ប្រាំបួន​ឆ្នាំ​ក្រោយ​ពី​ការ​ព្យាយាម ​អ្នក​ឆ្នៃ​រថយន្ត​ទទួល​ជោគជ័យ

វិស្វករ​ខ្មែរ​លោក ញាន ផល្លឹក បង្ហាញ​រថយន្ត​​ផលិត​ដោយ​ខ្លួន​ឯង​របស់​លោក​ម៉ាក​អង្គរ (Angkor 333-2010) នៅ​ផ្ទះ​របស់​លោក​ក្នុង​ទី​ក្រុង​ភ្នំពេញ។

កម្ពុជា​នឹង​ផលិត​រថយន្ត​ដោយ​ខ្លួន​ឯង​នៅ​ឆ្នាំ​២០១២​ខាង​មុខ​នេះ។ រថយន្ត​ដែល​នឹងចូល​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​នា​ពេលអនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​គឺ​ជា​ប្រភេទ​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គីសនី​ ហើយ​គឺ​ជា​រថយន្ត​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ខ្មែរ​ម្នាក់​ដែល​បាន​ប្រឹង​ប្រែង​តស៊ូ​ស្រាវជ្រាវ​ដោយ​ខ្លួនឯង​ដើម្បី​ផលិត​រថយន្ត​តាម​ការ​ស្រមៃ​របស់​ខ្លួន។

ក្រោយ​ពី​តស៊ូ​ផលិត​រថយន្ដ​ម៉ាក​ អង្គរ​ តាម​របៀប​សិប្បកម្ម​អស់​រយៈពេលឆ្នាំ៩​មក​ ​ក្តី​ស្រមៃរបស់​លោក ញាន ផល្លឹក បាន​ក្លាយ​ជា​ការ​ណ៍ពិត​ ដោយ​លោកបានរកឃើញក្រុម​ហ៊ុន​ចម្រុះ​មួយ​ដែល​សុខ​ចិត្តដាក់​ទុន​វិនិយោគលើការ​បង្កើត​រោងចក្រដំឡើងរថយន្ដដែល​លោក​ជា​អ្នកគូសម៉ូតដោយ​ផ្ទាល់។

ក្រុមហ៊ុនហេងអភិវឌ្ឍន៍​នៅកម្ពុជា​ និង​ក្រុមហ៊ុន​ជូលាង អ៊ីនធើប្រាយចំកាត់ (Chau Leong​ Enterprise Co,Ltd) នៅ​ទី​ក្រុង​ហុងកុង បាន​ចុះហត្ថលេខា​កាល​ពី​ថ្ងៃ​ច័ន្ទ​ លើ​កិច្ចព្រម​ព្រៀង​វិនិយោគ​រួម​គ្នា​ ដើម្បី​បង្កើតរោង​ចក្រផលិត​រថយន្ត​ដំបូង​បំផុត​នៅ​កម្ពុជា ដោយ​ដាក់​ឈ្មោះ​រថយន្ដ​នោះ​ថា​រថយន្ដអង្គរ ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី ឬ​ជា​រថយន្ដ​ប្រើ​អាគុយ។

លោក ញាន ផល្លឹក មាន​ប្រសាសន៍​ថា លោក​សប្បាយរីករាយ​នឹង​បង្ហាញ​ស្នាដៃ​របស់​លោក​។ លោក​បន្ត​ថា៖

«ជា​មោទនភាព​របស់​ខ្ញុំ។ ​សប្បាយចិត្តណាស់​ក្នុង​មួយ​ជីវិត​ខ្ញុំ។ ខ្ញុំ​ខំ​ប្រឹង​ធ្វើ​អ្វីៗ​ដែល​ជា​ស្នាដៃ​របស់​ខ្ញុំ​នេះ​បាន​ត​ជា​ស្នាដៃ​សម្រាប់​ជា​កេរដំណែល​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ។ សប្បាយ​ចិត្ត​ត្រង់​ថា មួយ​ជីវិត​យើង​មាន​ស្នាដៃ​សម្រាប់​ប្រទេស​ខ្មែរ»។

