​ធនាគារ AIIB ​ប្ដេជ្ញា​ជំរុញ​ចរន្ត​ពាណិជ្ជ​កម្ម​សេរី ​និង​សាកល​ភាវូប​នីយ​កម្ម

លោក Joachim von Amsberg អនុប្រធាន​នៃធនា​គារ​វិនិយោគ​​ហេដ្ឋារចនា​សម្ព័ន្ធអាស៊ី​ (AIIB) ផ្តល់​បទ​សម្ភាសដល់​ VOA​ អំពី​ទស្សនវិស័យ​របស់​ AIIB និងការរំពឹង​​របស់​លោកទៅលើ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី, នៅវេទិការសេដ្ឋកិច្ច​ពិភពលោក​ស្តីអំពីអាស៊ាន, នៅរាជ​ធានី​ភ្នំពេញ​​ ថ្ងៃទី​១១ ខែ​ឧសភា​ ឆ្នាំ​២០១៧។​ (ខាន់​ សុគុំ​មនោ/ VOA)

«យើង​មិន​ទាន់​ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍​ជាក់​លាក់​ណា​មួយ​ពី​សំណាក់​សហរដ្ឋ​អាមេរិក​នៅ​ឡើយ​ទេ​ ក៏​ប៉ុន្តែ​យើង​បន្ត​រក្សា​ភាព​បើក​ចំហរ​ទទួល​ដៃ​ពីរ ​នូវ​ការ​ចាប់​អារម្មណ៍​របស់​ប្រទេស​ណា​ក៏​ដោយ​ដែល​ចង់​ចូល​រួម»។​

កំណត់​និពន្ធ៖ អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ហើយ ដែល​ធនាគារ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី​ (AIIB) ​ដែលជា​គំនិត​ផ្ដួច​ផ្ដើម​នៃ​ការ​ផ្គត់​ផ្គង់​ធនធាន​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​អភិវឌ្ឍ ​នាំ​មុខ​ដោយ​ចិន​ប៉េកាំង​ បាន​ចាប់​ផ្ដើម​ប្រតិបត្តិ​ការ​របស់​ខ្លួន​ជា​ផ្លូវ​ការ។ ​ការ​ផ្ដោត ​និង​វិសាល​ភាព​ការងារ​ស្រដៀង​គ្នា​នឹង​ធនាគារ​ពិភព​លោក​ និង​ធនាគារ​អភិវឌ្ឍ​អាស៊ី​ដែរ ​ក៏​ប៉ុន្តែ ​ធនាគារAIIB ​មាន​របៀប​ធ្វើការ​ដាច់​ដោយ​ឡែក ​ពោលគឺ​មិន​ប៉ះ​ពាល់​ និង​មិន​តម្រូវ​ឱ្យ​ប្រទេស​ទទួល​ថវិកា ធ្វើ​នេះ​ធ្វើ​នោះ​ តាម​ដែល​ខ្លួន​ចង់​បាន ​ជា​លក្ខខណ្ឌ​តម្រូវ​នោះ​ទេ។​ នៅ​ក្រៅ​ព្រឹត្តិ​ការណ៍​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ដែល​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ ​លោក ​អូន ​ឆេងប៉រ ​នៃVOA​ បាន​សម្ភាសន៍​លោក ​Joachim ​von ​Amsberg​ អនុ​ប្រធាន​ទទួល​បន្ទុក​ផ្នែក​គោល​នយោបាយ ​និង​វិនិយោគ ​របស់ ​AIIB ​ អំពី​ការងារ ​និង​ការ​រំពឹង​ទុក​ទៅ​ថ្ងៃ​អនាគត​របស់​ធនាគារ​ថ្មី​មួយ​នេះ។​ ខាងក្រោមនេះ គឺជា​បទ​សម្ភាសន៍ជា​សំឡេង និង​ខ្លឹមសារនៃ​បទសម្ភាសន៍​នេះ​ទាំងស្រុង ដែល​ត្រូវបាន​បក​ប្រែ​ជា​ភាសាខ្មែរ៖

