កាលពីថ្ងៃអង្គារ អ្នកជំងឺអេដស៍ក្នុងមន្ទីរពេទ្យនៅកម្ពុជានិយាយពីទុក្ខវេទនាបណ្តាលមកពីមេរោគនេះ ហើយសុំឲ្យប្រទេសផ្តល់ជំនួយបន្តផ្តល់មូលនិធិប្រយុទ្ធនឹងមេរោគអេដស៍ ជំងឺអេដស៍។
អង្គការក្រៅរដ្ឋាភិបាលជាច្រើនអាចដាច់ជំនួយសម្រាប់គម្រោងប្រយុទ្ធនឹងជំងឺនេះ ដោយសារអត្រាឆ្លង និងស្លាប់បានធ្លាក់ចុះ។
អង្គការ Maryknoll បានចាប់ផ្តើមបើកគ្លីនិកជួយអ្នកជំងឺអេដស៍ក្នុងឆ្នាំ១៩៩៦នៅភ្នំពេញ តែឥឡូវអង្គការនេះឲ្យអ្នកជំងឺ៥ដុល្លារមួយសប្តាហ៍សម្រាប់ថ្លៃពេទ្យ និងថ្នាំ។
ចែម យឹមហេង បុគ្គលិកអង្គការ Maryknoll នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ គាត់និយាយថា៖
«ពេលខ្ញុំមកទីនេះ ខ្ញុំឲ្យអ្នកជំងឺថែរក្សាខ្លួន ស្រឡាញ់សុខភាពខ្លួនឯង។ ខ្ញុំឲ្យគាត់ទៅពេទ្យតាមការណាត់ ទៅបើកថ្នាំ លេបថ្នាំត្រឹមត្រូវ ហើយមានអនាម័យ។ ខ្ញុំចង់ឲ្យពិភពលោកក្រលេកមើលពួកគាត់។ ពួកគាត់ជាអ្នកជំងឺក្រីក្រ សូមឲ្យជួយមើលគាត់ យកចិត្តទុកដាក់ អញ្ចឹងណា៎។ សូមឲ្យជួយមើល ហើយផ្តល់ថវិកាដើម្បីជួយដល់ប្រជាជនខ្មែរដែលគាត់រងគ្រោះដោយសារមេរោគអេដស៍»។
អ្នកផ្ទុកមេរោគអេដស៍ជាច្រើនឯកោពីគ្រួសារ ចូលចិត្តរស់នៅមន្ទីរពេទ្យថែទាំដោយអង្គការក្រៅរដ្ឋាភិបាល ដែលផ្តល់សេវាល្អជាងមន្ទីរពេទ្យសាធារណៈ តែគេគ្មានជម្រើសទេ ពេលអង្គការក្រៅរដ្ឋាភិបាលបិទគ្លីនិក។
លោក ព្រំ ចន អាយុ៥៨ឆ្នាំ មកពីខេត្តកំពត។ គាត់មានជំងឺអេដស៍ក្នុងឆ្នាំ២០០៤។ គាត់ថា សាច់ញាតិរបស់គាត់មិនមកសួរសុខទុក្ខគាត់ទេ។ កូនរបស់គាត់ពីរនាក់ធ្វើការនៅប៉ោយប៉ែត។
លោកនិយាយថា៖
«យី ពិបាកដែរ លោកគ្រូ។ វាធ្វើទុក្ខ ជួនមាត់នេះហាមិនរួច លុះត្រាយកដៃជួយអញ្ចេះ។ ជួនក៏ឈឺភ្នែក ជួនក៏ឈឺក្បាល។ ពិបាកណាស់»។
អ្នកជំងឺម្នាក់ទៀតឈ្មោះពៅ ស៊ីផុន អាយុ២៨ឆ្នាំ។ គាត់ឆ្លងមេរោគអេដស៍ពីប្តី ដែលជាសន្តិសុខនៅរង្គសាលមួយនៅភ្នំពេញ។ គាត់មានកូនពីរនាក់ ម្នាក់ស្លាប់ដោយសារអេដស៍ ក្នុងពេលថ្មីៗនេះ។
គាត់និយាយថា៖
«មានជំងឺនេះ ខ្ញុំមានអារម្មណ៍ធុញថប់ខ្លួនឯងណាស់។ ពិបាកចិត្ត ចង់ធ្វើអ្វីផ្តេសផ្តាស់ តែណាមួយទៅមិនរួច ព្រោះអាណិតកូន។ បើយើងហ៊ានលះបង់ជីវិតទៅ គ្មានអ្នកណាមើលកូន។ អញ្ចឹងហើយខំតស៊ូដើម្បីកូន ធ្វើម៉េចបើវាអញ្ចឹងហើយ។ អញ្ចឹង ខ្ញុំសុំឲ្យអង្គការជួយដល់ពួកខ្ញុំផង។ ពួកខ្ញុំគ្រប់គ្នាមិនមានអ្នកណាចង់អញ្ចឹងទេ ធ្វើម៉េចបើវាកើតដោយខ្លួនឯង»។
លោកទៀ ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និយាយថា អាជ្ញាធររបស់លោកបានមូលនិធិពីអង្គការ Global Fund ពីរទសវត្សមកនេះ។ ក្នុងឆ្នាំ២០១០ អាជ្ញាធរនេះបានមូលនិធិចំនួន៥៨លានដុល្លារប្រយុទ្ធនឹងមេរោគអេដស៍ ជំងឺអេដស៍ តែម្ចាស់ជំនួយបានប្រកាសកាលពីថ្ងៃទី១១វិច្ឆិកាថា ឈប់ផ្តល់មូលនិធិទៀតហើយ។
អង្គការ UNAIDS និយាយថា នៅដំណាច់ឆ្នាំ២០០៩ មានអ្នកជំងឺចាស់ ក្មេងផ្ទុកមេរោគអេដស៍ប្រមាណ៦៣.០០០នាក់នៅកម្ពុជា ដែលជាងពាក់កណ្តាលជាស្រី្តអាយុ១៥ឆ្នាំឡើង។
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