មន្ត្រីសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានណែនាំដល់អ្នកបើកបរទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ដោយក្រើនរំឭកអំពីគ្រោះថ្នាក់ចរាចរណ៍ដែលបានសម្លាប់មនុស្សប្រមាណ៥០នាក់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០១០កន្លងមកនេះ។ ក្រសួងមហាផ្ទៃបានណែនាំដល់គ្រប់អាជ្ញាធរទូទាំងប្រទេសឱ្យបង្កើនការការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈដើម្បីកុំឱ្យមានអំពើចោរលួច ចោរប្លន់ និងបទល្មើសផ្សេងៗទៀត។
នៅថ្ងៃអង្គារនេះ ក្រុមមន្ត្រីបានព្រមានដល់អ្នកបើកបរទាំងអស់អំពីគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរឆ្នាំ២០១១នេះ ដោយរំឭកអំពីគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សប្រមាណ៥០នាក់ និងរងរបួសចំនួន៥៣០នាក់ផ្សេងទៀតក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០១០។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានរំឭកថា ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០១០ គ្រាន់តែរយៈពេលប្រាំថ្ងៃប៉ុណ្ណោះ មនុស្ស៤៩នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និងមានអ្នករបួសចំនួន៥៣០នាក់ផ្សេងទៀត ដោយសារអ្នកបើកបរមានការធ្វេសប្រហែស មិនគោរពច្បាប់ចរាចរណ៍ ជាពិសេសអ្នកបើកម៉ូតូមិនពាក់មួកសុវត្ថិភាព បើកបរមិនប្រកាន់ខ្ជាប់តាមគន្លងផ្លូវ បើកក្នុងល្បឿនលឿន ហួសកំណត់ និងបើកបរក្រោមឥទ្ធិពលជាតិស្រវឹងជាដើម ហើយអ្នកថ្មើរជើងក៏មានការធ្វេសប្រហែស មិនបានដើរអែបចិញ្ចើមថ្នល់ ហើយអ្នកឆ្លងកាត់ថ្នល់មិនបានប្រុងប្រយ័ត្ន។
លោកអ៊ឹង ជនហួរ នាយកនៃអគ្គនាយកដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពផ្លូវគោក បានថ្លែងថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអំពាវនាវឲ្យសាធារណៈជនដែលបើកបរលើផ្លូវថ្នល់មានការប្រុងប្រយ័ត្ន ដើម្បីជៀសវាងនូវឧបទ្ទវហេតុក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ។
«ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីគ្រោះថ្នាក់ចរាចរណ៍នេះ។ យើងបានណែនាំគាត់ (អ្នកបើកបរទាំងអស់) ឱ្យប្រុងប្រយ័ត្នក្នុងការបើកបរ កុំបើកបរក្នុងពេលស្រវឹង កុំបើកបរលឿនពេក ហើយជាពិសេសឱ្យគាត់ពាក់មួកសុវត្ថិភាពការពារជីវិតមួយ។ យើងបានអំពាវនាវអស់ហើយ ប៉ុន្តែយើងមានសង្ឃឹមតិចណាស់ ដែលយើងអាចបន្ថយគ្រោះថ្នាក់ចរាចរណ៍នោះ។ ប៉ុន្តែទោះជាយ៉ាងណា យើងក៏បានខំប្រឹងដែរ។ ជាពិសេស យើងខ្វះថវិកានៅពេលបុណ្យចូលឆ្នាំ។ យើងចង់បង្កើតទស្សនីយភាព ដូចជាកំប្លែង ចែកខិត្តប័ណ្ណ។ ប៉ុន្តែយើងគ្មានប្រាក់»។
លោកអ៊ឹង ជនហួរបានបញ្ជាក់ថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានណែនាំឲ្យអ្នកបើកបររថយន្តទាំងអស់ ត្រូវមានប័ណ្ណបើកបរ យល់ដឹងអំពីច្បាប់ចរាចរណ៍ មានស្មារតីប្រុងប្រយ័ត្នជានិច្ច ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងអ្នកបើកបរម៉ូតូទាំងអស់ត្រូវពាក់មួកសុវត្ថិភាព ហើយអ្នកបើកបរទាំងអស់ត្រូវបន្ថយល្បឿន បើកបរតាមស្ថានភាពផ្លួវ និងមិនត្រូវបើកបរក្នុងពេលស្រវឹងទេ។
លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងមហាផ្ទៃបានហាមដាច់ខាតនូវការគប់ទឹក និងលាបម៉ៅ ដែលជាបច្ច័យអាក្រក់នាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍និងការឆក់ក្រវិល។
លោកឧត្តមសេនីយ៍ឯកខៀវ សុភ័ក្របានថ្លែងថា ក្រសួងមហាផ្ទៃបានណែនាំដល់អាជ្ញាធរខេត្ត រាជធានីទាំងអស់ឱ្យបង្កើនកិច្ចការពារថែរក្សាសន្តិសុខរបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីបង្កការសប្បាយរីករាយ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
«យើងមិនទុកឱ្យមានការយារយី ឬការរំខានណាមួយពីសំណាក់ក្រុមជនពាលណាមួយ កើតឡើងជាបងតូច បងធំ ឬក៏ក្មេងទំនើង ឬក៏ចោរលួច ចោរប្លន់ ដែលប៉ុស្តិ៍ប៉ូលិសនីមួយៗត្រូវមានវេនប្រចាំការដោយប្រយ័ត្នប្រយ៉ែងទាំងអស់គ្នា»។
លោកឧត្តមសេនីយ៍ត្រីទូច ណារ៉ុថ ស្នងការប៉ូលិសក្រុងភ្នំពេញ បានថ្លែងថា ប៉ូលិសយ៉ាងហោចណាស់១.៦៥០នាក់នឹងត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវ កន្លែងលេងកម្សាន្ត និងទីវត្តអារាមនានា សម្រាប់ការពារសុវត្ថិភាព និងសណ្តាប់ឆ្នាប់សាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភក្រ័ បានបញ្ជាក់ថា អាជ្ញាធរនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ក៏ត្រូវត្រៀមលក្ខណៈទុកជាមុន ដើម្បីប្រឈមនឹងសភាពការណ៍អាក្រក់ណាមួយ ដែលអាចនឹងកើតឡើងជាយថាហេតុ៕