មុន​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន ​អ្នក​រិះគន់​ចង់​ឃើញ​កិច្ចពិភាក្សា​ស៊ីជម្រៅ​ មិនមែន​គ្រាន់​តែ​ថតរូប

រូប​ឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​តាម​អនឡាញ​ពី​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​អាច​រំពឹង​ថា នឹង​មាន​ហ្វូង​ក្រុម​បាតុករ​ដែល​មាន​និន្នាការ​ជំទាស់​ ចេញ​ធ្វើ​បាតុកម្ម ប្រឆាំង​នឹង​លោក​នៅ​ខាង​ក្រៅ​សេតវិមាន​ក្នុង​ពេល​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​ដែល​ចាប់ផ្តើម​នៅ​សប្តាហ៍​ខាងមុខ​ នៅ​ពេល​អ្នករិះគន់​បារម្ភ​ថា​ ការ​សន្ទនា​នៅ​ខាងក្នុង​កិច្ចប្រជុំ​នឹង​ផ្តោត​លើ​ភូមិសាស្ត្រ​នយោបាយ​លើ​បញ្ហា​សិទ្ធិមនុស្ស ​និង​លទ្ធិប្រជាធិបតេយ្យ។ ការណ៍​នេះ​នឹង​ផ្តល់​ឱ្យ​កម្ពុជា​សម្រេច​បាន​សេចក្តី​ប្រាថ្នា​យ៉ាង​ខ្លាំង​អំពី​ភាព​ស្រប​ច្បាប់​ជា​អន្តរជាតិ ​បើ​ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា​កំពុង​រង​ការ​រិះគន់​ពី​ការ​បង្រ្កាប​ទៅ​លើ​ក្រុម​ជំទាស់​ក្នុង​ប្រទេស​ក៏ដោយ។

បើ​តាម​ការ​អះអាង​របស់​លោក​ Harish Mehta ​អ្នកនិពន្ធ​សៀវភៅ​ «លោក ហ៊ុន សែន ​ជា​បុរស​ខ្លាំង​កម្ពុជា‍» ​ឬ ជា​ភាសា​អង់គ្លេស​ថា​ «Hun Sen: Strongman of Cambodia‍» បាន​ប្រាប់​វីអូអេ​ខេមរភាសា​ ​តាម​អ៊ីមែល​ថា៖ «នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន ​ការ​រិះគន់​កម្ពុជា​នឹង​មាន​កម្រិត។ ប៉ុន្តែ​នៅ​ខាង​ក្រៅ​កិច្ចប្រជុំ​កំពូល​ យើង​អាច​រំពឹង​ថា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ​ព្រឹទ្ធសភា ​សភា ​និង​សង្គម​ស៊ីវិល​នឹង​បរិហារ​លើ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​យ៉ាង​ខ្លាំង»។

លោក​ Mehta ​ដែលជា​និពន្ធ​នាយក​ទស្សនាវដ្តី ​Rising Asia Journal ​បាន​បន្ថែម​ថា ​លោក​ប្រធានាធិបតី Biden ​នឹង​លើក​យក​បញ្ហា​លទ្ធិប្រជាធិបតេយ្យ ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​សកលលោក​ប្រឆាំង​នឹង​របប​ផ្តាច់ការ​ ហើយ​ទំនង​ជាលើក​ឡើង​ពី​របប​យោធា​មីយ៉ាន់ម៉ា​មក​និយាយ​ «ប៉ុន្តែ​លើស​ពីនេះ​ទៅ​ទៀត​ វា​មិន​មាន​អ្វីច្រើន​ដែល​សហរដ្ឋ​អាមេរិក​អាច​ធ្វើ​បានទេ ​ដោយ​សារ​តែ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ជា​ច្រើន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​បែប​ផ្តាច់ការ ​ឬ​ជា​រដ្ឋ​ដែល​មិន​មាន​ការ​បោះឆ្នោត​ដោយ​សេរី»។

