បន្ទាប់​ពី​មាន​ប្រតិកម្ម​ប្រឆាំង​នៅ​ចិន ក្រុមហ៊ុន H&M ប្តេជ្ញា​ស្តារ​ទំនុក​ចិត្ត​ពី​អតិថិជន​ឡើង​វិញ

រូបឯកសារ៖ ពលរដ្ឋចិនដើរកាត់ហាងលក់សម្លៀកបំពាក់ H&M ដ៏ល្បីរបស់ក្រុមហ៊ុនស៊ុយអ៊ែត នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១។

វ៉ាស៊ីនតោន — ក្រុមហ៊ុន​លក់​សម្លៀកបំពាក់ H&M ដ៏​ល្បី​ក្នុង​សាកលលោក ​រង​ផលប៉ះពាល់​ពី​ការ​ធ្វើ​ពហិការ​នៅ​ក្នុង​ប្រទេស​ចិន បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បានបង្ហាញ​ក្តីបារម្ភចំពោះការ​ចោទ​ប្រកាន់ ដែលថា ប្រទេសចិនប្រើ​ជនជាតិ​អ៊ុយហ្គ័រ​ឲ្យធ្វើការនៅ​ក្នុង​វិស័យ​ផលិត​កប្បាស។ ក្រុមហ៊ុន​នេះ​ប្តេជ្ញា​ថា​ នឹង​ស្តារ​អតិថិជន​នៅ​ក្នុង​ទីផ្សារ​ដ៏​ធំ​បំផុត ​ក្នុង​ពិភពលោក​មួយ​នេះ​ឡើង​វិញ។

ក្រុមហ៊ុន H&M បាន​សរសេរ​នៅក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ថា៖ «ប្រទេស​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​មួយ​សម្រាប់​យើង ​ហើយ​ការ​ប្តេជ្ញាចិត្ត​រយៈពេល​វែង​របស់​យើង​ចំពោះ​ប្រទេស​នេះ​ នៅ​តែ​ខ្លាំងក្លា។ ឥឡូវ​នេះ​ យើង​កំពុង​បង្កើត​យុទ្ធសាស្ត្រ​ឆ្ពោះ​ទៅ​មុខ និង​កំពុង​ធ្វើ​ការ​យ៉ាង​សកម្ម​លើ​ជំហាន ​បន្ទាប់​ពាក់ព័ន្ធ​នឹង​ការ​ស្វែងរក​ប្រភព​វត្ថុធាតុដើម»។

តាម​រយៈ​សេចក្តី​ថ្លែងការណ៍​នេះក្រុមហ៊ុន H&M បាន​ប្រកាស​ទៀត៖ «យើង​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​ទំនុក​ចិត្ត និង​ជំនឿ​របស់​អតិថិជន​សហការី និង​ដៃគូ​ពាណិជ្ជកម្ម​របស់​យើង​នៅ​ក្នុង​ប្រទេស​ចិន»។

ប្រទេស​ចិន​ជា​ទីផ្សារ​ធំ​បំផុត​ទី៤​របស់​ក្រុមហ៊ុន H&M បន្ទាប់​ពី​អាល្លឺម៉ង់ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស និង​ជា​ទីផ្សារ​ដែល​រក​ចំណូល​បាន​ប្រមាណ​ ៦% នៃ​ចំណូល​សរុប​ក្នុង​ឆ្នាំ ២០២០ ​របស់​ក្រុមហ៊ុន​នេះ

អ្នក​វិភាគ​បាន​ប្រាប់ VOA ផ្សាយ​ជា​ភាសា​ចិន​កុកងឺ​ថា វិធីសាស្ត្រ​ឃោសនា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ប្រឆាំង​នេះ និង​បាន​ព្យាករណ៍​ថា កំហឹង​នេះ​នឹង​បាត់​ទៅ​វិញក្នុង​ពេល​ឆាប់ៗ។​

រូបឯកសារ៖ កសិករចិនកំពុងប្រមូលផលកប្បាសនៅភូមិ Hami នៃតំបន់ Xinjiang ប្រទេសចិន កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៥។


