ក្រុមហ៊ុន​អាកាស​ចរណ៍​បារាំង​សុំ​សិទ្ធិ​ហោះហើរ​ត្រង់​ពី​បារាំង​មក​កម្ពុជា

យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ណ៍​បារាំង​ អ៊ែរ ហ្វ្រង់ស៍ (Air France)។

ភ្នំពេញ៖ តំណាង​ក្រុមហ៊ុន​អាកាសចរណ៍ណ៍​បារាំង​ អ៊ែរ ហ្វ្រង់ស៍ (Air France) ​បាន​ចាប់ផ្ដើម​ពិភាក្សា​ជាមួយ​រដ្ឋា​ភិបាល​នៅ​ថ្ងៃសុក្រ​នេះ​ អំពី​ការ​សុំ​សិទ្ធិ​ហោះហើរផ្ទាល់​ពី​ប្រទេស​បារាំង​មក​កាន់​ប្រទេស​កម្ពុជា។ ​ក្រុមហ៊ុន​នេះ​គ្រោង​នឹង​ចាប់​ដំណើរ​ការ​ហោះហើរ​របស់​ខ្លួន​នៅ​ដើម​ឆ្នាំ​ ២០១១​ ខាង​មុខ។

ក្រុម​បច្ចេក​ទេស​របស់​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង អ៊ែរ ហ្វ្រង់ស៍​ បាន​បន្ដ​ការជជែក​ពិភាក្សា​បន្ថែម​ទៀត​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃសុក្រ​នេះ​ ដើម្បី​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ជាក់លាក់​នៃ​ការ​ហោះហើរផ្ទាល់ពី​ទីក្រុង​ប៉ារីស​មក​កាន់​រាជ​ធានី​ភ្នំពេញ។​ ការ​ហោះហើរ​នេះ​គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ខែ​មិនា​ ឆ្នាំ២០១១​ ​នៅក្នុង​រយៈ​ពេល​ប្រាំខែ​ទៀត​ ​នេះ​បើ​តាម​សេចក្ដី​បញ្ជាក់​របស់​លោក​ផៃ ស៊ីផាន​ ​រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី​ ​ក្រោយ​ពី​ជំនួប​រវាង​លោក​ឧប​នាយក​រដ្ឋមន្រ្ដី​ សុខ អាន​ ​ជា​មួយ​លោក​ អាកណូ ​កាមូស​ ​ជំនួយ​ការ​នាយក​រង​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែរ ហ្វ្រង់ស៍។

«នេះ​ជា​ការ​ពិភាក្សា​គម្រោង​ហោះហើរ​ផ្ទាល់​ពី​ទីក្រុង​ប៉ារីស​មក​កម្ពុជា។ ​ការ​ចាប់​ផ្តើម​ហោះហើរ​លើក​ទីមួយ​គឺ​នៅ​ថ្ងៃ​ទី​ ៣១ ​ខែ​មិនា​ឆ្នាំ ២០១១។ ​ក្នុង​មួយ​សប្ដាហ៍​មាន​បីជើង​ ​ហើយ​នៅក្នុង​ជើង​និមួយៗ មាន​ការ​ចុះ​សំចត​នៅ​ក្នុង​ទីក្រុង​បាងកក»។

នេះ​គឺជា​ការភ្ជាប់​ការ​ហោះហើរ​ដោយ​ផ្ទាល់​ពី​ប្រទេស​បារាំង​មក​កម្ពុជា​លើក​ដំបូង​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ អ៊ែរ ហ្វ្រង់ស៍ បន្ទាប់​ពី​បាន​ផ្អាក​ការ​ហោះហើរ​អស់​រយៈ​ពេល​ ៣៥​ឆ្នាំ​ ​ដោយសារ​សង្រ្គាម ​និងរបប​ខ្មែរក្រ​ហម។​ ជា​ជំហាន​ដំបូង​ក្រុមហ៊ុន​នៃ​អតីត​ប្រទេស​អាណានិគមន៍​នេះ​ នឹង​ប្រើ​យន្ដហោះ​ធុន ​Airbus ​340 ​ដែល​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ចំនួន​ ២៧៥ ​នាក់​ ​ហើយ​បន្ទាប់មក​ក្រុមហ៊ុន​នេះ​នឹង​ប្រើប្រាស់​យន្ដហោះ​ធុន​ ​Boeing 777​ ដែល​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ច្រើន​ជាង​នេះ។

