ទិស​ដៅ​នៃ​ចំណង​មេត្រីភាព​រវាង​អាមេរិក​និង​អាស៊ាន​ ក្រោយ​​ជំនួប​ជា​ប្រវត្តិសាស្ត្រ

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងមេដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ថតរូបរួមគ្នា នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២។

ថ្លែង​ក្នុង​អគារ​ Harry S Truman ដែល​ជា​ទីស្ដី​ការ​ក្រសួង​ការ​បរទេស​អាមេរិក​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន អំឡុង​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​កំពូល​ជាមួយ​ក្រុម​មេដឹកនាំ​អាស៊ីអាគ្នេយ៍​កាល​ពីថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ លោក​ប្រធានា​ធិបតី ចូ បៃដិន (Joe Biden) ​បាន​ប្រកូក​ប្រកាស​ថា ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន) បាន​រំកិល​ចូល​មក​ដល់ «យុគសម័យថ្មី»​ មួយ​ ហើយ​ថា​តួ​នាទី​ស្នូល​របស់​អាស៊ាន​ «ស្ថិត​ចំ​អាទិភាព​ចម្បង​តែ​ម្ដង» ​នៃ​រដ្ឋបាល​ដឹកនាំ​របស់​លោក។

ទីក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​កញ្ចប់​ទឹក​ប្រាក់​ ១៥០ លាន​ដុល្លារ​ ទៅ​ឱ្យ​ប្លុក​ប្រជាជាតិ​ដែល​មាន ​១០ ​ប្រទេស​ ដើម្បី​ផ្ដល់​ហិរញ្ញប្ប​ទាន​ដល់​គម្រោង​តូច​ធំ​នានា​ ក្នុង​វិស័យ​ចម្រុះ។ អំឡុង​កិច្ច​ប្រជុំ​នោះ​ លោក បៃដិន ក៏​បាន​ប្រកាស​ឧទ្ទេសនាម​ នាយ​ខុទ្ទកាល័យ​ក្រុម​ប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក Yohannes Abraham ជា​បេក្ខ​ភាព​ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ ប្រចាំ​សមាគម​អាស៊ាន​ផង​ដែរ​ ជា​តំណែង​ដែល​ស្ថិត​នៅ​ទំនេរ​តាំង​ពី​ឆ្នាំ​ ២០១៧​ មក។

ក្រុម​អ្នក​មុខ​អ្នក​ការ​អាមេរិក​បាន​អះអាង​ថា ​កិច្ច​ប្រជុំ​កំពូល​នេះជា​តឹក​តាង​នៃ​ការ​ដាក់​ចិត្ត​ដាក់​កាយ​របស់អាមេរិក​ចំពោះ​សមាគម​អាស៊ាន​ ក្រោយ​ពី​អាមេរិក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​ចាក​ឆ្ងាយ​ពីអង្គការ​ថ្នាក់​តំបន់​នេះ​ ពេញ​មួយ​អណត្តិ ៤ ​ឆ្នាំ​ក្នុង​រដ្ឋ​បាល​ដឹក​នាំរបស់​អតីត​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)។

យ៉ាង​ណា​ក៏​ដោយ​ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ដែល​បាន​តាម​ដាន​តំបន់​នេះ​ជាប់​លាប់​ បាន​លើក​ឡើង​ដោយ​ប្រយ័ត្ន​ប្រយែង​អំពី​លទ្ធផល​រយៈពេល​ខ្លី​ដែល​សម្រេច​បាន​ពី​ជំនួប​កំពូល​នៅ​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​ និង​ដំណើរ​វែង​ឆ្ងាយ​ដែល​អាមេរិក​និង​អាស៊ាន​អាច​សម្រេច​បាន​នោះ​នឹង​ទៅ​ដល់​ទីណា​ ខណៈ​អាមេរិក​កំពុង​កៀងគរ​ឱ្យ​រដ្ឋ​ជា​សមាជិក​របស់​សមាគម​នេះ​ ចូល​រួម​ជួយ​ទប់​ឥទ្ធិពល​កុម្មុយនិស្ដ​ចិន។