សេចក្តី​ព្រាង​កាលវិភាគ​នៃ​ព្រឹត្តិការណ៍​សម្រាប់​កិច្ច​ប្រជុំ​កំពូល​ពិសេសអាមេរិក-អាស៊ាន​ថ្ងៃទី​ ១២-១៣ ខែ​ឧសភា ដែល​វីអូអេ​ខេមរភាសា ​ទទួល​ បាន​ឱ្យ​ដឹង​ថា ​លោក​ Biden ​នឹង​ត្រូវ​ចូលរួម​ដោយ​អនុប្រធានាធិបតី ​Kamala Harris​ និង​មេដឹកនាំ​សភា​ក្នុង​ការ​ស្វាគមន៍​លោក ​ហ៊ុន សែន​ និង​មេដឹកនាំ​អាស៊ាន​ដទៃ​ទៀត​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន​ដាច់​ដោយ​ឡែកៗ​ពីគ្នា​ សម្រាប់​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​លើក​ដំបូង​ចាប់តាំង​ពី​រដ្ឋបាល​លោក​ Obama។

រូប​ឯកសារ៖ នាយករដ្ឋ​មន្ត្រី​កម្ពុជា​លោក ​ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៨ ខែ​តុលា ឆ្នាំ​២០២១ បាន​ទទួល​ញញួរ​ប្រធាន​ប្តូរវេន​ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (អាស៊ាន)​ ជា​លើក​ទី​៣ បន្ត​ពី​ប្រទេស​ព្រុយណេ​ដែល​បាន​បញ្ចប់​អាណត្តិ​របស់​ខ្លួននៅ​ឆ្នាំ​២០២១​នេះ។ (ហ្វេសប៊ុក/ទំព័រ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន)

លោក​ ហ៊ុន សែន​ ក្នុងនាម​ជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន ​ដែល​ផ្លាស់ប្តូរ​រវាង​សមាជិក​ទាំង ១០ប្រទេស​ នឹង​ធ្វើ​ជា​សហ​ប្រធាន​កិច្ចប្រជុំ​កំពូល​ជា​ផ្លូវការ​ជាមួយ​លោក​ Biden ​ដែលជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​កាន់តែ​ទូលំ​ទូលាយ​ក្នុង​ការ​ទប់ទល់​ឥទ្ធិពល​របស់​ចិន​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ​ហើយ​នេះ​ជា​អាទិភាព​នៃ​គោលនយោបាយ​ការបរទេស​សម្រាប់​ប្រធានាធិបតី ​អាមេរិក​ហើយ​និង​សភា​អាមេរិក។

អ្នកស្រី ​Joanne Lin ​Weiling អ្នក​ស្រាវជ្រាវ​នាំមុខ​គេ​នៅ​ឯ​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន​នៃ​វិទ្យាស្ថាន​ ISEAS Yusof Ishak ក្នុង​ប្រទេស​សិង្ហបុរី ​បាន​កត់​សម្គាល់​ថា​ រដ្ឋបាល​អាមេរិក​ថ្មី​របស់​លោក​ Biden​បាន​អនុម័ត​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​កាលពី​ខែកុម្ភៈ​ ដែល​ផ្តល់​អាទិភាព​ដល់​ការ​វិនិយោគ​ក្នុង​ស្ថាប័ន​ប្រជាធិបតេយ្យ ​សារព័ត៌មាន​សេរី ​និង​សង្គម​ស៊ីវិល​ដ៏​រស់រវើក។

អ្នកស្រី​បាន​និយាយ​ប្រាប់ ​វីអូអេ​ខេមរភាសា ​តាម​អ៊ីមែល​ថា៖ «ទោះជា​យ៉ាងណា​ក៏ដោយ​ សហរដ្ឋ​អាមេរិក​ក៏​ដឹង​ពី​ប្រព័ន្ធ​អភិបាលកិច្ច ​និង​នយោបាយ​ចម្រុះ​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍ ​ហើយ​សហរដ្ឋ​អាមេរិក​មិនទំនង​ជា​ត្រូវ​និយាយ​ប្រដៅ​អំពី​តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ ​ឬ​សិទ្ធិមនុស្ស នៅ​ពេល​ដែល​មាន​របៀបវារៈ​សំខាន់ៗ​ផ្សេងទៀត​ដើម្បី​ពិភាក្សា​ ដូចជា​បញ្ហា​តំបន់ ​និង​អន្តរជាតិ​ រួមមាន​បញ្ហា សមុទ្រ​ចិន​ខាងត្បូង​ វិបត្តិ​នៅ​អ៊ុយក្រែន ​និង​ស្ថានការណ៍​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ក្នុងចំណោម​បញ្ហា​ប្រទេស​ជាច្រើន​ទៀត​នោះទេ»។