លោក ញាន ផល្លឹក​ មាន​ដើម​កំណើត​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​គ្រួសារ​ជា​អ្នក​ជំនួញ​មាន​ជីវភាព​ធូរ​ធារ។ នៅ​ក្នុង​ឆ្នាំ១៩៧៥ ​លោក​រៀន​បាន​ថ្នាក់​ទី១​ទំនើប​ដែល​ស្នើ​នឹង​មធ្យម​សិក្សាកំរិត​២​ ឬ​ទុតិយភូមិ​ហើយ​លោក​ក៏​មិន​បាន​រៀន​បន្ថែម​អី​លើស​ពី​នេះ​ទៀត​ដែរ។

នៅ​ក្នុង​អំឡុង​ពេល​សិក្សា​លោក​បាន​ឲ្យ​ដឹង​ថា លោក​ជា​សិស្ស​ពូកែ​ប្រចាំ​សាលា​ផ្នែក​គណិតវិទ្យា​និង​រូបវិទ្យា។

កាល​ពី​ចុង​ឆ្នាំ​២០០២ លោក​ ញាន ផល្លឹក បាន​ខិត​ខំ​ផលិត​រថយន្តធុន​នេះ​តាមរយ:ការ​កាត់ផ្សា​តដែកដែលលោកទិញ​នៅ​ទីផ្សារ​ក្នុង​ប្រទេស​ឲ្យ​ចេញ​ជា​គ្រោង​រថយន្ដប្រើ​ដោយ​ដៃទាំងពីរ​របស់​លោក​សុទ្ធសាទ។ រថយន្ដ​ទី​១​របស់​លោកមាន​ពីរ​កៅអី​ ​រាង​តូច​ច្រឡឹង ​ដែល​ដើរ​ដោយ​ម៉ាស៊ីនម៉ូតូកម្លាំង​សេ១០០។ លោក​បាន​ចំណាយ​ពេលប្រាំមួយ​ខែ​ដើម្បីផលិតរថយន្ដនោះ។ ​នៅ​ចុងឆ្នាំ ២០០៣ លោក ផល្លឹក ក៏​បាន​បង្កើត​រថយន្ត​ធ្វើ​ដោយដៃជា​លើក​ទី​ពីរ ទៀត​ដោយ​ចំណាយ​ពេល​អស់​១៥​ខែ។ រថយន្ដម៉ាក​អង្គរទី​ពីរ​នេះ អាច​ផ្ទុកមនុស្ស​បាន​ចំនួន​បួន​នាក់ ប៉ុន្ដែ​វា​ដើរ​ដោយ​ម៉ាស៊ីន​រថយន្ដ​ដែល​មាន​កម្លាំង​៦៦០CC និងអាច​បើកបរ​ក្នុង​ល្បឿន​ខ្ពស់​បំផុត​១២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ លោក​តែងតែ​បើក​រថយន្ដ​របស់លោក​បង្អូត​គេ​អែង​ក្នុង​ទីក្រុង​ភ្នំពេញ និង​នៅ​តាម​ទី​សារធារណ:​ដទៃ​ទៀត។

ទោះជាយ៉ាងណា មហិច្ឆិតា​របស់​លោក មិន​បាន​បញ្ចប់​នៅ​ត្រឹម​រថយន្ដ​ទី​២​នេះ​ទេ។ នៅ​ឆ្នាំ២០១០ រថយន្ត​អង្គរ​ស៊េរី​ថ្មី​មួយ​ទៀត​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រើ​បច្ចក​វិទ្យា​អេឡិច​ត្រូនិកថ្មីៗ​យ៉ាង​ទំនើប​ដូចជា​ការ​បញ្ឆេះ​រថយន្ដ​ដោយ​មិន​ចាំបាច់​ប្រើ​កូន​សោរ គឺ​គ្រាន់​តែ​ប្រើ​កាតស៊ក​ចូលប្រអប់​កុងតាក់​តែ​ប៉ុណ្ណោះ។ រី​ឯទ្វារ​រថយន្ត​ត្រូវបានបញ្ជាស្វ័យ​ប្រវត្តិ​ដោយ​គ្រាន់​តែលើក​ដៃ​ដាក់ក្បែរ​ទ្វារ​រថយន្ត​ទ្វារ​នោះ​នឹង​របើក​ភ្លាមព្រម​ទាំង​មាន​ដំបូល​លើក​ចុះ​ឡើង​បាន​ដោយស្វ័យ​ប្រវត្តិទៀតផង។ រថយន្ដអង្គរ​ឆ្នាំ ២០១០ របស់​លោក ញាន ផល្លឹក អាច​ស្គែន​ក្រយៅ​ដៃបាន​ចំនួន ៥០​ក្រយ៉ៅ​ដៃ​ខុសៗ​គ្នាដែល​ជា​ប្រពន្ធ័​សុវត្ថិភាព​មួយ​សម្រាប់​ការពារ​ទប់ទល់​នឹង​ការលួយ​រថយន្ដ។