អ្នកស្រី Sharon Seah អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​សិក្សា​អាស៊ីអាគ្នេយ៍ Yusof Ishak របស់​សិង្ហបុរី ​បាន​ប្រាប់​វីអូអេ​តាម​សារ​អ៊ី​មែល​ក្នុង​អត្ថន័យ​ដើម​ទាំង​ស្រុង​ថា៖ «តថភាព​នៃ​ការណ៍​ដែល​ថា កិច្ច​ប្រជុំ​កំពូល​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ពិត​ប្រាកដ​នៅ​ទីបំផុត​ក្រោយ​ពី​ត្រូវ​បាន​ពន្យារ​ពេល​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ខែ​មីនា​នោះ គឺ​ជា​រឿង​វិជ្ជមាន​និង​ជា​អ្វី​ដែល​គេ​ត្រូវ​ការ​ចង់​ឱ្យ​កើត​មាន​ជាខ្លាំង​ក្នុង​កាលៈទេសៈ​នេះ»។

អ្នកស្រាវ​ជ្រាវ​រូបនេះ​បាន​បន្ថែម​ថា៖ «អាស៊ាន​មិន​អាច​គេច​ផុត​ពី​តថភាព​មួយ​ដែលថា​ ប្រទេស​ចិន​ស្ថិត​ក្នុង​ភូមិ​ផង​របង​រួម​ជាមួយ​ខ្លួន ហើយ​អាមេរិក​ខ្លួន​ឯង​ក៏​បាន​ជ្រាប​ច្បាស់​ពី​បញ្ហា​នេះ​ដែរ។ អាមេរិក​ក៏​ធ្លាប់​បាន​បង្ហាញ​ជំហរ​ដែរ​ថា ​ខ្លួន​មិន​រំពឹង​ថា​អាស៊ាន​នឹង​ក្រសោបជ្រើស​យក​មហា​អំណាច​ណា​មួយ​ដាច់​ណាត់​សោះ​ឡើយ។​ ហើយ​ការ​ឱ្យ​រើស​បែប​នេះ​ ក៏​មិន​មែន​ជា​អ្វី​ដែល​រដ្ឋ​សមាជិក​អាស៊ាន​ទាំង​អស់​ចង់​ធ្វើ​ និង​ចង់​ឱ្យ​កើត​មាន​ដែរ»។

ក្រុម​អ្នក​វិភាគ​ធ្លាប់​លើក​ឡើង​នា​ពេល​កន្លង​ទៅ​ដែរ​ថា​ អាស៊ាន​ត្រូវ​ការ​ចិន​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច និង​ត្រូវ​ការ​អាមេរិក​ដើម្បី​បង្អែកសន្ដិសុខ​និង​តុល្យភាព​វត្តមាន​នយោបាយ​ជាមួយ​ចិន។​

រូបឯកសារ៖ កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានដើម្បីរំលឹកខួប ៤៥ ឆ្នាំនៃទំនាក់ទំនងរវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងមេដឹកនាំអាស៊ាន នៅក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

ល្បង​ប្រណាំង​ជាមួយ​នឹង​ចិន

កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក​-អាស៊ាន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បរិបទ​ពិភពលោក​ដ៏​សាំញ៉ាំ​និង​ផុយ​ស្រួយ​ នៅ​ចំ​ពេល​ឥទ្ធិពល​ដែល​ចេះ​តែ​រះ​ឡើង​នៅ​ក្នុង​តំបន់​ ការ​ឈ្លាន​ពាន​ដ៏​កម្រោល​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន និងកិច្ច​ប្រឹង​ប្រែង​ដ៏​ត្រដាប​ត្រដួស​របស់​អាស៊ាន​ក្នុង​ការ​ឆ្លើយ​តប​ដោះ​ស្រាយ​វិបត្តិ​ហិង្សា​បង្ហូរ​ឈាម​នៅ​ប្រទេស​ភូមា​ ក្រោយ​រដ្ឋ​ប្រហារ​យោធា។