ក្រុមហ៊ុន​អាកាស​ចរណ៍ ​អ៊ែរ ហ្វ្រង់ស៍ ​នឹងក្លាយ​ទៅជា​ក្រុមហ៊ុន​អាកាស​ចរណ៍​របស់​ទ្វីប​អឺរ៉ុប​ដំបូង​គេ​ ដែល​ភ្ជាប់​ការ​ហោះហើរ​ផ្ទាល់​មក​កាន់​ប្រទេស​កម្ពុជា។

លោក​ផៃ ស៊ីផាន ​អធិប្បាយ​ថា​ ​ការ​ភ្ជាប់​ការ​ហោះ​ហើរ​នេះ​នឹង​ជួយ​ជំរុញ​ភ្ញៀវ​ទេស​ចរណ៍​ពី​ទ្វីប​អឺរ៉ុប​មក​កាន់​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត។

ដោយ​ឡែក​លោក​ ដូមីនិក ម៉ាស (Dominique Mass)​ ភារធារី​អម​ស្ថានទូត​បារាំង​ប្រចាំ​ក្រុង​ភ្នំពេញ​ ​មាន​ប្រសាសន៍​ថា​ ​ការ​ហោះហើរ​ដោយ​ផ្ទាល់​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​បារាំង​ អ៊ែរ ហ្វ្រង់ស៍ នឹង​នាំ​ឲ្យ​ប្រទេស​បារាំង ​និង​ប្រទេស​កម្ពុជា​កាន់តែ​ខិត​ចូល​ជិតគ្នា​ខ្លាំង​ឡើង​មួយ​កម្រិត​ទៀត​ ​ហើយ​វា​ក៏ជួយ​ជំរុញ​ការ​រីក​ចម្រើន​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

«ខ្ញុំ​សង្ឃឹម​ថា​ ​យើង​នឹង​ទទួល​បាន​អ្នក​ទេស​ចរណ៍​បារាំង​កាន់តែ​ច្រើន​ថែម​ទៀត​មក​កាន់​ប្រទេស​កម្ពុជា​ ​ហើយ​ក៏​នឹង​មាន​ចំនួន​ភ្ញៀវ​ទេស​ចរណ៍​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត​ផង​ដែរ​ ធ្វើដំណើរ​ទៅ​ទស្សនា​ប្រទេស​បារាំង»។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ ​លោក​ផៃ ស៊ីផាន​ ​អ្នក​នាំពាក្យ​ទីស្ដី​ការ​គណៈ​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ថា​ ​ក្រុម​ហ៊ុន​អាកាស​ចរណ៍ អ៊ែរ ហ្វ្រង់ស៍ នឹង​បន្ដ​ការ​ជជែក​ពិភាក្សា​លើ​បញ្ហា​បច្ចេក​ទេស​បន្ថែម​ទៀត​ជា​មួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ​មុន​នឹង​ចាប់​ដំណើរ​ការ​ហោះហើរនៅ​ឆ្នាំ​ក្រោយ​នេះ។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​បារាំង​សរុប​ប្រមាណ​ជា ៥០ ​ក្រុមហ៊ុន​កំពុង​រកស៊ី​បណ្ដាក់​ទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ធំៗ​ ​ដូច​ជា​ក្រុមហ៊ុន​សាងសង់ ​និង​គ្រប់គ្រង​ព្រលាន​យន្ដហោះ​ ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ ​និង​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​កសិកម្ម​ជា​ដើម​៕