ជនរងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​ស្នើ​សុំ​ការ​គាំទ្រ​ផ្នែក​សុខភាព ខណៈ​សវនាការ​បណ្តឹង​សាទុក្ខ​​រឿង​ក្តី​​លោក​ ខៀវ សំផន ខិត​មក​ដល់

រូប​ឯកសារ៖ លោក ប៊ូ ម៉េង អតីតអ្នកទោសនៃមន្ទីរ ស-២១ បានរៀបរាប់ប្រាប់វីអូអេអំពីការចងចាំរបស់លោកពីសម្លៀកបំពាក់អ្នកទោស នៅក្នុងអំឡុងពេលដែលលោកត្រូវបានជាប់ឃុំ និងធ្វើទារុណកម្មនៅមន្ទីរ ស-២១។ (ទែន សុខស្រីនិត/VOA)

ក្រុម​ជន​រង​គ្រោះ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឬ​សម័យ​ខ្មែរ​ក្រហម បាន​ស្នើ​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​បញ្ចប់​ដំណើរ​ការ​ជំនុំជម្រះ​របស់​ខ្លួន​នៅ​ត្រឹម​សំណុំ​រឿង​០០២ និង​ងាក​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន​ទៅ​លើ​ការ​គាំទ្រ​ផ្នែក​សុខភាព​របស់​ជន​រងគ្រោះ​ដែល​ជា​អ្នក​នៅ​រស់រាន​មាន​ជីវិត​ពី​របប​នោះ​វិញ។

សំណើ​នេះ​ ធ្វើ​ឡើង​ខណៈ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម គ្រោង​នឹង​បើក​សវនាការ​ចាប់​ពី​ថ្ងៃ​ទី​១៦​ដល់​១៩​ខែ​សីហា​នេះ​លើ​បណ្តឹង​សាទុក្ខ​ក្នុង​សំណុំ​រឿង​ក្តី​០០២/០២ ពាក់​ព័ន្ធ​នឹង​ជន​ជាប់​ចោទ ខៀវ សំផន ដែល​ត្រូវ​បាន​តុលាការ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរ​ក្រហម​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ និង​បទ​ឧក្រិដ្ឋ​មួយ​ចំនួន​ទៀត។

លោក ប៊ូ ម៉េង អតីត​អ្នក​ទោស​ម្នាក់​ក្នុងគុក​ទួល​ស្លែងនៃ​របប​ខ្មែរ​ក្រហម ដែល​បច្ចុប្បន្ន​មាន​អាយុ​៨១​ឆ្នាំ បាន​ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​នៅ​ថ្ងៃ​ទី​១១​ខែ​សីហា​ថា​លោក​ចង់​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហមគិត​គូរ​ផ្តល់​ការ​គាំទ្រ​សុខភាព​ដល់​រូប​លោក​ដូច​ដែល​សាលាក្តី​បាន​ធ្វើ​ចំពោះ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ដូច្នោះ​ដែរ។

លោក​ថ្លែង​ថា៖ «អារម្មណ៍​ខ្ញុំ​តូច​ចិត្ត​ខ្លាំង​ណាស់​ដូច​មេឃ​និង​ដី​អញ្ចឹង។ គេ​អត់​គិត​គូរ​យើង​ គេ​គិត​គូរ​តែ​មេ​ខ្មែរ​ក្រហម​នោះ។ ចំណែក​យើង​គេ​អត់​គិត គេ​ឲ្យ​នៅ​ទី​ណាត់​ទី​ណែង»។

លោក ខៀវ សំផន ប្រមុខរដ្ឋ​នៃរបប​កម្ពុជា​ប្រជាធិបតេយ្យ ឈរ​ស្តាប់​ការប្រកាស​សាលក្រម​ក្នុង​សំណុំ​រឿង០០២/០២ ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​នាព្រឹក​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក ខៀវ សំផន វ័យ​៩០​ឆ្នាំ​ អតីត​ប្រមុខ​រដ្ឋ​នៃរបប​ខ្មែរ​ក្រហម ដែល​កំពុង​ជាប់​ឃុំ​ បាន​ទទួលសេវា​ថែទាំ​សុខភាព​ជា​ប្រចាំ ជា​ផ្នែក​មួយ​ដែល​មន្ត្រី​សាលាក្តី​ខ្មែរ​ក្រហម​និយាយ​ថា​ គឺ​ការ​អនុលោម​តាម​បទដ្ឋាន​អន្តរ​ជាតិ​នៃ​សាលាក្តី​ ដើម្បី​ធានា​សុខភាព​ជន​ជាប់​ចោទ​ក្នុង​ដំណើរ​ការ​ជំនុំ​ជម្រះ​ក្តី។