សេចក្ដី​ថ្លែង​ការណ៍​រួម​ដែល​ចេញ​ផ្សាយ​កាល​ពីពាក់​កណ្តាល​ខែ​ឧសភា​ ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​លើ​បញ្ហា​វិវាទ​ដណ្ដើម​ការ​កាន់​កាប់សមុទ្រ​ចិន​ខាង​ត្បូង​ រវាង​ចិន​និង​រដ្ឋ​សមាជិក​អាស៊ាន​បួន​ទៀត​រួម​មាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ព្រុយណេ។ សេចក្ដី​ថ្លែង​ការណ៍​នោះ​បាន​បង្ហាញ​ពី​ក្ដី​ប្រាថ្នា​ចង់​ឱ្យ​ដែន​ទឹក​នេះ​ កា្លយ​ជា​ «សមុទ្រ​ប្រកប​ដោយ​សន្ដិភាព ស្ថិរភាព និង​វិបុលភាព»។

មន្ត្រី​ជាន់​ខ្ពស់​ចិន​និង​អាស៊ាន​គ្រោង​ជួប​ប្រជុំ​គ្នា​ដោយ​ផ្ទាល់សា​ជា​ថ្មី​ នៅ​ប្រទេស​កម្ពុជា​ក្នុង​ចុង​ខែ​ឧសភា​នេះ​ដើម្បី​បន្ត​ចរចា​លើ​កម្រង​ជា​លាយ​លក្ខណ៍​អក្សរ​នៃ​សេចក្ដី​ព្រាង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ដោយ​ លោក Zhao Lijian ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន។

នៅ​ដើម​ឆ្នាំ​ ២០២១​ ចិន​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ច្បាប់​ស្ដី​ពី​ឆ្មាំ​សមុទ្រ​ ដែល​បើក​ដៃ​ឱ្យ​កង​ឆ្មាំ​ការ​ពារ​ដែន​សមុទ្រ​របស់​ចិន​ អាច​ល្បាត​ ដេញ​ និង​បាញ់​ពន្លិច​នាវា​បរទេស​ដែល​មិន​ស្ដាប់​បង្គាប់​ចិន​ ក្នុង​ដែន​យុត្តាធិការ​នៃ​សាគរ​អធិបតេយ្យ​របស់​ខ្លួន​ រួម​ទាំង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​កំពុង​ដណ្ដើម​គ្នា​កាន់កាប់​ផង។ អ្នក​ជំនាញ​បាន​ធ្លាប់​បង្ហាញ​ក្ដី​បារម្ភ​ថា ច្បាប់​ថ្មី​នេះ​នឹង​ដក​បន្ថយ​ទម្ងន់​នៃ​អំណាច​ចាប់​បង្ខំ​ ដែល​គេ​ចង់​សម្រេច​បាន​ពី​សេចក្ដី​ព្រាង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ធ្វើ​ជា​ពហុ​សាសន៍។

ក្នុង​គំនិត​ផ្ដួច​ផ្ដើម​សន្ដិសុខ​លម្ហ​សមុទ្រថ្មីដែល​ខ្លួន​បាន​សន្យា​អនុវត្ត​ជាមួយ​អាស៊ាន​ អាមេរិក​នឹង​ចាត់​ឱ្យ​បញ្ជាការដ្ឋាន​កង​ឆ្មាំ​ការ​ពារ​ដែន​សមុទ្រ​សហរដ្ឋ​អាមេរិក​ ជា​សេនាធិការ​ ដាក់​ពង្រាយ​បរិក្ខារ​និង​គ្រឿងយុទ្ធោបករណ៍​សឹក​ អ្នក​ជំនាញ​ការ​ និង​បច្ចេក​ទេស​ហ្វឹកហ្វឺន​ តាម​បណ្ដា​ប្រទេស​អាស៊ាន​ដែល​ស្នើ​សុំ ដែល​ការណ៍​នេះ​ទំនង​ជា​ការ​ឆ្លើយ​តប​ដោយ​ផ្ទាល់​នឹង​ការ​ដើរ​ជំហានពី​ខាង​ដើម​របស់​ចិន។

