ប៉ាគីស្ថាន​មាន​ប្រតិកម្ម​តិចតួច​​នឹង​ការ​ស្លាប់​របស់​ប៊ិន​ឡាដិន

ពលរដ្ឋ​បាគីស្ថាន​នៅ​ក្រុង​ការ៉ាជី (Karachi) ទិញ​សារព័ត៌មាន​ដែល​​រាយការណ៍​អំពី​ការ​សម្លាប់​អូសាម៉ា​ប៊ីន​ឡាដិន កាល​ពី​ថ្ងៃ​ទី​០២​ខែ​ឧសភា​ឆ្នាំ​២០១១។

ខណៈ​ដែល​ពិភពលោក​អបអរ​នឹង​ការ​ស្លាប់​របស់​មេដឹកនាំ​ក្រុម​អាល់ខៃដា​ (Al-Qaida)​ អូសាម៉ា​ ប៊ីនឡាដិន​ (Osama bin Laden) ប្រទេស​ប៉ាគីស្ថាន​មិន​មាន​ប្រតិកម្ម​អ្វី​ទេ។

ព័ត៌មាន​ដែល​ថា​ កងកម្លាំង​អាមេរិក​បាន​សម្លាប់​មេដឹកនាំ​ក្រុម​ អាល់ខៃដា​ (Al-Qaida) នៅ​ក្នុង​ផ្ទះ​មួយ​ខ្នង​ ដែល​មាន​ចម្ងាយ​ប្រហែល​ជា​១០០​ គីឡូម៉ែត្រ​ពី​ទីក្រុង​អ៊ីស្លាម៉ាបាដ​ បាន​ធ្វើ​ឲ្យ​ក្រុម​មន្រ្តី​មាន​ភាព​ស្ងៀម​ស្ងាត់​ នៅ​ព្រឹក​ថ្ងៃច័ន្ទ​នេះ។

ក្រសួង​ការបរទេស​ប៉ាគីស្ថាន​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ខ្លី​មួយ​ថា​ កង​កម្លាំង​សហរដ្ឋ​អាមេរិក​ បាន​បើក​ប្រតិបត្តិការ​តាម​គោលនយោបាយ​ដែល​បាន​ប្រកាស​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ដែល​ថា​នឹង​កម្ចាត់​ អូសាម៉ា​ប៊ីន​ឡាដិន​ នៅ​នឹង​កន្លែង​ ទោះជា​នៅ​ទីណា​ក៏ដោយ។ ក្រុម​មន្រ្តី​អាមេរិក​ថ្លែង​ថា​ គ្មាន​ប្រទេស​ណា​មួយត្រូវ​បាន​ផ្តល់​ព័ត៌មាន​ពី​ការ​វាយប្រហារ​ជាមុន​ទេ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ាគីស្ថាន​បាន​ចេញ​ផ្សាយពី​ការស្លាប់​របស់​អូសាម៉ាប៊ីនឡាដិន​នេះ​យ៉ាងច្រើន​ ជាពិសេស​អំពី​ប្រតិកម្ម​របស់​អ្នក​វិភាគ​ និង​អតីត​សមាជិក​រដ្ឋាភិបាល។​ ក្រុមខ្លះ​មាន​ការ​ខឹង​សម្បារ​នឹង​អាមេរិក​ក្នុង​ការ​បើក​ប្រតិបត្តិការ​បេសកកម្ម​ឯកតោភាគី​នៅ​ប៉ាគីស្ថាន។

តាសនីម​ នូរ៉ានី (Tasneem Noorani) ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ប៉ាគីស្ថាន​ថ្លែង​ថា​ លោក​រំពឹង​ថា​ ក្រុម​ភេរវជន​ប៉ាគីស្ថាន​ អាច​នឹង​វាយប្រហារ​តប​ទៅ​រដ្ឋាភិបាល​វិញ។ លោក​ ថ្លែង​ដូច្នេះ​ថា៖

«ក្រុម​ជ្រុល​និយម​នៅ​ប៉ាគីស្ថាន​នឹង​ឲ្យ​រដ្ឋាភិបាល​ប៉ាគីស្ថាន​ និង​អាមេរិក​ទទួល​ខុសត្រូវ​ចំពោះ​រឿង​នេះ។ ខ្ញុំ​គិត​ថា​ នឹង​មាន​អំពើ​ភេរវកម្ម​ថែម​ទៀត​ជា​ការ​សងសឹក»។

រដ្ឋាភិបាល​ប៉ាគីស្ថាន​ ប៉ាន់​ប្រមាណ​ថា​ មាន​ជនស៊ីវិល​ប្រហែល​ជា​ ៣០.០០០​ នាក់​ បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ភេរវជន​ក្នុង​រយៈពេល​ពីរបី​ឆ្នាំ​ចុងក្រោយ​នេះ។​ រដ្ឋាភិបាល​ប៉ាគីស្ថាន​ក៏​បាន​ប៉ាន់ស្មាន​ដែរ​ថា​ កងកម្លាំង​ប៉ាគីស្ថាន​ ប្រមាណ​៥.០០០​ នាក់​ បាន​ស្លាប់​នៅក្នុង​ការ​វាយប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមអាល់ខៃដា​ និង​ក្រុម​ភេរជន​ផ្សេងៗ​ទៀត។

ថ្វី​បើ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ទាំង​នោះ​ក៏​ដោយ​ ក៏​ក្រុម​មន្រ្តី​អាហ្វហ្កានីស្ថាន​ និង​អាមេរិក​ បាន​រិះគន់​ប៉ាគីស្ថាន​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ថា​ មិន​បាន​ប្រឹង​ប្រែង​គ្រប់​គ្រាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ទេ។

