ក្រុមអ្នកជំនាញលើកិច្ចការទន្លេមេគង្គ បានសាទរកិច្ចសន្យារបស់ប្រទេសចិនក្នុងការចែករំលែកទិន្នន័យទន្លេមេគង្គបន្ថែម តែបានសម្ដែងមតិថា ការដោះដូរទិន្នន័យជលសាស្ត្រ គួរត្រូវបានពង្រីក និងបង្កើនថែមទៀត។
សំណើនេះ ធ្វើឡើងមួយសប្ដាហ៍ក្រោយគណៈកម្មការទន្លេមេគង្គ (Mekong River Commission ឬ MRC) ដែលមានប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាមជាសមាជិកនិងក្រសួងធនធានទឹករបស់ប្រទេសចិន សម្រេចបានកិច្ចព្រមព្រៀងថ្មីមួយ បង្កើនការចែកទិន្នន័យទន្លេមេគង្គពីចិនមកប្រទេសខ្សែទឹកខាងក្រោមឱ្យបានញឹកញាប់ជាងមុន។
ការសម្រេចបានកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោយពីនាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានសន្យានៅចំពោះមុខមេដឹកនាំនៃបណ្ដាប្រទេសមេគង្គថា ចិននឹងចែករំលែកទិន្នន័យបច្ចេកទេសទឹកបន្ថែម ខណៈដែលចិនរងការចោទថា បានប្រើប្រាស់ទំនប់វារីអគ្គិសនីទាំង១១របស់ខ្លួន ទប់ទឹកមិនទម្លាក់ឱ្យប្រទេសខ្សែទឹកខាងក្រោម ក្នុងអំឡុងពេលមានគ្រោះរាំងស្ងួត កាលពីឆ្នាំមុន។
រូបឯកសារ៖ ទំនប់វារីអគ្គិសនី Dachaoshan នៅលើដងទន្លេមេគង្គក្នុងទីក្រុង Dachaoshan ខេត្ត Yunnan ប្រទេសចិន។
បើយោងតាមគណៈកម្មការទន្លេមេគង្គ ការចែករំលែកទិន្នន័យពីទំនប់ Yunjinghong ដែលកាត់តាមផ្ទៃទន្លេធំ និងទំនប់ Manan ដែលកាត់តាមដៃទន្លេ ក្នុងខេត្តយូណាន ប្រទេសចិន នឹងត្រូវធ្វើពីរដងក្នុងមួយថ្ងៃ ហើយធ្វើមួយឆ្នាំពេញតែម្ដង ខុសពីកាលមុន ដែលការចែករំលែកធ្វើតែក្នុងរដូវវស្សានៅតំបន់ឥណ្ឌូចិន ពីខែមិថុនា ដល់ខែតុលា។
ក្នុងវេទិកាពិភាក្សាដែលរៀបចំដោយវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្ដិភាព (CICP) កាលពីថ្ងៃអង្គារ លោក Brian Eyler នាយកកម្មវិធីសិក្សាអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌល Stimson Center សហរដ្ឋអាមេរិក បានសាទរ តែចោទសួរអំពីជំហានដែលសម្រេចបានដោយចិន និងគណៈកម្មការទន្លេមេគង្គ (MRC)។
លោក Brian Eyler ដែលនិពន្ធសៀវភៅ Last Days of the Mighty Mekong មានប្រសាសន៍ថា៖
«វាជារឿងប្រពៃណាស់។ តែសំណួរនោះត្រង់ថា តើអាចនឹងមានអ្វីបន្ថែមដែរឬទេ? នៅពេលនេះ កិច្ចព្រមព្រៀងចែករំលែកទិន្នន័យនៅតែមានកម្រិតមែនទែនដែលនៅត្រឹមពីរស្ថានីយ៍[របស់ចិន]។ នៅពេលស្ថានីយ៍ទំនប់វារីអគ្គិសនីផ្សេងទៀតនៅខ្សែទឹកខាងលើ[ក្នុងទឹកដីចិន] មិនត្រូវបានរាប់បញ្ចូលនៅក្នុងកិច្ចព្រមព្រៀងនេះនៅឡើយ»។
យោងតាមរបាយការណ៍ស្រាវជ្រាវពីទិន្នន័យមើលពីផ្កាយរណបរបស់ក្រុមហ៊ុនអាមេរិកាំងឈ្មោះ Eyes on Earth ចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២០ ប្រទេសចិន មិនបានបើកបញ្ចេញទឹកឱ្យមានសមាមាត្រមកដល់ប្រទេសមេគង្គខ្សែទឹកខាងក្រោមឡើយ អំឡុងពេលមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរ នៅឆ្នាំ២០១៩ កន្លងទៅ។ រដ្ឋាភិបាលនិងអ្នកស្រាវជ្រាវចិន បានបដិសេធការចោទប្រកាន់នេះ។