សហរដ្ឋ​អាមេរិក​ក៏​នៅ​សម្ដែង​ក្ដី​កង្វល់​ដដែល​ជា​ដដែល​អំពី​ការ​សង្ស័យ​អំពី​វត្តមាន​យោធា​ចិន​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ជា​ពិសេស​នៅ​មូល​ដ្ឋាន​សមុទ្រ​រាម​របស់​កង​ទ័ព​ជើង​ទឹក​កម្ពុជា​ ក្នុង​ខេត្ត​ព្រះ​សីហនុ ទី​ដែល​ចិន​កំពុង​ជួយ​គាំទ្រ​គម្រោង​ពង្រីក​និង​ធ្វើ​ទំនើប​កម្ម​ផែ​យោធា​ ដែល​ឈាន​ទៅ​ដល់​ការ​វាយ​កម្ទេច​ដ៏​ចម្រូង​ចម្រាស់​នៃ​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​អាមេរិក​បាន​ជួយ​សាងសង់​នៅ​ទីនោះ។

ព័ត៌មាន​ទាក់ទង៖ សហរដ្ឋ​អាមេរិក​ប្រកាស​គំនិត​ផ្តួច​ផ្តើម​ជាច្រើន​ជួយ​អាស៊ាន​ក្នុង​ជំនួប​កំពូល​ពិសេស

ទាំង​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស Antony Blinken និង​ទាំង​អនុ​រដ្ឋ​មន្រ្តី​របស់​លោក អ្នក​ស្រី Wendy Sherman សុទ្ធ​តែ​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ក្នុង​ជំនួប​ពីរ​លើក​ដាច់​ដោយ​ឡែក​របស់​ពួក​គេ​រៀងៗ​ខ្លួន​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​កាល​ពីពាក់​កណ្តាល​ខែ​ឧសភា។

រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​ដដែល​ជា​ដដែល​ដែរ​ថា​ ខ្លួន​នឹង​មិន​អនុញ្ញាត​ឱ្យ​បរទេស​ណាមួយមាន​វត្តមាន​យោធា​ជា​អចិន្រ្តៃយ៍​ក្នុង​ទឹក​ដី​កម្ពុជា​ ហួស​ពី​ការិយាល័យ​សេនានុព័ន្ធ​យោធា​ក្នុង​របង​ស្ថាន​ទូត​ឡើយ។

បណ្ឌិត Pongphisoot Busbarat សាស្ត្រាចារ្យ​រង​ជំនាញ​ទំនាក់​ទំនង​អន្តរ​ជាតិ​នៅ​សាកល​វិទ្យាល័យ​ Chulalongkorn ប្រទេស​ថៃ​ បាន​ប្រាប់​វីអូអេ​ថា៖ «កត្តា​ចិន​នៅ​តែ​ជា​មុខ​ព្រួញ​ចម្បង​និង​សំខាន់​ជាង​គេ។ អាស៊ាន​នឹង​មិន​មាន​ឆន្ទៈ​ទាល់​តែ​សោះ​ក្នុង​ការ​ប្រកាន់​យក​ជំហរ​ឬ​ធ្វើ​សកម្ម​ភាព​ខ្លាំង​ក្លា​ណាមួយ​ជាង​នេះ​នោះ​ទេ​ បើ​សិន​ជា​ការ​ធ្វើ​បែប​នោះ​នឹង​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ជាមួយ​ចិន»។

មិន​ទាន់​គ្រប់​គ្រាន់?

