ជន​ជាប់​ចោទ​ជរា​នឹង​ត្រូវ​ចូល​សវនាការ​អំពី​រឿង​សុខភាព

នួន ជា ជា​ប្រធាន​មនោគមវិជ្ជា​របស់​ខ្មែរ​ក្រហម​ដែល​គេ​ស្គាល់​ផង​ដែរ​ថា​ជា​«បងធំ​ ទី២» អង្គុយ​ក្នុង​​អំឡុង​សវនាការ​បឋម​ក្នុង​សំណុំ​រឿង​០០២ កាល​ពី​ថ្ងៃ​​ច័ន្ទ​ទី​២៧​ខែ​មិថុនា​ឆ្នាំ​២០១១។ លោក​បាន​ចាក​ចេញ​ពី​សវនាការ​នៅ​មុន​ម៉ោង​ដោយ​និយាយ​ថា​លោក «មិន​សប្បាយ​ចិត

អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ចាស់ជរា​ចំនួន​ពីរ​រូប​នឹង​ត្រូវ​បាន​នាំខ្លួន​ចូល​សវនាការ​ថ្មី​មួយ​ទៀតក្នុង​អង្គ​ជំនុំជម្រះ​សាលា​ដំបូងនៅចុង​ខែ​សីហា​នេះ​ដើម្បី​ជជែក​ដេញដោល​ពី​ស្ថានភាព​សុខភាពរបស់​ពួកគេ​ថា​តើពួកគេមាន​កាយ​សម្បទា​គ្រប់គ្រាន់​ដើម្បី​ចូលរួមដំណើរការ​កាត់ទោស​ពួកគេបានដែរឬ​យ៉ាងណា។ នេះបើ​យោង​តាមដីកា​ដែល​ត្រូវ​បាន​ចេញ​ដោយ​លោកចៅក្រម​ និល​ ណុន​ ប្រធាន​អង្គ​ជំនុំ​ជម្រះសាលាដំបូង​របស់​សាលាក្ដី​ខ្មែរក្រហមនៅ​ថ្ងៃ​សុក្រ​នេះ។

លោក ​នួន​ ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម ​អាយុ ​៨៥ ឆ្នាំ​ និង​លោក​ស្រីអៀង​ ធីរិទ្ធ​ អាយុ​៧៩ ​ឆ្នាំនិង​ជាអតីត​រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច​នឹង​ត្រូវ​ចូល​សវនាការ​រយៈពេល​បីថ្ងៃ​ចាប់ពី​ថ្ងៃទី ​២៩ ​ដល់​៣១​ ខែ​សីហា​នេះ ​ខណៈ​ដែល​ជនជាប់​ចោទ​ពីរនាក់​ទៀត​គឺអៀង ​សារី ​អ​តីត​រដ្ឋមន្ដ្រី​ការបរទេស ​និងខៀវ​ សំផន ​អតីត​ប្រមុខ​រដ្ឋខែ្មរ​ក្រហម​មិនបាន​ប្ដឹង​តវ៉ា​ឲ្យមាន​ការជំនុំជម្រះ​សម្រេច​សេចក្ដី​ពី​ភាពអាច​ចូលរួម​សវនាការ​បាន​ដោយ​បញ្ហាសុខភាព​នោះទេ។

នេះគឺជា​សវនាការ​លើក​ទី២​ក្នុង​សំណុំរឿង០០២​ មុននឹង​អង្គជំនុំជម្រះ​សាលាដំបូង​អាចបើក​សវនាការ​ពេញអង្គ​សេចក្ដី​នៅក្នុង​អំឡុង​ចុងឆ្នាំ​២០១១​ នេះ។

កាល​ពីចុង​ខែមិថុនា​សាលាដំបូង​បាន​បើក​សវនាការ​បឋម​មួយ​ដែល​ជា​សវនាការ​លើកដំបូងសម្រាប់​សំណុំរឿង​ដ៏មានសារ​សំខាន់នេះ។ សវនាការ​នោះ​ដែល​ត្រូវ​ចាត់​ទុកថា​ គឺ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​កាត់ទោស​លើ​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ចំនួន​បួននាក់​ដែល​នៅ​មាន​ជីវិត​ក្នុង​ភាពជរា​នេះ។

លោក​ នេត ​ភក្ដ្រា​ អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​បញ្ជាក់​ថា ​សវនាការ​លើកនេះ​នឹង​ជួយ​ឲ្យ​ចៅក្រមសាលា​ដំបូង​ធ្វើការ​កំណត់​កាលវិភាគ​ការកាត់​ទោសពេញអង្គឲ្យបាន​ត្រឹមត្រូវ​យោងតាម​ស្ថានភាពសុខភាព​របស់​ជនជាប់ចោទ។

«កាយ​សម្បទា​នេះ​សំខាន់​ពីព្រោះ​យើង​ឃើញ​ថា ​ការ​អង្គុយ​ឬ​ការ​ចូលរួម​ក្នុង​សវនាការ​រយៈពេល​យូរដូច្នេះ​អង្គជំនុំជម្រះ​សាលាដំបូង​គាត់​ត្រូវការ​ដឹង។ ពេល​ដែល​ទទួល​បាន​ការ​វាយ​តម្លៃ​រួចហើយ​គឺ​អង្គជំនុំជម្រះ​អាច​នឹង​ឈានដល់​ការ​កំណត់​លើ​កាលវិភាគ​រៀបចំ​សវនាការ​លើ​អង្គសេចក្ដី»។