លោកបណ្ឌិត Watcharas Leelawath អ្នកប្រឹក្សាឯករាជ្យនិងជាអតីតនាយកវិទ្យាស្ថានមេគង្គ (MI) បានស្នើថា គណៈកម្មការទន្លេមេគង្គ និងមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកមេគង្គឡានឆាងរបស់ចិន គួរធ្វើការបន្ថែមទៀតលើការងារបច្ចេកទេសលម្អិតអំពីការដោះដូរ និងបម្រើបម្រាស់ទិន្នន័យជលសាស្ត្រពីឡានឆាងមកមេគង្គ។
«ការចែករំលែកនៃទិន្នន័យគួរតែត្រូវបានធ្វើក្នុងល្បឿនរហ័សទាន់ចិត្ត ដែលអាចឱ្យបណ្ដាជននៅតាមប្រទេសខ្សែទឹកខាងក្រោមចាត់វិធានការបង្ការទាន់ពេលវេលា បើសិនជាពួកគេ បានដឹងទិន្នន័យ ព្រោះទិន្នន័យជាសម្បត្តិទ្រព្យ ដែលលោកអ្នកអាចប្រើប្រាស់ ដើម្បីសម្រេចចិត្ត ល្គឹកណាលោកអ្នកមានទិន្នន័យដែលល្អនិងសព្វគ្រប់»។
រូបឯកសារ៖ ផ្ទះប្រជាពលរដ្ឋតាមដងទន្លេមេគង្គត្រើយខាងកើតត្រូវបានថតក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩។ (ទុំ ម្លិះ/វីអូអេ)
អ្នកជំនាញរូបនេះបានបន្ថែមថា ចិននិងប្រទេសមេគង្គ គួរតែបង្កើតនូវ«ក្រុមប្រឹក្សាយោបល់»ដែលមានឯកទេស ដើម្បីកំណត់«លក្ខខណ្ឌតម្រូវអប្បបរមា»ពីការចែករំលែកទិន្នន័យ ពេលមានជំនន់គ្រោះរាំងស្ងួត និងបម្រែបម្រួលទឹក។
«យើងត្រូវការការលើកកម្ពស់នូវភាពស្មោះត្រង់ក្នុងចំណោមបណ្ដាប្រទេសក្នុងតំបន់ ដូច្នេះពួកគេផុសចេញនូវឆន្ទៈក្នុងការចែករំលែកទិន្នន័យអំពីគម្រោងអភិវឌ្ឍន៍ និងទិន្នន័យអំពីបញ្ហាទឹក»។
សម្រាប់មន្ត្រីរដ្ឋាភិបាល កិច្ចព្រមព្រៀងថ្មីជាមួយចិនក្នុងការចែករំលែកទិន្នន័យមេគង្គ ជាប្រការវិជ្ជមាន។
លោក គល់ វឌ្ឍនា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលជាស្ថាប័នរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងទន្លេមេគង្គ បានលើកឡើងថា៖
«កាលណាដែលចិនឯកភាពផ្ដល់ទិន្នន័យមកឱ្យយើងជាការប្រសើរណាស់ មិនមែនតែ MRC បួនប្រទេស តែកម្ពុជាក៏ល្អប្រសើរដែរ ព្រោះតែកាលណាទិន្នន័យមកដល់MRC គឺប្រទេសទាំងបួនអាច Access [ចូលទៅយកទិន្នន័យ] បាន»។
មន្ត្រីរដ្ឋាភិបាលកម្ពុជារូបនេះ បានយល់ស្របនឹងសំណើដែលចង់ឱ្យចិនបង្កើនការចែករំលែកទិន្នន័យពីស្ថានីយ៍ផ្សេងទៀត។
«ឧទាហរណ៍ថា ឥឡូវគេឱ្យយើងអាខាងក្រោម យើងគ្រាន់តែដឹងអាខាងក្រោម ឧបមាថា ខាងលើមានទំនប់ណាមួយ គាត់ឃាត់ទឹកទុក ហើយគាត់មិនបានព្រលែង អ៊ីចឹង យើងដឹងតែអាខាងក្រោម ខាងលើអត់ព្រលែង ហើយខាងលើនោះ វាមានទឹកច្រើន មានភ្លៀង មានអីអ៊ីចឹងដឹងអ៊ីចឹង ព័ត៌មានអាចដឹងបន្ថែមអ៊ីចឹង»។
យ៉ាងណាក៏ដោយ លោក គល់ វឌ្ឍនា បានលើកឡើងថា បណ្ដាប្រទេសនៅខ្សែទឹកខាងក្រោមទន្លេមេគង្គពុំមានអំណាចផ្លូវច្បាប់អន្តរជាតិអ្វី ទៅចាប់បង្ខំប្រទេសចិនឱ្យប្រគល់នូវទិន្នន័យពីទំនប់មេគង្គដែលស្ថិតក្នុងទឹកដីចិននោះទេ។