បណ្ឌិត Busbarat បាន​បន្ថែម​ថា​ ទោះ​ជំនួប​កាល​ពី​ថ្ងៃទី ១២-១៣ ខែ​ឧសភា ជា​ប្រការ​វិជ្ជមាន​ តែ​ការ​ជួប​ប្រជុំ​តែ​មួយ​មុខ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ ក្នុង​ការ​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាមេរិក​ចំពោះ​អាស៊ាន។ លោក​បាន​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​ក្នុង​អត្ថន័យ​ដើម​ថា៖

«គំនិត​ផ្ដួច​ផ្ដើម​ផ្នែក​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​ដែល​គួរ​តែ​ជា​ម៉ាស៊ីន​រុញ​នាំ​មុខ​បង្កើន​ទំនាក់​ទំនង​រវាង​ភាគី​ទាំង​ពីរ​នោះ​នៅ​តែ​មាន​ភាព​ស្រពេច​ស្រពិល​មិន​ច្បាស់​នៅ​ឡើយ។ មិន​មាន​អ្វី​ច្បាស់​លាស់​និង​លម្អិត​ត្រូវ​បាន​លើក​ឡើង​ឬ​ក៏​សរសេរ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​ឡើយ​ ក្រៅ​តែ​ពី​អ្វី​ដែល​មាន​ពី​មុន​រួច​មក​ហើយ។ ជា​ឧទាហរណ៍ ការ​សន្យា​ផ្ដល់​កញ្ចប់​ទុន​ ១៥០លាន​ដុល្លារមក​ឱ្យ​អាស៊ាន​ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ជា​ចំនួន​តិច​តួច​នៅ​ឡើយ។ ជាមួយ​ចំនួន​ប៉ុណ្ណេះ​ គឺ​គេ​មិន​អាច​រំពឹង​ថា​នឹង​ទៅ​បង្កើត​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​អ្វី​ខ្លាំង​ក្លា​ទេ គ្រាន់តែ​មាន​តម្លៃ​ជា​និម្មិត​សញ្ញា​និង​កាយ​វិការ​ល្អ​ប៉ុណ្ណោះ»។

អ្នក​ស្រី Susannah Patton អ្នក​ស្រាវ​ជ្រាវ​និង​ជា​ចាង​ហ្វាង​គ្រប់​គ្រង​គម្រោង​សិក្សា​«អំណាច​និង​ការ​ទូត»​ នៅ​វិទ្យាស្ថាន Lowy ប្រទេស​អូស្ត្រាលី​ បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ត្រូវ​កំណត់​កិច្ច​ប្រឹងប្រែង​ឱ្យ​មុត​ស្រួច​ជាង​នេះ​ ក្នុង​កិច្ច​ការ​ទាក់​ទង​សាង​ស្ពាន​មេត្រី​ជាមួយ​តំបន់​អាស៊ីអាគ្នេយ៍។

អ្នក​ជំនាញ​ដែល​ជា​អតីត​មន្ត្រី​ការ​ទូត​អូស្ត្រាលី​រូប​នេះ​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «សហរដ្ឋ​អាមេរិក​ក៏​ត្រូវ​តែ​ពាំនាំ​នូវ​កម្មវិធី​និង​គំនិត​ផ្ដួច​ផ្ដើម​នានា​ដែល​ធំ​ធេង​ជាង​នេះ តាម​រយៈ​ស្ថាប័ន​អាស៊ាន ដើម្បី​បញ្ចៀស​ផ្នត់​គំនិត​យល់​ឃើញ​ថា​ អាមេរិក​ចូល​ចិត្ត​ធ្វើ​កិច្ចការ​ប្រយោល​ចំពោះ​អាស៊ាន ដូច​ជា​ជាមួយ​សម្ព័ន្ធ​សន្ដិសុខ​ចតុ​ភាគី Quad ជា​ដើម​ ដែលមាន​អាមេរិក​ ជប៉ុន អូស្ត្រាលី និងឥណ្ឌា»។