នៅ​ក្នុង​ទីក្រុង​កាប៊ុល​ ប្រធានាធិបតី​អាហ្វហ្កាននីស្ថាន​ លោក​ ហាម៊ីដ ខាហ្សៃ​ (Hamid Karzai) បាន​ស្វាគមន៍​ព័ត៌មាន​នៃ​ការ​ស្លាប់​របស់​ប៊ីន​ឡាដិន​ដោយ​មាន​ប្រសាសន៍​ថា​ នេះ​ជា​ការ​បង្ហាញ​ថា​ មេដឹកនាំ​ភេរវជន​មិន​បាន​លាក់​ខ្លួន​នៅ​អាហ្វហ្កានីស្ថាន​ទេ។

លោក​ ហាម៊ីដ​ ខាហ្សៃ​ បាន​មាន​ប្រសាសន៍​ថា​ លោក​សង្ឃឹម​ថា​ សកម្មភាព​របស់​ភេរវជន​នឹង​ត្រូវ​បាន​បញ្ឈប់​ ក្រោយពី​ការ​ស្លាប់​របស់​ប៊ីន​ ឡាដិន​នេះ​ ហើយ​ពិភពលោក​នឹង​ដឹង​ថា​ សង្គ្រាម​ប្រឆាំង​នឹង​ភេរវកម្ម​មិន​គួរ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​ភូមិ​អាហ្វហ្កានីស្ថាន​ទេ។

ក្រសួង​ការបរទេស​ប៉ាគីស្ថាន​ បាន​សរសើរ​ថា​ ការ​ស្លាប់​របស់​ ប៊ីន​ឡាដិន គឺ​ជា​បញ្ហា​ចម្បង​សម្រាប់​ក្រុម​ភេរវជន​នៅ​ជុំ​វិញ​ពិភពលោក​ ហើយ​លោក​បាន​ថ្លែង​បន្ថែម​ថា​ ការណ៍​នេះ​ បង្ហាញ​ថា​ ប៉ាគីស្ថាន​បាន​ដោះស្រាយ​ ដើម្បី​លុប​បំបាត់​អំពើ​ភេរវកម្ម។ ក៏​ប៉ុន្តែ​ ក្រុម​អ្នក​រិះគន់​ជាច្រើន​ថ្លែង​ថា​ ប៉ាគីស្ថាន​នឹង​ផ្តល់​ជម្រក​ដល់​ក្រុម​ភេរវជន​ជា​បន្ត​ទៀត។

លោក​ តាហ្វ៊ីក​ ហ្វាតេមី​ (Tariq Fatemi) អតីត​ឯកអគ្គ​រដ្ឋ​ទូត​ប៉ាគីស្ថាន​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​ថ្លែង​ថា​ ការណ៍​ដែល​មេដឹកនាំ​ភេរវជន​ត្រូវ​បាន​រក​ឃើញ​ថា​ បាន​រស់​នៅ​យ៉ាង​សុខស្រួល​ក្នុង​ទីក្រុង ដែល​ជា​មូលដ្ឋាន​កង​យោធា​ដ៏​ធំ​មួយ​នោះ​ គឺ​ពិត​ជា​នាំ​ឲ្យ​មាន​ការ​សង្ស័យ​ថា​ តើ​កងយោធា​ប៉ាគីស្ថាន​ប្រហែល​ជា​ដឹង​ ឬ​មិន​ដឹង​អំពី​ទី​កន្លែង​ស្នាក់​នៅ​របស់​ ប៊ីន​ឡាដេន។ លោក​ថ្លែង​ថា៖

«បើសិនជា​ មនុស្ស​របស់​យើង​បាន​ដឹង​អំពី​ទីកន្លែង​ស្នាក់នៅ​របស់​ ប៊ីន​ឡាដេន​នោះ​ តើ​ពួកគេ​បាន​ប្រាប់​អាមេរិក​ដែរ​ឬទេ?​ បើ​ពួក​គេ​មិន​បាន​ប្រាប់​ទេ​នោះ​ តើ​មូល​ហេតុ​អ្វី​ បាន​ជាពួក​គេ​មិន​ប្រាប់? មនុស្ស​ជាច្រើន​នឹង​ចោទ​សួរ​ថា​ តើ​វា​ជា​បញ្ហា​ស្មុគស្មាញ​ឬ?​ មនុស្ស​ជា​ច្រើន​ទៀត​នឹង​ចោទ​សួរ​ថា​ តើ​វា​ជា​បញ្ហា​នៃ​ការគ្មាន​សមត្ថភាព​ឬ?»។

ក្រុម​អ្នក​យក​ព័ត៌មាន​និង​អ្នក​វិភាគ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ បាន​និយាយ​រួច​ទៅ​ហើយ​ថា​ ការណ៍​នេះ​ អាច​ជា​មិន​បាន​រំពឹង​ទុក​សម្រាប់​ប៉ាគីស្ថាន​ ចំពោះ​របៀប​ដែល​បើក​ប្រតិបត្តិការ​ត្រូវ​បាន​អនុវត្ត​ និង​របៀប​ដែល​ទីតាំង​របស់​ប៊ីន​ឡាដិន​ ដែល​ទី​បំផុត​ត្រូវ​បាន​រក​ឃើញ​នោះ។

ក៏ប៉ុន្តែ​ ពលរដ្ឋ​ប៉ាគីស្ថាន​ជាច្រើន​ ហាក់ដូចជា​រង់ចាំ​មើល​ ថា​តើ​នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់​ពីនេះ។​ មនុស្ស​ជាច្រើន​បង្ហាញ​ការ​ចាប់អារម្មណ៍​ថា​នឹង​មាន​ការ​សប្បាយ​រីករាយ៕

ប្រែ​សម្រួល​ដោយ​ លី​ ម៉ូរីវ៉ាន់