ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹក​ទំនប់​ពី​វារីអគ្គិសនី​សេសាន​ចាប់​ផ្តើម​កសាង​សហគមន៍​ថ្មី​

ចាប់តាំងពីឆ្នាំ២០១៧ ផ្ទះរបស់សហគមន៍ជនជាតិដើមភាគតិច ត្រូវបានលិចលង់នៅសល់តែដំបូល ក្រោយដំណើរការផលិតថាមពលនៅទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)

ឃុំ​ស្រែគរ​ ខេត្ត​ស្ទឹង​ត្រែង—ទឹក​ទន្លេ​នៅ​ទី​នេះ​បានចាប់​ផ្តើម​ហក់​ឡើងក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ។​ ប្រជា​ពលរដ្ឋ​នៅ​ភូមិស្រែគរ​ដែល​ជា​ជនជាតិ​ដើម​ភាគតិច​បាន​ជួប​ប្រទះ​បញ្ហា​ទឹក​ឡើង​នេះជា​បន្ត​បន្ទាប់​ ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​

អ្នក​ភូមិ​ត្រូវ​បាន​អាជ្ញាធរ​និង​ក្រុម​ហ៊ុន​ប្រាប់​ឲ្យចាកចេញ​ពី​ភូមិ​របស់​គេ​មុន​ពេល​ភូមិ​របស់​គេ​នៅ​មិន​ទាន់​លិច​នៅ​ឡើយ​ ប៉ុន្តែ​ពួក​គេ​មិន​ព្រម​ចាក​ចេញទេ​ រហូត​ដល់​ទំនប់​វារី​អគ្គិសនី​ដែល​មាន​ទំហំ​ថាម​ពល​៤០០​មេហ្គាវ៉ាត់​ក្នុង​ស្រុក​សេសាន​ដាក់​ឲ្យដំណើរ​ការ។ ​នៅ​ពេល​ដែល​ទំនប់​នេះ​មាន​សមត្ថភាព​ផ្តល់​ថាមពល​៤០០​មេ​ហ្គាវ៉ាត់ ​ទំនប់​នេះ​ក៏​បាន​នាំ​មក​ជាមួយ​នូវ​ទឹក​ជំនន់​ផង​ដែរ។​

លោក ហ្វុត​ ឃឿន​ អាយុ​៤០​ឆ្នាំ ​ជា​តំណាង​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ស្រែគរ​នេះ។ ​លោក​ក៏​មិន​ព្រម​ទទួល​សំណង​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​ដែរ។ ​ដីស្រែ​ចម្ការ​របស់​លោក​សរុប​ជិត​៤​ហិកតា​ ​និង​ផ្ទះ​របស់​លោក​ត្រូវ​បាន​ទឹក​លិច​ ​នៅ​សល់​តែ​ដំបូលទេ ​មក​ដល់​បច្ចុប្បន្ន​នេះ។​

ទឹកចាប់ផ្តើមឡើង ដោយពលរដ្ឋអះអាងថាដោយសារការបិទទឹកដូចរាល់ដង នៅទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)

លោក​បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ផ្ទះ​ថ្មី​របស់​លោក ​ដែល​សង់​បាន​ជិត​៧០​ភាគរយ​ថា៖​ «ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ ​ក៏​ដូច​ជា​អ្នក​ភូមិ​ចាស់​នេះ​ផ្ទាល់ ​មិន​ព្រម​ទទួល​យក​សំណង ​ដោយសារ​តែ​ទី​មួយ ​គាត់​ចង់​រស់​នៅ​តំបន់​ភូមិ​ចាស់។ ​ទីពីរ​ ក៏​គាត់​មិន​ចង់​ឃ្លាត​ឆ្ងាយ​ពី​ផ្នូរ​ជីដូន​ជីតា​របស់​គាត់ ​លិច​ទឹក​នៅ​កណ្តាល​បាត​ទឹក។ ​គាត់​មិន​ចង់​ទៅ​ឆ្ងាយ ​ បើ​ទោះ​ទឹក​លិច​ផ្នូរ​នៅ​កន្លែង​ចាស់​ក៏​ដោយ»។​