ការ​ទន្ទឹង​រង់​ចាំ​ផ្នែក​សេដ្ឋកិច្ច

ខុស​ពី​ការ​ចង់​បាន​របស់​អ្នក​វិភាគ​មួយ​ចំនួន កិច្ច​ប្រជុំ​កំពូល​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​មិន​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ប្រើ​ប្រាស់​ដើម្បី​បើក​សម្ពោធ​ក្រប​ខណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដែល​គេទន្ទឹង​រង់​ចាំ​យ៉ាង​អន្ទះ​អន្ទែង​នោះ​ទេ​ ទោះវា​ជា​ប្រធាន​បទ​ដែល​ត្រូវ​បាន​លើក​មក​ជជែក​នៅ​តុ​ប្រជុំ​ក៏​ដោយ។

នាយក​រដ្ឋ​មន្ត្រី​ Lee Hsien Loong ជិត​ចូល​និវត្តន៍​របស់សិង្ហបុរី បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​នៃ​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​រដ្ឋ​បុរី​របស់​លោក​ថា IPEF មិន​ទាន់​មានទម្រង់​ធាតុ​ផ្សំ​ជា​សារវ័ន្ត​នៅ​ឡើយ ហើយ​ថា ​អាមេរិក​ត្រូវ​តែ​មាន​វត្តមាន​សេដ្ឋកិច្ច​ក្នុង​តំបន់​ មិន​ត្រូវ​មាន​តែ​វត្តមាន​យោ​ធា​នោះ​ទេ។

អ្នកស្រី Kamala Harris អនុ​ប្រធានាធិបតី​អាមេរិក ​បាន​គូស​បញ្ជាក់​ប្រាប់​ប្រតិភូ​អាស៊ាន​ផង​ដែរ​អំពី​តួ​នាទី​ដ៏​សំខាន់​របស់​អាស៊ី​អាគ្នេយ៍​ ជា​មណ្ឌល​នៃ​ផលិតកម្ម​កម្មន្តសាល​ពិភព​លោក ​ដែល​ទីផ្សារ​អ្នក​ប្រើ​ប្រាស់​ធំៗ​ដូច​ជា​អាមេរិក​ ចង់​ឱ្យ​លូត​លាស់​ដើម្បី​បន្ថយ​ការ​ពឹង​ជ្រុល​លើ​រោងចក្រ​របស់​ចិន។​

យ៉ាង​ណា​ក៏​ដោយ​ រដ្ឋបាល​លោក​ប្រធានា​ធិបតី​ ចូ បៃដិន ដូច​គ្នា​នឹង​រដ្ឋការ​លោក​ ដូណាល់ ត្រាំ ដែរ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​បាន​រំកិល​ទៅ​រកការ​អនុវត្ត​ទ្រឹស្ដី​បទ​សេដ្ឋកិច្ច​គាំ​ពារ​និយម​ និង​ផ្ដល់​អាទិភាព​ដល់​ការ​ផលិត​ក្នុង​សហរដ្ឋ​អាមេរិក​ ដែល​នេះ​រារាំង​ដល់​ការ​ពង្រីក​ជា​សារវ័ន្ត​នូវ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្លុក​តំបន់​នៃ​អ្នក​ផលិត​នាំ​ចេញ​ដូច​ជា​អាស៊ីអាគ្នេយ៍​ជា​ដើម។