អ្នកស្រី​ Joanne Lin ​Weiling បាន​បន្ថែម​ថា៖ «សហរដ្ឋអាមេរិក​ក៏បាន​ដាក់​សំណើ​សុំ​ឋានៈ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​អាស៊ាន​ ដូច្នេះ​វាមាន​សារៈសំខាន់​សម្រាប់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​មិនធ្វើ​ឱ្យ​ប្រទេស​អាស៊ាន​ណាមួយ​មាន​ការ​ខកចិត្ត​ បើ​មិន​ដូច្នេះ​ទេ​ វា​អាច​ប្រថុយ​នឹង​ការ​មិន​ទទួល​បាន​ឋានៈ​ភាព​ នៅ​ឆ្នាំនេះ»។

អ្នកស្រី​បន្ត​ថា​ ព្រឹត្តិការណ៍​នេះ​ក៏​អាច​ជា​ឱកាស​ដ៏ល្អ​សម្រាប់​កម្ពុជា ​និង​សហរដ្ឋអាមេរិក​ក្នុង​ការ​ជួសជុល​ទំនាក់ទំនង​ដ៏​តានតឹង​ផងដែរ។

ព័ត៌មាន​ទាក់ទង៖ ឯកអគ្គរាជទូត​កម្ពុជា​ថ្មី​ប្តេជ្ញា​​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​វប្បធម៌​​ជាមួយ​អាមេរិក​

សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ ហើយ​បាន​ព្រមាន​ថា ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត​របស់​ខ្លួន​អាច​នឹង​មាន​ហានិភ័យ​ប្រសិន​បើ​មិន​ធ្វើ​ដូច្នោះ។ អាមេរិក​ក៏បាន​ដាក់​ទណ្ឌកម្ម​មន្ត្រី​កំពូល​ដែល​ពាក់ព័ន្ធ​ក្នុង​ការអភិវឌ្ឍរបស់​ចិន​លើ​មូលដ្ឋាន​ទ័ពជើង​ទឹក​រាម ដែល​បាន​ក្លាយ​ជា​ចំណុច​សំខាន់​ក្នុងការ​ប្រកួត​ប្រជែង​រវាង​អាមេរិក​ និង​ចិន​ក្នុង​តំបន់។ ការ​ចោទ​ប្រកាន់​ដែល​បាន​បដិសេធ​នេះ​ បង្ក​ឱ្យមាន​ការ​អះអាង​ពី​កម្ពុជា ​ថា​ជា​ការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​និង​អធិបតេយ្យ​របស់​ខ្លួន។

លោក ​Phil Robertson​ នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី ​បានប្រាប់​ វីអូអេ​ខេមរភាសា ថា សហរដ្ឋ​អាមេរិក​គួរតែ​ប្រើប្រាស់​កិច្ចប្រជុំ​កំពូលនេះ ​ដើម្បី​និយាយ​ជាសាធារណៈ ​និងជា​ឯកជន​អំពី​របៀប​ដែល​ប្រទេស​មួយ​ចំនួន​ដូចជា​កម្ពុជា​ ថៃ ​និង​ប្រទេស​ដទៃទៀត​កំពុង​ខ្វះខាត​ការ​ប្តេជ្ញាចិត្ត​របស់​ពួកគេ​លើ​សិទ្ធិមនុស្ស។

លោក​បញ្ជាក់​ថា៖ «ការ​រាក់ទាក់​ចំពោះ​មេដឹកនាំ​ផ្តាច់ការ​អាស៊ី​អាគ្នេយ៍​មិនមែន​ជា​វិធី​ត្រឹមត្រូវ​សម្រាប់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​នោះ​ទេ។ សហរដ្ឋ​អាមេរិក​ត្រូវ​ការ​ផ្តល់​នូវ​ជម្រើស​មួយ​យ៉ាង​ច្បាស់ ដោយ​ប្រកាន់​យក​គំរូ​នៃ​អភិបាលកិច្ច​ល្អ​ដែល​សិទ្ធិ​នានា​ត្រូវ​បាន​គោរព ​ហើយ​គោលការណ៍​ប្រជាធិបតេយ្យ​ត្រូវ​បាន​ប្រកាន់​ខ្ជាប់»។