Your browser doesn’t support HTML5

បទ​សម្ភាសន៍ VOA៖ ​ធនាគារ AIIB ​ប្ដេជ្ញា​ជំរុញ​ចរន្ត​ពាណិជ្ជ​កម្ម​សេរី ​និង​សាកល​ភាវូបនីយ​កម្ម

VOA៖ បើ​មាន​ធនាគារ​ពិភព​លោក ​និង​ធនាគារ​អភិវឌ្ឍ​អាស៊ី ​ជា​ដើម ​កំពុង​បំពេញ​ប្រតិបត្តិ​ការ​ផ្ដល់​កម្ចី​ និង​ធន​ធាន​ដល់​ការ​អភិវឌ្ឍ​នៅ​សព្វ​ទិស​ទី​ទៅ​ហើយ ​ហេតុ​អ្វី​ចាំ​បាច់​មាន​ការ​បង្កើត​ឱ្យ​មាន​ធនាគារ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី​ ថែម​ទៀត?​

លោក Joachim ​von ​Amsberg៖​ តម្រូវ​ការ​ផ្នែក​ហិរញ្ញប្ប​ទាន​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មាន​ទំហំ​ធំ​ធេង​ណាស់​ ដែល​ធនាគារ​អភិវឌ្ឍ​ដែល​កំពុង​ដំណើរ​ការ​ទាំង​ឡាយ​ទាំង​ពួង ​មិន​អាច​ផ្គត់​ផ្គង់​គ្រប់​គ្រាន់ ​និង​ទាន់​តាម​តម្រូវការ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​បាន​ទេ។​ ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នេះ ​សំដៅ​ទៅ​លើ ​ផ្នែក​ថាម​ពល ​ផ្លូវ​ថ្នល់ ​ផ្លូវ​ដែក ​ធារា​សាស្ត្រ​ និង​ផ្នែក​ទូរ​គមនា​គមន៍។​

មូល​ហេតុ​មួយ​ផ្សេង​ទៀត​ នោះ​គឺ​ដោយ​សារ​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​ដែល​មាន​សេដ្ឋ​កិច្ច​លូត​លាស់​លឿន​រហ័ស ​បាន​នឹង​កំពុង​ប្រមូល​ចង​ក្រង​គ្នា​ជា​សម្លេង​ដ៏​លាន់​ឮ​ ដើម្បី​ឱ្យ​មតិ​យោបល់​របស់​ពួក​គេ​មាន​ទម្ងន់​ទៅ​លើ​ការ​សម្រេច​ចិត្ត​លើ​បញ្ហា​សកល​លោក​នានា ​ក្នុង​ក្រប​ខណ្ឌ​ធនាគារ​អភិវឌ្ឍ។

វា​មាន​ការ​លំបាក​ក្នុង​ការ​ទៅ​កែ​លក្ខន្តិកៈ ​និង​សម្រួល​សមាមាត្រ​ភាគ​ហ៊ុន​នៅ​ធនាគារ​អភិវឌ្ឍ​ដែល​មាន​ស្រាប់​ ឱ្យ​ស្រប​ទៅ​តាម​តថភាព​សេដ្ឋកិច្ច​ក្នុង​ដំណាក់​កាល​ថ្មី​ចុង​ក្រោយ​នេះ​ ដែល​បណ្ដា​ប្រទេស​មាន​សេដ្ឋកិច្ច​ទើប​លូត​លាស់ ​មាន​តួនាទី​កាន់​តែ​ធំ​ធេង។​