បន្ទាប់ពីលោក ញាន ផល្លឹក ​បាន​បង្កើត​រថយន្តទី​៣​នេះ​ហើយ ​នៅ​ដើម​ឆ្នាំ​២០១០​ លោក​ក៏​បាន​ដាក់​តាំង​ពិព៌ណ​នៅ​ទីលាន​មុខ​វត្តបុទុម​ក្នុង​ពិពណ៌​ភូមិ​មួយ​ផលិត​ផល​មួយ។

លោក​បាន​មាន​ប្រសាសន៍​ថា នៅ​ពេលនោះបណ្ដាញ​ផ្សព្វ​ផ្សាយ​នានា​ចាប់​អារម្មរណ៍​លើ​រូបលោក​ជា​ច្រើន។ លោក​ថ្លែង​ដូច្នេះ​ថា៖

«ការ​តាំង​ពិព័រណ៍​នៅ​វត្តបុទុម​នោះ​ ក្នុង​កម្មវិធី​ភូមិ​មួយ​ផលិតផល​មួយ​នោះ​មក​មានការចាប់​អារម្មណ៍ពីក្រុមហ៊ុនហេងអភិវឌ្ឍន៍ គាត់​អញ្ជើញ​ខ្ញុំ​មក​ដើម្បី​សហការ​ដើម្បី​បង្កើត​ជា​រោងចក្រ​ផលិតរថយន្តនៅ​ស្រុកខ្មែរ»។

លោក ញាន ផល្លឹក គឺ​ជា​ម្ចាស់​ស្ថានីយ​លាង​រថយន្ដមួយក្នុង​ទីក្រុង​ភ្នំពេញ។ លោក​បានយក​កន្លែង​លាង​រថយន្ដ​នេះ​ជា​កន្លែង​ផលិត​រថយន្ដ​របស់​លោកទាំង​បី​គ្រឿង​នេះ។​ លោក​មានប្រសាសន៍ថា នេះ​គឺ​ជា​មោទនភាព​របស់​លោក ក្នុង​នាម​ជា​កូន​ខ្មែរ​មួយ​រូប​។

អាជីវកម្ម​លាង​រថយន្ដជា​ទីដែលលោក​បាន​ឃើញ​រថយន្ដ​ជា​ច្រើន​ប្រភេទក្នុង​រយ:​ពេលជាច្រើន​ឆ្នាំមកនេះ ដែល​ការ​ឃើញ​នេះទំនង​ជាជំរុញ​ឲ្យ​ឧបនិស្ស័យរបស់​លោកដែល​ស្រឡាញ់ផ្នែកគ្រឿងអេឡិចត្រូនិក​កាន់​តែខ្លាំង​ថែមទៀត។ លោក បញ្ជាក់​ថា លោកមិនបានឆ្លងកាត់ការបណ្ដុះបណ្ដាល ឬការ​រៀនសូត្រ​ផ្នែក​អេឡិច​ត្រូនិកនៅតាមសាលានោះទេ​ ក៏ប៉ុន្ដែលោកបានព្យាយាមស្វ័យសិក្សា​លក្ខណៈ​បច្ចេកទេសរថយន្ដផ្សេងៗរបស់​អតិថិជន​ដែលចូលមកស្ថានីយលាងរថយន្ដ របស់ លោក​យ៉ាង​ចិត្ត​ទុកដាក់អស់រយ:ពេលពីរឆ្នាំ មុន​នឹង​អាច​បង្កើត​រថយន្ដ​ដំបូង​របស់​លោក​នៅ​ឆ្នាំ ២០០២ ហើយ​លោក​បាន​ពង្រីក​ការ​ស្រាវជ្រាវ​របស់​លោក​ជា​បន្ដ​បន្ទាប់​បន្ថែម​ទៀតដោយ​មាន ជំនួយ​ពីកូន​ស្រីរបស់លោក ដែលជា​អ្នក​ជួយ​គូស​ប្លង់ និង​រូបរាង​រថ​យន្ដ។

