ភ្នំពេញ — ជាកូនកសិកររស់នៅជាមួយឪពុកម្តាយនៅខេត្តស្វាយរៀង លោក ថេង សាវឿន ចាប់ផ្តើមចេះធ្វើស្រែ តាំងពីលោកនៅវ័យជំទង់។
បងប្រុសរបស់លោក ថេង សាវឿន គឺលោក ប៊ុត កុសល្យ ប្រាប់វីអូអេកាលពីពេលថ្មីៗថា៖ «កាលនៅរៀនថ្នាក់វិទ្យាល័យ អនុវិទ្យាល័យអី គាត់ចេះស្ទូងដកតើ។ គាត់ចេះធ្វើស្រែ មិនមែនគាត់មិនចេះទេ។ គាត់ជាកូនកសិករ។ នៅស្រែ បើមិនធ្វើស្រែ ធ្វើអីទៀត»។
ដោយមានសវតាជាកសិករ ហើយបានឃើញអំពើអយុត្តិធម៌នានាមកលើប្រជាកសិករ លោក ថេង សាវឿន បានសម្រេចចាប់យកអាជីពជាអ្នកការពារសិទ្ធនិងផលប្រយោជន៍របស់កសិករ។
មុនលោក ថេង សាវឿន ត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារជាលើកទី ២ កាលពីពាក់កណ្តាលខែឧសភា លោកបានចំណាយពេលជាង ១០ឆ្នាំ ដើម្បីជួយការពារផលប្រយោជន៍របស់កសិករ ក្នុងនោះមានការបង្កើតសមាគមចងបណ្តាញជាមួយប្រជាកសិកររងគ្រោះផងដែរ។
នៅឆ្នាំ ២០១១ លោក ថេង សាវឿន និងសហការីមួយចំនួនទៀត បានចាប់ផ្តើមពិភាក្សាគ្នាអំពីការបង្កើតសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ដែលមានគោលបំណងការពារផលប្រយោជន៍របស់កសិករដែលរងគ្រោះ។
បងប្រុសរបស់លោក ថេង សាវឿន គឺលោក ប៊ុត កុសល្យ អាយុ ៣៩ឆ្នាំ ថ្លែងថា ការសម្រេចបង្កើតសមាគមនេះ ដោយសារវាជាចំណង់ចំណូលចិត្តមួយរបស់ប្អូនប្រុស ហើយលោក ថេង សាវឿន ចង់ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរងអំពើអយុត្តិធម៌។
លោក កុសល្ស ថ្លែងថា៖ «គាត់ជាមនុស្សដែលយកចិត្តទុកដាក់ទៅលើការលើកកម្ពស់ ការជួយជនរងគ្រោះឲ្យទទួលបានយុត្តិធម៌សង្គម ចង់លើកកម្ពស់ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ជាពិសេសគាត់បានមើលឃើញថា ពលរដ្ឋដែលរងគ្រោះហ្នឹងតែងទទួលបាននូវអំពើអយុត្តិធម៌»។
បច្ចុប្បន្ននេះ សមាគមរបស់លោក ថេង សាវឿន កំពុងប្រឈមនឹងចំណាត់ការផ្លូវច្បាប់ ដែលអាចឈានដល់ការរំលាយចោល ក្រោយលោក ថេង សាវឿន ត្រូវបានចោទប្រកាន់ថាញុះញង់កសិករឲ្យងើបបះបោរ បង្កឲ្យមានចលាចលសង្គម និងឈានទៅផ្តួលរំលំរដ្ឋាភិបាលតាមគ្រប់រូបភាព។ លោកត្រូវបានចោទប្រកាន់ចំនួន ពីរបទចោទ គឺញុះញង់បង្កឲ្យមានអសន្តិសុខក្នុងសង្គម និងរួមគំនិតក្បត់ ក្រោយពីលោកនិងសហការីបានរៀបចំវគ្គបណ្តុះបណ្តាលមួយ នៅក្នុងខេត្តរតនគិរី។ បទចោទនេះអាចនាំឲ្យលោកជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ប្រសិនបើតុលាការរកឃើញកំហុស។
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាដែលលោក ថេង សាវឿន បង្កើតឡើង ជាស្ថាប័នសមាជិកភាពដោយសហគមន៍កសិករមូលដ្ឋានរងគ្រោះ ដោយធ្វើការរួមគ្នា ក្នុងគោលបំណងដោះស្រាយបញ្ហាដីធ្លី ធនធានធម្មជាតិ និងការបណ្តេញដោយបង្ខំ ដែលកើតចេញពីគម្រោងអភិវឌ្ឍន៍នានា។ នេះបើតាមព័ត៌មានដែលផ្សព្វផ្សាយដោយសមាគម។ សមាគមដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីឆ្នាំ ២០១៥ មានទស្សនវិស័យចង់ឃើញប្រជាកសិកររស់នៅសមរម្យ ថ្លៃថ្នូរ មានសិទ្ធិសេរីភាពពេញលេញក្នុងការចូលរួមកែលម្អឲ្យមានអភិបាលកិច្ចមូលដ្ឋាន។
កើតនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ១៩៩០ ក្នុងភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ចម្ងាយប្រមាណ ១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ លោក ថេង សាវឿន ជាកូនទី ២ ក្នុងចំណោមបងប្អូនបួននាក់ ដែលមានប្រុស ៣នាក់ និងស្រី ១នាក់។ ឪពុករបស់លោក ឈ្មោះ ស៊ាង សារឿន អាយុ ៦៦ឆ្នាំ ជាកសិករធ្វើស្រែ និងម្ដាយឈ្មោះ តូច សាត អាយុ ៦៨ឆ្នាំ ជាកសិករធ្វើស្រែដែរ។
ម្តាយរបស់លោក ថេង សាវឿន គឺអ្នកស្រី តូច សាត ក៏បានចេញមុខតវ៉ានៅក្រសួងមហាផ្ទៃ ទាមទារឲ្យដោះលែងកូនប្រុសរបស់អ្នកស្រីផងដែរ។
ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ លោក ថេង សាវឿន ក៏បានចូលរួមការងារក្នុងផ្នែកអង្គការសង្គមស៊ីវិល ដោយបង្កើតសមាគមមួយ និងមានឱកាសធ្វើការជាមួយកសិករ រហូតដល់ថ្ងៃលោកត្រូវបានចាប់ខ្លួន។
មុននឹងចូលដឹកនាំសមាគមដែលលោកបង្កើតឡើង លោក ថេង សាវឿន ធ្លាប់បម្រើការងារជាយុវជនស្ម័គ្រចិត្ត ដោយចូលរួមធ្វើកិច្ចការសង្គមនៅតាមសមាគមអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដូចជាអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា សមាគមយុវជនកម្ពុជា សមាគមអភិវឌ្ឍន៍កសិករកម្ពុជា សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហភាពការងារកម្ពុជាជាដើម។
លោក ម៉ឺន រតនា អាយុ ៣៥ឆ្នាំ ដែលជាអគ្គលេខាធិការរងនៃសមាគមដែលលោកបានចូលរួមបង្កើត ឲ្យដឹងថា លោកស្គាល់លោក ថេង សាវឿន តាំងពីឆ្នាំ ២០០៨ ដោយសិក្សាផ្នែកច្បាប់ជាមួយគ្នានៅសាកលវិទ្យាល័យ រហូតដល់រួមគ្នាបង្កើតសមាគមកសិករមួយ ដោយមានសហការីពីរនាក់ផ្សេងទៀត។ លោកបន្ថែមថាលោក ថេង សាវឿន ជាមនុស្សមានឆន្ទៈមោះមុតក្នុងការជួយដល់កសិករ ទើបលោកបានបង្កើតសមាគមមួយនេះ។
លោក ម៉ឺន រតនា បានការពារវគ្គបណ្តុះបណ្តាលដែលសមាគមបានរៀបចំ មិនមែនមានចេតនា ឬគោលបំណងទៅផ្តួលរំលំរដ្ឋាភិបាលឡើយ។ លោកបន្ថែមថាសមាគមរបស់លោកមិនមានលទ្ធភាពទៅញុះញង់ប្រជាពលរដ្ឋឲ្យប្រឆាំងរដ្ឋាភិបាល ហើយការរៀបចំវគ្គបណ្តុះបណ្តាលនេះ ក្រុមការងារមិនមានអ្វីលាក់បាំងឡើយ ព្រោះវាធ្វើឡើងនៅសណ្ឋាគារមួយ។
បើតាមលោក ម៉ឺន រតនា លោក ថេង សាវឿន ក៏ធ្លាប់ត្រូវបានបញ្ចុះបញ្ចូលឲ្យចុះចូលជាមួយរដ្ឋាភិបាលផងដែរ មុនពេលលោកត្រូវបានចាប់ខ្លួន និងចោទប្រកាន់។
លោកបញ្ជាក់ថា៖ «មុនគេឃាត់ខ្លួនគាត់ហ្នឹង ខាងក្រសួងបានហៅគាត់ចរចាឲ្យទៅធ្វើការជាមួយនឹងខាងគេ ប៉ុន្តែគាត់បានបដិសេធជាមួយគេបីទៅបួនដង»។
ភរិយារបស់ លោក ថេង សាវឿន គឺអ្នកស្រី ញូង សុខហៀង អាយុ ៣៣ឆ្នាំ ថ្លែងថាលោក ថេង សាវឿន ចង់បង្កើតបណ្តាញសហគមន៍មួយ ដែលលោកអាចជួយកសិករដោយផ្ទាល់។