អ៊ីចឹង​យើង​មាន​ប្រធាន​រឿង​សំខាន់​ពីរ​នាំ​ឱ្យ​យើង​បង្កើត​ធនាគារ​នេះ​ឡើង​ គឺ​ទី​មួយ​ផ្ដោត​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និង​ទី​ពីរ​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​កំពុង​លូត​លាស់​នៅ​អាស៊ី ​អាច​ឡើង​ដឹក​នាំ​ស្ថាប័ន​អន្តរជាតិ​ ដើម្បី​បំពេញ​បង្គ្រប់​តម្រូវការ​របស់​ពួក​គេ។​

រូបឯកសារ៖ ស្លាក​ធនាគារ AIIB នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ​ក្នុង​ក្រុង​ប៉េកាំង​ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​២០១៦។

VOA៖ គេ​ឃើញ​ភាព​គាប់​ជួន​ចំ​ពេល​តែ​មួយ ​នៃ​ការ​បង្កើត ​ធនាគារ​AIIB ​និង​គំនិត​ផ្ដួច​ផ្ដើមនយោបាយ​ការ​បរទេស​របស់ប្រធានា​ធិបតី​ចិន ​ស៊ី ​ជីនពីង ​«ខ្សែ​ក្រវាត់​មួយ ​ផ្លូវ​មួយ»។​ តើ​គម្រោង​ទាំង​ពីរ​នេះ​ដែល​សុទ្ធ​តែ​ផ្ដួច​ផ្ដើម​ដោយ​ប្រទេស​ចិន ​មាន​ការ​ជាប់​ទាក់​ទង​គ្នា​កម្រិត​ណា​ទៅ​បាទ?​

លោក Joachim ​von ​Amsberg៖ «ខ្សែ​ក្រវាត់​មួយ ​ផ្លូវ​មួយ» ​និង​ធនាគារ​AIIB ​ជា​ប្រធាន​រឿង​ពីរ​ខុស​ពី​គ្នា​ស្រឡះ​ ​ក៏​ប៉ុន្តែ​មាន​ទំនាក់​ទំនង​គ្នា​យ៉ាងជិត​ស្និទ្ធ។ ​ខុស​គ្នា​ដោយ​សារ​តែ ​«ខ្សែ​ក្រវាត់​មួយ ​ផ្លូវ​មួយ» ​ជា​គំនិត​ផ្ដួច​ផ្ដើម​យ៉ាង​ធំ​ទូលំ​ទូលាយ​ របស់​ចិន​ដើម្បី​លើកកម្ពស់​ការ​ត​ភ្ជាប់​សេដ្ឋ​កិច្ច​ និង​ការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម ​ជា​ពិសេស ​រវាង​បណ្ដា​ប្រទេស​នៅ​អាស៊ី ​អឺរ៉ុប​ និង​អាហ្វ្រិច។​

រីឯ​AIIB​វិញ​ជា​ធនាគារ ​ដែល​មាន​ក្រប​ខណ្ឌ​ផ្លូវ​ច្បាប់​ និង​បែប​បទ​អភិបាល​កិច្ច​ប្រទាក់​ក្រឡា​ច្បាស់​លាស់​ ​និង​ជា​កម្ម​សិទ្ធិ​របស់​រដ្ឋ​ជា​សមាជិក​ចំនួន​ដល់​ទៅ​៧០​ប្រទេស។ ​ហេតុ​នេះ​យើង​ជា ​អង្គការ​ពហុ​ភាគី​ ដឹក​នាំ​ដោយ​សមាជិក​ទាំង​អស់ ​មិន​មែន​មាន​តែ​សមាជិក​មួយ​ឬ​ពីរ​ដឹក​នាំ​នោះ​ទេ។