ប៉ុន្តែ អ្នកស្រី ដួង ឈុន្នី ភរិយា​របស់​លោក​ ប៊ូ ម៉េង បាន​ថ្លែង​ទន្ទឹម​ពេល​ជាមួយ​គ្នា​ក្នុង​បទសម្ភាសន៍ជាមួយ​វីអូអេ​ដែរ​ថា​វា​អយុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​ដូច​ជា​ប្តី​ប្រពន្ធ​របស់​អ្នក​ស្រី ដែល​មិន​ទទួល​បាន​ការ​ថែ​ទាំ​សុខភាព។

អ្នកស្រី​បញ្ជាក់​ថា៖ «រឿង​ហ្នឹង​វា​អត់​មាន​យុត្តិធម៌​ទេ ព្រោះ​អី​មេ​ខ្មែរ​ក្រហម​ធ្វើ​បាប​ប្រជាជន​ប្រជារាស្ត្រ​ទូទាំង​ប្រទេស​ហើយ ដល់​ហើយ​មាន​មណ្ឌល​សុខភាព​ការពារ​គាត់​ទាំង​យប់​ទាំង​ថ្ងៃ។ ចំណែក​ពួក​ខ្ញុំជន​រងគ្រោះ​ អត់​នៅ​តែ​អត់​ដដែល​ហ្នឹង»។

អ្នក​ស្រី ឈុន្នី ទទូច​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​និង​សហគមន៍​អន្តរជាតិ​ ​សាងសង់​មន្ទីរ​ពេទ្យ​ឬ​មណ្ឌល​សុខភាព​សម្រាប់​ទទួល​ព្យាបាល​ជន​រងគ្រោះ​ដែល​នៅ​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម ដោយ​ឥត​គិត​ថ្លៃ។​

លោក ជុំ ម៉ី ​អតីត​អ្នក​ទោស​ក្នុង​គុក​ទួល​ស្លែង​ម្នាក់​ទៀត​ បាន​ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ថាសាលាក្តី​ខ្មែរ​ក្រហមដែល​ចំណាយ​ថវិកាជាង​៣០០​លាន​ដុល្លារ​តាំង​ពី​ការ​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​២០០៦​មក​នេះ​ល្មម​ដល់​ពេល​បញ្ចប់​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួនត្រឹម​សំណុំ​រឿង​ក្តី​០០២​ដែល​ពាក់​ព័ន្ធ​នឹង​អតីត​មេដឹកនាំ​ខ្មែរក្រហម​ ខៀវ សំផន នេះ ហើយ​ងាក​ទៅ​ផ្តោត​លើ​បញ្ហា​សុខភាព​ជន​រងគ្រោះនៃ​របប​ខ្មែរ​ក្រហម​ដែល​កាន់​តែ​មាន​វ័យ​ចាស់​ជរា​វិញ​ម្តង​ហើយ។

រូប​ឯកសារ៖ លោក ជុំ ម៉ី ជនរងគ្រោះ​នៅ​គុក​ទួលស្លែង អង្គុយ​នៅ​កន្លែង​លក់​សៀវភៅ​របស់​លោក​នៅ​សារមន្ទីរ​ទួលស្លែង នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)

លោក ជុំ ម៉ី ថ្លែង​ថា៖ «អា​០០៣​និង​០០៤​ បើ​យើង​កុំ​នេះ(បន្ត​កាត់​ក្តី) យើង​បញ្ចប់​ត្រឹម​អា​០០២ ហើយ​យើង​យក​លុយ​ពី​អា​០០៣​និង​០០៤​ហ្នឹង​មក​កសាង​មន្ទីរ​ពេទ្យ​ គឺ​ល្អ​មែន​ទែន ល្អ​ណាស់។ យើង​កាត់​ទៅ​មុខ​ធ្វើ​អី វា​អត់​ប្រយោជន៍​ទេ។ យ៉ាង​ម៉ិច​ក៏​វា​នៅ​តែ​ដដែល​ៗ ច្រំដែលៗ​ហ្នឹង»។