អ្នកស្រីបញ្ជាក់ថា៖ «គាត់ថា គាត់ចង់ធ្វើអីដែលជារបស់ខ្លួនឯង ដើម្បីជួយកសិករដោយផ្ទាល់ខ្លួនឯង។ អ៊ីចឹងគាត់ក៏ចាប់ផ្តើមបង្កើត CCFC ហ្នឹងមក»។
អ្នកស្រីបន្ថែមថា៖ «និយាយទៅគាត់ជួយខ្លាំងមែនទែន។ ផ្នែកមួយសំខាន់ គាត់លះបង់ច្រើន ពេលវេលាគ្រួសារ ក៏អត់មានសម្រាប់ខ្ញុំនិងកូនដែរ។ ទាំងសៅរ៍អាទិត្យ និយាយទៅឲ្យតែមានពេល គឺគាត់ឆ្លៀតពេលដើម្បីរកវិធីឬតិចនិកអ្វីមួយ ដើម្បីមានផលប្រយោជន៍ដល់កសិករ»។
នេះជាលើកទី ២ ហើយដែល លោក ថេង សាវឿន ជាប់ពន្ធនាគារ។ កាលពីខែមករា ឆ្នាំ ២០១៤ លោកត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារម្តងរួចមកហើយ ដោយកងទ័ពឆត្រយោងលេខ ៩១១ ខណៈពេលលោកចុះឃ្លាំមើលការតវ៉ាដំឡើងប្រាក់ឈ្នួលរបស់កម្មករនៅរោងចក្រយ៉ាកជីន ផ្លូវវ៉េងស្រេង ក្នុងរាជធានីភ្នំពេញ។ លោកត្រូវបានយកទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ អស់រយៈពេល ៥ខែ។
លោក សឹង សុខុម ជាតំណាងប្រជាពលរដ្ឋរងគ្រោះបាត់បង់ដីធ្លី ដោយសារក្រុមហ៊ុនស្ករអំពៅ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានស្គាល់លោក ថេង សាវឿន តាំងពីឆ្នាំ ២០១៨។ លោកថ្លែងថា សមាគមរបស់លោក ថេង សាវឿន បានចុះមកបង្រៀនកសិករឲ្យចេះធ្វើកសិកម្ម ដូចជាការធ្វើជីធម្មជាតិ បណ្តុះបណ្តាលបច្ចេកទេសដាំដំណាំ ចិញ្ចឹមសត្វមាន់ និងបង្រៀនឲ្យកសិករស្គាល់អំពីសិទ្ធិ និងយល់ដឹងពីច្បាប់ជាតិ និងអន្តរជាតិ។ តំណាងប្រជាពលរដ្ឋរូបនោះការពារថា លោក ថេង សាវឿន មិនដែលណែនាំប្រជាពលរដ្ឋឲ្យធ្វើសកម្មភាពប្រឆាំងគណបក្សនយោបាយ ឬឲ្យប្រឆាំងនឹងរដ្ឋាភិបាលឡើយ។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនដែលទទួលបានពាក្យអប់រំណា ឬក៏សហគមន៍ខ្ញុំក៏ដោយមិនដែលបានឮពាក្យអប់រំណារបស់លោក ថេង សាវឿន ឬក៏របស់ស្ថាប័ន CCFC ណា បង្រៀនឲ្យពួកយើងងើបប្រឆាំង ឬក៏គោលគំនិតផ្តួលរំលំរដ្ឋាភិបាលណា ឬក៏ថាឲ្យចូលបក្សនេះ បក្សនោះ ពួកយើងមិនដែលមានទេ»។
នៅក្នុងជីវិតអាពាហ៍ពិពាហ៍វិញ លោក ថេង សាវឿន បានរៀបការជាមួយអ្នកស្រី ញូង សុខហៀង កាលពីឆ្នាំ ២០១៦ ហើយពួកគេមានកូនប្រុសម្នាក់អាយុ ៤ឆ្នាំ ដែលមានឈ្មោះថា ថេង សវនៈប្រយុទ្ធ។
អនុស្សាវរីយ៍ចុងក្រោយរវាងលោក ភរិយា និងកូនប្រុស គឺការដើរលេងកម្សាន្តក្នុងខេត្តរតនគិរី បន្ទាប់ពីវគ្គបណ្តុះបណ្តាល ទីដែលលោក និងសហការីរបស់លោក២នាក់ ត្រូវរស់នៅក្នុងពន្ធនាគារ ហើយបាត់បង់សេរីភាព លែងបានជួបជុំគ្រួសារ និងកសិករ ដូចកាលពីពេលមុនទៀត។
ភរិយារបស់ លោក ថេង សាវឿន គឺអ្នកស្រី ញូង សុខហៀង ថ្លែងថា៖ «វាជាដំណើរកម្សាន្តលក្ខណៈគ្រួសារ និងក្រុមការងាររបស់គាត់ CCFC។ អត់នឹកស្មានថាវាមានរឿងហ្នឹងកើតឡើង។ រឿងហ្នឹងវាកើតឡើងដោយប្រញាប់ទាន់ហន់ពេក។ វាមិនគួរកើតតែម្តង»៕