ប៉ុន្តែ​គំនិត​ផ្ដួច​ផ្ដើម​ទាំង​ពីរ​នេះ ​មាន​ទំនាក់​ទំនង​នឹង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ ពី​ព្រោះ​រដ្ឋ​ជា​សមាជិក​របស់​យើង​ជា​ច្រើន​ មាន​ទីតាំង​ភូមិ​សាស្ត្រ​តាម​បណ្ដា​ច្រក​របៀង​នៃ ​«ខ្សែ​ក្រវាត់​មួយ ​ផ្លូវ​មួយ» ​ម្ល៉ោះ​ហើយ​ យើង​រំពឹង​ថា​នឹង​មាន​ករណី​ដែល​រដ្ឋ​ជា​សមាជិក​របស់​យើង​ខ្លះ​ នឹង​បង្ហាញ​ជូន​យើង ​ដើម្បី​សុំ​ស្នើ​ទឹក​ប្រាក់ ​ទៅ​អនុវត្ត​គម្រោង​ដែល​ជា​ផ្នែក​នៃ​ «ខ្សែ​ក្រវាត់​មួយ ​ផ្លូវ​មួយ»។ ​ហើយ​នឹង​ពិនិត្យ​លទ្ធភាព​ផ្ដល់​ជូន​នូវ​កម្ចី​ ពី​ព្រោះ​ពួក​គេ​មាន​អាទិភាព​ដោយ​ហេតុ​ថា​ពួក​គេ​ជា​សមាជិក​នៃ​ធនាគារ​របស់​យើង ​មិន​មែន​ដោយ​សារ​តែ​ពួក​គេ​ជា​ផ្នែក​នៃ​«ខ្សែ​ក្រវាត់​មួយ​ ផ្លូវ​មួយ»​នោះ​ទេ។​

VOA៖ ការ​អនុវត្ត​ការងារ​របស់​ធនាគារ​អភិវឌ្ឍ​មុនៗ ​តែង​មាន​ភ្ជាប់​កម្ចី​ហិរញ្ញ​វត្ថុ​ ជាមួយ​នឹង​ការ​តម្រូវ​នានា​ដល់​ប្រទេស​ទទួល​កម្ចី ​ឱ្យ​កែ​លម្អ​លើ​ផ្នែក​ផ្សេងៗ ​ដូចជា​ទាម​ទារ​ឱ្យ​គោរព​សិទ្ធិ​មនុស្ស ​កែ​ទម្រង់​ធានា​អភិបាល​កិច្ច​ល្អ​ និង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុក​រលួយ​ជា​ដើម។ ​តើ​ធនាគារ​AIIB​ នឹង​មាន​ឥរិយាបថ​ស្រដៀង​គ្នា​នេះ​ទេ?​

លោក ​Joachim ​von ​Amsberg៖ យើង​មិន​មាន​ធនធាន​គ្រប់​គ្រាន់ ​ដើម្បី​ឈាន​ទៅ​ដល់​ការ​ផ្ដល់​យោបល់​ទៅ​ដល់​ប្រទេស​ទទួល​ជំនួយ​ លើ​ប្រធាន​បទ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​ក្នុង​បរិបទ​ធំ​ជាង​នេះ ​ឬ​ក៏​ដល់​ផ្នែក​ទាក់​ទង​នឹង​ការ​កសាង​ស្ថាប័ន​នោះ​ទេ។ ​មែន​ហើយ​ វា​ជា​បញ្ហា​សំខាន់ ​ប៉ុន្តែ​វា​មិន​មែន​ជា​អ្វី​ដែល​ជា​ការ​ផ្ដោត​របស់ ​AIIB ​នោះ​ទេ។ ​AIIB​ ផ្ដោត​ទៅ​លើ​ការ​ផ្ដល់ហិរញ្ញប្ប​ទាន​ដល់គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែលមាន​គុណភាព​ខ្ពស់។ ​នេះ​បាន​ន័យ​ថា​ យើង​នឹង​ពិនិត្យ​មើល​ឱ្យ​បាន​ដិត​ដល់​ ទៅ​លើ​គុណ​ភាព​នៃ​គម្រោង​នីមួយៗ ​ដែល​យើង​ចង់​ធ្វើ​ឱ្យ​បា្រកដ​ថា ​ក្នុង​គម្រោង​ទាំង​នោះ​ គ្មាន​អំពើ​ពុក​រលួយ ​ហើយ​គោរព​តាម​បទ​ដ្ឋាន​និយាម​ស្ដង់​ដារ​ខ្ពស់។ ​តែ​យើង​មិន​ផ្ដោត​ទៅ​លើ​ក្រប​ខណ្ឌ​ដែល​ធំ​ជាង​នេះ​ ​ក្នុង​ប្រទេស​ទាំង​នោះ​នោះ​ទេ។​