ពលរដ្ឋ​អះអាង​ថា​ ​ដោយសារ​ការ​បិទ​ទឹក​នៅ​ទំនប់វារី​អគ្គិសនី​សេសាន​ក្រោម​២​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ដែល​ធ្វើ​ឲ្យ​ទឹក​ទន្លេ​ឡើង។​ ទឹក​បាន​លិច​តំបន់​របស់​ពួកគេ​ តាំង​ពី​ឆ្នាំ​២០១៧​ ​ពេល​ក្រុមហ៊ុន​ចាប់​ផ្តើម​ដំណើរ​ការ​ផលិត​ថាម​ពល ​ហើយ​ពួក​គេ​បាន​មក​រក​ទីទួល​នៅ​ក្បែរ​ទឹក ​និង​ភូមិ​ចាស់ដើម្បី​រស់​នៅ​ ដោយសារ​ពួកគេ​មិន​ចង់​ចាក​ចេញ​ទៅ​ឆ្ងាយពី​តំបន់​ចាស់ ​ហើយ​ពួកគេ​ចង់​តាមដាន​ថា ​ទឹក​នឹង​លិច​ដល់​កម្រិត​ណា។

Your browser doesn’t support HTML5

ពលរដ្ឋរងគ្រោះដោយសារទំនប់វារីអគ្គិសនីសេសាន ចាប់ផ្តើមកសាងសហគមន៍ថ្មី

ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​នៅក្នុង​ស្រុក​សេសាន ​ខេត្ត​ស្ទឹង​ត្រែងត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន។ ​ទំនប់​នេះ​មាន​ភាគ​ហ៊ុន​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​ចំនួន​៣​ ក្នុង​នោះ​មាន​ភាគ​ហ៊ុន​ពី​ក្រុមហ៊ុន​ចិន ​ខ្មែរ​ និង​វៀតណាម។​

គ្រួសារ​របស់​លោក​ហ្វុត ឃឿនគឺ​ជា​គ្រួសារ​មួយ​ក្នុង​ចំណោម​ប្រជាជន​រងគ្រោះ​សរុប​ចំនួន​៨៤៦​គ្រួសារ ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ទំនប់​នេះ។ ​ ភាគ​ច្រើន​ពួក​គេ​បាន​សម្រេច​ទទួល​សំណង​រួច​ហើយគឺ​ការ​តាំង​ទីលំនៅ​ថ្មី​នៅ​កន្លែង​ដែល​រៀប​ចំ​ដោយ​ក្រុមហ៊ុន ​ការ​ផ្តល់​ជា​ផ្ទះ​ ​ដី​ភូមិ​ និង​ថវិកា​មួយ​ចំនួន។​

ផ្ទះ​ ​វត្ត​អារាម​ សាលារៀន ទី​សក្ការៈ​ដូន​តា​ ដើម​ឈើ ​និង​រុក្ខ​ជាតិ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​ស្រែគរ​ត្រូវ​បាន​លិច​លង់​នៅ​សល់​តែ​ដំបូល និង​ចុង​ឈើ​តិចៗ​តែ​ប៉ុណ្ណោះ។​

ទឹកចាប់ផ្តើមឡើង ដោយពលរដ្ឋអះអាងថាដោយសារការបិទទឹកដូចរាល់ដង នៅទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)

លោក ហ្វុត ឃឿន អាយុ៤០ឆ្នាំ ជាតំណាង​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ការ​ស្ថាបនា​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ ដែល​មាន​ទំហំ​៤០០មេហ្គាវ៉ាត់ ក្នុងខេត្តស្ទឹងត្រែង ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)

