ការ​អនុវត្ត​​វិធី​​បុរាណ​ អាច​ប៉ះ​ពាល់​ដល់​សុខ​ភាព​យ៉ាង​ធ្ងន់​ធ្ងរ

  • Joe Capua

ស្រ្តី​ភៀស​ខ្លួន​ជនជាតិ​ស៊ូដង់​ខាងត្បូង​ទូលធុង​ទឹកជ័រ​ដែលបាន​ទឹកមក​ពីជំរំអង្គការ​សហប្រជា​ជាតិដែល​ជាកន្លែង​ស្នាក់នៅ​របស់​ជនភៀស​ខ្លួនរាប់​ពាន់នាក់​នៅតំបន់​ Malakal ប្រទេស​ស៊ូដង់​ខាងត្បូង​។

រូបភាព​​​ស្ត្រីជន​ជាតិ​អាហ្វ្រិកទូ​លក្អម​ ឬ​ធុង​ទឹក​ធ្ងន់ៗ​ គឺជា​រូបភាព​ដ៏ល្បី​ល្បាញ។ ការ​សិក្សា​ថ្មី​មួយបាន​បង្ហាញ​ថា ​ស្ត្រី​និង​កុមារជិត​ ១៧ លាននាក់ ​អនុវត្ត​វិធី​នេះ​ក្នុង​ប្រទេស​អាហ្វ្រិក​ចំនួន​២៤ក្នុង​អនុ​តំបន់​សាហារ៉ា​។ ការ​សិក្សា​នេះ​ក៏​បាន​បង្ហាញ​ថា ការ​អនុវត្តវីធី​​វិធី​បុរាណ​បែបនេះ​ អាច​មាន​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ជា​ច្រើន​ ដូចជា​ធ្វើឲ្យ​សុខភាព​ទ្រុឌទ្រោម។

ធុង​ទឹក​មួយ​ មាន​ទម្ងន់​ប្រហែល​ ១៨ គីឡូ​ក្រាម។ ស្ត្រីនិង​ក្មេងៗ​ដែល​ភាគច្រើន​ក្មេងស្រី​ទូល​ធុង​ទាំង​នោះ​ជាមធ្យម​លើស​ពី៣០​នាទី​ពេល​ធ្វើ​ដំណើរ​ម្តង​ៗ។

លោក Jay Graham គឺជា​សាស្រ្តាចារ្យជំនួយផ្នែក​បរិស្ថាន​និង​សុខភាព​ការងារ។ លោក និង​សហការី​របស់​លោក ​បានសិក្សា​ពីការ​ទៅដង​ទឹកតាម​បែប​ប្រពៃណី ​ដែលជា​ផ្នែក​មួយ​នៃ​ការ​ស្រាវជ្រាវ​សុខភាព​សាធារណៈ​របស់​ពួកគេ។

ការស្រាវ​ជ្រាវនេះ​ ផ្តោត​ទីតាំង​ក៏ដូច​ជាប្រភព​ទឹកដែល​ប្រជាជន​ដង​យក​មក។ ​ហេតុ​ផលច្បាស់​លាស់ដែល​ពួកយើង​ធ្វើការស្រាវ​ជ្រាវពីការ​ដងទឹក​ គឺថា​ប្រសិន​បើប្រជាជន​ទៅដង​ទឹកពី​ទន្លេ ត្រពាំង​ ឬបឹង​ យើងនឹង​អាចដឹង​ប្រភពទឹក​ទាំងនោះ​មិនស្អាត។ ដូច្នេះ​យើង​ត្រូវយក​ចិត្តទុក​ដាក់បន្ថែម​ទៀត​ព្យាយាម​កែប្រែ​ទម្លាប់​ប្រជាជន​ពី​ការ​ទៅដង​ទឹក​ពីប្រភព​ទឹក​មិនស្អាត មកដង​ទឹកដែល​មានប្រភព​ទឹកស្អាត​ល្អវិញ។