រថយន្ដ​អង្គរ​ដែល​ដើរ​ថាមពល​អគ្គិសនី​បញ្ចេញ​ដោយ​អាគុយនឹង​ក្លាយ​ជា​រថយន្ដ​ដំបូង​គេ​ដែល​ផលិត​នៅកម្ពុជា។​ លោក ញាន ផល្លិត​ បញ្ជាក់ថា​ប្រមាណ​ជា​៩០ភាគរយនៃ​ធាតុ​ផ្គុំ​របស់រថយន្ត​នឹង​ត្រូវផលិតនៅ​កម្ពុជា ចំណែក​ឯ​១០​ភាគរយ​ទៀតនឹង​ត្រូវ​នាំ​មក​ពី​ទីក្រុង​ហុងកុង​ដូចជា​វត្ថុ​ធាតុ​ដើម​ផ្សំឲ្យ​ទៅ​ជា​អាគុយជាដើម។

តាម​គម្រោង​ រោងចក្រ​ផលិត​រថយន្ដអង្គរ​នេះ​នឹងត្រូវ​បាន​ស្ថាបនាឡើង​នៅ​ក្នុងស្រុកកណ្ដាល​ស្ទឹង​ ខេត្តកណ្ដាល ដែល​នឹង​ប្រើ​កម្មករ​ជំហាន​ដំបូង​ប្រមាណ​ជា​៣០០នាក់ និង​អាច​ផល្លិត​រថយន្ដធុន ២កៅអី ៤កៅអី បាន​ចំនួន​ពី៥០០ ទៅ១០០០ គ្រឿង​ក្នុង​មួយ​ឆ្នាំ ដោយ​មាន​តំលៃ​ទាប​បំផុតប្រមាណជា​៥០០០ដុល្លា​ក្នុង​មួយ​គ្រឿង។ ជំហាន​ដំបូង​ក្រុមហ៊ុន​ចម្រុះ​នឹង​ផលិតត្រឹមតែ​ប្រភេទរថយន្តធុនពីរកៅអី ដែល​អាច​បើកបរ​ក្នុង​ល្បឿន​៨០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និង​ប្រភេទ​បួន​កៅអី ដែល​អាចបើក​បរក្នុង​ល្បឿន​១២០គីឡូម៉ែត្រក្នុង​មួយ​ម៉ោង។

រថយន្ត​នេះ​នឹង​ត្រូវ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្នែក​អេឡិចត្រូនិក​យ៉ាង​ទំនើប​ដែលលោក​ ញាន ផល្លឹក ​ប្រើ​ប្រាស់លើ​រថយន្ដ​ចុង​ក្រោយសេរី​ឆ្នាំ ២០១០ របស់​លោក។​ រថយន្ដ​នេះ​អាច​បើកបរ​បាន​ចំងាយ​ប្រមាណ​ជា​៥០០​គីឡូម៉ែត្រ។ ហើយ​ក្នុង​ករណី​ដែល​រថយន្ដ​ចុះ​ខ្សោយ​ថាមពល ឬ​អស់​ថាមពលអាគុយ​ គេ​អាច​បញ្ចូល​ភ្លើង​ឡើង​វិញ​ ដែល​នឹង​ត្រូវ​ប្រើរយ:ពេលពី៣ ទៅ ៦ម៉ោង។

លោកស្រី សៀង ចាន់ហេង អគ្គ​នាយិកា​ក្រុមហ៊ុនហេងអភិវឌ្ឍន៍ មាន​ប្រសាសន៍​ថា​ រថយន្ដ​នេះ​នឹង​មានវត្តមាន​យ៉ាង​យូរបំផុតនៅ​ពាក់​កណ្តាល​ឆ្នាំ​២០១២។ លោក​ស្រី​បាន​បញ្ជាក់​ថា ​ក្រុមហ៊ុនចម្រុះជា​មួយនឹង​ក្រុមហ៊ុន​មក​ពី​ទីក្រុង​ហុងកុងនេះ គ្រោង​នឹងបង្កើនដើមទុន​ពី​ចំនួន២០ លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ដល់​ចំនួន​២០០​លានដុល្លារ​ នៅ​ពេល​ដែល​ការ​ផល្លិត​មាន​ការរីក​ចម្រើន។​ លោក​ស្រី​ ចាន់​ហេង​មាន​ប្រសាសន៍​ថា៖