លោក​ ឃឿន​បាន​ធ្វើ​ដំណើរ​តាម​ទូក​ម៉ាស៊ីន​ទៅ​មើល​ភូមិ​ចាស់​របស់​លោក​ដែល​ត្រូវ​ទឹក​លិច។ ​នៅ​ពេល​សាកសួរ​អំពី​អារម្មណ៍​របស់​លោក​ ​ពេល​ឃើញ​ភូមិ​ចាស់ លោក ​ហ្វុត​ ឃឿន​ ដែល​មិន​ព្រម​ទទួល​សំណងមាន​ប្រសាសន៍​ថា៖ ​«តំបន់​យើង​ធ្លាប់​រស់​នៅ​ពី​ដូន​តា​មក​ រហូត​មក​ដល់​ត​កូន​ត​ចៅ។ ​ដូច​ខ្ញុំ​រាល់​ថ្ងៃ​នេះ​ ក៏​មើល​ឃើញ​ទិដ្ឋ​ភាព​ វា​ស្រណោះ ​អាឡោះ​អាល័យ។ ​កន្លែង​យើង​ធ្លាប់​នៅ​ក្លាយ​ជា​ផ្ទៃ​ទឹក។ ​ពេល​ខ្លះ​យល់​សប្តិ​ សុបិន​អី​ក៏​នៅ​តែ​ដិត​ជាប់​នឹង​បេះដូង ​មិន​ថា តែ​អ្នក​នៅ​ភូមិ​ចាស់ ​អ្នក​នៅ​ភូមិ​ថ្មី។ ​និយាយ​ដូចៗ​គ្នា»។​

កំពុង​ចាក់​ជើង​តាង​សសរ​ដើម្បី​លក់​ឲ្យ​អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​ធ្វើ​ផ្ទះ​ លោក​ ឃឿន​ឲ្យ​ដឹង​ថា​ ប្រជា​ពលរដ្ឋ​ជាង​៦០​គ្រួសារ​ទៀត​នៅ​តំបន់​ស្រែគរ ​នៅ​បន្ត​ទាមទារ​សំណង​ឲ្យ​បាន​ប្រសើរ​ជាង​នេះគឺ​ការ​ផ្តល់​ជា​ថវិកា​សម្រាប់​ផ្ទះ​ ដី​ភូមិ​ ដី​ចម្ការ ​ស្រែ​ និង​ផល​ដំណាំ​ដែល​លិច​លង់។​

លោក​មាន​ប្រសាសន៍​ថា៖​ «គិត​ទៅ​ថា​ វា​ពីរ​បី​ឆ្នាំ​ហើយ ​រហូត​មក​ដល់​ថ្ងៃ​នេះ ​ក៏​ទឹក​នៅ​ឋិរ​ត្រឹម​ប៉ុណ្ណឹង។​ មិន​ថា​ តែ​រដូវ​វស្សា ​មិន​ថា​ តែ​រដូវ​ប្រាំង។ ​ជួន​កាល​ ​ចុះ​ទៅ​មួយ​ម៉ែត្រ​ទៅ​មួយ​ម៉ែត្រ​ជាង​ ​មួយ​ម៉ែត្រ​ពីរ​តឹក​អី​អ៊ីចឹង​ទៅ។ ​រហូត​មក​ដល់​ពេល​នេះ ​ក៏​ទឹក​នៅ​បន្ត​ចុះ ​បន្ត​ឡើង​ អត់​មាន​ភាព​ទៀង​ទាត់​ទេ»។​

លោក ​ឃឿន ​ដែល​មាន​កូន​៣នាក់ ​បន្ត​ថា បញ្ហា​ប្រឈម​នៅ​ដី​ថ្មី​គឺ​មិន​ទាន់​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវថ្នល់​ត្រឹម​ត្រូវ ​សាលា​មិន​មាន​គ្រូ​បង្រៀន ​ក្មេងៗ​មិន​បាន​ចូល​រៀន ​ហើយ​មិន​មាន​ទឹក​ស្អាត​ប្រើប្រាស់។​

រហូត​មក​ដល់​ពេល​នេះ​ ប្រជាជន​បាន​ចាប់​ផ្តើម​កសាង​ផ្ទះ​នៅ​តំបន់​ថ្មី​នេះ​ កសាង​វត្ត​អារាម ​និង​កន្លែង​បន់​ស្រន់​ផ្សេងៗ។​

ប្រជាពលរដ្ឋរងគ្រោះនៅភូមិស្រែគរដែលជាជនជាតិដើមភាគតិចជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការអភិវឌ្ឍសហគមន៍ថ្មីរបស់ពួកគេ នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)

