ADB៖ សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០២០នឹង​ធ្លាក់​ចុះ​ក្នុង​អត្រា ​-៤%

ទិដ្ឋភាពអគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB) នាថ្ងៃ​ពុធ​នេះ បាន​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​ក្នុង​អត្រា -៤% សម្រាប់​ឆ្នាំ២០២០​នេះ ដែល​កំពុង​រួតរឹត​ដោយ​វិបត្តិ​សាកល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ១៩។​

ការ​ធ្វើ​បច្ចុប្បន្ន​ភាព​នៃ​ព្យាករណ៍​ពី​ការ​ធ្លាក់ចុះ​នេះ​មាន​សភាព​ធូរស្រាល​ពី​ព្យាករណ៍​ដំបូង​របស់​ស្ថាប័ន​ ADB ​ដដែល​ ដែល​កាល​ពីខែ​មិថុនា បាន​ទស្សន៍ទាយ​ថា​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា អាច​ធ្លាក់​ចុះ​រហូត​ដល់​ទៅ​អត្រា-៥,៥%។

ក្នុង​កំណត់​ផ្សាយ​អំពី​ការ​ប្រមើ​មើល​ការ​អភិវឌ្ឍ​អាស៊ី(ADO)​ឆ្នាំ២០២០ ​ADB​ បាន​លើក​ឡើង​ថា​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​កម្ពុជា​មាន​សភាព​ធូរស្រាល ដោយសារ​តែ​ដំណើរ​ប្រព្រឹត្ត​វិជ្ជមាន​ក្នុង​វិស័យ​កសិកម្ម​ និង​កំណើន​ការ​នាំ​ចេញ​ផលិត​ផល​មិនមែន​វាយនភណ្ឌ រួម​មាន​ទោចក្រយាន និង​គ្រឿង​បង្គុំ​អេឡិច​ត្រូនិក។​

ផែន​សេដ្ឋកិច្ច​ដែល​រង​វិបត្តិ​ធ្ងន់ធ្ងរ​គឺ​កម្មន្តសាល វាយនភណ្ឌ ផលិតផល​ធ្វើដំណើរ និង​ទ្រនាប់​ជើង​ ដែល​មាន​ការ​ធ្លាក់​ចុះ​ការ​កុម្ម៉ង់​ទិញ​យ៉ាង​គំហុក​ពី​ទីផ្សារ​នៅ​ទ្វីប​អាមេរិក​ខាង​ជើង​ និង​ទ្វីប​អឺរ៉ុប ​ដែល​នាំ​ឱ្យ​រោងចក្រ​មួយ​ភាគ​បី​ត្រូវ​បិទ​ទ្វារ។​ នេះ​បើ​យោង​តាម ​ADB។

រូបឯកសារ៖ កម្មករ​កំពុង​ដេរ​ស្បែក​ជើង​ក្នុង​រោងចក្រ​ស្បែក​ជើង​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៨។

ADB​ បន្ថែម​ថា ​ឧស្សាហកម្ម​ទេសចរណ៍​ដែល​អ្នក​ធ្វើដំណើរ​មក​កម្ពុជា​ធ្លាក់ចុះ​ -៩៨,១% ​នៅ​ត្រីមាស​ទីពីរ​ឆ្នាំ២០២០​នេះ ​បណ្ដាល​ឱ្យ​អាជីវកម្ម​ទេសចរណ៍​ប្រមាណ​៣ពាន់​កន្លែង​ត្រូវ​បិទទ្វារ​ ហើយ​អ្នក​បម្រើការ​ក្នុង​វិស័យ​នេះ​ប្រមាណ​៤៥.០០០នាក់​ បាត់បង់​ការងារ។ ការ​ចូលរួម​ចំណែក​ដល់​សេដ្ឋកិច្ច​នៃ​វិស័យ​សេវាកម្ម​ទាំង​មូល នឹង​ថយ​ចុះ-១៥,១%​សម្រាប់​ឆ្នាំ២០២០នេះ។

ADB​ បញ្ជាក់​ថា៖ «ក្ដីបារម្ភ​ដែល​បន្តមាន​នោះ​គឺ​ថាវិបត្តិ​កូវីដ​១៩​នឹង​បង្ក​អស្ថិរភាព​ដល់​ទីផ្សារ​ហិរញ្ញវត្ថុ​ឬ​ក៏​បង្កើន​យ៉ាង​គំហុក​ការ​ប្រើ​ប្រាស់​ទុន​បម្រុង​អន្តរជាតិ»។

​ទុន​បម្រុង​អន្តរជាតិ​ (Foreign Exchange Reserve) ​ជា​ធន​ធាន​ក្នុង​ទម្រង់​ជា​មាស​ ឬ​រូបិយបណ្ណបរទេស ​ដែល​ជា​ទ្រព្យ​របស់​ជាតិ ​គ្រប់គ្រង​ដោយ​ធនាគារ​ជាតិ ​ទុក​ធ្វើ​អន្តរាគមន៍​ពេល​ចាំបាច់​ផ្នែក​សេដ្ឋកិច្ច។

ធនាគារ​ពិភពលោក(WB) បាន​ព្យាករ​កាល​ពីខែមិថុនា​ថា ទុន​បម្រុង​អន្តរជាតិ​របស់​កម្ពុជា​ នឹងថយ​ចុះ ​-១០%​ សម្រាប់ឆ្នាំ​២០២០​នេះ។ ត្រឹម​ខែធ្នូ ​ឆ្នាំ២០១៩ ទុន​បម្រុងអន្តរជាតិ​របស់​កម្ពុជា ​ស្ថិត​ក្នុង​កម្រិត​ ១៨,៧ ពាន់​លាន​ដុល្លារ​អាមេរិក។

កាល​ពី​ខែ​មិថុនា​ រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាករ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ក្នុង​អត្រា -១,៩% ក្នុង​ឆ្នាំ​២០២០ ហើយ​រដ្ឋ​បាន​បញ្ចេញ​សាច់​ប្រាក់ ​១.១៧៦ ​លាន​ដុល្លារ​អាមេរិក ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ដែល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​កូវីដ១៩​ផង​ និង​ពី​ការ​បាត់បង់​ដោយ​ផ្នែក​នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ«គ្រប់​មុខ​ទំនិញ​លើកលែង​សព្វាវុធឬEBA»​ក្នុង​ការ​នាំ​ទំនិញ​ដោយ​រួច​ពន្ធគយ​ទៅ​ទីផ្សារ​អឺរ៉ុប​ផង។ តួលេខ​រដ្ឋាភិបាល​បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ មាន​កំណើន​៧,១%។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី(ADB)​បន្ត​ថា តុល្យការ​គណនី​ចរន្ត ​(Current Account Balance) ​ដែល​ជា​ការ​ទូទាត់​ចំណូល​ពី​ការ​ផលិត​ និង​ការ​ចំណាយ​របស់​ជាតិ មាន​អត្រា​អវិជ្ជមាន​កាន់​តែ​ធំធេង​ដល់​អត្រា -​២២,៣% ​នៃ​ផលិត​ផល​សរុប​ក្នុង​ស្រុករបស់​កម្ពុជា​ នា​ត្រីមាស​ទី​មួយ។ ឱនភាព​នេះ​កើត​មាន​ដោយ​សារ​តែ​ការ​ថយ​ចុះ​ចំណូល​ពី​ការ​ផលិត​ និង​ការ​ធ្លាក់​ចុះ​ប្រាក់​បញ្ញើ​ពី​បរទេស។​

លោកស្រី Sunniya Durrani-Jamal នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ថា​ កម្ពុជា​«មាន​ភ័ព្វ»​បាន​គេច​ផុត​ពី​វិបត្តិ​សុខភាព​សាធារណៈ​ធ្ងន់ធ្ងរ​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ១៩។​ អ្នក​ឆ្លងកូវីដ១៩​នៅ​កម្ពុជា​មាន​២៧៥​គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ។

«យើង​រំពឹង​ថា​កំណើន​នឹង​កើន​ផ្លាត​ត្រឡប់​មកវិញ​ក្នុង​អត្រា ​៥,៩%​ក្នុង​ឆ្នាំ២០២១​ ជួយ​ទ្រទ្រង់​ដោយ​សារ​តែ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ជំនួយ​សង្គម​ដល់​អ្នកក្រីក្រ​ និង​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​តូច ​និង​មធ្យម​»។ មន្ត្រីADBរូប​នេះ​បាន​បន្ត​ថា​ កម្ពុជា​ត្រូវ​បន្ត​ធ្វើ​«កំណែទម្រង់​ជា​រូបវ័ន្ត» ​ដើម្បី​ជួយ​ដល់​ការ​ស្ដារ​សេដ្ឋកិច្ច​ ក្រោយ​វិបត្តិ​កូវីដ១៩​នេះ ខណៈ​ដែល​តម្រូវ​ការ​អំណាច​ចាយ​វាយ​របស់​ប្រជាជន​និង​គ្រួសារ ​បន្ត​ទន់​ខ្សោយ។​

ADB​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ​«ហានិភ័យ​នៅ​បន្ត​មាន ​ដូច​ជា​ការ​បន្ត​ថយ​ល្បឿន​នៃ​ឧស្សាហកម្ម​កាត់ដេរ​និង​សំណង់​ និង​ទិន្នផល​ទាប​ក្នុង​វិស័យ​កសិកម្ម​បណ្ដាល​ពី​ការ​ធ្លាក់​ភ្លៀង​តិច​តួច​ក្នុង​ខែមិថុនា​ និងកក្កដា»។​

លោក ​មាស សុខ​សេន​សាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​បាន​ប្រាប់VOA​ថា​ឱនភាព​គណនី​ចរន្តបណ្ដាលពីការថយ​ចំណូលជាតិ មិន​បង្ក​អ្វីប៉ះពាល់​ដល់​ការ​គ្រប់គ្រង​ទុន​បម្រុង​អន្តរជាតិ​របស់​រដ្ឋាភិបាល​នោះ​ទេ ​តែ​លោកថា​រដ្ឋាភិបាល ត្រូវ​ការ​ផ្ទៀងផ្ទាត់​ស្ថិតិ​នៃ​ឱនភាព​គណនីចរន្ត​ជាមួយ​ADB។

«បញ្ហា​នេះ​កើតមាន​នៅ​គ្រប់ទិសទី​ជុំវិញ​ពិភព​លោក។ ជាង​នេះ​ទៅ​ទៀត យើង​(កម្ពុជា)​កំពុង​តែ​ប្រើប្រាស់​កញ្ចប់​សាច់​ប្រាក់​សង្គ្រោះ​ក្នុង​វិបត្តិ​កូវីដ១៩​ និង​គោល​នយោបាយ​សារ​ពើ​ពន្ធ​ (ទាក់ទង​នឹង​ចំណាយ​ចំណូល​របស់​រដ្ឋ)​ ដើម្បីកែ​តម្រូវ​ស្ថានការណ៍»៕