លោក Graham ក៏បម្រើ​ការងារ​ឲ្យវិទ្យាស្ថាន Milken ​សុខភាព​សាធារណៈនៃ​សាកល​វិទ្យាល័យ George Washingtonដែរ។ លោក​បាន​និយាយ​ថាការ​ទទួលបាន​ប្រភព​ទឹកស្អាត ឬ​ប្រភព​ទឹក​មាន​សុវត្ថិ​ភាព ក៏មាន​ចែងក្នុង​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាពរបស់​អង្គការ​សហ​ប្រជាជា​តិផង​ដែរ។

ការ​ស្រាវ​ជ្រាវលើ​បញ្ហានេះ​គ្រាន់​តែ​ជាផ្នែកមួយ​នៃ​ទឹក ប៉ុន្តែ​ចំណុច​មួយ​ដែល​យើងមិន​បាន​គិត​ដល់​នោះ​គឺ​ពេល​វេលា​ដែល​មនុស្ស​ចំណាយ​ដើម្បី​ដឹកជញ្ជូន​ទឹក។ ដូច្នេះ​ យើង​បាន​សម្រេច​ចិត្ត​ផ្តោត​ការស្រាវជ្រាវ​លើ​បញ្ហា​នេះ​ទៀត ដោយ​យើង​ដឹង​ថាមាន​ទិន្នន័យ​មួយ​ចំនួន​ដែលអាច​រក​បាន​សម្រាប់​ការស្រាវ​ជ្រាវលើ​បញ្ហា​នេះ។

លោក​បានបន្ត​ថា ​ប្រភព​ទឹកក្នុង​ប្រទេស​នៃ​អនុតំបន់​សាហារ៉ា​ និង​រយៈពេល​ដែល​ប្រជាជន​ត្រូវ​ទូល​ជញ្ជូន​ទឹក គឺ​ជា​កត្តា​សំខាន់​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព។

យើង​ទាំងអស់​គ្នាដឹង​ហើយថា​ ការផឹក​ទឹកមិន​ស្អាត​ផ្តល់ផល​ប៉ះពាល់ផ្ទាល់​ដល់សុខ​ភាព។​ អ្នក​ដឹង​ទេ វា​បណ្តាល​ឲ្យមាន​ ដូចជា​ការផ្ទុះ​នៃជំងឺ​អាសន្ន​រោគ។ ប៉ុន្តែ ការ​ស្រាវជ្រាវ​នេះ ​យើង​គ្រាន់តែ​ផ្តើម​ចង់​យល់ពី​ផលប៉ះពាល់​នៃការ​ទូល​ជញ្ជូនទឹក​ក្នុង​ចម្ងាយ​ផ្លូវ​ដ៏​វែង​នេះ។

ការ​សិក្សា​ស្រាវជ្រា​នេះ ​ផ្តោត​លើ​ប្រទេស​ចំនួន​២៤ ​ដោយសារ​ប្រទេស​ទាំងនោះ​មាន​ទិន្នន័យល្អ​បំផុត​ និង​រួមផ្សំ​អត្រា​នៃការ​ស្លាប់​របស់​កុមារ​អាយុ​ក្រោម​ ៥ឆ្នាំ។ ក្នុងទ្វីប​នេះ អត្រា​នៃការ​ស្លាប់របស់​កុមារ​មាន​កម្រិត​ខ្ពស់។

ប្រទេស​អេត្យូពី ​និងប្រទេស​នីហ្សេរីយ៉ា​ ជា​ប្រទេស​ពីរ​ដែល​មាន​ស្ត្រី​ និងកុមារ​ចូលរួម​នៅក្នុង​ការងារ​នេះ​ច្រើន​ជាង​គេ គឺ​ប្រមាណ ​៤,៧​ លាននាក់។

លោក Graham​ បាន​និយាយថា​ ធុង​ទឹក​ដែល​មាន​ទម្ងន់​ ១៨ គីឡូ​ក្រាម​អាច​ធ្វើ​ឲ្យ​រាង្គកាយ​មនុស្ស​ចុះ​ខ្សោយ​បាន​។​