ក្នុង​ការ​ជួបជុំ​មួយ​កាល​ពី​ថ្ងៃ​អង្គារ ​ដែល​មាន​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​រាប់​សិប​នាក់​ចូលរួម ​ លោក ហ្វុត ឃឿន​បាន​អំពាវនាវ​ឲ្យ​អ្នក​ភូមិ​ផ្សេងៗ​ទៀត​មក​សង់​ផ្ទះ​នៅ​ក្បែរ​គ្នា​ ហើយ​ចាប់​ផ្តើម​កសាង​ភូមិ​ថ្មី​មួយ​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖​ «យើង​ទាំង​អស់​គ្នា​នឹង​ធ្វើ​ឲ្យ​តំបន់​នេះ​ដូច​តំបន់​ចាស់។ ​ទោះ​ជា​មិន​ដូច​តំបន់​ចាស់​ក៏​ដោយ ​ក៏​ប៉ុន្តែ​យើង​ធ្វើ​វា​ឲ្យ​របៀប​ប្រហាក់​ប្រហែល​គ្នា។​ ​ផ្ទះ​ក៏​ធ្វើ​តាម​បណ្តោយ​ទឹក។ ​ចង់​ឲ្យ​នៅ​ជុំ​គ្នា ​ឲ្យ​វា​ស្រួល​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅ​មក។​ មាន​ការ​ឈឺ​ថ្កាត់​ពេល​យប់ ​ក៏​ដូច​ជា​មាន​មរណភាព​ផ្សេងៗ​បាន​ជួប​ជុំ​គ្នា​ ដោយ​សុខ​ស្រួល ​ដូច​ថា​ ​យើង​ប្រាស្រ័យ​ទាក់ទង​គ្នា​ងាយ​ស្រួល»។​

ចំណែក​លោក​ ខង ​អន ​អាយុ​៤៩​ឆ្នាំ ​ជន​រង​គ្រោះ​ម្នាក់​ទៀត ​មាន​ប្រសាសន៍​ថា លោក​បាត់ដី​សរុប​ប្រមាណ​៥​ហិកតា​ ហើយ​ឥឡូវ​លោក​កំពុង​សាងសង់​ផ្ទះ​ថ្មី ​ដើម្បី​រស់​នៅ។ ​លោក​បន្ត​ថា​ ​ជីវិតរបស់​ពលរដ្ឋ​បច្ចុប្បន្នមាន​ការ​លំបាក​ ដោយ​សារ​មិន​មាន​ដីធំដូច​មុន​ ដើម្បី​ធ្វើ​ស្រែ​ និង​ដាំ​ដំណាំ​ផ្សេងៗ។​

លោក ខង អន អាយុ៤៩ឆ្នាំ ជាពលរដ្ឋរងគ្រោះ ដោយសារការស្ថាបនាទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលមានទំហំ៤០០មេហ្គាវ៉ាត់ក្នុងខេត្តស្ទឹងត្រែង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)

លោក​ អន​ ដែល​ពឹង​ផ្អែក​ជីវិត​លើ​ការ​នេសាទត្រី​ផង​នោះ​ មាន​ប្រសាសន៍​ថា​ ​ប្រជាជន​នៅ​ទីនេះកំពុង​ចាប់​ផ្តើម​ជីវិត​ថ្មី​របស់​ពួក​គេ។​

លោក​ អន ​ដែល​កំពុង​សង់​ផ្ទះ​របស់​លោក​ផង​ដែរ​នោះ ​មាន​ប្រសាសន៍​ថា ​លោក​មិន​មាន​ដី​ធំ ​និង​ល្អ​សម្រាប់​ធ្វើ​ស្រែ​ និង​ដាំ​ដំណាំ​ទេ។​

លោក​អន ​ដែល​មាន​កូន​៤​នាក់ ​មាន​ប្រសាសន៍​ថា៖​ «មិន​មាន​ស្រែ​អី ​ស្រែ​លិច​អស់​ហើយ។ ​ដាំ​ស្រូវ​ប្រឡោះៗ​ចន្ទី។ ​វេទនា​កន្លែង​ហ្នឹង​ហើយ»។​

លោក​បន្ថែម​ថា៖​ «កសាង​ជីវិត​ថ្មី ​បើ​[សង់]​ផ្ទះ​ហើយ។​ ​ហើយ​កសាង​ជីវិត​ថ្មី​ បាន​សុខ ​បាន​សប្បាយ​ហើយ ​ក៏​អស្ចារ្យ​ហើយ ​ប៉ុណ្ណឹង»។​