«ការ​ធ្វើ​អាជីវកម្ម​រថយន្ត​នេះ​ លក់​យក​ចំណេញ​គឺ​មិន​ចំណេញ​ប៉ុន្មាន​នោះ​ទេ ពីព្រោះ​តម្លៃ​ដែល​យើង​ផលិត​ចេញ​ហើយ​ យើង​លក់​តម្លៃ​ទាប​ តែ​សំខាន់​បំផុត​គឺ​យើង​ចង់​ធ្វើ​ដូចម្តេច​ចង់​បញ្ជេញស្នាដៃ​កូន​ខ្មែរ​ឲ្យ​បរទេស ​និង​ពិភពលោក​គេ​ស្ងើច​ថា ខ្មែរ​យើង​ក៏​ផលិត​រថយន្ត​បាន​ប្រើ​ ហើយ​មាន​គុណភាព​ល្អ​ទៀត​ហើយ​ម្យ៉ាង​ទៀត​ថា យើង​ចង់​លើក​ស្ទួយ​ប្រទេស​ជាតិ​យើង ​ហើយនិង ចង់​រួម​ចំណែក​ជួយ​កាត់​បន្ថយភាព​ក្រីក្រ​ឲ្យ​កម្មករ​មានការងារ​ធ្វើ។

លោកញាន ផល្លឹក​និយាយ​ថា​ រថយន្ត​ប្រើថាមពល​អាគុយ​នេះ​នឹង​ផ្ដល់ផល​ចំណេញផ្នែកថវិកា​ប្រមាណ៨០​ភាគរយ​បើ​ធៀប​ទៅ​នឹង​រថយន្ត​ប្រើ​ដោយ​ប្រេង​ឥន្ធន: ក្នុង​ការ​បើកបរ​ចម្ងាយ​១០០​គីឡូម៉ែត្រ​ដូចគ្នា។​ លោក​អះអាង​ថា ក្នុង​រយ:​ចម្ងាយ​១០០គីឡូម៉ែត្រ រថយន្ដ​នេះ​នឹង​ប្រើ​ថាមពល​អគ្គិសនីអស់​៧​គីឡូវ៉ាត់​ ឬ​ប្រមាណ​ជា​២ដុល្លារ​អាមេរិក ​តែឡានដែលប្រើ​ប្រេង​ឥន្ធនៈ ត្រូវ​ចំណាយយ៉ាង​ហោច​ណាស់​ក៏​១០ដុល្លារដែរ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ បញ្ហា​ប្រឈម​មួយ​សម្រាប់​រថយន្ដ​នេះ គឺកម្ពុជា​មានបណ្ដាញអគ្គិសនីគ្រប​ដណ្ដប់នៅទូទាំងប្រទេសទើបតែបានប្រមាណជាង​២០​ភាគរយ​តែប៉ុណ្ណោះ ដូច្នេះការស្វែង​រក​ការ​បញ្ចូល​ភ្លើង​នៅ​ពេល​ដែល​ថាមពល​អាគុយ​រថយន្ដ​ចុះ​ខ្សោយនឹង​ក្លាយ​ជា​កង្វល់​មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​។

លោក ញាន ផល្លឹក​ បាន​មាន​ប្រសាសន៍​ថា​ នៅ​ពេល​អនាគត​ក្រុមហ៊ុន​នឹង​បង្កើតស្ថានីយ៍​បញ្ចូល​អាគុយ​នៅ​គ្រប់​កន្លែង។

កម្ពុជា​គឺ​ជា​ប្រទេសត្រូវ​គេមើល​ឃើញ​ថា តម្លៃ​ប្រេង​ឥន្ធន:​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង និងមាន​ការ​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស។

លោក អ៊ិត ប្រាង រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​ បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​ បង្កើត​រោង​ចក្រ​ផលិត​រថយន្ដ​ថា រថយន្ដ​ប្រើ​ថាមពលអគ្គិសនី នឹង​ជួយ​ដល់​ការ​បន្សុតបរិដ្ឋាន​ រួម​ទាំង​សម​ស្រប​តាម​ស្ថានភាព​ចរាចណ៍​នៅកម្ពុជា​ទៀត​ផង៕