ប្រធាន​រដ្ឋបាល​រោងចក្រ​ស្រាបៀរ​អង្គរ​​មិន​និយាយ​ពី​ការ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​មេដឹកនាំ​សហជីព

រូប​ថត​ Screenshot ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក ស ម៉ូរ៉ា ប្រធាន​សហជីព​កម្មករ​ចំណីអាហារ​និង​សេវាកម្ម​កម្ពុជា។ (Web Screenshot)

នៅ​ព្រឹក​ថ្ងៃពុធ​ស្អែក​នេះ​ សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​ ដែល​មាន​ដើមចោទ​ជាក្រុមហ៊ុន​ផលិត​ស្រាបៀរ​អង្គរ​ និង​ចុង​ចម្លើយ​ គឺជា​មេ​ដឹកនាំ​​សហជីព​ពីររូប​ ក្នុង​វិស័យ​ចំណី​អាហារ​ និង​សេវាកម្ម។​ ប្រធាន​រដ្ឋបាល​រោងចក្រ​ផលិត​ស្រាបៀរ​អង្គរ​​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ចំពោះ​ការ​ប្តឹង​ប្រឆាំង​នឹងការ​ធ្វើ​កូដកម្ម​​របស់​កម្មករ​នៅ​រោងចក្រ​ផលិត​ស្រាបៀរ​អង្គរ​កាលពី​ពីរ​ឆ្នាំ​មុន​នោះ​ទេ។

នៅ​ថ្ងៃ​អង្គារ​នេះ​ ​ប្រធាន​រដ្ឋបាល​នៃ​រោងចក្រ​ផលិត​ស្រាបៀរ​អង្គរ​នៅ​ខេត្ត​ព្រះ​សីហនុរក្សា​ការ​ស្ងៀមស្ងាត់​ ​ដោយ​មិន​អធិប្បាយ​ច្រើន​ទៅ​លើ​ការ​ប្តឹង​ផ្តល់​របស់​ក្រុមហ៊ុន​សា្របៀរ​អង្គរ​ ប្រឆាំង​នឹង​មេដឹកនាំ​ ​និង​តំណាង​សហជីព​មួយ​រូប​ ​ក្នុង​សំណុំ​រឿង​កូដកម្ម​របស់​កម្មករ​រោងចក្រ​ស្រាបៀរ​អង្គរ​ដែល​បាន​កើត​ឡើង​កាលពី​ឆ្នាំ​២០១៦។

លោក​ស ម៉ូរ៉ា​ ​ប្រធាន​សហជីព​កម្មករ​ចំណីអាហារ​ និង​សេវាកម្ម​កម្ពុជា​ និង​សហការី​របស់​លោក​ គឺ​លោក​ខែម ម៉ៅ​ ដែល​ជា​មេដឹកនាំ​សហជីព​ក្នុង​រោងចក្រ​ផលិត​ស្រាបៀរ​អង្គរ​ ត្រូវ​បាន​លោក​ចៅក្រម​ងួន អ៊ីម ​ចេញ​ដីកាកោះ​ហៅ​កាល​ពី​ថ្ងៃ​ទី​៥​ ខែ​សីហា​ ឲ្យចូល​ខ្លួន​ក្នុងនាម​ជា​ចុង​ចម្លើយ ​នៅថ្ងៃ​ទី​៥​ ខែ​កញ្ញា​ វេលាម៉ោង​៨ព្រឹក​ ដើម្បី​បំភ្លឺ​រឿង​ក្តី​នៃ​ការ​ទាមទារ​សំណង​ខូចខាត​ ដោយ​កូដកម្ម​ ដែល​មាន​ដើម​ចោទ​ជា​ក្រុម​ហ៊ុន​ស្រាបៀរ​កម្ពុជា​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​អង្គរ។​

​លោក​ឆេង សុភ័ក្រ្ត​ ​ប្រធាន​រដ្ឋបាល​នៃ​រោងចក្រផលិត​ស្រាបៀរ​អង្គរ​នៅ​ខេត្ត​ព្រះ​សីហនុ​ បាន​ប្រាប់​ VOA​ ​នៅថ្ងៃ​អង្គារ​នេះ​ថា​ លោក​មិន​សូវ​ដឹង​អំពី​ការ​ប្តឹងផ្តល់​របស់​ក្រុមហ៊ុនប្រឆាំង​នឹង​ក្រុម​សហជីព​នៅ​សាលាឧ្ធរណ៍​នោះ​ទេ។