លោក ​Robertson​ បាន​រិះគន់​លោក ​Kurt Campbell ​ដែល​ជា​អ្នក​សម្រប​សម្រួល​កិច្ចការ​ឥណ្ឌូប៉ាស៊ីហ្វិក​របស់​សេតវិមាន ​ដែល​គិតថា ​ការ​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ ទៅកាន់​សេតវិមាន​អាច​យក​ចិត្តថ្លើម​ពួកគេ​បាន​ ហើយ​ធ្វើឱ្យ​មាន​តុល្យភាព​នៃ​ទំនាក់ទំនង​រវាង​លោក​ខាងលិច ​និង​ប្រទេស​ចិន។ តែ​លោក ​Robertson ​បន្ថែម​ថា ​ការ​យកចិត្ត​ទុកដាក់​រយៈពេល​វែង​គួរតែ​ផ្តោត​លើ​ប្រជាជន​ក្នុង​តំបន់ ​មិនមែន​ជាមួយ​អ្នក​ដឹកនាំ​នោះ​ទេ។

លោក Robertson​ បាន​បន្ថែម​ថា៖​ «ទោះបីជា​រដ្ឋាភិបាល​រដ្ឋ​ជា​សមាជិក​អាស៊ាន​ជាច្រើន​ជា​របប​ផ្តាច់ការ​ក្តី ​ក្តីសង្ឃឹម​នានា​របស់​ប្រជាជន​សម្រាប់​កំណែ​ទម្រង់ ​ហើយ​សិទ្ធិ​សេរីភាព​នានា ​គឺជា​ជម្រើស​បញ្ហា​ ដែល​សហរដ្ឋ​អាមេរិក​ដាក់​ការ​គាំទ្រ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​ថ្ងៃ​ខាងមុខ»។

រូប​ឯកសារ៖ បាតុករមីយ៉ាន់ម៉ា​ដើរ​កាត់​ទី​ផ្សារ​មួយ​កន្លែង​ដោយ​កាន់​បដា​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​មេដឹកនាំ​ដែល​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​គឺ​លោកស្រី Aung San Suu Kyi នៅ​ក្នុង​បាតុកម្ម​មួយ​នៅ​ទី​ក្រុង​ Yangon ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២១។

ប្លុកអាស៊ាន​រួមមាន​ប្រទេស​ចំនួន ​១០​ដែលមាន​ប្រជាជន​សរុប​ប្រហែល​ ៦៥០ ​លាន​នាក់ ​ហើយ​រួមបញ្ចូល​គ្នា​ទៅក្លាយ​ជា​តំណាង​ឱ្យ​ទីផ្សារ​នាំចេញ​ធំជាង​គេទី ៤ សម្រាប់​សហរដ្ឋ​អាមេរិក​ ជាមួយនឹង​ទំហំ​ពាណិជ្ជកម្ម​ស្ទើរតែទ្វេដង​ក្នុង​ទសវត្សរ៍​មុន​ ដែល​មាន​ទឹកប្រាក់​រហូត​ដល់​ ៣៥២​ ពាន់លាន​ដុល្លារ​កាលពី​ឆ្នាំមុន​ នេះបើ​យោង​តាម​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាស៊ាន​សហរដ្ឋ​អាមេរិក។