អ្នក​ស្រី Susannah Patton នៃ​វិទ្យាស្ថាន​ Lowy បាន​លើក​ឡើង​ថា៖ «IPEF មិន​ទំនង​ជា​នឹង​ឆ្លើយ​តប​បាន​គ្រប់​គ្រាន់​ទៅ​នឹង​ការ​ទាម​ទារ​ចង់​បាន​ពី​សំណាក់​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​ឡើយ។ អំឡុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក​-អាស៊ាន​នា​ពេល​ថ្មីៗ​នេះ សូម្បី​តែ​ប្រទេស​ដែល​ទំនង​ជា​អ្នក​ចូល​រួម​សកម្ម​ជាង​គេ​ក្នុង​គម្រោង IPEF ដូច​ជា​ វៀតណាម​ និង​ម៉ាឡេស៊ី​ ជាដើម ក៏​ហាក់​បង្ហាញ​ជំហរ​ថ្នមៗ​និង​ទុក​ផ្លូវ​ក្រោយ​ដែរ​ទាក់​ទិន​នឹង IPEF និង​ក៏​ដូច​ជា​ចំណុច​ណា​ខ្លះ​ទៀត​ក្នុង ​IPEF ដែល​ខ្លួន​នឹង​ចូល​រួម»។

ព័ត៌មាន​ទាក់ទង៖ អ្នក​ជំនាញ៖ កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​ផ្តល់​លទ្ធផល​ជា​ទីមោទនៈ ខណៈ​អាមេរិក​ប្តេជ្ញា​បង្កើន​ទំនាក់ទំនង​ជាមួយ​អាស៊ាន​​​​​​​​​​​​​​

រក្សា​សន្ទុះ

បើ​សិន​ជា​លោក ចូ បៃដិន អញ្ជើញមក​រាជ​ធានី​ភ្នំពេញ​ដើម្បីចូល​រួម​ប្រជុំ​អាស៊ានក្នុង​ខែ​វិច្ឆិកា​ខាង​មុខ ពេល​ដែល​គេ​គ្រោង​លើក​កម្ពស់​ចំណង​មេត្រី​អាមេរិក​-អាស៊ាន​ដល់​កម្រិត​ «ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ» នោះ​ វា​នឹង​ជា​លើក​ទី ១ ហើយ​ក្នុង​រយៈពេល​ ៥ ឆ្នាំ​ចុង​ក្រោយ​ ដែល​ប្រធានា​ធិបតី​អាមេរិក​កាន់​តំណែង​ មក​ចូល​រួម​កិច្ច​ប្រជុំ​ចម្បងៗ​របស់​អាស៊ាន​ដោយ​ផ្ទាល់។

កាល​ពី​ឆ្នាំ ២០១៧ លោក ដូណាល់ ត្រាំ បាន​មក​ចូល​រួម​កិច្ចប្រជុំ​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​ APEC នៅ​ប្រទេស​វៀតណាម​ មុន​នឹង​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ប្រទេស​ហ្វីលីពីន។ ក្រោយ​មក​ លោក​បាន​ធ្វើ​ដំណើរ​មក​កាន់​តំបន់​អាស៊ីអាគ្នេយ៍​តែ​ពីរ​ដង​ទៀត​ប៉ុណ្ណោះ គឺ​មក​សិង្ហបុរី​នៅ​ឆ្នាំ ២០១៨ និង​មក​វៀតណាម​នៅ​ឆ្នាំ​ ២០១៩ ដើម្បី​តែ​មក​ជួប​មេដឹកនាំ​កូរ៉េខាង​ជើង​ គីម ជុងអ៊ុន ប៉ុណ្ណោះ។

អ្នកស្រី Sharon Seah នៃ​វិទ្យាស្ថាន Yusof Ishak ព្រមាន​អំពី​ការ​ផ្លាស់ប្ដូរ​ផ្នែក​គោល​នយោបាយ​នៅ​ខាង​ភាគី​អាមេរិក​ បន្ទាប់​ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្ដាល​អណត្តិ​របស់​អាមេរិក​នៅ​ឆ្នាំ​នេះ និង​ការ​បោះ​ឆ្នោត​ប្រធានាធិបតីអាមេរិក​នៅ​ឆ្នាំ ២០២៤ ខាង​មុខ។