«យើងក៏អត់មានហេតុផលអ្វីទៅសួរដេញដោលគេទេ ពីព្រោះធម្មតានៅក្នុងការចរចា ព្រោះនេះជាដៃគូសន្ទនា អ៊ីចឹងយើងត្រូវ Handle it with care (ថែថួនដោយប្រុងប្រយ័ត្ន) មានន័យថា យើងត្រូវចរចាយ៉ាងម៉េច ដើម្បីរក្សានូវចំណងទាក់ទង ដើម្បីឈានទៅសហប្រតិបត្តិការជាបណ្ដើរៗ ឱ្យបានកាន់តែច្រើនទៅៗ»។
លោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ MRC បានលើកឡើងថា ស្ថាប័នរបស់លោកកំពុងដោះស្រាយព្យាយាមពង្រីកវិសាលភាពទិន្នន័យពីប្រភពផ្សេង ដែលមានប្រយោជន៍បម្រើការងារបច្ចេកទេសរបស់ខ្លួន។
ទាក់ទងនឹងកិច្ចព្រមព្រៀងចែកទិន្នន័យជាមួយចិន លោក អាន ពេជ្រហត្ថដា បានប្រាប់ VOA តាមខ្សែទូរស័ព្ទពីទីក្រុងវៀងចន្ទន៍មកថា៖
«វាជាការចាប់ផ្ដើមដ៏ល្អមួយហើយឈានទៅរកទិសដៅមួយដែលមិនធ្លាប់មានពីមុនមក ពីព្រោះថា វានឹងជួយឱ្យលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គនេះ ធ្វើការព្យាករកម្ពស់ទឹកទន្លេ បានប្រសើរឡើងជាពិសេសនៅរដូវប្រាំង ដែលជាង២៥ឆ្នាំកន្លងមកនេះ យើងពុំមានទិន្នន័យរដូវប្រាំងពីប្រទេសចិនទេ យើងអត់ដែលមានទេ»។
លោក អាន ពេជ្រហត្ថដា បានឱ្យដឹងថា ទិន្នន័យខែប្រាំងពីស្ថានីយ៍ទាំងពីរខាងលើ គណៈកម្មការទន្លេមេគង្គ បានព្យាយាមស្នើពីប្រទេសចិនអស់កាល១៨ឆ្នាំកន្លងមកហើយ ក្នុងនោះគណៈកម្មការទន្លេមេគង្គ រមែងបានបញ្ជូនប្រាប់ទៅឱ្យភាគីចិនដឹងពីស្ថានភាពនៃតម្រូវការរបស់ខ្លួន។
«បាទ យើងបានធ្វើការរួមគ្នា យើងតែងតែលើកឡើងពីយើងនិយាយទៅអំពីតម្រូវការ ពីតម្រូវការរបស់យើងជាពិសេស ជាពិសេសនៅពេលយើងជួបប្រទះ ជាពិសេសជួបប្រទះលំហូរទន្លេទាប ឬភាពរាំងស្ងួត ហើយជាពិសេសសមាជិកប្រទេសមេគង្គទាំងអស់នេះ តែងចង់ដឹង អំពីមូលហេតុ ហេតុអីទឹកទន្លេមេគង្គមានកម្ពស់ទាប ឬក៏រាំងស្ងួត»។
នាយកប្រតិបត្តិលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ MRC បន្ថែមថា ខណៈដែលទិន្នន័យពីប្រទេសចិនបានមកមិនទាន់គ្រប់គ្រាន់ ការផ្គត់ផ្គង់ទិន្នន័យពីបណ្ដារដ្ឋសមាជិក MRC ខ្លួនឯងក៏មិនទាន់គ្រប់គ្រាន់ដែរ។
ត្រឡប់មកវេទិកាជជែកពិភាក្សារបស់ CICP វិញ លោក Brian Eyler នៃមជ្ឈមណ្ឌល Stimson បានស្នើឱ្យមាន«តម្លាភាព»គ្រប់ជ្រុងជ្រោយលើបញ្ហាមេគង្គ។
«រឿងតម្លាភាពនោះ វាមិនគ្រាន់តែការចែករំលែកទិន្នន័យរវាងរដ្ឋាភិបាលប៉ុណ្ណោះទេ។ តែវាទាក់ទងឈានដល់ការពង្រីក ការចែករំលែកទិន្នន័យដល់សហគមន៍ដែលមានតម្រូវការ និងបំពាក់នូវមូលដ្ឋានចំណេះដឹងដល់ប្រជាជននិងអ្នកវិទ្យាសាស្ត្រនិងអ្នករស់នៅតាមបណ្ដោយដងទន្លេឱ្យពួកគេអាចរាយការណ៍ពីស្ថានការណ៍ប្រឈមសម្រាប់ពួកគេ»។
មជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកមេគង្គឡានឆាង ប្រចាំនៅទីក្រុងប៉េកាំង ប្រទេសចិន មិនទាន់បានឆ្លើយតបនឹងសារអេឡិចត្រូនិករបស់ VOA ស្នើសុំមតិយោបល់ និងព័ត៌មាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃពុធនេះ។
ទន្លេមេគង្គមានប្រវែងសរុប ៤៩០៩ គីឡូម៉ែត្រ ហូរកាត់ប្រទេសចិន ភូមា ឡាវ ថៃ កម្ពុជា និងវៀតណាម៕