ថ្លែង​ប្រាប់​វីអូអេ​កាលពី​សប្តាហ៍​មុន ​លោក​បណ្ឌិត​ អ៊ា សុផល​ ព្រឹទ្ធបុរសរង​នៃ​កម្មវិធី​ថ្នាក់​បរិញ្ញាបត្រ ​និង​ការ​អភិវឌ្ឍ​សកល​នៃ​សាកល​វិទ្យាល័យ Arizona State University ​មាន​ប្រសាសន៍​ថា ​នឹង​មាន​កន្លែង​សម្រាប់​ការ​ព្រមព្រៀង​ និង​ការ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ ប៉ុន្តែ​វា​ក៏​អាច​ជា​ឱកាស​សម្រាប់​លោក ​ហ៊ុន សែន ​ក្នុង ការ​បន្ធូរបន្ថយ​សម្ពាធ​ការទូត​មួយ​ចំនួន​ដែល​បាន​កើតឡើង​តាំង​ពី​គណបក្ស​កាន់​អំណាច​ចាប់​ផ្តើម​បង្ក្រាប​លើ​ក្រុម​ជំទាស់​នៅ​ឆ្នាំ​២០១៧។

លោក អ៊ា សុផល ​បាន​បន្ថែម​ថា៖​ «នេះ​ជា​រឿង​ចៀស​មិន​រួច នៅ​ពេល​កម្ពុជា​ឡើង​ដល់​ដំណាក់កាល​(ជាប្រធាន)​ស្មើនឹង​លោក​ប្រធានាធិបតី Biden។ ការ​ថតរូប​ Selfie ​ជាមួយ​លោក ​Biden ​នឹង​ធ្វើ​បាន​សម្រេច។ ដំណាក់កាល​ដ៏​សំខាន់​នៅមុខ​សេតវិមាន​នឹង​ត្រូវ​បាន​ផ្តិតយក។ នេះ​អំពី​ការ​ថតរូប​នៅ​ពេល​និយាយ​អំពី​លោក​នាយករដ្ឋមន្រ្តី ​(ហ៊ុន សែន) ​ប៉ុន្តែ​សូម​ឱ្យ​យើង​សង្ឃឹម​ថា​គាត់​នឹង​នាំ​យក​អំណោយ​ពិតប្រាកដ​ដល់​លោក ​Biden ​គឺថា ​សំណុំរឿង​មេដឹកនាំ​បក្ស​ប្រឆាំង​ នឹង​ត្រូវ​បាន​ទម្លាក់​ចោល​បទ​ចោទ​ទាំងស្រុង ​ហើយ​អ្នក​ទោស​នយោបាយត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរីភាព» ។

លោក ​សុផល ជា​អ្នក​និពន្ធ​សៀវភៅ ​«ជំនួយ​នៅ​កម្ពុជា៖ តើ​ជំនួយ​បរទេស​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ដោយ​របៀប​ណា?»​បាន​បន្ថែម​ថា៖ «ពិតប្រាកដ​ណាស់​ គេមិន​ចង់​ធ្វើ​ឱ្យ​ម្ចាស់​ផ្ទះ​របស់​អ្នក គឺសហរដ្ឋ​អាមេរិក ឬ​ភ្ញៀវ​របស់​អ្នក គឺ​សមាជិក​អាស៊ាន​ខកចិត្ត​ទេ ​ប៉ុន្តែ​ការពិត​មួយ​ចំនួន​នឹង​ត្រូវ​បាន​និយាយ​ដូចជា​បញ្ហា​ មីយ៉ាន់ម៉ា ​ដែល​មិន​ត្រូវ​បាន​ធ្វើ​ឱ្យ​រីក​ចម្រើន​នោះ។ រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​កំពុង​និយាយ​ជាមួយ​រដ្ឋាភិបាល​ស្រមោល។ ថៃ​ធ្លាប់​គាំទ្រ​អាមេរិក ​ហើយ​ឥឡូវ​មាន​អព្យាក្រឹតភាព​ងាក​ទៅ​រក​ចិន​បន្តិច។ ហើយ​ការណ៍​នេះ ​ពិត​ជា​រង​គ្រោះ នៃ​បញ្ហាភាព​ស្រប​ច្បាប់​នៅ​ពេល​ដែល​និយាយ​ដល់​លទ្ធិប្រជាធិបតេយ្យ»។