«សំណួរ​នៅ​ត្រង់​ថាតើ​ រដ្ឋបាល​របៀប​បែប​ផែន​លោក ត្រាំ អាច​នឹង​មាន​លទ្ធ​ភាព​ត្រឡប់​មក​វិញ​ក្រោយ​ឆ្នាំ​ ២០២៤ ​ឬទេ ជាប្រធានបទ​ដែល​ស្ថិត​នៅ​ក្នុង​ការ​សញ្ជឹងគិត​របស់​បណ្ដា​ប្រទេស​អាស៊ាន​មួយ​ចំនួន»។

អ្នកស្រី Sharon Seah បាន​បន្ថែម​ថា៖ «ក្រិត្យ​សម្រេច​ដោយ​អង្គ​នីតិប្រតិបត្តិ​អាច​នឹង​ត្រូវ​បាន​លុប​ចោល​ដោយ​ងាយ​ បើ​សិន​ជា​មាន​ប្រធាន​ធិបតី​ថ្មី​ចូល​កាន់​តំណែង។ និយាយ​ឱ្យ​ប្រាកដ​និយម​ទៅ វិធីមួយ​ដែល​គួរ​ធ្វើ​គឺ​ការ​ប្រតិចារឹក​ចំណង​មេត្រី​ជាមួយ​អាស៊ាន​ ក្នុង​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ការ​អនុម័ត​ផ្ដល់​សច្ចាប័ន​ពី​សភា​អាមេរិក ដូច​ជា​ផ្នែក​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជា​ដើម។ នៅ​ពេល​ដែល​កាតព្វកិច្ច​ពហុ​ភាគី​និយម​ត្រូវ​បាន​សរសេរ​ជា​ច្បាប់​ហើយ​ នោះ​វា​នឹង​ពិបាក​នឹង​ត្រូវបាន​លុប​ចោល​ជាង​មុន»។

អ្នកស្រី Susannah Patton នៃ​វិទ្យាស្ថាន​ Lowy លើក​ឡើង​ថា​ អាស៊ាន​ខ្លួន​ឯង​ក៏​ត្រូវ​បង្កើន​តម្លៃ​និង​ឥទ្ធិពល​ខ្លួន​ឯង​ផង​ដែរ​ នៅ​ក្នុង​ក្រសែ​ភ្នែក​អាមេរិក​ មិន​មែន​ត្រូវ​អង្គុយ​ចាំ​អាមេរិក​បោះ​ដៃ​មក​រក​ខ្លួន​រហូត​នោះ​ទេ។

ចុះ​រឿង​សិទ្ធិ​មនុស្ស?

បណ្ឌិត Poongphisoot Busbarat នៃ​សាកល​វិទ្យាល័យ​ Chulalongkorn បាន​កត់​សម្គាល់​និង​សម្ដែង​ក្ដី​បារម្ភ​អំពី​អវត្ត​មាន​នៃ​ការ​លើក​ឡើង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ប្រជាធិតេយ្យ​ក្នុង​ក្រប​ខណ្ឌ​ទំនាក់​ទំនង​អាមេរិក​-អាស៊ាន​ ដ្បិត​អាមេរិក​មិន​ចង់​ឱ្យ​បញ្ហា​នេះ​ នាំ​មក​នូវ​រឿង​រកាំ​រកូស​ជាមួយ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ដែល​ភាគ​ច្រើន​គ្រប់​គ្រង​ដោយ​របប​ដៃ​ដែក។

បើ​តាម​សន្ទស្សន៍​ប្រជាធិបតេយ្យ​ប្រចាំ​ឆ្នាំ​ ២០២២​ របស់​ទស្សនា​វដ្ដី The Economist ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​ ១០ មាន​ប្រទេស​មួយ​ជា​របប​រាជា​ធិបតេយ្យ​ផ្ដាច់​ការ ប្រទេស ៤ ​ជា​របប​ផ្ដាច់​ការ​ និង​ប្រទេស ៥ ​ជា​របប​ប្រជា​ធិប​តេយ្យមិន​រឹង​មាំ។ រដ្ឋាភិបាល​គ្រប់​គ្រង​កម្ពុជា​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​របប​ផ្ដាច់​ការ៕