​សាលាក្តី​ខ្មែរ​ក្រហម​ដែល​មាន​ការ​ចូលរួម​ពី​ភាគី​កម្ពុជា​និង​អង្គការ​សហប្រជាជាតិ បាន​នាំ​ខ្លួនអតីត​មេដឹកនាំ​ជាន់​ខ្ពស់​និង​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៃ​របប​ខ្មែរ​ក្រហម​មក​ជំនុំ​ជម្រះ​ទោស​ចំពោះ​ការ​ទទួល​ខុសត្រូវ​លើ​ការ​ស្លាប់​បាត់​បង់​ជីវិត​មនុស្ស​ប្រមាណ​១​លាន​៧​សែន​នាក់​ក្នុង​របប​ខ្មែរ​ក្រហម​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​១៩៧៩។

មេដឹកនាំ​ខ្មែរ​ក្រហម​ទាំង​នេះ ភាគ​ច្រើន​បាន​ស្លាប់​ដោយ​សារ​ជំងឺ​ផ្សេងៗ​ក្នុង​ពេល​និង​ក្រោយ​ពេល​សំណុំ​រឿង​ក្តី​របស់​ពួកគេ​កំពុង​ដំណើរ​ការ​ឬ​បាន​បញ្ចប់។ ក្នុង​នោះ​រួម​មាន​អតីត​មេ​គុក​ទួល​ស្លែង​ កាំង ហ្គេចអ៊ាវ​ហៅ​ឌុច និង​អតីតប្រធាន​សភា​លោក នួន ជា​ ព្រម​ទាំង​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ​ក្រហម​លោក អៀង សារី​និង​ភរិយា​របស់​លោក​គឺ​អ្នក​ស្រី​ អៀង ធីរិទ្ធ​ អតីត​រដ្ឋមន្ត្រី​សង្គម​កិច្ច​ផង​ដែរ។

បច្ចុប្បន្ន​ក្រៅ​ពី​សំណុំ​រឿង​០០២​ពាក់​ព័ន្ធ​នឹង​លោក ខៀវ សំផន សាលាក្តី​ខ្មែរ​ក្រហម​ក៏​នៅ​មាន​សំណុំ​រឿង​សេសសល់​ពីរ​ទៀត​គឺ​០០៣​ពាក់ព័ន្ធ​នឹង​លោក មាស មុត អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ខ្មែរ​ក្រហម និង​០០៤ ពាក់ព័ន្ធ​នឹង​លោក យឹម ទិត្យ អតីត​លេខា​តំបន់​១៣​ក្នុង​សម័យ​ខ្មែរ​ក្រហម។​

ប៉ុន្តែ លោក​ ជុំ ម៉ី ថ្លែង​ថា សាលាក្តី​កូន​កាត់​នេះ គួរ​តែ​ផ្តោត​ត្រឹម​សំណុំ​រឿង​០០២​ហើយប្រើប្រាស់​ថវិកា​ដែល​ខ្លួន​នៅ​មាន​ទៅ​លើ​ការ​គាំទ្រ​សុខភាព​របស់​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​វិញ​ ជាជាង​ទៅលើ​សំណុំ​រឿង​សេសសល់ចុង​ក្រោយ​គេ​ទាំង​ពីរ​នោះ។

លោក​ថ្លែង​ថា៖ «អត់​សំខាន់​ទេ ពួក​នោះ​អត់​សំខាន់​ទេ។​ វា​បញ្ជា​ពី​អា​០០១​និង​០០២​ទៅ​ទេ។ វា​អត់​សំខាន់​ទេ​អា​០០៣​និង​០០៤​ហ្នឹង។ អាហ្នឹង​សុទ្ធ​តែ​អ្នក​រាយ​រង​ សុទ្ធ​តែ​កម្មាភិបាល​តូចតាច​ទេ​ មិន​ទទួល​អី​ធំដុំ​ទេ»។

រូប​ឯកសារ៖ សិស្ស​ម្នាក់​មើល​រូបថត​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ មុន​ចូលរួម​ស្តាប់​សវនាការ​នៅ​តុលាការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ឯ​ជាយ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១១។