VOA៖ AIIB ​មាន​សមាជិក​៧០​ប្រទេស​ទៅ​ហើយ ​តែ​គេ​មិន​ទាន់​ឃើញ​សហរដ្ឋ​អាមេរិក និង​ជប៉ុន​ចូល​រួម​នឹង​ធនាគារ​ផ្ដួច​ផ្ដើម​ដោយ​ចិន​នេះ​នៅ​ឡើយ​ទេ។ ​តើ​ប្រទេស​ទាំង​ពីរ​នេះ ​បាន​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​អ្វីខ្លះ​ទេ​ ដល់​ការ​ចូល​រួម​នឹង​ AIIB?​

លោក ​Joachim ​von ​Amsberg៖ តាំង​ពី​ដើម​រៀង​មក ​AIIB​ បាន​បង្ក​ខ្លួន​ឡើង​ក្នុង​វិធី​មួយ​ដែល​បើក​ចំហរ ​ដោយ​អញ្ជើញ​បណ្ដា​ប្រទេស​ទាំង​អស់ ហើយ​ជា​ពិសេស ​បណ្ដា​រដ្ឋ​ជា​សមាជិក​នៃ​ធនាគារ​ពិភព​លោក ​និង​ធនាគារ​អភិវឌ្ឍ​អាស៊ី ​ឱ្យ​ចូល​រួម​ជាមួយ​យើង ក្លាយ​ផ្នែក​មួយ​នៃ ​ធនាគារ ​AIIB ​ដែល​រួម​មាន​ជប៉ុន ​និង​សហរដ្ឋ​អាមេរិក ​ក៏​ទទួល​ការ​អញ្ជើញ​ឱ្យ​ចូល​រួម​ដែរ។​

នៅ​ពេល​ចាប់​ផ្ដើម​ដំបូង ​មាន​ការ​កើត​ឡើង​នូវ​មន្ទិល​សង្ស័យ​ខ្លះ​ដែរ​ ថា​នេះ​អាច​ជា​គំនិត​ផ្ដួច​ផ្ដើម​របស់​ចិន​តែ​ម្នាក់​ឯង ​លៃ​យ៉ាង​ណា​ដើម្បី​បម្រើ​ប្រយោជន៍​នៃ​ប្រជាជាតិ​ចិន។ ​ក៏​ប៉ុន្តែ​ក្នុង​រយៈពេល​កន្លង​ទៅ ​មក​ទល់​នឹង​ពេល​នេះ​ មន្ទិល​សង្ស័យ​ទាំង​នោះ ​បាន​ប្ដូរ​ជា​ការ​ស្វែង​យល់ ​និង​ទំនុក​ចិត្ត​ មក​លើ​យើង​ ថា​ជា​អង្គ​ការ​អន្តរ​ជាតិ​ពិតៗ។ ​

