មុនកិច្ចប្រជុំ BRI របស់ចិន កម្ពុជាមើលឃើញផលប្រយោជន៍ពីគម្រោងដ៏ធំមួយនេះ

ផ្លូវ​មួយ​ខ្សែ​ក្នុង​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ​ដែល​ត្រូវ​បាន​ស្ថាបនា​ដោយ​ចិន កាលពី​កន្លង​ទៅ។ (ស៊ុន ណារិន/VOA)

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​ទៅ​ចូលរួម​វេទិកា​លើក​ទី​២ ស្តី​អំពី​គម្រោង​ខ្សែក្រវាត់​ពាណិជ្ជកម្មរបស់​ចិន (BRI) ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពីថ្ងៃទី២៥ដល់​ថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ កម្ពុជា​បាន​ទទួល​កម្ចី​ច្រើន​ពី​ប្រទេស​ចិន ដើម្បី​ស្ថាបនា​ផ្លូវ​ថ្នល់​និង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេង​ទៀត ហើយ​កម្ពុជា​មើល​ឃើញ​ផល​ប្រយោជន៍​ពី​គម្រោង​នេះ និង​យល់​ថា​មិន​មែន​ជា​«អន្ទាក់​បំណុល»​ នោះ​ទេ។ ពលរដ្ឋ​មួយ​ចំនួន​ក្នុងស្រុក​វាលវែង ​ខេត្ត​ពោធិ៍សាត់ ដែល​ VOA ​បាន​ជួប​កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​លើក​ឡើង​ថា ​ក្រុម​ហ៊ុន​របស់​រដ្ឋាភិបាល​ចិន​បាន​នឹង​កំពុង​សិក្សា ដើម្បី​សាង​សង់​ផ្លូវ​មួយ​កាត់​តំបន់​របស់​ពួកគេ។ ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​នៅ​ទី​នោះ​អះអាង​ថា​ ពួកគេ​មិន​ដឹង​ថា​អ្វី​ទៅ​ជា​គម្រោង​ខ្សែក្រវាត់​ពាណិជ្ជកម្ម​ (BRI) របស់​ចិន​នោះ​ទេ។​

ស្រុក​វាល​វែង ខេត្ត​ពោធិ៍សាត់ និង​ភ្នំពេញ—ប្រជាជន​នៅ​ទី​នេះ​បាន​និយាយ​ថា នឹង​មាន​ការ​ស្ថាបនា​ផ្លូវ​មួយ​កាត់​តំបន់​ពួកគេក្នុង​ឃុំ​អូរសោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។ ផ្លូវ​ដែល​ភ្ជាប់​តំបន់​នេះ​ទៅ​ខេត្ត​កោះកុង​និង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង នឹង​ត្រូវ​ស្ថាបនា ដោយ​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​ចិន​នា​ពេល​ខាង​មុខ។

កម្មករ​ចិន​រាប់​សិប​នាក់​បាន​កំពុង​តែ​ចុះ​ស្រាវជ្រាវ​ផ្លូវ​នៅ​ទី​នេះ តាម​ភ្នំ​មួយ​ឈ្មោះ​ថា​ ភ្នំ​សំកុស ដែល​ជា​ផ្នែក​មួយ​នៃ​តំបន់​ព្រៃ​អភិរក្ស។

អ្នក​ភូមិ​ម្នាក់​គឺ លោក សូ វីរៈ អាយុ​៣៧​ឆ្នាំ បាន​ថ្លែង​ប្រាប់​ VOA ​ថា ផ្លូវ​នេះ​នឹងផ្តល់​ប្រយោជន៍​សម្រាប់​អ្នក​ភូមិ​នៅ​ទី​នេះ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ផ្សេងៗ និង​ការ​ដឹក​ជញ្ជូន​ផល​ដំណាំ​របស់​ពួកគេ​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​គាត់​ថា ​មក​សិក្សា​បាន​ផ្លូវ ​អាហ្នឹង​ដូច​ជួយ​ប្រជាពលរដ្ឋ​បាន​ច្រើន​ដែរ​អញ្ចឹង»។