ក្រុមសិទ្ធិ​មនុស្ស​ចំនួន​រាប់សិប​អង្គការ​មកពី​ប្រទេស​ជាច្រើន​រួមទាំង​សហគមន៍​កម្ពុជា ​និង​មីយ៉ាន់ម៉ា ​បាន​ផ្ញើ​លិខិត​រួមមួយ​កាល​ពីថ្ងៃទី​ ២៤ ​ខែ​មេសា​ដោយ​ដាក់​សម្ពាធ​លោក​ Biden ​ឱ្យ​ប្រកាន់​ជំហរ​រឹងមាំ​ប្រឆាំង​នឹង​មេដឹកនាំ​គ្រប់គ្រង​អំណាច​របស់​ពួកគេ។

«លោក​ប្រធានាធិបតី ​យើង​មាន​ទំនុក​ចិត្តថា​ ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋបាល​លោក​ សហគមន៍​ពិភពលោក ​និង​អាស៊ាន ​នឹង​ជួយ​ប្រជាជន ​ដើម្បី​បញ្ឈប់​ការ​គ្រប់គ្រង​បែប​និទណ្ឌភាព​របស់​មេដឹកនាំ​ផ្តាច់ការ ​និង​ស្វែងរក​សេរីភាព ​យុត្តិធម៌ ​លទ្ធិប្រជាធិបតេយ្យ ​និង​នីតិរដ្ឋ​សម្រាប់​អនាគត​យូរអង្វែង ​សម្រាប់​កម្ពុជា» ។

នេះបើ​តាមការ​បញ្ជាក់​នៃលិខិត​រួមដែលវីអូអេ​ទទួល​បាន។

លោក​ អ៊ុង រិទ្ធី ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​នៅ​សហរដ្ឋ​អាមេរិក ​ដែល​រស់​នៅ​ទីក្រុង​ Lowell​ រដ្ឋ ​ Massachusetts បាន​និយាយ​ថា ​ក្រុមជំទាស់​ជា​ជនជាតិ​ខ្មែរ​អាមេរិកាំង​ នឹង​ថ្លែង​សារ​ស្រដៀងគ្នា​នេះ​នៅក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ​ហ៊ុន សែន ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

«បាទ​យើង​មាន​គម្រោង​ធ្វើ​បាតុកម្ម​ធំមួយ​នៅ​ថ្ងៃ​ទី១២ (ខែឧសភា)​ នៅ​មុខ​សេតវិមាន»។

រូប​ឯកសារ៖ ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយក្នុងប្រទេសអាមេរិកគឺ លោក ស៊ុយ សេង ហុង និង រី គា ដឹកនាំការធ្វើការបាតុកម្មនៅមុខសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំឲ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ឲ្យមានការស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញនៅក្នុងប្រទេសកម្ពុជានៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ ២០១៩។ (សុខ ខេមរា/វីអូអេ)

ដោយសារ​កិច្ចប្រជុំ​កំពូល​គឺ​នៅ​ថ្ងៃធ្វើការ ​លោក​អ៊ុង រិទ្ធី​បាន​និយាយ​ថា​លោក​មិន​ដឹង​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​នឹង​ចេញ​មក​តវ៉ា​នោះទេ​ ប៉ុន្តែ​លោក​រំពឹង​ថា​ក្រុម​អ្នក​តវ៉ា​ចម្រុះ​ តំណាង​ឱ្យ​សហគមន៍​មក​ពី​ប្រទេស​កម្ពុជា​ មីយ៉ាន់ម៉ា និង​ក្រុម​ផ្សេងទៀត​ ជា​អ្នក​តស៊ូមតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស​នៅ​អាស៊ី​នឹង​ចូលរួម​ទាមទារ​តវ៉ា។

លោក ​សុខ ឥសាន ​សមាជិក​ព្រឹទ្ធសភា ​និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច ​មាន​ប្រសាសន៍​ថា ​វា​ជា​រឿង​ធម្មតា​ទេ ​ដែល​ក្រុម​ប្រឆាំង​ធ្វើបាតុកម្ម​នៅ​ក្នុង​ប្រទេស​សេរី ​ដូច​សហរដ្ឋ​អាមេរិក​ ដោយ​បន្ថែម​ថា​ នាយក​រដ្ឋមន្ត្រី​ក៏​នឹង​មាន​អ្នកគាំទ្រ​ជា​ច្រើន​រង់ចាំ​ស្វាគមន៍​លោកនៅ​រដ្ឋធានី​វ៉ាស៊ីនតោនផងដែរ​ ក្នុង​ពេល​ប្រមុខ​ដឹកនាំ​កម្ពុជា​ត្រូវអញ្ជើញ​ឱ្យ​ចូលរួម​ ក្នុងនាម​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស ​អាមេរិក អាស៊ាន ​ដែល​បញ្ហា​ឯកតោភាគី​នៃ​សមាជិក​អាស៊ាន​រួមទាំង​កម្ពុជា​ផងនោះ​ នឹង​មិន​ស្ថិត​ក្នុង​របៀបវារ:ទេ វា​លើកលែង​តែបញ្ហា​ភូមា។