វា​ត្រូវ​បាន​ផ្ដួច​ផ្ដើម​បង្កើត​ដោយ​ប្រទេស​ចិន ​ហើយ​ចិន​ជា​ភាគ​ហ៊ុនិក​ធំ​ជាង​គេ​ កាន់​ហ៊ុន​ប្រមាណ​២៥%​នៃ​ហ៊ុន​សរុប ​និង​អំណាច​នៃ​ការ​បោះ​ឆ្នោត។ ​តែ​ចិន​នៅ​ត្រឹម​តែ​ជា​ភាគ​ហ៊ុនិក​ធំ​ជាង​គេ​ ក៏​ប៉ុន្តែ​មិន​មែន​ជា​សមាជិក​ដែល​មាន​ឥទ្ធិពល​ផ្ដាច់​មុខ​នោះ​ទេ។ ​រាល់​ការ​សម្រេច​ចិត្ត​ទាំង​អស់​ត្រូវ​ធ្វើ​ឡើង​ ​ទាំង​អស់​គ្នា​ក្នុង​ចំណោម​សមាជិក​ទាំង​អស់ ​ហើយ​ជា​ការ​ពិត​យើង​មាន​គំរូ​នៃ​ការ​សម្រេច​ចិត្ត​ កុង​សង់​ស៊ីស ​ជា​គោល​ ដែល​សម្លេង​រដ្ឋ​សមាជិក​ទាំង​អស់​សុទ្ធ​តែ​មាន​ចំណែក ​និង​មាន​ទម្ងន់។

បន្ថែម​ពី​ការ​មាន​សមាជិក​ជា​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​ដែល​ចូល​រួម​ជាមួយ​យើង​ពី​ដើម​ទី​ ​បណ្ដា​ប្រទេស​អឺរ៉ុប​ជា​ច្រើន​ក៏​បាន​សម្រេច​ចិត្ត​ចូល​រួម​ជាមួយ​យើង​ផង​ដែរ ​ក្នុង​នាម​ជា​សមាជិក​ស្ថាបនិក។​ ឆ្នាំ​នេះ​យើង​បាន​ទទួល​ពាក្យ​សុំ​ជា​សមាជិក​បន្ថែម ​លើស​ពី​ចំនួន​សមាជិក​ស្ថាបនិក​ចំនួន​៥៧ ​ទៅ​ដល់​៧០​រដ្ឋ​ជា​សមាជិក​នៅ​ក្នុង​ឆ្នាំ​នេះ​ ហើយ​នឹង​បន្ត​កើន​បន្ថែមទៀត។

ខ្ញុំ​គិត​ថា​នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ជំនឿ ​និង​ទំនុក​ចិត្ត​ ដែល​ត្រូវ​បាន​កសាង​ជា​មូលដ្ឋាន​ថា​ AIIB​ ពិត​ជាបាន​នឹង​កំពុង​បម្រើ​នូវ​ផល​ប្រយោជន៍​ប្រទេស​ជា​សមាជិក​ទាំង​អស់​ មិន​មែន​បម្រើ​គ្រាន់​តែ​ប្រយោជន៍​នៃ​ប្រទេស​ជា​ភាគ​ហ៊ុនិក​ធំ​ជាង​គេ​នោះ​ទេ។

រូបឯកសារ៖ ប្រធានាធិបតី​ចិន​លោកស៊ី ជីនពីង ថ្លែង​អំឡុងពេល​ពិធី​សម្ពោធ​ធនាគារ AIIB ក្នុង​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​មករា ឆ្នាំ​២០១៦។

VOA៖ តើ​សហរដ្ឋ​អាមេរិក​ មាន​បាន​ទាក់​ទង​ចង់​ចូល​រួម​នឹង​AIIB ​ឬ​នៅ?​

លោក Joachim ​von ​Amsberg៖ យើង​មិន​ទាន់​ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍​ជាក់​លាក់​ណា​មួយ​ពី​សំណាក់​សហរដ្ឋ​អាមេរិក​នៅ​ឡើយ​ទេ​ ក៏​ប៉ុន្តែ​យើង​បន្ត​រក្សា​ភាព​បើក​ចំហរ​ទទួល​ដៃ​ពីរ ​នូវ​ការ​ចាប់​អារម្មណ៍​របស់​ប្រទេស​ណា​ក៏​ដោយ​ដែល​ចង់​ចូល​រួម។​