ជាធម្មតា ​ប្រជាជន​នៅទីនេះ​អាចទូល​ជញ្ជូន​ធ្ងន់​ជាង​នេះទៀត។ ពួកគេ​អាច ទូល​ជញ្ជូន​ច្រើន​លើក​ច្រើន​សារ​។ ដូច្នេះ ​បញ្ហា​រាងកាយ​មនុស្ស​ចុះខ្សោយ​ នឹងកើត​មានក្នុង​តំបន់​ដែល​ខ្វះ​ខាតអាហារ​រូបត្ថម្ភ។ ប្រជាជន ​មិន​បាន​ទទួល​ថាមពល​គ្រប់​គ្រាន់​តាម​ដែល​រាង្គកាយ​ពួក​គេ​ត្រូវ​ការ​នោះ​ទេ។ បន្ថែម​ពី​នេះ ​ពួក​គេ​ទទួល​បន្ទុក​បន្ថែមទៀត​ដោយ​ការដឹកជញ្ជូន​ទឹកក្នុង​ចម្ងាយ​ផ្លូវ​ដ៏​ឆ្ងាយ​។ ពួកគេ​មាន​បញ្ហា​ ដូចជា​ការ​ធ្វើឲ្យ​ខូច​សាច់ដុំ ​និងគ្រោងឆ្អឹង​ ឈឺឆ្អឹង​ខ្នង​ របួស​ក្បាល​និង​កជា​ដើម។

បន្ថែម​ពី​នេះ​ ការសិក្សា​ស្រាវ​ជ្រាវ​ក៏បាន​បង្ហាញ​ថា កុមារ​ខក​ខាន​មិន​បាន​ទៅ​រៀន​ ព្រោះ​ពួកគេ​ត្រូវ​ទៅ​ជញ្ជូន​ទឹក​។ ការ​សិក្សា​ស្រាវជ្រាវ​នេះដដែល ​បាន​បង្ហាញ​កុមារ​ដែល​ជញ្ជូន​ទឹក ៦២​ ភាគ​រយ​ ជា​ក្មេង​ស្រី ចំណែក​ឯ​ក្មេង​ប្រុស​ត្រឹម​តែ​៣៨​ភាគ​រយ​ប៉ុណ្ណោះ។

ការសិក្សា​ស្រាវ​ជ្រាវ​នេះ ក៏បាន​រកឃើញ​បញ្ហា​ទាក់​ទង​និង​វិសមភាព​រវាង​បុរស​និង​ស្ត្រី​។ សូម្បី​តែ​នៅ​សហរដ្ឋ​អាមេរិក ក៏​មាន​បញ្ហា​នេះ​ផង​ដែរ។ ហើយ​ការងារ​មួយ​ចំនួន ជា​ពិសេស​ប្រសិន​បើ​វា​ជា​ការងារ​មិន​ទទួល​បាន​កម្រៃ ​ការ​ងារ​ទាំង​នោះ​នឹង​ធ្លាក់​ទៅ​លើ​ស្រ្តី​។

លោក​សាស្ត្រាចារ្យ​ជំនួយ​នៃ​សាកល​វិទ្យាល័យ​ George Washington បាន​លើក​ឧទាហរណ៍​សម្រាប់​ដំណោះស្រាយ​បណ្តោះអាសន្នដល់ស្រ្តីទូល​ធុងទឹកធ្ងន់​ ក្នុង​ចម្ងាយ​ផ្លូវ​ដ៏​ឆ្ងាយ​។

ឧប​មាថា​ ពួ​ក​យើង​ ជីក​អណ្តូង​ទឹកស្អាតមួយ​នៅទីតាំង​ដែលមាន​ចម្ងាយ​សមរម្យ​សម្រាប់​សហគមន៍​នោះដង​ទឹកមក​ប្រើប្រាស់។ ដូច្នេះ ការធ្វើ​បែបនេះ​បង្ហាញ​ថា យើងបាន​គិតគូរ​ពីប្រភព​ទឹកស្អាត និង​ចម្ងាយ និងចំនួន​អណ្តូង​ទឹក​ដែល​ត្រូវមាន​ ដើម្បី​កុំឲ្យ​ប្រជាជន​តម្រង់​ជួររង់​ចាំដង​ទឹក​យូរ​ទេ។ ​

