បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសភ្លាមៗកាលពីថ្ងៃទី ២១ ខែកក្កដាថា លោកនឹងដកខ្លួនចេញពីការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋលោក Donald Trump បានទាមទារឱ្យលោកចុះចេញពីតំណែង។
លោក Trump បានបញ្ជាក់នៅលើបណ្ដាញសង្គមអនឡាញថា៖ «ជនទុច្ចរិត Joe Biden មិនសក្តិសមឈរឈ្មោះជាប្រធានាធិបតី ហើយប្រាកដណាស់គឺមិនសក្តិសមធ្វើជាប្រធានាធិបតីនោះទេ គឺមិនដែលសក្តិសមធ្វើជាប្រធានាធិបតីទាល់តែសោះ»។
លោក Trump បានហៅលោក Biden ថាជា «ប្រធានាធិបតីដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក» និងបាននិយាយថា លោក Biden «ចាកចេញពីការប្រកួតដោយអាម៉ាស់បំផុត!»។
ប្រធានរដ្ឋសភាអាមេរិកលោក Mike Johnson និងសមាជិកផ្សេងទៀតខាងគណបក្សសាធារណរដ្ឋដែលស្មោះស្ម័គ្រនឹងលោក Trump បានគាំទ្រការទាមទាររបស់លោក Trump នេះ។
លោក Johnson បានបញ្ជាក់នៅក្នុងសារមួយថា៖ «ប្រសិនបើលោក Joe Biden មិនសក្ដិសមឈរឈ្មោះជាប្រធានាធិបតី លោកក៏មិនសក្តិសមធ្វើជាប្រធានាធិបតីដែរ។ លោកត្រូវតែលាលែងពីតំណែងជាបន្ទាន់។ ថ្ងៃបោះឆ្នោតទី ៥ វិច្ឆិកាខាងមុខគឺនៅយូរទៀត»។
អ្នកស្រី Elise Stefanik ដែលជាសមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋឋានៈទី ៤ បានលើកឡើងថា៖ «ប្រសិនបើលោក Joe Biden មិនអាចឈរឈ្មោះបោះឆ្នោតនៅអាណត្តិទីពីរ លោកក៏មិនអាចនិងមិនសក្តិសមក្នុងការធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកដែរ។ លោកត្រូវតែលាលែងពីតំណែងជាបន្ទាន់»។
មេដឹកនាំរងខាងគណបក្សសាធារណរដ្ឋនៃរដ្ឋសភាលោក Tom Emmer ដែលមានឋានៈទី ៣ នៅក្នុងជួរគណបក្សសាធារណរដ្ឋនៅរដ្ឋសភា បានបញ្ជាក់នៅលើបណ្ដាញសង្គមអនឡាញថា៖ «ប្រសិនបើគណបក្សប្រជាធិបតេយ្យយល់ថាលោក Joe Biden មិនសក្តិសមឈរឈ្មោះជាប្រធានាធិបតីនៅអាណត្តិទីពីរ លោកក៏ប្រាកដជាមិនសក្តិសមក្នុងការគ្រប់គ្រងលើកូដនុយក្លេអ៊ែររបស់យើងនោះដែរ។ លោក Biden ត្រូវតែចុះចេញពីតំណែងជាបន្ទាន់»។
តាមផ្លូវច្បាប់ ការទាមទាររបស់គណបក្សសាធារណរដ្ឋក្នុងការឱ្យលោក Biden ចុះចេញពីតំណែងគឺគ្មានន័យនោះទេ។ លោកប្រធានាធិបតី Biden មានសិទ្ធិអំណាចក្នុងការបំពេញតួនាទីសម្រាប់រយៈពេលដែលនៅសេសសល់នៃអាណត្តិរបស់លោក។ នេះបើតាមការបញ្ជាក់របស់លោក Michael Thorning ប្រធានគម្រោងលទ្ធិប្រជាធិបតេយ្យរចនាសម្ព័ន្ធនៃមជ្ឈមណ្ឌល Bipartisan Policy Center។
លោកបានប្រាប់ VOA ថា៖ «គ្មានលក្ខខណ្ឌណាមួយនៃរដ្ឋធម្មនុញ្ញដែលតម្រូវឱ្យប្រធានាធិបតីត្រូវតែឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិទីពីរដើម្បីនៅបន្តធ្វើជាប្រធានាធិបតីក្នុងពេលវេលាសេសសល់នៃអាណត្តិទីមួយនោះឡើយ»។
សេតវិមានមិនបានឆ្លើយតបចំពោះសំណើរបស់ VOA ដែលសុំយោបល់ទាក់ទិននឹងការទាមទាររបស់គណបក្សសាធារណរដ្ឋនេះទេ។
ការទាមទាររបស់គណបក្សសាធារណរដ្ឋឱ្យលោក Biden ចុះចេញពីតំណែងនេះបានបន្ថែមភាពចលាចលបន្ថែមទៀតដល់នយោបាយសហរដ្ឋអាមេរិក នៅក្រោយការប្រកាសរបស់លោក Biden ដែលធ្វើឱ្យផ្លូវឆ្ពោះទៅមុខសម្រាប់គណបក្សប្រជាធិបតេយ្យមានភាពស្រពិចស្រពិល។
លោក Larry Sabato ប្រធានមជ្ឈមណ្ឌលនយោបាយនៃសាកលវិទ្យាល័យ Virginia បាននិយាយថា គណបក្សសាធារណរដ្ឋ «កំពុងលេងល្បែងនយោបាយ»។
លោក Sabato បានប្រាប់ VOA ថា៖ «សុភវិនិច្ឆ័យប្រាប់យើងថាលោក Biden មានការងារពេញម៉ោងពីរនៅពេលឥឡូវនេះ។ មួយធ្វើជាប្រធានាធិបតីនិងមួយទៀតឈរឈ្មោះដណ្ដើមតំណែងប្រធានាធិបតី។ ឥឡូវនេះលោកនឹងមានការងារពេញម៉ោងតែមួយប៉ុណ្ណោះ ហើយលោកបានបង្ហាញឱ្យឃើញថាលោកមានសមត្ថភាពពេញលេញក្នុងការបំពេញការងារនេះ។ លោកអាចបញ្ចប់កិច្ចការមួយចំនួននៅក្នុងរយៈពេលប៉ុន្មានខែដែលនៅសេសសល់នេះបាននិងចាកចេញប្រកបដោយសេចក្ដីថ្លៃថ្នូរ»។
លោក Biden បានប្រកាសដកខ្លួនឈប់ធ្វើជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនៅក្នុងលិខិតមួយដែលផ្ញើជូនជនរួមជាតិ ដែលលោកបានបង្ហោះនៅលើបណ្ដាញសង្គមអនឡាញកាលពីរសៀលថ្ងៃទី ២១ ខែកក្កដា។
លោកបាននិយាយថា ទោះបីជាលោកមានបំណងឈរឈ្មោះជាប្រធានាធិបតីនៅអាណត្តិទីពីរក៏ដោយ ក៏លោកជឿថា «វាជាប្រយោជន៍ដ៏ល្អបំផុតសម្រាប់គណបក្សរបស់លោកនិងប្រទេសជាតិដែលលោកត្រូវដកខ្លួនចេញនិងផ្ដោតលើការបំពេញកិច្ចការរបស់លោកក្នុងនាមជាប្រធានាធិបតីសម្រាប់រយៈពេលដែលនៅសេសសល់នៃអាណត្តិរបស់លោកតែប៉ុណ្ណោះ»៕