំង​ពី​ឆ្នាំ​២០០៩​មក​ ដើម្បីដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ក្នុង​តំបន់​ទន្លេ​មេ​គង្គ​ផ្នែក​ខាង​ក្រោម។ ​ចំពោះ​របាយ​ការណ៍​ស្តី​ពី​ «សន្និសីទ​ឥណ្ឌូប៉ាស៊ីហ្វិក​ស្ដីពី​ការ​ពង្រឹង​អភិបាល​កិច្ច​នៃ​ទន្លេ​ដែល​ឆ្លង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ» ​ លោក​ ​ជុំ សុន្ទរី​បាន​ឲ្យ​ដឹង​ថា ​ ភាគីពាក់​ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជានឹង​សិក្សា​ពី​របាយ​ការណ៍​នេះ​ឲ្យ​បាន​ហ្មត់ចត់។

លោក​ Ha Kim Ngoc​ សង្ឃឹម​ថា ​រដ្ឋបាល​ថ្មី​របស់លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​Joe Biden ​ក្នុងពេលដ៏​ខ្លី​នេះ ​នឹង​គិត​គូរអនុវត្ត​គម្រោង​សាក​ល្បងមួយ​ចំនួន ​ជា​ពិសេស​គម្រោងថាម​ពល ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ដើម្បី​ផ្សារ​ភ្ជាប់ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ការ​ធ្វើ​ដំណើរ​ និង​បណ្ដាញ​អគ្គិសនី ​ជុំវិញ​ប្រទេស​ទំាងអស់​នៅ​តាម​ដង​ទន្លេ​មេគង្គ។ ​លោក​បន្ត​ថា​ ​ប្រទេស​វៀតណាម​ក៏​គាំទ្រ​ការ​វិនិយោគ​របស់​អាមេរិក​ដែល​គាំទ្រ​ដល់​ការ​ចូលរួម​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាស​ធាតុ ​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។​

កន្លង​មក​អ្នក​វិភាគ​លើ​បញ្ហា​ទន្លេ​មេគង្គ​នេះ​បាន​លើក​ឡើង​ថា ​ ប្រទេស​ដែល​ទទួល​រង​ផល​ប៉ះពាល់ ដូចជា​កម្ពុជា ​ថៃ​ ឡាវ ​និង​វៀតណាម​កម្រ​នឹង​ត្អូញត្អែរ​ណាស់​អំពី​ការ​រាំង​ខ្ទប់​ទឹក​ទន្លេ​មេគង្គ​នៅ​ខ្សែ​ទឹក​ខាង​លើ​នៅ​ក្នុង​ប្រទេស​ចិន​ ដោយសារ​តែ​ពួក​គេ​ជា​ប្រទេស​តូច​ជាង​ប្រទេសចិន ​និង​ដោយសារ​តែ​ទំនាក់​ទំនង​ស្អិត​ល្មួត​រវាង​មេ​ដឹកនាំ​របស់​ពួកគេ​មួយ​ចំនួន​ និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង៕