ប៉ុន្តែ​លោក វីរៈ ក៏​បាន​លើក​ឡើងពី​ការ​ព្រួយ​បារម្ភ​ថា ​ផ្លូវ​នេះ​នឹង​អាច​ប៉ះពាល់​ដី​របស់​លោក។ លោក​បញ្ជាក់​ថា៖ «បើ​ប៉ះ​ពាល់​ប៉ះ​ដី​ខ្ញុំ មិន​ដឹង​ម៉េច​ម៉ា។ បើ​ប៉ះ​លើ​ខ្ញុំ ដី​ប៉ុណ្ណឹង មាន​អី មាន​តែ​អស់​ហើយ»។

ជនជាតិ​ចិន​ម្នាក់ កំពុង​ស្រាវជ្រាវ​ផ្លូវ​នៅ​លើ​ភ្នំ​សំកុស ក្នុង​ឃុំ​អូរសោម ស្រុកវាលវែង ខេត្តពោធិ៍សសាត់ ដើម្បី​ស្ថាបនា​ផ្លូវ​ភ្ជាប់​ទៅ​ខេត្តកោះកុង​នា​ពេល​ខាងមុខ។ (ស៊ុន ណារិន/VOA)

អង្គុយ​នៅ​ក្បែរ​នោះ អ្នក​ភូមិ​ម្នាក់​ទៀត​ លោក ស សុផាន អាយុ​៣៣​ឆ្នាំ មាន​ប្រសាសន៍​ថា ​លោក​ក៏​មាន​ការ​បារម្ភ​ដូច​លោក វីរៈ ផង​ដែរ។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖ «មិន​ដឹង​ថា​ មាន​ផល​ប៉ះពាល់​អី​ខ្លះ ឬក៏ផល​ចំណេញ​អី​ខ្លះ យើង​អត់​ដឹង​ទេ។ ដូច​ដី​យើង​តូច​អញ្ចឹង មក​ចំ​ពាក់កណ្តាល​ដី​យើង ឬ​ក៏​យក​ដី​យើង​អស់​ ក៏​យើង​មិន​ដឹង​ដែរ។ ប៉ះ​ដី​ខ្ញុំ​មិន​ដឹង​ម៉េច​ម៉ា។ បើ​ប៉ះ​ដី​ខ្ញុំ មាន​តែ​ប៉ុណ្ណឹង​ ដឹង​តែ​អស់​ហើយ»។

នៅ​ពេល​សួរ​ថា ​ពួក​គេ​បាន​ដឹង​ថា ​ផ្លូវ​មួយ​នេះ ស្ថិត​ក្នុង​គម្រោង​ខ្សែ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន (BRI) ពួកគេ​ទាំង​ពីរ​លើក​ឡើង​ថា មិន​បាន​ដឹង​នោះ​ទេ ក្រៅ​ពី​ដឹង​ថា ​ប្រទេស​ចិន​ជា​អ្នក​សាងសង់​ផ្លូវ​ច្រើន​ដល់​ប្រទេស​កម្ពុជា។

លោក សុផាន បាន​ថ្លែង​ថា៖ «សំខាន់​ថ្នាក់​លើ រដ្ឋាភិបាល​គាត់​អ្នក​ចាត់​ចែង យើង​អត់​ដឹង។ ខ្សែ​ក្រវាត់​ឬ​មិន​ខ្សែ​ក្រវាត់ ឲ្យ​តែ​កើត​ផ្លូវ យើង​អរសឹង​អី»។

ផ្លូវ​មួយ​នេះ​នឹង​ត្រូវ​ស្ថាបនា​ក្រោម​ជំនួយ​របស់​ចិន​ ដែល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៨​ថា មាន​តម្លៃ​យ៉ាង​តិច​ចំនួន​២០០​លាន​ដុល្លារ​អាមេរិក។

អ្នកភូមិ​ម្នាក់​បើក​ម៉ូតូ​កាត់ផ្លូវ​មួយ​ក្នុង​ឃុំ​អូរសោម ដែល​អ្នកភូមិ​និយាយ​ថា ជនជាតិ​ចិន​កំពុង​ស្រាវជ្រាវ ដើម្បី​ស្ថាបនា​ផ្លូវ​តភ្ជាប់​ទៅ​ខេត្តកោះកុង និង​បាត់ដំបង នា​ពេល​ខាងមុខ។ (ស៊ុន ណារិន/VOA)