អតីត​អ្នក​ទោស​គុក​ទួលស្លែង​ឬ​ស​២១​ដែល​សព្វ​ថ្ងៃ​មាន​អាយុ​៩០​ឆ្នាំ​រូប​នេះ បន្ថែម​ថា លោក​ចង់​ឃើញ​មាន​សំណង​ជា​មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខភាព​សម្រាប់​ព្យាបាល​ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម​ ក្នុង​ពេល​លោក​នៅ​មាន​ជីវិត​រស់​នៅ។

លោក​ថ្លែងថា៖ «ទោះ​បី​ជា​ខ្ញុំ​ស្លាប់​ទៅ ក៏​អា​សំណង​ហ្នឹង​នៅ​សម្រាប់ជន​រង​គ្រោះ​ជំនាន់​ក្រោយ​ដែរ»។

វីអូអេ មិន​ទាន់​អាច​ទាក់​ទង​ក្រុម​មេធាវី​ការពារ​ក្តី​ជន​ជាប់​ចោទ​និង​ភាគី​ក្នុង​សំណុំ​រឿង​ដែល​នៅ​សេសសល់​ទាំង​នេះ​បាន​នៅ​ឡើយ​ទេ​នៅ​ត្រឹម​ថ្ងៃ​ទី​១២​ខែ​សីហា ខណៈ​សំណុំ​រឿង​ទាំង​នេះ​ នៅ​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​ភាគី​ជាតិ​និង​អន្តរជាតិ​លើ​ចំណាត់ការ​នីតិវិធី​រួម​ទាំង​ការ​កំណត់​ថា​តើ​ជន​ត្រូវ​ចោទ​ក្នុង​សំណុំ​រឿង០០៣ និង​០០៤​នេះ ស្ថិត​ក្នុង​យុត្តាធិការ​របស់​សាលាក្តី​ឬ​មាន​ន័យ​ថា​តើ​ពួកគេជា​មេដឹកនាំជាន់ខ្ពស់​ឬ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ឬ​មិនមែន។

លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ថា​តើ​សំណុំ​រឿង​០០៣​និង​០០៤​នេះ​នឹង​ត្រូវ​សម្រេច​យកទៅ​ជំនុំជម្រះ​ឬ​ទម្លាក់​ចោល​បទ​ចោទ​ឬ​ក៏​ត្រូវ​ដាក់​ចូល​ក្នុង​បណ្ណសារ​ហើយ​ឥត​ចាត់​ការ​បន្ត​ទៀត​ឬ​យ៉ាងណា។

លោក​ថ្លែង​ថា៖ «ខ្ញុំ​មិន​ទាន់​អត្ថាធិប្បាយ​ទៅ​លើ​បញ្ហា​នេះ​ទេ។ វា​ជា​ការ​សម្រេច​របស់​តុលាការ​បាទ»។

ប៉ុន្តែ ទាក់​ទិន​នឹង​បញ្ហា​សំណង​សម្រាប់​ជន​រងគ្រោះ​ លោកមាន​ប្រសាសន៍​ថា​ការ​កៀរគរ​ថវិកា​ដើម្បី​អនុវត្ត​គម្រោង​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ជនរងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម ត្រូវ​ដាក់​ជូន​ទៅ​អង្គជំនុំជម្រះ​ ​ដើម្បី​ពិនិត្យ​និង​សម្រេច។

លោក​បន្ថែម​ថា៖ «អ្វី​ដែល​ខ្ញុំ​អាច​បញ្ជាក់​បាន​នៅ​ចំពោះ​មុខ​សាលាក្តី​ខ្មែរ​ក្រហម​នេះ សំណង​ដែល​តុលាការ​អាច​សម្រេច​ផ្តល់​ទៅ​ឲ្យ​បាន​គឺ​ទាល់​តែ​សំណង​នោះ អាច​អនុវត្ត​បាន​ហើយ​មាន​ថវិកា​គ្រប់​គ្រាន់​សម្រាប់​ការ​អនុវត្ត»។

រូប​ឯកសារ៖ លោក​ ឆាំង យុ​ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ (DC-Cam) ក្នុង​អំឡុង​ពេល​ផ្ដល់​បទ​សម្ភាសន៍​ដល់​ VOA ​នៅ​សណ្ឋាគារ Beacon ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃសុក្រ ទី១២ ខែ​ឧសភា ឆ្នាំ​២០១៧។ (ហុង ចិន្តា​/VOA)

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌក​ឯកសារ​កម្ពុជា​ ដែល​បានតាម​ដាន​សង្កេត​មើល​ដំណើរ​ការ​របស់​សាលាក្តី​នេះ ​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​តាម​សារ​អេឡិចត្រូនិក​ថា​កម្ពុជា អាច​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​មួយ​ដែលជន​រងគ្រោះនៅ​រស់រាន​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជសាសន៍​និង​អំពើ​ឧក្រិដ្ឋកម្ម​ទ្រង់ទ្រាយ​ធំ ទទួល​បាន​សំណង​ពាក់ព័ន្ធ​នឹង​ការ​ស្តារ​ឡើងវិញ​នូវ​ការ​ថែទាំ​សុខភាព​និង​សេវាកម្ម​សង្គម​ផ្សេងៗ។

លោក​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖ «ការ​ផ្ដល់​ជូន​ការ​គាំទ្រ​ដល់​សុខភាព​របស់​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម គួរតែ​ជា​សមាសភាគ​នៃ​ការខិតខំ​ប្រឹងប្រែង​ណាមួយ​ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​យុត្តិធម៌ ឬ​យុត្តិធម៌​អន្តរកាល​នៃ​សង្គម​ក្រោយ​ជម្លោះ»។​

យ៉ាងណាក៏​ដោយ ​ជនរងគ្រោះនៃ​របប​ខ្មែរ​ក្រហម​ នៅតែ​រំពឹង​ថា​ពួកគេ​នឹង​ទទួល​បាន​យុត្តិធម៌​បើ​សំណើ​ខាង​សុខភាព​របស់​ពួកគេ​ត្រូវ​បាន​បំពេញ។

​លោក ប៊ូ ម៉េង ដែល​នៅ​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ដោយសារ​តែ​ជំនាញ​គូរ​រូប​របស់​លោក មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សប្បាយ​ចិត្ត​ ប្រសិន​បើ​មាន​មន្ទីរ​ពេទ្យ​សម្រាប់​មើលសុខភាព​ជន​រង​គ្រោះ​ហ្នឹង ដូច​មេ​ខ្មែរ​ក្រហម​ អា​ហ្នឹង​ខ្ញុំ​សប្បាយ​ចិត្ត​ទៅ​វិញ​បាទ»។

ក្រុម​ជន​ដែល​នៅ​រស់​រាន​មាន​ជីវិត​ពីគុក​ទួលស្លែង ស ២១​ទាំង​ពីរ​រូបដែល​ជា​សាក្សី​សំខាន់​បំផុត​រួមទាំង​ជនរងគ្រោះ​ដទៃទៀត​ធ្លាប់​ចូលរួម​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ផ្តល់​សក្ខីកម្ម​ភ័ស្តុតាង​ក្នុង​ដំណើរការ​សាលាក្តី​តាំង​ពី​សំណុំ​រឿង​០០១ ប្រឆាំង​នឹង​កាំងហ្គេច ​អ៊ាវ​ហៅឌុច​ ប្រធាន​គុក​ទួល​ស្លែង​ដែល​ត្រូវ​ដាក់​ទោស​អស់​មួយ​ជីវិតចំពោះ​ការ​កាប់​សម្លាប់​អ្នកទោស​ជាង​១​ម៉ឺន​២​ពាន់​នាក់​និង​ សំណុំ​រឿង ​០០២ ​វគ្គ១​រួម​មាន​ ខៀវ សំផនផងដែរ។ អ្នក​រស់រាន​មាន​ជីវិត​ទាំងពីរ​និង​ក្រុម​របស់​លោក​ផ្សេងៗទៀត​ដែល​ជា​តំណាង​ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម​បាន​បន្ត​ទាមទារ​សំណង​ជាច្រើន​ទោះជា​មិន​បាន​ទទួល​សំណង​ផ្ទាល់ខ្លួន​និង​សំណង​អ្វី​ផ្សេង​ក៏​ទទួល​បានសំណង​សមូហភាព​មួយ​ចំនួន​រួមទាំងស្តូប​រំលឹក​ការ​ចងចាំ​និង​ទី​កន្លែង​គោរព​បូជា​ជន​រងគ្រោះ​នៅ​តាម​កន្លែង​ឧក្រិដ្ឋកម្ម​ដ៏ឃោរឃៅ​សំខាន់ៗ​ផងដែរ៕