ភ្នំពេញ៖ រយៈពេលតែ១៦ថ្ងៃប៉ុណ្ណោះ ក្រោយពីឧបទ្ទវហេតុដែលបានកើតមានឡើងនៅលើស្ពានពេជ្រនៃមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ ដែលបានឆក់យកជីវិតមនុស្សជាង៣០០នាក់នោះ សាលាក្រុងភ្នំពេញបានធ្វើពិធីយ៉ាងអធិកអធមមួយកាលពីថ្ងៃពុធនេះ ដើម្បីបើកស្ពាននេះឱ្យចរាចរណ៍ឡើងវិញ។ មន្ត្រីគណបក្សប្រឆាំង និងជនរងគ្រោះដែលរស់រានមានជីវិតក្រោយពីព្រឹត្តិការណដ៏សោកសៅនេះ បានសម្តែងការមិនពេញចិត្តចំពោះការបើកឱ្យដំណើរការឡើងវិញទេ ដោយពួកគេចង់រក្សាទុកស្ពាននេះជាទីតាំងប្រវត្តិសាស្រ្តសម្រាប់ភ្ញៀវទេសចរណ៍មកទស្សនា។
កាលពីថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅនេះ នៅថ្ងៃបញ្ចប់នៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ មានព្រឹត្តិការណ៍សោកនាដកម្មមួយបានកើតមានឡើងដោយសារតែការភ័យស្លន់ស្លោរត់ជាន់គ្នានៅលើស្ពានពេជ្រ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិច៣៥៣នាក់ស្លាប់បាត់បង់ជីវិត និងប្រមាណជិត៤០០នាក់ផ្សេងទៀត បានទទួលរងរបួស។
លោក កែប ជុតិមា អភិបាលក្រុងភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកកាសែតក្រោយពីពិធីក្រុងពាលី តាមបែបព្រះពុទ្ធសាសនាមួយត្រូវបានធ្វើឡើងថា ការបើកឱ្យដំណើរការស្ពានពេជ្រនេះឡើងវិញ គឺដោយសារតែថ្ងៃនេះ គឺជាថ្ងៃល្អ ដើម្បីឱ្យមហាជនបានធ្វើដំណើរឡើងវិញ។
លោកបានមានប្រសាសន៍ថា មជ្ឈមណ្ឌលកំសាន្តកោះពេជ្រនឹងមានគម្រោងសាងសង់ស្ពានបន្ថែមចំនួនពីរផ្សេងទៀតដើម្បីបញ្ចៀសនិងការពារចំពោះឧបទ្ទវហេតុដែលបានកើតមានឡើងនៅពេលក្រោយៗទៀត។
លោក កែប ជុតិមាមានប្រសាសន៍ថា៖
«យើងពិតជាប្រឹងប្រែងដើម្បីជួយឱ្យការអភិវឌ្ឍកោះពេជ្រនេះ មានការលូតលាស់ពីព្រោះកោះពេជ្រលូតលាស់ក៏មានន័យថាភ្នំពេញលូតលាស់។ ភ្នំពេញលូតលាស់ គឺមានន័យថាព្រះរាជាណាចក្រកម្ពុជារបស់យើងលូតលាស់ដែរ»។
យ៉ាងតិចមានមនុស្សប្រមាណជាង១០០នាក់បានធ្វើដំណើរដោយថ្មើរជើងខ្លះ តាមម៉ូតូខ្លះ រថយន្ត និងតាមរ៉ឺម៉កកង់បីឆ្លងកាត់ស្ពានពេជ្រភ្លាមៗដែរក្រោយពីបានបើកឱ្យដំណើរការប្រមាណតែកន្លះម៉ោងប៉ុណ្ណោះ។
លោកឧកញ៉ា ពុង ខៀវសែ ប្រធានមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ មិនបានផ្តល់អត្ថាធិប្បាយណាមួយដល់អ្នកសារព័ត៌មានទេ ក៏ប៉ុន្តែលោកបានធ្វើដំណើរតាមរថយន្តទំនើបមួយឆ្លងកាត់ស្ពានពេជ្រនេះផងដែរ។