«ជាការ​យល់​ឃើញ​របស់ខ្ញុំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​អាមេរិក​នេះ​ គឺលើក​អំពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាស៊ាន​និង​សហរដ្ឋ​អាមេរិក។ ខ្ញុំយល់​ថា​រឿង​ឯកតោភាគី​នៅក្នុង​ប្រទេស​នីមួយ​របស់​អាស៊ាន​ហ្នឹង ​អង្គប្រជុំ​ហ្នឹងមិន​លើក​មក​និយាយ​ទេ​ ជាពិសេស​បញ្ហា​កម្ពុជា​ខ្ញុំយល់​ថាមិន​ជា​ប្រធានបទ​សំខាន់​ត្រូវ​លើក​ក្នុងកិច្ចប្រជុំ​នេះ​ទេ។ ក៏ប៉ុន្តែ​បញ្ហា​ដែលក្តៅ​ស្រួចស្រាល់​ហ្នឹង​គឺថា​អាចនឹង​លើក​ពី​បញ្ហា​ប្រទេស​មីយ៉ាន់ម៉ា​ហ្នឹង​ឯង»។

លោក ​សុខ ឥសាន ​បាន​ហៅ​កិច្ច​ប្រជុំកំពូល​ពិសេស​អាមេរិក-អាស៊ាន ​ដែល​កម្ពុជា​ជា​សហប្រធាន​នេះ​ថា ជា​កិត្តិយស​ខ្ពស់​សម្រាប់​កម្ពុជា ។

លោក​បញ្ជាក់​ថា៖ «អ៊ីចឹង​វា​ជា​ប្រវត្តិសាស្ត្រ​ហើយ​បញ្ហាហ្នឹង។ ហើយ​ខ្ញុំ​យល់ថា​ជា​លក្ខណ:​ពិធីការ ​កិច្ចការ​បរទេស​ ខ្ញុំ​យល់​ថា​ជា​កិត្យានុភាព​មួយ​ដ៏​ខ្ពង់ខ្ពស់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ជា​ប្រធាន​ប្តូរវេន​អាស៊ាន»។

កញ្ញា​ Stephanie Arzate អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា​រដ្ឋបាល​លោក Biden គឺ​ផ្តោត​លើ​ទាំង «ភាពជា​កណ្តាល​របស់​អាស៊ាន»​ និង​ការ​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស។

កញ្ញាបាននិយាយ​តាមអ៊ីមែល​ថា៖ «កិច្ចប្រជុំ​កំពូលពិសេស​អាមេរិក-អាស៊ាន ​នឹង​រំលឹក​ខួប ៤៥ ឆ្នាំ​នៃ​ទំនាក់ទំនង​អាមេរិក អាស៊ាន ​និង​បង្ហាញ​ពីការប្តេជ្ញា​ចិត្ត​យូរអង្វែង​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ភាពជា​កណ្តាល​របស់​អាស៊ាន​ ក្នុងការ​ផ្តល់នូវ​ដំណោះស្រាយប្រកប​ដោយ​និរន្តរភាព​ចំពោះ​បញ្ហា​ប្រឈម​បំផុត​នៅក្នុង​តំបន់»។

កញ្ញា​បាន​បន្ថែម​ពី​ការ​យកចិត្ត​ទុកដាក់​របស់​សហរដ្ឋ​អាមេរិក​លើ​បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ទៀត​ថា៖ «ការ​លើកទឹកចិត្ត​លទ្ធិប្រជាធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិមនុស្ស ​គឺជា​ចំណុច​ស្នូល​នៃ​គោល​នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​ជុំវិញ​ពិភពលោក​ រួមទាំង​អាស៊ាន​ផងដែរ»។