ការបោះជំហានយឺតៗ

ក្រុមហ៊ុន H&M បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ខែកញ្ញា ឆ្នាំ ២០២០ ដោយ​បាន​បង្ហាញ​ពី​ក្តីបារម្ភ​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​ពលកម្ម​ដោយ​បង្ខំ​នៅ​ក្នុង​វិស័យ​ផលិត​កប្បាស​ នៅ​ក្នុង​តំបន់ Xinjiang។

សេចក្តី​ថ្លែងការណ៍​នោះ​ ក្រុមហ៊ុន​បាន​ប្រកាស​ថា​ «យើង​មិន​ធ្វើ​ការ​ជាមួយ​នឹង​រោងចក្រ​វាយនភណ្ឌ​ដែល​មាន​ទីតាំង​នៅ​តំបន់ Xinjiang ទេ ហើយ​យើង​ក៏​មិន​ទិញ​វត្ថុធាតុ​ដើម​ចេញ​ពី​តំបន់​នេះ​ដែរ»។​តំបន់​ស្វយ័ត Xinjiang ក្នុង​ប្រទេស​ចិន ​គឺ​ជា​កន្លែង​ជ្រកកោន​របស់​ក្រុមជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​និងក្រុម​ជនជាតិ​កាន់​សាសនា​ឥស្លាម​ផ្សេង​ទៀត។

ហាង​សម្លៀកបំពាក់​មាន​ប្រភព​ពី​ប្រទេស​ស៊ុយអែត​នេះ​មិន​បាន​ធ្វើ​សកម្មភាព​តែ​ម្នាក់​ឯង​នោះ​ទេ។ កាលពី​ប៉ុន្មាន​ខែ​មុន​នេះ នៅ​ក្នុង​ខែកក្កដា អង្គការ​ជាង​ ១៧៥ បាន​បង្កើត​យុទ្ធនាការ​មួយ​ដើម្បី​បញ្ចុះបញ្ចូល​ក្រុមហ៊ុន​ម៉ាក​អន្តរជាតិ ​ឱ្យ​កាត់​ចំណង​ទាក់ទង​របស់​ពួកគេ​ជាមួយ​នឹង​អ្នក​ផ្គត់ផ្គង់​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា មាន​ចំណង​ទាក់ទង​ទៅ​នឹង​ការ​ប្រើប្រាស់​ពលកម្ម​ដោយ​បង្ខំ​លើ​ជន​អ៊ុយហ្គ័រ។

រោងចក្រ​វាយនភណ្ឌ​មួយ​ក្នុង​ចំណោម​ប្រាំ​ដែល​ផ្គត់ផ្គង់​ទំនិញ​នៅ​ទូទាំង​ពិភពលោក «រងផលប៉ះពាល់​ដោយសារ​ពលកម្ម​ដោយ​បង្ខំ» ដោយសារ​តែ​ផលិតកម្ម​កប្បាស ​៨៤% ​មក​ពី​ប្រទេស​ចិន​ ត្រូវ​បាន​យក​មក​ពី​តំបន់ Xinjiang ដែល​ជា​តំបន់​របស់​ជន​អ៊ុយហ្គ័រ។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​សម្ព័ន្ធ​មួយ​នេះ។ សម្ព័ន្ធ​នេះ​បាន​ឱ្យ​ដឹង​ថា «ជា​ការ​ពិត​វិស័យ​សម្លៀកបំពាក់​ទាំង​មូល» រង​ផលប៉ះពាល់​។

នៅ​ពេល​នោះ​ប្រទេស​ចិន​ចាប់​អារម្មណ៍​តិច​តួច​ ទោះ​បី​ជា​ការ​ចោទប្រកាន់​ពី​ពលកម្ម​ដោយ​បង្ខំ​បាន​ធ្វើ​ឱ្យ​អាជីវកម្ម​ទាំង​នេះ​ស្វែងរក​អ្នក​ផ្គត់ផ្គង់​ផ្សេង​ក្តី។

ក្រោយ​មក បន្ទាប់​ពី​មាន​ការ​ប្រកាស​ដាក់​ទណ្ឌកម្ម​របស់​បស្ចិម​ប្រទេស​ទៅ​លើ​មន្ត្រី​ចិន ​ពាក់ព័ន្ធ​នឹង​ការ​គៀប​សង្កត់​នៅ​ក្នុង​តំបន់ Xinjiang សម្ព័ន្ធ​យុវជន​កុម្មុយនិស្ត​ដែល​ជា​ក្រុម​មួយ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​លើក​បញ្ហា​នេះ​ឡើង