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​ចូលរួម​វេទិកា​ BRI លើក​ទី២ ​ចាប់​ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​២៧ ខែ​មេសា​នេះ ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា។

នៅ​ក្នុង​វេទិកា​នោះ លោក ហ៊ុន សែន ​នឹង​ថ្លែង​សុន្ទរកថា​លើ​ប្រធានបទ​«កិច្ច​សហប្រតិបត្តិការ​ខ្សែ​ក្រវាត់​និង​ផ្លូវ៖​ បង្កើត​ជោគ​វាសនា​រួម​ត្រចះត្រចង់»។

លោក ហ៊ុន សែន ក៏​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ផង​ដែរ​ ហើយ​ក៏​នឹង​មានការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ស្តី​ពី​ជំនួយ​របស់​ចិន ព្រម​ទាំង​គម្រោង​សហប្រតិបត្តិការ​នានា​ផង​ដែរ។

នៅ​ក្នុង​ឯកសារ​យុទ្ធសាស្រ្ត​ចតុកោណដំណាក់កាល​ទី​៤ ចុះ​ខែ​កញ្ញា ឆ្នាំ​២០១៨ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្តេជ្ញា​ក្នុង​ការ​អនុវត្ត BRI ​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង តាំង​ពី​ឆ្នាំ​២០១៣។ ក្រោម​គម្រោង​ BRI នៅ​ក្នុង​វិស័យ​ទេសចរណ៍ កម្ពុជា​ក៏​បាន​បង្កើត​មជ្ឈមណ្ឌល​ទ្រទ្រង់ ហៅ​ថា China Ready Center កាល​ពី​ឆ្នាំ​២០១៦ សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ដើម្បីជា​គោលដៅ​ក្នុង​ការ​ទទួល​ភ្ញៀវ​ទេសចរ​ចិន។

នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ក៏​មាន​កំណើន​អ្នក​រកស៊ី​ចិន​ និង​ជនជាតិ​ចិន​យ៉ាង​គំហុក​ផង​ដែរ។ នៅ​ក្នុង​ខេត្ត​មួយ​នេះ មាន​ការ​រីក​ដុះដាល​យ៉ាង​ខ្លាំង​នូវ​សំណង់​អគារ​ចិន កាស៊ីណូ ភោជនីយដ្ឋាន ផ្សារ​ និង​ការ​រកស៊ី​ផ្សេងៗ។

ទោះ​ជា​យ៉ាងណា មាន​ការ​ព្រួយ​បារម្ភ​ថា​ BRI នឹងអាច​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​ ប៉ុន្តែរដ្ឋាភិបាល​បាន​បដិសេធ​រឿង​នេះ។

ក្នុង​កិច្ច​សន្ទនា​ស្តី​អំពី​ BRI ដែល​ផ្តោត​ទៅ​លើការ​គ្រប់គ្រង​បំណុល​ ហើយត្រូវ​បាន​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៣ ខែមេសា លោក ហែម វណ្ណឌី អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ថា កម្ពុជា​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​បំណុល​សេដ្ឋកិច្ច​របស់​ចិន​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​ចាត់​ទុក​បំណុល​ដែល​យើង​ធ្វើ​កិច្ចសន្យា​ក្រោម​ក្របខណ្ឌ​ BRI ដូចបំណុល​ផ្សេងៗ​ដែរ ពី​ស្ថាប័ន​ជា​ដៃគូ​ទ្វេភាគី និង​ពហុភាគី តាម​នីតិវិធី​ត្រឹមត្រូវ​ និង​ឈរ​លើ​មូលដ្ឋាន​សំខាន់​នៃ​គោលការណ៍​គ្រប់គ្រង​បំណុល ដែល​ពួកគេ​នឹង​ប្រកាន់​ខ្ជាប់»។ លោក​សង្កត់​ធ្ងន់​ថា៖ «ប៉ុន្តែ​ BRI នឹង​មិនមែន​បង្កើត​ជា​អន្ទាក់​បំណុល​សម្រាប់​កម្ពុជា​នោះ​ទេ»។