យ៉ាងណាក្តី ​លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ ​ប្រធាន​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា​ កិច្ចប្រជុំ​កំពូល​ក្នុងខែ​នេះ​ ពិតជា​ផ្តោត​សំខាន់​លើកិច្ច​សហប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក​ និង​អាស៊ាន ​ក្នុងការ​កសាង​សេដ្ឋកិច្ច​ឡើងវិញ ​បន្ទាប់​ពីការ​ខូចខាត​ដែល​បាន​កើតឡើង​ក្នុង​អំឡុង​ពេល​ជំងឺ​រាតត្បាត​កូវីដ-១៩។

លោក​ថ្លែង​ថា៖ «ហើយ​បញ្ហា​សំខាន់​ហ្នឹង​គឺធ្វើ​យ៉ាងណា​ដើម្បី​រួមគ្នា​កសាង​នូវ​សេដ្ឋកិច្ច​សង្គម​មួយ​ដែល​ក្រោយ​ពីវិបត្តិ​នៃ​ជំងឺឆ្លង​កូវីដ-១៩ ​ធ្វើ​យ៉ាងណា​ដើម្បី​ពង្រឹង​នូវ​ស្ថាបត្យកម្ម ​សន្តិសុខ ​ក៏ដូចជា​សេដ្ឋកិច្ច​មួយ​ ដែល​មាន​លក្ខណ:​បើក​ចំហ​នៅ​ក្នុង​តំបន់។ ហើយ​នៅក្នុង​កិច្ចប្រជុំ​ហ្នឹងដែរ ​ក៏អាច​នឹង​មាន​ការលើក​ពីសហរដ្ឋ​អាមេរិក ​ទាក់ទង​ទៅនឹង​បទដ្ឋាន​សេដ្ឋកិច្ច ​ឥណ្ឌូប៉ាស៊ីហ្វិក ​(Indo Pacific Economic Framework)​ ពីព្រោះ​ថា​នេះ​ជា​យន្តការ​ថ្មីមួយ​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​សហរដ្ឋអាមេរិក​និង​តំបន់។​ដូច្នេះនេះ​ជា​គំនិត​ផ្តួចផ្តើម​មួយ​ដែល​អាច​ជំរុញ​តួនាទី​សេដ្ឋកិច្ច​អាមេរិក​បន្ថែម​ទៀត​នៅក្នុង​តំបន់​ហ្នឹង»។

លោក ឈាង វណ្ណារិទ្ធ ​បាន​បន្ថែម​ថា៖ «យើង​ឃើញ​ថា​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​នេះ ​គឺ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​សហរដ្ឋអាមេរិក ​ទោះបី​ជា​មាន​ប្រព័ន្ធ​នយោបាយ​ខុសពី​សហរដ្ឋអាមេរិក​ក៏ដោយ​ជាពិសេស​ទំនាក់ទំនង​ជាមួយ​វៀតណាម។ យើង​ឃើញ​ថា​ទំនាក់​ទំនង​អាមេរិក​ជាមួយ​វៀតណាម​មានភាព​ស៊ីជម្រៅ ​ហើយ​បាន​ពង្រឹង​យ៉ាង​ខ្លាំង​នៅ​ក្នុង​រយ:ពេល​ប៉ុន្មាន​ឆ្នាំនេះ ​សូម្បី​តែ​ប្រព័ន្ធ​នយោបាយ​ប្រទេស​ទាំងពីរ​ហ្នឹងខុសគ្នា​យ៉ាងណា​ក៏ដោយ។ ដូច្នេះ​យើង​អាច​និយាយ​បាន​ថា​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​និង​សេដ្ឋកិច្ច ​ជាផល​ប្រយោជន៍​នាំមុខ​នៅក្នុង​គោល​នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​មកក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ហ្នឹង»៕

សូម​រង់​ចាំ​ការ​ផ្សាយ​ពិសេសនានា​បន្ថែម​ទៀត​ទាក់ទង​នឹង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាននៅ​ពេល​ខាង​មុខ។