ក្រុម​នេះ​បាន​បង្ហោះ​នៅ​លើ​គណនី Weibo ផ្លូវ​ការ​របស់​ខ្លួន​កាលពី​ថ្ងៃទី ២៤ ខែមីនា​ថា ក្រុមហ៊ុន H&M «កំពុង​ចែកចាយ​ពាក្យ​ចចាម​អារ៉ាម​ដើម្បី​ធ្វើ​ពហិការ​ដល់​វិស័យ​កប្បាស​នៅ Xinjiang ខណៈ​ខ្លួន​ទទួល​បាន​ប្រាក់​ចំណេញ​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន» ដោយ​និយាយ​យោង​ដល់​សេចក្តី​ថ្លែងការណ៍​ក្នុង​ឆ្នាំ ២០២០ ចេញ​ដោយ​ក្រុមហ៊ុន H&M ដែល​ជា​ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​ល្បី​មួយ​ក្នុង​ពិភពលោក។ សារ​នោះ​បន្ត​ថា «វា​ជា​ការ​គិត​បែប​ស្រមើលស្រមៃ​មួយ!»។

ក្រុមហ៊ុន Alibaba និង JD ដែល​ជា​ក្រុមហ៊ុន​យក្ស​ផ្នែក​ពាណិជ្ជកម្ម​តាម​អនឡាញ​របស់​ចិន​ បាន​ដក​ក្រុមហ៊ុន H&M ចេញ​ពី​គេហទំព័រ​របស់​ពួកគេ ដែល​នេះ​ជា​ការ​វាយប្រហារ​ដ៏​ខ្លាំងក្លា​មួយ ដោយសារ​តែ​ការ​ទិញ​ទំនិញ​ជាង ​១/៥ ​របស់​ចិន ​គឺ​ធ្វើ​តាម​អនឡាញ នេះ​បើ​យោង​តាម​សារព័ត៌មាន AP។​

ហាង H&M នៅ​ក្នុង​ប្រទេស​ចិន​ត្រូវ​បាន​បាត់​ពី​ផែនទី​នៅ​លើ​អ៊ីនធឺណិត​ នេះ​បើ​យោង​តាម​ទស្សនាវដ្តី Barrons

ប្រតិកម្ម​ប្រឆាំង​នឹង​វិស័យ​កប្បាស​បាន​កើន​ឡើង​កាន់​តែ​ខ្លាំង​ ដោយ​មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន Nike ក្រុមហ៊ុន Adidas ក្រុមហ៊ុន Burberry ក្រុមហ៊ុន Uniqlo និង​ក្រុមហ៊ុន Lacoste ដែល​សុទ្ធ​តែ​ជា​ក្រុមហ៊ុន​ដែល​ត្រូវ​ការ​ចូល​ទៅ​ក្នុង​ទីផ្សារ​មួយ​ក្នុង​ចំណោម​ទីផ្សារ​ដ៏​ធំ​បំផុត ​និង​រីកចម្រើន​លឿន​បំផុត​របស់​ពិភពលោក​មួយ​នេះ។

រូបឯកសារ៖ ពលរដ្ឋចិនដើរកាត់ហាងលក់ទំនិញរបស់ក្រុមហ៊ុនម៉ាក Nike នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១។

តារា​ចិន​រាប់​សិប​នាក់​បាន​រំលាយ​កិច្ចសន្យា​របស់​ខ្លួន​ជាមួយ​នឹង​ក្រុមហ៊ុន H&M និង​ក្រុមហ៊ុន​ម៉ាក​របស់​បស្ចិម​ប្រទេស​ផ្សេង​ទៀត។

ទូរទស្សន៍ China Central បាន​សរសេរ​នៅ​លើ​គណនី​បណ្តាញ​សង្គម​របស់​ខ្លួន​ថា៖ «សម្រាប់​សហគ្រាស​ដែលធ្វើ​ឲ្យប៉ះពាល់​គោលជំហរ​ដ៏​សំខាន់​របស់​ប្រទេស​យើង ការ​ឆ្លើយតប​គឺ​ច្បាស់​ខ្លាំង​ណាស់​គឺ​ ឈប់ទិញ​ផលិតផល​របស់​ក្រុមហ៊ុន​ទាំង​នេះ!»។ នេះ​បើ​យោង​តាម​ទស្សនាវដ្តី Hollywood Reporter។ ទូរទស្សន៍​ខាង​លើ​នេះ​និយាយ​ថា អក្សរ «H» និង​អក្សរ «M» នៅ​ក្នុង​ភាសា​ស៊ុយអែតមាន​ន័យ​ថា កុហក និង​ការ​ក្លែងបន្លំ នៅ​ក្នុង​ភាសា​ចិន។​