នួន ​ជា ​អៀង ​សារី​ ខៀវ ​សំផន​ និង​អៀង​ ធីរិទ្ធ​ ត្រូវ​ចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ឧក្រិដ្ឋកម្ម​ ប្រឆាំង​មនុស្សជាតិ ​និង​បទ​ប្រល័យ​ពូជសាសន៍ទាក់ទង​ទៅនឹង​ការស្លាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​អស់ជិតពីរលាននាក់​ចន្លោះ​ពី​ឆ្នាំ ១៩៧៥ ​ដល់​ឆ្នាំ ១៩៧៩​ ដែល​ពួក​គេ​កាន់កាប់​អំណាច។

ក្រុមមេធាវីធ្លាប់​បានឲ្យ​ដឹងថា ​អៀង​ ធី​រិទ្ធ មានជំងឺជង្គង់ ជំងឺ​ភ្នែក និងមានជំងឺ​គេង​មិន​លក់។ អៀង សារី ​មានជំងឺបេះ​ដូង​ ​និងជំងឺឆ្អឹង​ខ្នង រីឯនួន ជា មានជំងឺលើ​ស​ឈាម និងបញ្ហាភ្នែកខ្លាំង។ រីឯ​ខៀវ​ សំផន ​ហាក់ដូចជា​មិន​មាន​របាយការណ៍​ពី​បញ្ហា​សុខភាព​គួរកត់​សម្គាល់​ឡើយ​ក្រៅពី​គាត់​ធ្លាប់​មានជម្ងឺ​លើស​ឈាម​មុននឹង​គាត់ត្រូវ​ចាប់ខ្លួន។

សាលាក្ដី​ខ្មែរក្រហម​បាន​ប្រគល់​ភារកិច្ច​ជូនលោក​សាស្ដ្រាចារ្យចន ​ខាំបែល្ល ​(John Campbell )វេជ្ជ​បណ្ឌិតជំនាញ​ខាងផ្នែក​ថែទាំ​ជំងឺមនុស្សចាស់មកពី​ប្រទេស​នូវ៉ែលហ្ស៊េឡង់​ ធ្វើការ​ពិនិត្យ និង​វាយតម្លៃលើកាយ​សម្បទា​ជនជាប់ចោទ​ទាំងបួន។

នៅក្នុង​ដីកា​កំណត់​ថ្ងៃ​សវនាការ​លើ​កាយសម្បទា​ជនជាប់ចោទ​នៅថ្ងៃនេះ ​លោក​ចៅក្រម​និល ​ណុន​ បាន​ឲ្យដឹង​ថា ​លោកខៀវ ​សំផន​ មិន​ទទួល​យក​ការត្រួតពិនិត្យ ​និង​វាយតម្លៃ​លើ​កាយ​សម្បទារបស់គាត់ទេ។ រីឯ​អតីត​បង​ធំ​ទី៣​ អៀង ​សារី ​ក៏​មិនបដិសេធ​នូវ​អ្វី​ដែល​វេជ្ជបណ្ឌិត​រូបនេះ​បានរកឃើញនោះ​ដែរ។

លោក​ សុន ​អារុណ សហ​មេធាវី​កម្ពុជា​របស់​នួន ​ជា ​មាន​ប្រសាសន៍ថា​ លោក​វេជ្ជបណ្ឌិត​ ​ចន ​ខាំបែល្ល បាន​សរសេរ​ក្នុង​របាយការណ៍​ថា ​កូនក្ដី​របស់​លោក​មាន​សុខភាព​មាំទាំ​អាចចូល​រួម​សវនាការបាន​ ក៏ប៉ុន្ដែ​លោក​ចាត់ទុកថា​ នោះគឺ​ជា​របាយការណ៍​ដែល​មិនឆ្លើយតប​នឹង​ស្ថានភាព​ពិត​នៃសុខភាព​កូន​ក្ដីរ​បស់លោក។​ លោក​មាន​ប្រសាសន៍​ថា៖

«គេថា​គាត់មាន​សុខភាពល្អ។ ចំណែក​យើងៗ​មើល​កូនក្ដី​រាល់ថ្ងៃ​យើង​ដឹង​ថាកូនក្ដីមាន​សុខភាពមិនល្អ។ យើង​ជំទាស់​ការពិនិត្យ​របស់​វេជ្ជបណ្ឌិត​នេះ»។

ដោយឡែក​សហ​មេធាវី​កម្ពុជា​លោក​ ផាត់​ ពៅសៀង​ ការពារក្ដី​ឲ្យ​លោក​ស្រីអៀង ​ធីរិទ្ធ ​មិន​ផ្ដល់សេចក្ដី​អត្ថា​ធិប្បាយ​ណាមួយ​នោះទេ ​ដោយ​លោកអះអាង​ថា ​លោក​កំពុង​ជាប់រវល់៕