លោក ម៉ក់ សារិត អាយុ៣០ឆ្នាំ មកពីស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលកំពុងដើរឆ្លងកាត់ស្ពានពេជ្របាននិយាយថា លោកគាំទ្រឱ្យបើកដំណើរការស្ពានពេជ្រនេះឡើងវិញ ពីព្រោះដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។
«បាទ ខ្ញុំយល់ថា ការដែលបើកដំណើរការស្ពានវិញ ជាការល្អ ព្រោះកន្លែងនេះជាកន្លែងតំបន់ឆ្លងកាត់ហើយជាតំបន់ដែលរមណីយដ្ឋានដ៏សប្បាយមួយហើយ គឺជាស្នាដៃដ៏ល្អនៅក្នុងទីក្រុងភ្នំពេញយើងដែលធ្លាប់មានពីមុនមក»។
លោកគឹម ស៊ូភិរិទ្ធ អ្នកតំណាងរាស្រ្ត និងជាអ្នកនំាពាក្យស្តីទីនៃគណបក្សសម រង្ស៊ី បាននិយាយថា លោកសម្តែងការសោកស្តាយ ចំពោះស្ពានពេជ្រ ដែលបានសម្លាប់មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់នោះមិនទាន់ទាំងស្ងប់អារម្មណ៍ និងការក្តុកក្តួលរបស់ប្រជាពលរដ្ឋខ្មែរនៅឡើយទេ ដូច្នេះរដ្ឋាភិបាលមិនគួរបើកឱ្យដំណើរការស្ពានពេជ្រនេះឡើងវិញទេ។
«រដ្ឋាភិបាលគួរតែប្រមើលមើលវែងឆ្ងាយទៅដល់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសថាតើគាត់បានធូរស្រាល។ គាត់អាចបានដាក់ចិត្ត និងទទួលយកការបើកឱ្យដំណើរការស្ពានវិញបានហើយនៅ»។
លោករស់ គង់ អ្នករស់រានមានជីវិតមួយរូបក្រោយពីព្រឹត្តិការណ៍រត់ជាន់គ្នានៅលើស្ពានពេជ្រមិនបានគាំទ្រចំពោះការបើកឱ្យដំណើរការស្ពានពេជ្រឡើងវិញទេ។
លោកបានមានប្រសាសន៍ទៀតថា ស្ពាននេះគួរតែទុកជាប្រវត្តិសាស្រ្តសម្រាប់ភ្ញៀវទេសចរណ៍។
«ខ្ញុំចង់ឱ្យកន្លែងនេះក្លាយទៅជាទីប្រវត្តិសាស្រ្តមួយដែលខ្មែរយើងមិនធ្លាប់មានការប្រជ្រៀតស្លាប់ច្រើនដល់ថ្នាក់នេះ។ អញ្ចឹងទៅខ្ញុំចង់ឱ្យទុកជាកន្លែងមួយដែលប្រជាពលរដ្ឋអាចទៅគោរពបូជាក៏ដូចជាបានមើលឃើញទិដ្ឋភាពដែលបានស្លាប់កាលពីថ្ងៃទីបី នៃថ្ងៃអុំទូកឆ្នាំ២០១០នេះ»។
ចំណែកលោកចាន់ សេរី អាយុ៣៧ឆ្នាំ ដែលសមាជិកក្រុមគ្រួសារចំនួនបួនរូបបានស្លាប់បាត់បង់ជីវិត រួមមានប្រពន្ធនិងកូនចំនួនបីនាក់នៅលើស្ពានពេជ្រនេះ បាននិយាយយ៉ាងដូច្នេះថា៖
«ធ្វើទៅវាប៉ះពាល់។ នេះវាអត់សមដែរ ព្រោះនេះដូចថា មរណភាពសពនៅដេកលើហ្នឹង។ បើតាមខ្ញុំគិតទៅពិបាកដែរ ពេលដែលបើកទៅឧបមាថា យើងដើរជាន់ដូចថាវិញ្ញាណវិលវល់នៅលើស្ពាន»។
បន្ទាប់ពីឧបទ្ទវហេតុ ដែលបានកើតមានឡើងនៅលើស្ពានពេជ្រ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានទទួលស្គាល់ថា នេះគឺជាការធ្វេសប្រហែសរបស់មន្រ្តីរដ្ឋាភិបាល។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មិនមានមន្រ្តីរដ្ឋាភិបាលណាម្នាក់ដែលទទួលខុសត្រូវចំពោះឧបទ្ទវហេតុនេះត្រូវបានដកចេញពីមុខតំណែងទេ៕