ការខឹងសម្បាដែលមានការរៀបចំ

លោក Zuo La ជា​អ្នក​សារព័ត៌មាន​តៃវ៉ាន់​ដែល​មក​ពី​ខេត្ត Hunan ប្រទេស​ចិន​បាន​ប្រាប់ VOA ផ្សាយ​ជា​ភាសា​ចិន​កុកងឺ​ថា ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ ស៊ី ជីនពីង ​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ធ្វើ​ពហិការ​នេះ។

លោក​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «រដ្ឋាភិបាល​របស់​លោក​ស៊ី​កំពុង​បញ្ឆេះ​ឲ្យ​មាន​ទស្សនៈ​ជាតិ​និយម​នៅ​ក្នុង​ប្រទេស​ចិន ​និង​គាបសង្កត់​សំឡេង​ប្រកប​ដោយ​វិចារណញ្ញាណ ​ក្នុង​ចំណោម​ប្រជាជន​ចិន។ ខ្ញុំ​គិត​ថា វា​ជា​ការ​ពិត​ចំពោះ​រលក​នៃ​ការ​ធ្វើ​ពហិការ​នេះ។ វា​ត្រូវ​បាន​ដឹកនាំ​ដោយ​រដ្ឋាភិបាល មិន​មែន​ចេញ​ពី​ប្រជាជន​ថ្នាក់​កណ្តាល​ដោយ​ផ្ទាល់​នោះ​ទេ»។

លោក Wang Debang សកម្មជន​សិទ្ធិ​មនុស្ស​មក​ពី​ទីក្រុង Guilin នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ចិន​យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​នេះ។

លោក Wang បាន​ប្រាប់ VOA ថា៖ «ការ​ធ្វើ​ពហិការ​និង​ចលនា​ជាតិ​និយម​ឥឡូវ​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អាជ្ញាធរ។ សកម្មភាព​ទាំង​នោះ​ត្រូវ​បាន​រៀបចំ​ដោយ​មាន​ចេតនា និង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ពេញ​អ៊ីនធឺណិត»។

លោក Richard Chamberlain អ្នក​វិភាគ​នៅ​ក្រុមហ៊ុន RBC Capital Markets បាន​គូរ​បញ្ជាក់​នៅ​ការ​ស្រង់​សម្តី​មួយ​ដោយ​សារព័ត៌មាន Reuters​ ថា៖ «យើង​បាន​ឃើញ​ក្រុមហ៊ុន​ម៉ាក​ដូចជា Nike និង​ក្រុមហ៊ុន H&M បាន​ឆ្លង​កាត់​ភាព​ចម្រូងចម្រាស​ស្រដៀង​នេះ​ កាល​ពី​អតីតកាល​និង​អាច​រក្សា​ទីផ្សារ​លក់​បាន​ល្អ​។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក្នុង​រយៈពេល​ខ្លី យើង​គិត​ថា ក្រុមហ៊ុន H&M អាច​នឹង​មាន​ផលប៉ះពាល់​អវិជ្ជមាន​លើ​ការ​លក់​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​ដ៏​ធំ និង​កំពុង​រីកចម្រើន​របស់​ចិន​នេះ»។

រូបឯកសារ៖ បុរសជនជាតិចិនម្នាក់កាន់ឆ័ត្រដើរកាត់បដាដែលមានរូបលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅទីក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១។