ក្នុង​បរិការណ៍​ដែល​ចលនា​សេដ្ឋកិច្ច​ពហុ​ភាគី​និយម ​កំពុង​ទទួល​រង​នូវ​ការ​គំរាម​កំហែង ​AIIB​ គឺ​ជា​និម្មិត​រូប​នៃ​ការ​បញ្ជាក់​ថា​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​នៅ​តែ​បោះ​ជំហាន​ទៅ​មុខ ​ហើយ​ជា​ចរន្ត​អន្តរជាតិ​និយម​ ដែល​ប្រទេស​ណា​ក៏​ដោយ​ក៏​អាច​ដឹក​នាំ​ឱ្យ​ឆ្ពោះ​ទៅ​មុខ​បាន។ ​ពី​មុន​គេ​មាន​បណ្ដា​ប្រទេស ​OECD ​(អង្គ​ការ​កិច្ច​សហ​ប្រតិបត្តិ​ការ​និង​ការអភិវឌ្ឍសេដ្ឋកិច្ច) ​ដែល​ដឹក​នាំ​អង្គ​ការ​ស្ថាប័ន​ពហុ​ប្រជាជាតិ​នានា ​តែ​ឥឡូវ​ យើង​មាន ​AIIB​ ជា​តឹក​តាង​បង្ហាញ​ថា ​បណ្ដា​ប្រទេស​មាន​សេដ្ឋ​កិច្ចកំពុង​លូត​លាស់​ទាំង​ឡាយ ​នៅ​តំបន់​បូព៌ា​ ក៏​អាច​ដឹក​នាំ​ឱ្យ​មាន​ការ​បង្កើត​អង្គការ​ពហុភាគី​អន្តរជាតិ​បាន​ដែរ។

VOA៖ នៅ​ក្នុង​ឆ្នាំ​ដំបូងៗ​របស់​ខ្លួន ​តើ​AIIB​ជួប​ប្រទះ​នឹង​បញ្ហា​អ្វី​ខ្លះ?​

លោក ​Joachim ​von ​Amsberg៖ ខ្ញុំ​គិត​ថា ​បញ្ហា​ប្រឈម​សំខាន់​របស់​យើង ​ក្នុង​នាម​ជា​អង្គ​ការ​ថ្មី​ គឺ​កិច្ច​ការ​ដែល​ត្រូវ​បង្ហាញ​ឱ្យ​ឃើញ​នូវ​តម្លៃ​បន្ថែម​របស់​យើង ​ទៅ​កាន់​អតិថិជន​របស់​យើង ​ដើម្បី​បង្ហាញ​ថា​ យើង​អាច​ដោះ​ស្រាយ​បញ្ហា​នៃ​បដិកម្ម​ហិរញ្ញប្បទាន​ហេដ្ឋា​រចនា​សម្ព័ន្ធ។​

​យើង​ត្រូវ​ការប​ង្ហាញ​ថា​យើង​អាច​ជួយ​បង្កើន​ការ​បណ្ដាក់​ទុន។ ​យើង​ត្រូវ​បង្ហាញ​ថា​ នៅ​ពេល​ដែល​យើង​ចូល​ពាក់​ព័ន្ធ​ វិនិយោគិន​ដទៃ​មាន​អារម្មណ៍​ស្ងប់​ចិត្ត​នឹង​ធ្វើ​ការ​វិនិយោគ​រួម​គ្នា​ជាមួយ​នឹង​យើង។​អ៊ីចឹង​ការ​ចូល​រួម​របស់​យើង​បាន​ធ្វើ​ឱ្យ​គម្រោង​ទទួល​បាន​នូវ​ផ្លែផ្កា​ ហើយ​យើង​បាន​ជួយ​កាត់​បន្ថយ​នូវ​បដិកម្ម​ ដោយ​បង្កើន​កាន់​តែ​ច្រើន​ឱ្យ​មាន​លំហូរ​មូល​ធន​ចូល​ទៅ​ក្នុង​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​នៅ​បណ្ដា​ប្រទេស​អាស៊ី៕