តែ​លោក​បញ្ជាក់​ថា​ មេធាវី​របស់​ក្រុមហ៊ុន​កំពុង​ចាត់​ចែង​ក្តីក្តាំ​នេះ​ ដើម្បី​ទាមទារ​សំណង​ដល់​ការ​ខូចខាត​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​រោងចក្រ។ លោក​បដិសេធ​មិន​ផ្តល់​ព័ត៌​មាន​បន្ថែម​ ​ហើយ​បាន​បង្វែ​សំណួរ​ទៅ​ប្រធាន​រដ្ឋបាល​នៃ​ទី​ស្នាក់​កណ្តាល​របស់​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ។​

«ខ្ញុំ​ការងារ​ហ្នឹង​ ខ្ញុំ​អត់​បាន​តាម​ដាន​ វា​យូរ​ដែរ​បង​ ដល់​អីចឹង​ បង​ទាក់​ទង​ទៅ​ស្នាក់​កណ្តាល​បាន​ដឹង​ បង»។​

VOA​ ​ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក​ងៀប ឆេងលាភ​ ប្រធាន​រដ្ឋបាល​ទីស្នាក់ការ​កណ្តាល​របស់​ក្រុម​ហ៊ុន​ស្រាបៀរ​អង្គរ​ តែ​ទូរស័ព្ទ​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។​

កាលពី​ខែ​សីហា​ ឆ្នាំ​២០១៦​ កម្មករ​រោងចក្រ​ផលិត​ស្រាបៀរ​អង្គរ​ប្រមាណ​ជាង​៤០០​នាក់​បាន​ធ្វើ​កូដកម្ម​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ការងារ​ដល់​អ្នក​គ្រប់គ្រង​ឃ្លាំង​ស្តុក​ស្រាបៀរ​ម្នាក់​ គឺ​លោក​លឹម រ័ត្ន​ ដែល​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​ការងារ ​ដោយ​ក្រុម​ហ៊ុន​ចោទ​អ្នក​គ្រប់គ្រង​នេះ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។​ ការ​តវ៉ា​របស់​កម្មករ​ក៏​មាន​បំណង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​សិទ្ធិ​របស់​សហជីព​ផង​ដែរ។​

ក្នុង​បទ​សម្ភាសន៍​ជាមួយ​ ​VOA​ ​កាលពី​ថ្ងៃ​ច័ន្ទ ​លោក​ស ម៉ូរ៉ា​ ប្រធាន​សហជីព​កម្មករ​ចំណី​អាហារ​ និង​សេវាកម្ម​កម្ពុជា​ បាន​និយាយ​ថា​ ក្រុមហ៊ុន​ស្រាបៀរ​អង្គរ​ទំនង​ជា​បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​រូប​លោក​ ដោយ​សារ​តែ​កាល​ពី​ពេល​កន្លង​មក​ ​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ​ បាន​កាត់​សេចក្តី​មិន​ឲ្យ​លោក​សង​សំណង​ទៅ​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ​ទេ តែ​បាន​បង្គាប់​ដល់​លោក​ខែម ម៉ៅ​ ​តំណាង​សហជីព​មូលដ្ឋានរបស់​លោក​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ឲ្យ​សង​សំណង​ទៅ​ក្រុមហ៊ុន​ចំនួន​៣០០០​ដុល្លារ​អាមេរិក។​

លោក​ស ម៉ូរ៉ា​ ថ្លែង​បន្តថា​ ថ្នាក់​ដឹកនាំ​សហជីព​មូលដ្ឋាន​របស់​លោក​ក៏បាន​ប្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​ការ​បង្គាប់​របស់​តុលាការ​ខេត្ត​ព្រះ​សីហុន​ ដែល​តម្រូវ​ឲ្យ​ពួកគេ​សង​ប្រាក់​ទៅ​ក្រុមហ៊ុន​ ចំពោះ​អ្វី​ដែល​ពួកគេ​ចោទ​ថា​ មិន​ត្រឹមត្រូវ​ ដោយសារ​តែ​ការ​ធ្វើ​កូដកម្មនៅ​ពេល​នោះ​ គឺ​កម្មករ​ជា​អ្នក​ផ្តួចផ្តើម​ធ្វើ​ដោយ​ចិត្ត​ឯង។​

«ថ្នាក់​ដឹកនាំ​សហជីព​មូលដ្ឋាន​ គាត់​ប្តឹង​ឧទ្ធរណ៍​ទៅលើ​រឿង​ហ្នឹង​ដែរ​ គឺ​ដោយ​សារ​តែ​គាត់​មិន​បាន​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ធ្វើ​កូដកមុ្ម​ទេ​ ព្រោះ​វា​ជា​កូដកម្ម​ដែល​កើត​ឡើង​ពី​កម្មករ​ ដោយ​ខ្លួន​ឯង​អីចឹង​ណ៎ា! ​មិនមាន​ការ​រៀបចំ​ មិន​មានការ​ចាត់​ចែង​ មិនមាន​ការ​អី​នោះ​ទេ»។​

មេ​ដឹកនាំ​សហជីព​រូបនេះ​ថ្លែង​ថា​ លោក​នឹង​ទៅ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​ នា​សាលា​ឧទ្ធរណ៍នៅ​ព្រឹក​ថ្ងៃ​ពុធ​ស្អែក​នេះ​ ហើយ​ថា​ វា​ជា​រឿង​អយុត្តិធម៌​ ដែល​តុលាការ​ខេត្ត​ព្រះ​សីហនុ​បាន​បង្គាប់​ឲ្យ​ថ្នាក់​ដឹកនាំ​សហជីព​មូលដ្ឋាន​សង​សំណង​ទៅ​ក្រុមហ៊ុន​នោះ។​

«អីចឹង ​ការ​សម្រេច​ឲ្យ​គាត់​សងទៅ​ក្រុមហ៊ុន​ហ្នឹង​ យើង​គិត​ថា​ វា​ជា​រឿង​មួយ​ដែល​អយុត្តិធម៌​សម្រាប់​គាត់​ ព្រោះ​គាត់​មិន​បាន​ពាក់​ព័ន្ធ​ ហើយ​កម្មករ​គឺ​គ្រាន់​ គាត់​គ្រាន់​តែ​អនុវត្ត​នូវ​សិទ្ធិ​របស់​គាត់​ទេ។ ធម្មតា​តែ​កាលណា​កម្មករធ្វើ​កូដកម្ម​ វា​បាត់​បង់​ប្រយោជន៍​ ​ហើយកម្មករខ្លួន​ឯង​ត្រូវ​បាន​គេ​កាត់​ប្រាក់​ឈ្នួល​ ហើយ​ក្រុម​ហ៊ុន​ចង់​មិន​ចង់​ សង្វាក់​ផលិតកម្ម​ អត់​ដើរ​ទេ។ អីចឹង​ វា​អត់​មាន​អី​ត្រូវ ពីណា​ទាម​ទារ​ប្តឹង​ ទាមទារ​ពីណា​ ពី​ណា​ទៅ​ត្រូវ​សង​ពី​ណា​ទេ​ ព្រោះ​អាហ្នឹង​វាជា​សិទ្ធិ​ក្នុង​ការ​ធ្វើ​កូដកម្ម»។​

លោក​ទូច ថារិទ្ធ​ ​អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​ បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ ដោយបារម្ភពី​ការ​ប៉ះ​ពាល់​នីតិវិធី​របស់​តុលាការ ​និង​សិទ្ធិ​ឯកជន​របស់​ភាគី​ពាក់​ព័ន្ធ។​

ក្រុមហ៊ុន​សាបៀរ​កម្ពុជា​ ឬ​គេ​ស្គាល់​ម្យ៉ាង​ទៀត​ថា​ ​ក្រុមហ៊ុន​ស្រាបៀរ​ខេមប្រ៊ូវ​ ​ក៏​ត្រូវបាន​គេ​រាយ​ការណ៍​កាល​ពី​ពេល​កន្លង​មក​ថា ​ជា​អ្នក​មាន​ចំណែក​ភាគហ៊ុន​ក្នុងការ​កសាង​ទំនប់​វារី​អគ្គិសនី​ដនសាហុង​ដ៏​ចម្រូង​ចម្រាស​នៅ​ក្នុង​ប្រទេស​ឡាវ។​ ​ទំនប់​វារីអគ្គិសនី​នេះ​មាន​កម្រិត​២៦០​មេហ្គាវ៉ាត់​ ​ហើយ​ត្រូវ​គេ​រាយ​ការណ៍​ថា​ ​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​៦​លាន​នាក់​ ដែល​រស់​នៅ​ជុំវិញ​អាង​ទន្លេ​មេគង្គ ​និង​ទន្លេសាប៕