រដ្ឋមន្រ្តី​ការ​បរទេស​ចិន លោក វ៉ាង យី (Wang Yi) កាល​ពីពេល​ថ្មីៗ​ បាន​ថ្លែង​ថា BRI មិនមែន​ជា​អន្ទាក់​បំណុល​ ដូច​ការ​ព្រួយ​បារម្ភ​នោះ​ទេ ប៉ុន្តែ​វា​ជា​គម្រោង​សម្រាប់​ការ​សហការ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចាប់​ដៃ​ជាមួយ​លោក​ប្រធានាធិបតី​ចិន Xi Jinping នៅ​មុន​ជំនួប​ ​នៅ​រដ្ឋធានី​ប៉េកាំងកាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ២០១៤។

លោក សុខ ឥសាន អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​មហាគម្រោង​ BRI ​ថា«ជា​គោល​នយោបាយ​អភិវឌ្ឍ​ពិភពលោក​របស់​ចិន» ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ឯកភាព​ទាំង​ស្រុង។ លោក​បញ្ជាក់​ថា ​គម្រោង​មួយ​នេះ​ មាន​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា ដោយ​សារ​កម្ពុជា​បាន​ព្យាយាម​ក្នុង​ការ​ស្ថាបនា​ផ្លូវ​ថ្នល់ តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ដែល​ជា​អាទិភាព​របស់​រដ្ឋាភិបាល។ លោក​បញ្ជាក់​ថា កម្ពុជា​មិន​អាច​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ប្រទេស​ខ្លះ​ច្រណែន​នឹង​ចិន ពី​ព្រោះ​ឥឡូវ​ហ្នឹង​ ចិន​មាន​ម៉ូយ​ច្រើន ម៉ូយ​ច្រើន​ណាស់​ មិន​មែន​ត្រឹម​តែ​អាស៊ី​ទេ ឥឡូវ​ធ្លាក់​ដល់​អឺរ៉ុប ធ្លាក់​ដល់​អាហ្រ្វិក​ទៀត។ អញ្ចឹង​ទេ ខ្ញុំ​យល់​ថា​ ចិន​គាត់​ឆ្លាត។ គាត់​រក​ស៊ី គាត់​ឆ្លាត»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «រដ្ឋាភិបាល​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​កម្ចី​អន្តរជាតិ។ កម្ចី​អន្តរជាតិ​នៅ​តែ​២២​ភាគរយ​នៃ​ GDP ដែល​កម្ពុជា​មាន​លទ្ធភាព​ដល់​ទៅ​២០​ភាគរយ»។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា ជាង​ពីរ​ភាគ​បី​នៃ​បំណុល​ទ្វេភាគី​ដែលស្មើ​នឹង​៤,៣​ពាន់​លាន​ដុល្លារគឺ​ជា​បំណុល​ដែល​កម្ពុជា​ជំ​ពាក់​ចិន។

ក្នុងកិច្ច​ពិភាក្សា​ពីឥទ្ធិពល​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិកនិងចិន នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ ខែមេសា ភារធារី​នៃ​ស្ថាន​ទូត​អាមេរិក​នៅ​កម្ពុជា លោក ​Michael Newbill បាន​រិះគន់​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ចិន​ថា«ខ្វះ​តម្លាភាព ឬគណនេយ្យភាព ការ​កើន​ឡើង​នៃ​អំពើ​ពុករលួយ»។

លោក​បាន​ថ្លែង​ថា៖ «ការ​វិនិយោគ​របស់​ចិន​អាច​មាន​អត្ថប្រយោជន៍ ប៉ុន្តែ​កិច្ច​ព្រមព្រៀង​ទាំង​នេះ​ត្រូវ​ការ​ការ​ពិនិត្យ​ពិច័យ និង​ការ​ត្រួត​ពិនិត្យ​យ៉ាង​ម៉តចត់ ដើម្បី​ធានា​ថា​ អត្ថប្រយោជន៍​នឹង​ទៅ​ប្រទេស​នោះ មិន​មែន​អ្នក​ស្វែង​រក​ប្រយោជន៍​ទេ»។

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​ភ្ជាប់​ជាមួយ​រូប​ភាព​ដែល​បង្ហាញ​អំពី​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន និង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក។

នៅ​ក្នុង​ការ​បង្ហោះ​នោះ អាមេរិក​ក៏​បាន​សរសេរ​សារ​ថា៖ «ប្រទេស​ចិន​គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​ប្រទេស​កម្ពុជា​ តែ​ទំនាក់​ទំនង​នេះ​ចំណេញ​ខ្លាំង​ទៅ​ខាង​ប្រទេស​ចិន។ ប្រហែល​៨៧%នៃ​ទំនិញ​ដោះ​ដូរ​គ្នា ​គឺ​ជា​ទំនិញ​នាំ​ចូល​មក​ពី​ប្រទេស​ចិន ​ដែល​មិន​ជួយ​ដល់​ការ​ធ្វើ​ឲ្យ​មាន​ការងារ ឬ​ជួយ​ដល់​ឧស្សាហកម្ម​ដូច​ទំនាក់​ទំនង​របស់​ប្រទេស​កម្ពុជា​ជាមួយ​សហរដ្ឋអាមេរិក ​ឬ​សហភាព​អឺរ៉ុប​នោះ​ទេ»។

មួយ​ថ្ងៃ​ក្រោយ​មក ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​ភ្នំពេញ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា អាមេរិក​«កំពុង​តែ​បង្ក​បញ្ហា»។ ស្ថាន​ទូត​ចិន​បានសរសេរ​ថា៖ «មិត្ត​កម្ពុជា​ទាំង​អស់​ ចូរ ប្រុង​ប្រយ័ត្ន! សហរដ្ឋអាមេរិក​កំពុង​តែ​បង្ក​បញ្ហា​ម្តង​ទៀត​ជាមួយ​នឹង​អ្វី​ដែល​គេ​ហៅ​ថា បញ្ហា​ឱនភាព​ពាណិជ្ជកម្ម»។

ស្ថានទូត​ចិន​បាន​បញ្ជាក់​ថា៖ «ក្រៅ​ពី​នេះ ទំនាក់​ទំនង​រវាង​រដ្ឋ និង​រដ្ឋ គឺ​មិន​មែន​ត្រឹម​តែ​ដើម្បី​ពាណិជ្ជកម្ម​នោះ​ឡើយ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ គឺ​ប្រទេស​ចិន​បាន​កសាង​ផ្លូវ​ចំនួន​៣១​ខ្សែនិង​ស្ពាន​ចំនួន​៨ សម្រាប់​ប្រទេស​កម្ពុជា ដែល​មាន​ប្រវែង​សរុប​ជាង៣.០០០​គីឡូ​ម៉ែត្រ»។

លោក Paul Chambers អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ និង​ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ Naresuan នៅប្រទេស​ថៃ​ បាន​ថ្លែង​នៅ​ក្នុង​សារ​អេឡិចត្រូនិក​មក​កាន់ ​VOA ថា៖ «ការ​ប្រែ​ក្លាយ​ប្រទេស​កម្ពុជា​ឲ្យ​ទៅ​ជា​ប្រទេស​ដែល​ពឹង​ផ្អែក​លើ​ខ្លួន[ចិន] គ្រាន់​តែ​ឆ្លុះ​បញ្ចាំងនូវផ្នែក​មួយ​នៃ​គោលនយោបាយគម្រោង BRI ដែល​មាន​លក្ខណៈ​វាតទី​និយម​របស់​ចិន។ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ការពារ​ខ្លួន​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់របស់​ចិន ​មុន​ពេល​ដែល​វា​ហួស​ពេល គឺ​មុន​ពេល​កម្ពុជា​ផុង​ខ្លួន​រើ​មិន​រួច​ពី​សំណាញ់មហិច្ឆតា​អាណានិគម​បែប​ថ្មី​របស់​ចិន​នៅ​ទូទាំង​ពិភពលោក»៕