ទោះ​យើង​ដង​ទឹកពី​ប្រភព​ទឹក​ស្អាត​ក៏​ដោយ ការ​ចំណាយ​ពេល​ក្នុង​ការ​ដឹក​ជញ្ជូន​ទឹក​កាន់​តែយូរ ហានិភ័យ​នៃជំងឺ​រាគ​រូស​ និង​ជំងឺ​ឆ្លង​ផ្សេងៗ​កាន់តែ​ខ្ពស់។​

ដោយសារ​តែធុងទឹកធ្ងន់​ពេក ស្រ្តី​មិន​អាច​ទូល​ជញ្ជូន​ទឹក​គ្រប់​គ្រាន់​សម្រាប់​ការ​ចម្អិនអាហារ​ និង​អនាម័យ​នោះ​ទេ។ ដូច្នេះ មិនមាន​ទឹកគ្រប់​គ្រាន់​សម្រាប់​លាង​ដៃ។ ជាក់ស្តែង​ វា​អាច​បណ្តាល​ឲ្យ​ផល​ប៉ះ​ពាល់​ខ្ពស់​ ដូច​ជា​ការ​ឆ្លង​បាក់តេរីចូល​ភ្នែក​។

​សម្រាប់​ដំណោះ​ស្រាយ​រយៈ​ពេល​វែង លោក​ផ្តល់​យោបល់​ថា៖ «ខ្ញុំ​គិត​ថា ពួក​យើង​ត្រូវ​តែ​បដិសេធ​នឹង​ជំនឿ​ដែល​ថា​ស្រ្តី​មិន​ស្មើ​នឹង​បុរស។ អ្នក​ដឹង​ទេ ពួក​យើង​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរធំ​មួយ​នៅ​ក្នុង​ជំនឿ​របស់​មនុស្ស​ ឬ​ការ​ឲ្យ​តម្លៃ​លើ​អ្វី​មួយ​នៅ​ក្នុង​បញ្ហា​សុខ​ភាព​សាធារណៈ។ ខ្ញុំ​ចង់​និយាយ​ថា ពួក​យើង​បាន​ឃើញការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយនៃ​ផ្នត់​គំនិតមនុស្ស​លើ​ការ​ជក់​បារី។ ​ខ្ញុំ​គិត​ថា យើង​អាច​ធ្វើ​បាន​ដូច​គ្នា​ចំពោះ​សម​ភាព​រវាង​បុរស​និង​ស្រ្តី ដូច​ដែល​យើង​ផ្តើម​និយាយ​ថា ​ជំនឿ​បែបនេះ​ដែល​មិនអាច​ទទួល​យកបាន​ទេ។​ ធ្វើបែប​នេះ ​ខ្ញុំ​គិត​ថា ពួក​យើង​អាច​សម្រេច​បានគោល​ដៅនេះ។​

លោក​ Graham បាន​និយាយ​ ការ​ធ្វើឲ្យការ​ដង​ជញ្ជូន​ទឹក​កាន់តែ​មានភាព​ងាយស្រួល​ និង​ទឹក​កាន់តែ​មាន​សុវត្ថិភាព​ក្នុងប្រទេស​កំ​ពុង​អភិវឌ្ឍ នឹង​ផ្តល់ផល​វិជ្ជមានដល់​សុខភាព​ អាហា​រូបត្ថម្ភ​ និង​ការ​អប់រំ​ជាច្រើន​។​ ការ​សិក្សា​ស្រាវជ្រាវរបស់​លោក​មាន​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​ស្រាវជ្រាវ​ PLOS ONE ៕

ប្រែ​សម្រួល​ដោយ៖ ឆាយ​ គីម​ហ៊ង