លោក Wang ក៏​បាន​លើក​ឡើង​ទៀត​ថា​ការ​ធ្វើ​ពហិការ​ស្រដៀង​គ្នា​នេះ​ កាលពី​អតីតកាល ​គឺ​ការ​ធ្វើ​ពហិការ​ផលិតផល​ជប៉ុន​នៅ​ក្នុង​ឆ្នាំ ២០១២ និង​ឆ្នាំ ២០១៨ ដោយ​សារ​ជម្លោះ​នៅ​កោះ Senkaku ហើយ​បាន​រសាត់​បាត់​ទៅ​វិញ ​បន្ទាប់​ពី​មាន​ការ​ខឹងសម្បា​មួយ​ភ្លែត​ពី​ដំបូង។ ទឹកដី​ដែល​មាន​ជម្លោះ​នោះ​ត្រូវ​បាន​គេ​ហៅ​ថា កោះ Diaoyu នៅ​ក្នុង​ប្រទេស​ចិន។

លោក Wang បាន​ប្រាប់ VOA ថា៖ «ខ្ញុំ​មិន​គិត​ថា គំនិត​ស្នេហា​ជាតិ​និយម​នៅ​ពី​ក្រោយ​ការ​ធ្វើ​ពហិការ​ទាំង​នោះ​ទេ។ វា​ជា​ការ​គ្រប់គ្រង​របស់​រដ្ឋ​ក្នុង​នាម​អ្នក​ស្នេហា​ជាតិ»។

លោក Zan Aizong អ្នក​សរសេរ​ប្លុក និង​ជា​អ្នក​សារព័ត៌មាន​ជើង​ចាស់​នៅ​ក្រុង Hangzhou បាន​ប្រាប់ VOA ថា ខណៈ​គេហទំព័រ​មួយ​ចំនួន​កំពុង​ធ្វើ​ពហិការ​ផលិតផល​របស់​ក្រុមហ៊ុន H&M និង​ក្រុមហ៊ុន​ម៉ាក​អន្តរជាតិ​ផ្សេង​ទៀត​នោះ​ ផលិតផល​ម៉ាក​ល្បីៗ​ផ្សេង​ទៀត​ដូចជា​ Nike ​កំពុង​កើន​ចំនួន​លក់​របស់​ខ្លួន។

ក្រុមហ៊ុន​ប្រឹក្សាយោបល់ McKinsey & Company បាន​ចេញ​របាយការណ៍​មួយមាន​ចំណង​ជើង​ថា «ចិន៖ នៅ​តែ​ជា​ស្នូល​នៃ​កំណើន​សេដ្ឋកិច្ច​បន្ទាប់​ពី​វិបត្តិ​កូវីដ១៩» ដែល​បង្ហាញ​ថា កំណើន​នៃ​ការ​លក់​ផ្អែក​លើ​ការ​មើល​ឃើញ​ជាក់​ស្តែង។

របាយការណ៍​បាន​ឱ្យ​ដឹង​ថា «អ្នក​ប្រើប្រាស់ ដែល​ជា​កត្តា​គន្លឹះ​មួយ​ក្នុង​ចំណោម​កត្តា​គន្លឹះ​ផ្សេងៗ​ដែល​ជួយ​នាំ​ឱ្យ​សេដ្ឋកិច្ច​ចិន​ងើប​ឡើង​វិញ បាន​ស្តារ​ការ​ទុក​ចិត្ត​និង​កំពុង​ចំណាយ​ប្រាក់កាស ​ក្នុង​កម្រិត​មួយ​ដែល​ធ្លាប់​មាន​នៅ​មុន​ពេល​ផ្ទុះ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩»។

លោក Zan ថា តម្រូវ​ការ​អ្នក​ប្រើប្រាស់​នឹង​ធ្វើ​ឱ្យ​ការ​ធ្វើ​ពហិការ​បាត់បង់​ឥទ្ធិពល។

លោក​បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​គិត​ថា អ្នក​ប្រើប្រាស់​នឹង​គិត​ថា ៖ នេះ​ជា​ប្រាក់​របស់​ខ្ញុំ។ តើ​ហេតុអ្វី​ត្រូវ​ឱ្យ​រដ្ឋាភិបាល​គ្រប់គ្រង​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ? ដរាប​ណា​ក្រុមហ៊ុន​ម៉ាក​អន្តរជាតិ​ទាំង​នេះ​ មាន​ការ​ទាក់ទាញ​មិន​ថា​ផ្នែក​មុខងារ ឬ​តម្លៃ​ទេ ខ្ញុំ​គិត​ថា អ្នក​ប្រើប្រាស់​នឹង​បន្ត​ទិញ​ទំនិញ​ទាំង​នោះ»៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា