ជនជាតិ​ភាគ​តិច​នៅ​រតនគីរី​ជួប​ការ​លំបាក​ក្រោយ​ពី​បាត់​ដីចម្ការ

អ្នកស្រី ល្មាម ផ្ចាញ អាយុ៤៥ឆ្នាំ ជនជាតិដើម​ភាគតិច​កាចក រស់នៅ​ក្នុង​ភូមិកាក់ ឃុំតាឡាវ ស្រុក​អណ្តូងមាស ខេត្តរតនគិរី ដែល​រងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម។ (ស៊ុន ណារិន/VOA)

ជា​ច្រើន​ឆ្នាំ​មក​ហើយ ជនជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ស្រុក​អណ្ដូងមាស និង​ស្រុក​អូរជុំ ក្នុង​ខេត្ត​រតនគិរី​ បាន​បាត់​បង់​ដី​ធ្លី​របស់​ពួកគេ។ ការ​បាត់​បង់​ដីធ្លី​នេះ ​បាន​ធ្វើ​ឲ្យ​ពួកគេ​ជួប​ការ​លំបាក​​ក្នុង​ការ​រក​ចំណូល​សម្រាប់​ចិញ្ចឹម​គ្រួសារ។

ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី — ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​ដល់​ក្រុម​ហ៊ុនវៀតណាម ហ័ងអាញ់ យ៉ាឡាយ (Hoang Anh Gia Lai (HAGL) ទំនង​ជា​កំពុងជះឥទ្ធិពល​អាក្រក់​ដល់​ជនជាតិ​ដើម​ភាគ​តិចក្នុង​ស្រុក​ចំនួន​ពីរ​នៃ​ខេត្ត​រតនគីរី។

នៅឆ្នាំ២០១០ រដ្ឋាភិបាលបាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៥ម៉ឺនហិកតា​ដល់​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​ ហ័ងអាញ់ យ៉ាឡាយ ដើម្បី​ធ្វើ​ការ​វិនិយោគ​លើ​ការ​ដាំ​ដំណាំ​កៅស៊ូ​រយៈ​ពេល​៩៩​ឆ្នាំ។ ប៉ុន្តែ ​ការ​ផ្ដល់​ដីសម្បទាន​នេះ​បាន​ធ្វើ​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ បាត់​បង់​ចំណូល​និង​បាត់​បង់​ដី​ស្រែ​ចម្ការ​សម្រាប់បង្កបង្កើន​ផល​កសិកម្ម​និង​បាត់​បង់​ព្រៃ​អារក្ស​ ដែល​ជា​ព្រៃ​សក្ការៈ​ពី​ដូនតា​របស់​ពួកគេ។​

អ្នកស្រី ល្មាម ផ្ចាញ រស់​នៅ​ក្នុង​ភូមិ​កាក់ ឃុំ​តាឡាវ ស្រុក​អណ្ដូង​មាស គឺជា​សាក្សី​ម្នាក់ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់​នេះ។

«អា​ទឹក​អូរ​ក៏​ឈូស​លុប​អស់។ កន្លែង​រក​ត្រី ​ក៏​អត់​មាន កន្លែង​យើង​រក​បន្លែ ក៏​អត់​មាន។ តាំង​ពី​ក្រុម​ហ៊ុន​ចូល ពិបាក​មែន​ទែន។ អត់​ដូច​មុន​ទេ ដី​យើង​នៅ​សំបូរ»។

អ្នកស្រី​ ផ្ចាញ អាយុ​៤៥​ឆ្នាំ គឺ​ជា​ជន​ជាតិ​ដើម​ភាគ​តិច​កាចក។​ អ្នក​ស្រី​បានបាត់​បង់​ដី​ប្រមាណ​៦​ហិកតា។​ ការ​បាត់​បង់​នេះ​ធ្វើ​ឲ្យ​អ្នក​ស្រី​បាត់​បង់​លទ្ធភាព​ដាំ​បន្លែ​បង្ការ​ចិញ្ចឹម​សត្វ​និងធ្វើ​ចម្ការ​ស្រែ។

អ្នកស្រី ល្មាម ផ្ចាញ ជនជាតិដើម​ភាគតិច​កាចក ឈរ​នៅក្នុង​ផ្ទះ​របស់​អ្នកស្រី ដែល​មាន​គ្នា​រស់នៅ​១០នាក់។ (ស៊ុន ណារិន/VOA)

នៅ​ក្នុង​ផ្ទះ​របស់​អ្នកស្រី​ ដែល​ជញ្ជាំង​ធ្វើ​ពី​ឫស្សី ដោយសារ​អ្នកស្រី​ពុំ​មាន​លទ្ធភាព​រក​ឈើ​ធ្វើ​ផ្ទះ ដូច​ពេល​សំបូរ​ព្រៃ អ្នកស្រី​ ផ្ចាញ បាន​ឲ្យ​ដឹង​ថា តាំង​ពី​ដូន​តា​មក អ្នកស្រី​តែង​តែ​ធ្វើ​ចម្ការ​វិល​ជុំ​នៅ​លើ​ដី​ដែល​មាន​នៅ​ក្នុង​សហគមន៍។

ប៉ុន្តែ​បច្ចុប្បន្ន​នេះ អ្នកស្រី​និង​អ្នក​ភូមិ​ផ្សេង​ទៀត មិន​អាច​ធ្វើការ​ដាំដុះ​ដូច​ទម្លាប់​បាន​ទេ ដោយសារ​ដី​របស់​ពួកគេ​ដែល​ធ្លាប់​ធ្វើ​ការ​ដាំដុះ​នោះ​ត្រូវ​ក្រុម​ហ៊ុន​វៀតណាម​អះអាង​គឺជា​កម្ម​សិទ្ធិ​របស់​ក្រុម​ហ៊ុន។

«អ្នក​ភូមិ​ខ្ញុំ​ទៅ​ធ្វើ​ចម្ការ​វិល​ជុំ យើង​ដាំ​ដំណាំ ដាំស្រូវ ក្រុមហ៊ុន​អត់​ឲ្យ​ទេ។ គេ​ថា​អត់​ឲ្យ​ទេ​ នេះ​ដី​ខ្ញុំ។ ដី​ក្រុម​ហ៊ុន អត់​ត្រូវ​ដី​សហគមន៍​ទេ»។

ដូចគ្នា​នេះ​ដែរ​លោក កាស៊ុល មិត ក៏​បាន​បាត់​បង់​ដី​ចំនួន​១​ហិកតា​ក្នុង​ចំណែក​ដី​ដែល​រដ្ឋាភិបាល​កាត់​ប្រគល់​ឲ្យ​ក្រុម​ហ៊ុន​សម្បទាន​វៀតណាម​ហ័ងអាញ់ យ៉ាឡាយ។

ជន​ជាតិ​ដើម​ភាគតិច​កាចក វ័យ​៧៣ឆ្នាំ រូប​នេះ​មាន​ប្រសាសន៍​ថា ក្រោយ​ពី​បាត់​បង់​ដីធ្លី​ លោក​មិន​អាច​ទៅ​ធ្វើ​កិច្ច​ការ​ផ្សេង​ទៀត​ដើម្បី​រក​ចំណូល​ចិញ្ចឹម​គ្រួសារ​នោះ​ទេ។

Your browser doesn’t support HTML5

ជនជាតិ​ភាគ​តិច​នៅ​រតនគីរី​ជួប​ការ​លំបាក​ក្រោយ​ពី​បាត់បង់​ដីចម្ការ

​លោក​ទទូច​ថា​ លោក​ត្រូវ​ការ​ដី​ស្រែ​ត្រឡប់​មកវិញ​ដើម្បី​បន្ត​មុខ​របរ​កសិកម្ម​ដែល​ជា​ទេពកោសល្យ​ប្រចាំ​ជីវិត​តែមួយគត់​ដែល​លោក​មាន។​

«ខ្ញុំ​ត្រូវ​ការ​ធ្វើ​ចម្ការ ធ្វើ​ស្រែ ទុក​ឲ្យ​កូន​ចៅ ប៉ុន្តែ​ខ្ញុំ​នេះ​ជិត​រណ្ដៅ​ហើយ។ ជិត​គេ​ទម្លាក់​រណ្ដៅ​ហើយ ទុក​ឲ្យ​កូន​ចៅ​ទៀត។ យើង​រស់ រស់​ដោយសារ​ដី»។

បើ​តាម​របាយ​ការណ៍​របស់​អង្គការ​សមធម៌​កម្ពុជា ជន​ជាតិ​ដើម​ភាគ​តិច​១២​សហគមន៍ ក្នុង​ស្រុក​អណ្ដូងមាស និង​ស្រុកអូរ​ជុំ សរុប​ប្រមាណ​១៣៧០​ខ្នង​ បាន​រង​គ្រោះ​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុម​ហ៊ុន​វៀតណាម​ហ័ងអាញ់ យ៉ាឡាយ។ ដី​ស្រែចម្ការ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​១ម៉ឺន​៩ពាន់​ហិកតា​ បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន​វៀតណាម​នេះ។​

អង្គការ​ដដែល​គូស​បញ្ជាក់​ថា ការ​បាត់​បង់​ដីធ្លី​នេះ បាន​ធ្វើ​ឲ្យ​ការ​រក​អាហារ​និង​ផលិត​ផល​ព្រៃឈើ​នៃ​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នេះ​ ធ្លាក់​ចុះ​យ៉ាង​ច្រើន ដូច​ជា​បាត់​បង់​ឈើ​ដើម្បី​ពួកគេ​អាច​រក​ជ័រ​ចុង ការ​រក​ត្រី ឃ្មុំ អុស ថ្នាំ​បុរាណ សត្វព្រៃ ផ្លែឈើ​ព្រៃ បន្លែ​ព្រៃ វល្លិ និង​ផ្ដៅ​ជា​ដើម។

អង្គការ​សមធម៌​កម្ពុជា​បង្ហាញ​ទៀត​ថា​មុន​ពេល​ដែល​ក្រុមហ៊ុន​សម្បទាន​ធ្វើ​ការ​វិនិយោគ ប្រជាជន​ជាង​៨០​ភាគរយបាន​ប្រមូល​ឈើ​សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ ឬ​ក៏​ការ​បង្កើត​ចំណូល។

ប៉ុន្តែ​ក្រោយ​មក​ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ទៅ​ដល់​៣០​ភាគរយ​ដោយសារ​ក្រុមហ៊ុន​បាន​កាប់​ព្រៃឈើ និង​បាន​បិទ​ផ្លូវ​មិន​ឲ្យ​ប្រជាជន​ចូល​ទៅ​ក្នុង​ព្រៃ។

លោក អៀង វុទ្ធី ប្រធាន​អង្គការ​នេះ បាន​ថ្លែង​ថា ប្រជាជន​នៅ​តែ​បន្ត​ទាមទារ​សំណង​ជា​ដី​សម្រាប់​ពួកគេ​ម្នាក់ៗ និង​ការ​ខូច​ខាត​កាល​ពី​កន្លង​ទៅ បើ​ទោះ​មាន​ការ​សម្រេច​ផ្ដល់​ដី​សម្រាប់​សហគមន៍​របស់​ពួកគេ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ក៏​បាន​ត្អូញត្អែរ​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​រស់​នៅ​របស់​ពួកគេ​ផង​ដែរ។

«យើង​សិក្សា គឺ​គាត់​លើក​អញ្ចឹង​ថា​ពី​មុន​គាត់​អត់​ពិបាក​ទេ រឿង​ម្ហូប សាច់ បន្លែ​អី តែ​ឥឡូវ គាត់​ត្រូវ​ទិញ​ពី​ផ្សារ។ ហើយ​គាត់​ត្រូវ​ចំណាយ​លុយ​ច្រើន ហើយ​គាត់​មាន​ការ​ត្អូញត្អែរ​ថា​បន្លែ​ហ្នឹង វា​អត់​ដូច​របស់​គាត់»។

ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​វៀតណាម ហ័ងអាញ់ យ៉ាឡាយ (Hoang Anh Gia Lai) ដែល​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ក្នុង​ស្រុក​អណ្តូងមាស និង​អូរជុំ រង​ផល​ប៉ះពាល់ ។ (ស៊ុន ណារិន/VOA)

ទាក់​ទង​នឹង​ជម្លោះ​ដី​ធ្លី​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នេះ កាល​ពី​ខែ​មីនា ក្រុមហ៊ុន​វៀតណាមបាន​ឯកភាព​កាត់​ដី​ជាង​៦០​កន្លែង ដើម្បី​ទុក​ឲ្យ​ប្រជាពលរដ្ឋ។ ក្នុង​នោះ​មាន​ដី​ព្រៃ​អារក្ស​ តំបន់​ទឹកអូរ​ធម្មជាតិ ​ព្រៃ​ចម្ការ​វិល​ជុំ តំបន់​ភ្នំ និង​ដី​ព្រៃ​កប់​សព​ជាដើម។ប៉ុន្តែ​ការ​ឯកភាព​នេះ​ត្រូវ​រង់​ចាំ​ការ​សម្រេច​ពី​ក្រសួង​កសិកម្ម​ រហូត​មក​ដល់​ពេល​នេះ។ នេះ​បើ​យោង​តាម​មន្ត្រី​សាលា​ខេត្ត​រតនគិរី។

មន្ត្រី​សាលា​ខេត្ត​រតន​គិរី លោក នាង សំអាត ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​ការ​ដោះ​ស្រាយ​ជម្លោះ​នេះ បាន​ថ្លែង​ថា អាជ្ញាធរ​ខេត្តបាន​ដាក់​លិខិត​ទៅ​ក្រសួងកសិកម្ម​ក្នុង​ការ​សម្រេច​កាត់​ដី​មួយ​ចំនួន​ទៅ​ឲ្យ​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ដែល​មាន​ជម្លោះ​នោះ។ ប៉ុន្តែ​លោក​ថា ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖«យើង​កំពុង​តែ​រង់​ចាំ​លទ្ធផល​ពី​ក្រសួង​ហ្នឹង​ថា​តើ​គាត់​ពិចារណា​កាត់​តាម​សំណូម​ពរ​ដាក់​សំណើ​របស់​ខេត្ត​ហ្នឹង​ឲ្យ​ប្រជាពលរដ្ឋ ឬ​មួយ​គាត់​ចង់​មក​សិក្សា​បន្ថែម​ទៀត មុន​នឹង​ការ​សម្រេច»។

មន្ត្រី​សាលាខេត្ត​រូប​នោះ បាន​បញ្ជាក់​ថា ជនជាតិ​ដើម​ភាគ​តិច​ខ្លះ​ចង់​គ្រប់គ្រង​ដី ដោយ​មិន​យល់​ពី​ផ្លូវ​ច្បាប់។

VOA​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន​ហ័ងអាញ់ យ៉ាឡាយ បាន​នៅឡើយ​ទេ។ VOA ក៏​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ស្រី វុឌ្ឍី អ្នក​នាំពាក្យ​ក្រសួងកសិកម្ម​បាន​ដែរ។

ទាក់ទង​នឹង​ការ​ផ្ដល់​ដី​របស់​អាជ្ញាធរ​ខេត្ត លោក សេវ សឿន តំណាង​សហគមន៍​កាក់ បាន​ប្រសាសន៍​ថា៖«យើង​សប្បាយ​ចិត្ត​សម្រាប់​ដូនតា​របស់​យើង»។ ប៉ុន្តែ​លោក​នៅ​តែ​ទាមទារ​សំណង​នៃ​ការ​ខូច​ខាត​ប៉ុន្មាន​ឆ្នាំ​មក​នេះ​បន្ថែម​ទៀត។ លោក​បន្ត​ថា​ ពលរដ្ឋ​នៅ​តែ​ទាមទារ​សំណង​បុគ្គល និង​ដី​បុគ្គល​ដែល​ពួកគេ​បាន​បាត់​បង់​យូរ​មក​ហើយ។

វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​ហៅ​កាត់​ថា NGO Forum ដែល​បាន​ធ្វើ​ការ​លើ​បរិស្ថាន​និង​ដីសម្បទាន​សេដ្ឋកិច្ច បាន​រាយការណ៍​កាល​ពី​ឆ្នាំ​២០១៣​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ការ​រុក​រក​រ៉ែ និង​ទំនប់​វារីអគ្គិសនី​ ជម្លោះ​ដី​ធ្លី ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ការ​កាប់​ឈើ​លក់​ដោយ​ខុស​ច្បាប់ បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​រស់​នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច។

ក្មេងស្រី​ជនជាតិដើម​ភាគតិច​ម្នាក់​ក្នុងភូមិកាក់ ឃុំតាឡាវ កំពុង​ច្រក​ទឹកអណ្តូង​សម្រាប់ប្រើប្រាស់។ (ស៊ុន ណារិន/VOA)

ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា មាន​ប្រមាណ​១៩​ម៉ឺន​នាក់ ដែល​ស្មើ​នឹង​ប្រមាណ​១,៤​ភាគរយ​នៃ​ប្រជាជន​កម្ពុជា​ជាង​១៦​លាន​នាក់។

រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​អ្នក​វិនិយោគ​ រហូត​ដល់​ជិត​១ម៉ឺន​ហិកតា ​សម្រាប់​ក្រុមហ៊ុន​មួយ ​ដែល​ពួកគេ​អាច​គ្រប់គ្រង​បាន​រយៈពេល​៩៩​ឆ្នាំ។ប៉ុន្តែ​ក្រោយ​មក នៅ​ឆ្នាំ​២០១២ ​បន្ទាប់​ពី​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ជា​ច្រើន​ឆ្នាំ ​និង​ការ​តវ៉ា​ជា​ច្រើន​របស់​ពលរដ្ឋ​ដែល​រង​គ្រោះ​ដីធ្លី ​រដ្ឋាភិបាល​បាន​សម្រេច​បញ្ឈប់​ការ​ផ្ដល់​ដី​សម្បទាន​និង​កំណត់​រយៈ​ពេល​នៃ​ការ​គ្រប់គ្រង​ដី​សម្បទាន​ទាំង​នោះ​មក​ត្រឹម​រយៈ​ពេល​៥០​ឆ្នាំ​វិញ៕