VOA មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ម៉ុម សារឿន ​អភិបាល​ខេត្ត​ស្ទឹង​ត្រែង​បាន​ទេ។​

លោក ​វិចទ័រ ហ្សូនា ​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ថាមពល​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​ និង​ថាម​ពល ​មាន​ប្រសាសន៍​ថា ​ រដ្ឋាភិបាល​មាន​គោល​នយោបាយ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​សុវត្ថិភាព ​ដូច្នេះ​លោក​ថា​ ​ពលរដ្ឋ​ត្រូវ​តែ​ទៅ​នៅ​ទីន្លែង​សុវត្ថិ​ភាព ​ដែល​លោក​ថា​ ​រដ្ឋាភិបាល​បាន​សាងសង់​លំនៅដ្ឋាន​ឲ្យ​ពួកគេ​នៅ​ក្បែរ​ផ្លូវ​ជាតិ​លេខ​៧៨។​

លោក​មាន​ប្រសាសន៍​ថា៖​ «យើង​ត្រូវ​តែ​រើចេញ​ ​ព្រោះ​វា​លិច។ ​បើ​គាត់​អត់​រើ​ចេញ ​ ចុះ​នៅ​ពេល​បញ្ហា​មក​ គេ​ទប់​ទំនប់ ​ទប់​ទឹកទៅ ​ហើយ​មាន​ផល​ប៉ះពាល់ ​យើង​ត្រូវ​ទទួល​ខុស​ត្រូវ...​ប៉ុន្តែ​គាត់​ត្រូវ​តែ​ស្តាប់​យើង​ដើម្បី​សុវត្ថិភាព»។ ​

លោក​បន្ត​ថា ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​ទទួល​យក​សំណង​ ដូច្នេះ​លោក​ថា​ ​ ការ​មិន​ទទួល​យក​សំណង​របស់​ពលរដ្ឋ​ដែល​នៅ​សេស​សល់​មិន​មែន​ជា​បញ្ហា​នោះ​ទេ។​

លោក​ ហ្សូនា​ឲ្យ​ដឹង​ថា​ ​ក្នុង​ចំណោម​តួប៊ីន​ទាំង​៨​នៃ​ទំនប់​វារី​អគ្គិសនី​សេសានក្រោម​២​នេះ ​ភាគ​ច្រើន​ក្រុមហ៊ុន​បាន​ដំណើរ​ការ​ត្រឹម​តែ​៤​ទៅ​៦​តួប៊ីន​តែ​ប៉ុណ្ណោះ។​

សម្រាប់​លោក​ហ្វុត ឃឿន ​លោក​ចង់​រក្សា​តំបន់​ទឹក​លិច​នេះឲ្យ​នៅ​ជា​ភស្តុតាង​ និង​ធ្វើ​ជា​កន្លែង​ទេស​ចរណ៍​ បើ​ទោះ​ជា​លោក​មាន​ភាព​សោកសៅ ​ពេល​ឃើញ​តំបន់​លិច​ទឹក​នោះ​ម្តងៗ។​ លោក​សង្ឃឹម​ថា​ រដ្ឋាភិបាល​នឹង​មិន​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​ភូមិ​ថ្មី​ដែល​ពួក​គេ​កំពុង​ចាប់​ផ្តើម​ជីវិត​ថ្មី​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​នឹង​ទុក​តំបន់​ហ្នឹង​ជា​ភស្តុតាង ​ទីពីរ​ទុក​គ្រាន់​មើល ​គ្រាន់​កម្សាន្ត​លេង ​ក៏​ដូច​ជា​ជន​ជាតិ​បរទេស។ ​គាត់​មក ​គ្រាន់​ចែក​រំលែក ​ក៏​ដូចជា​ចង់​បាន​ព័ត៌មាន​ផ្សេងៗទាក់ទង​នឹង​ការ​អភិវឌ្ឍ​ហ្នឹង។ វា​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ហ្នឹង​ត្រូវ​លិច​លង់ ​ត្រូវ​បាត់​បង់​ទ្រព្យ​សម្បត្តិ»៕